ចូរប្រុងប្រៀបស្វែងរកមនុស្សថ្លង់ក្នុងតំបន់របស់អ្នក
១ ព្រះយេហូវ៉ាកំពុងតែផ្ដល់សេចក្ដីអញ្ជើញនេះថា៖ «អញ្ជើញមក! . . . អ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ! ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) គឺមានមនុស្សថ្លង់មួយចំនួនកាន់តែចំរើនឡើង ដែលកំពុងតែតបឆ្លើយនឹងសេចក្ដីអញ្ជើញនេះ។ ជាលទ្ធផល ក្នុងកំឡុង១៣ឆ្នាំមុននេះ មាន២៦ក្រុមជំនុំខាងភាសាមនុស្សគ និងជិត៥០ក្រុមទៀតខាងភាសាមនុស្សគនោះ បានបង្កើតឡើងនៅសហរដ្ឋអាមេរិក។
២ ទោះជាក្រុមជំនុំនិងក្រុមនានាខាងភាសាមនុស្សគ ប្រមូលអារម្មណ៍ក្នុងការផ្សព្វផ្សាយរបស់គេ ដើម្បីជួបមនុស្សថ្លង់ក្នុងតំបន់របស់គេរៀងៗខ្លួន នោះនៅតែមានមនុស្សថ្លង់ជាច្រើននាក់ទៀត ដែលគេមិនទាន់បានរកឃើញនៅឡើយ និងមិនទាន់បានធ្វើបន្ទាល់ដល់គេទេ។
៣ តើអ្នកអាចជួយបានយ៉ាងដូចម្ដេច? ពេលដែលនៅកន្លែងសាធារណៈ តើអ្នកធ្លាប់សង្កេតឃើញមនុស្សដែលប្រើភាសាមនុស្សគឬទេ? តើអ្នកស្គាល់បុគ្គលណាម្នាក់នៅឯកន្លែងធ្វើការ ឬនៅឯសាលារបស់អ្នក ដែលមានសមាជិកថ្លង់ម្នាក់ក្នុងគ្រួសារគេទេ? ចូរប្រុងប្រៀបស្វែងរកអស់អ្នកដែលជាមនុស្សថ្លង់ កាលដែលអ្នកប្រកបសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែ តើអ្នកអាចធ្វើឲ្យបានប្រាកដយ៉ាងដូចម្ដេច ថាពួកគេនឹងទទួលយកការធ្វើបន្ទាល់អំពីសារព្រះរាជាណាចក្រនោះ?
៤ ការធ្វើបន្ទាល់: សូមជំរាបប្រាប់អំពីអាស័យដ្ឋានរបស់មនុស្សថ្លង់នេះដល់ក្រុមជំនុំឬក្រុមខាងភាសាមនុស្សគ។ មនុស្សថ្លង់ជាច្រើនមានការរីកចំរើនលឿនជាង ក្នុងការរៀនអំពីសេចក្ដីពិត កាលណាគេអាចចូលរួមជាមួយមនុស្សថ្លង់ឯទៀតដែលជាស្មរបន្ទាល់ នៅឯកិច្ចប្រជុំក្រុមជំនុំ ដែលមានកម្មវិធីជាភាសាមនុស្សគរបស់សហរដ្ឋអាមេរិក។ ដូច្នេះហើយ ប្រសិនបើមានក្រុមជំនុំឬក្រុមមួយខាងភាសាមនុស្សគក្នុងតំបន់អ្នក នោះលេខាធិការក្នុងក្រុមជំនុំគួរបញ្ជូនអាស័យដ្ឋានទាំងអស់នៃមនុស្សថ្លង់ក្នុងតំបន់អ្នក ទៅដល់ក្រុមជំនុំទាំងនោះទៅ។
៥ ចុះយ៉ាងណាវិញ បើឥតមានអ្នកណានៅជិតៗ ដើម្បីផ្ដល់ជំនួយខាងវិញ្ញាណជូនមនុស្សថ្លង់ក្នុងសហគមន៍របស់អ្នក? តើអ្នកអាចជួយយ៉ាងណាបាន? សូមត្រឡប់ទៅជួបនិងនិយាយជាមួយសមាជិកណាក្នុងក្រុមគ្រួសារនោះដែលមិនមែនជាមនុស្សថ្លង់។ ស្នើសុំចាក់មើលកាសែតវីដេអូជាភាសាមនុស្សគ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សថ្លង់នេះ។ អ្នកផ្សព្វផ្សាយខ្លះថែមទាំងរៀនចេះភាសាមនុស្សគរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យផ្សព្វផ្សាយដល់មនុស្សថ្លង់យ៉ាងណាដែលមានប្រសិទ្ធិភាពច្រើនជាង។ (កិច្ចការ ១៦:៩, ១០) គឺមានសៀវភៅស្តើងតម្រូវ និងសៀវភៅចំណេះជាកាសែតវីដេអូជាភាសាមនុស្សគរបស់សហរដ្ឋអាមេរិក។ ការនាំមុខសិក្សាព្រះគម្ពីរដោយប្រើឧបករណ៍ទាំងនេះ បានទទួលលទ្ធផលដ៏ល្អៗជាច្រើនហើយ។
៦ ដោយប្រុងប្រៀបខំរកមនុស្សថ្លង់នៅក្នុងតំបន់របស់អ្នក នោះអ្នកអាចជូនឱកាសឲ្យគេទទួលយកទឹកជីវិតដោយឥតចេញថ្លៃទេ។—ម៉ាថាយ ១០:១១; វិវរណៈ ៧:៩