កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
អត្ថន័យមួយនៃឃ្លាដែលថា មានអារម្មណ៍កោតខ្លាច គឺជា«ការគោរពដ៏ជ្រាលជ្រៅនិងសេចក្ដីស្ងើចចំពោះព្រះ»។ នេះក៏ពណ៌នាអំពីការកោតខ្លាចដ៏ល្អ ដែលព្រះគម្ពីរលើកបញ្ជាក់ជា«ដើមចមនៃប្រាជ្ញា»។ (ទំនុកដំកើង ១១១:១០) ផ្ទុយទៅវិញ អារម្មណ៍ខ្លាចមួយប្រភេទទៀត គឺមានជាទូទៅក្នុងលោកីយ៍របស់សាតាំងនៅជុំវិញយើង។ តើតាមរបៀបណាដែលយើងអាចជៀសវាងពីអារម្មណ៍ដ៏អាក្រក់នោះ កាលដែលយើងបណ្ដុះបណ្ដាលអារម្មណ៍កោតខ្លាចចំពោះព្រះយេហូវ៉ា? កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌលក្នុងកំឡុងឆ្នាំ២០០២ និងឆ្លើយសំនួរនេះ។ សន្និបាតនោះមានប្រធានថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ!»។ (វិវរណៈ ១៤:៧) យើងនឹងចាប់ផ្ដើមយល់នូវវិធីជាច្រើនដែលអារម្មណ៍កោតខ្លាចចំពោះព្រះយេហូវ៉ាអាចមានប្រយោជន៍ដល់យើងម្នាក់ៗនិងដល់អង្គការរបស់យើង។
ទោះជាពាក្យខ្លាចអាចសំដៅទៅលើអារម្មណ៍ខ្វល់ខ្វាយ ឬក៏ការបាត់បង់នូវភាពក្លាហាននិងចិត្តរួញរាពេលត្រូវប្រឈមការពិបាកក៏ដោយ ព្រះគម្ពីរចែងថា៖ «មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ១២៨:១) កម្មវិធីសន្និបាតនឹងឆ្លុះបញ្ចាំងនូវរបៀបដែលយើងអាចស៊ូទ្រាំនឹងការពិបាកក្នុងការថ្វាយបង្គំពិត។ យើងនឹងឃើញវិធីដែលយើងអាចជួយអ្នកថ្មីបណ្ដុះបណ្ដាលអារម្មណ៍កោតខ្លាចចំពោះព្រះ ដែលនឹងជំរុញឲ្យគេមានចិត្តចង់បំរើទ្រង់អស់អំពីចិត្ត ព្រលឹង គំនិត និងកម្លាំង។ (ម៉ាកុស ១២:៣០) ថ្ងៃទីមួយបញ្ចប់ដោយមានអ្នកត្រួតពិនិត្យតាមតំបន់ថ្លែងសុន្ទរកថាដែលមានចំណងជើងថា«ចូរឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងអ្នកដែលអ្នកស្រឡាញ់»។ គាត់នឹងជួយពន្យល់នូវរបៀបប្រុងប្រៀបនិងការពារខ្លួនពីអារក្សដែលកំពុងតែខិតខំបំបែរយើងចេញពីព្រះយេហូវ៉ា ក្រុមគ្រួសាររបស់យើង និងបងប្អូនគ្រីស្ទានរបស់យើង។
«ចូរកោតខ្លាចព្រះយេហូវ៉ា កុំឲ្យខ្លាចមនុស្ស!» នេះគឺជាប្រធាននៃសុន្ទរកថាចែកជា៤ផ្នែកនៅថ្ងៃទីពីរ។ នោះនឹងបំភ្លឺនូវមូលហេតុ និងរបៀបយើងត្រូវឈ្នះលើការរួញរាណា ដែលរារាំងមិនឲ្យយើងបំពេញកិច្ចបំរើរបស់យើងយ៉ាងពេញលេញ ឬដែលមិនឲ្យរក្សាទុកភាពស្មោះត្រង់និងមនសិការល្អនៅសាលារៀននិងនៅកន្លែងធ្វើការ។ សុន្ទរកថាសាធារណៈដែលមានចំណងជើងថា៖ «ចូរកោតខ្លាចដល់ព្រះនិងកាន់តាមបញ្ញតទ្រង់ចុះ!»នេះមានមូលដ្ឋានទៅលើបណ្ដាព្រឹត្ដិការណ៍ក្នុងវិវរណៈជំពូកទី១៤។ សន្និបាតតាមមណ្ឌលនិងបញ្ចប់ដោយផ្ដល់ការណែនាំដ៏លើកទឹកចិត្តឲ្យ«បន្តដើរដោយកោតខ្លាចដល់ព្រះយេហូវ៉ា»។
កម្មវិធីនឹងមានផ្នែកផ្សេងទៀតដូចជា សាលាកិច្ចបំរើព្រះធិបតេយ្យ ការប្រជុំអប់រំកិច្ចបំរើជាគំរូ សុន្ទរកថានៃពិធីជ្រមុជទឹក និងការសង្ខេបនូវការសិក្សាទស្សនាវដ្ដីប៉មយាម។ សូមអញ្ជើញសិស្សព្រះគម្ពីររបស់អ្នកឲ្យចូលរួមជាមួយអ្នកផងដែរ។ អ្នកណាដែលចង់ទទួលបុណ្យជ្រមុជទឹក គួរប្រាប់ប្រធានត្រួតពិនិត្យឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ យើងទាំងអស់គ្នាចង់បង្ហាញអារម្មណ៍កោតខ្លាចចំពោះព្រះយេហូវ៉ា និងសរសើរទ្រង់ដោយមិនខកខានមានវត្តមានចំពោះផ្នែកណាមួយនៃកម្មវិធីដ៏ប្រសើរនេះឡើយ!