តើអ្នកអាចបំរើនៅកន្លែងមួយដែលមានសេចក្ដីត្រូវការខ្លាំងជាងទេ?
១ តើអ្នកធ្លាប់គិតអំពីការផ្លាស់ទៅនៅកន្លែងមួយ ដែលត្រូវការអ្នកផ្សាយសារព្រះរាជាណាចក្រច្រើនជាងទេ? បើសិនជាអ្នកត្រូវអញ្ជើញឲ្យ«ឆ្លងមកជួយ»តើអ្នកនឹងតបឆ្លើយដូចជាសាវ័កប៉ុលទេ? (កិច្ចការ ១៦:៩, ១០) ក្នុងក្រុមជំនុំជាច្រើន មានសេចក្ដីត្រូវការឲ្យមានក្រុមគ្រួសារដែលមានភាពចាស់ទុំខាងវិញ្ញាណ ឬក៏ត្រូវការអ្នកត្រួសត្រាយដើម្បីជួយផ្សព្វផ្សាយនៅតំបន់ផ្សាយរបស់គេ ឬក៏ត្រូវការអ្នកចាស់ទុំ និងអ្នកងារជំនួយដើម្បីដឹកនាំ។ ប្រហែលជាតំបន់ផ្សាយនោះមានភូមិតូចៗរាយប៉ាយទូទាំងតំបន់មួយដ៏ធំនៅជនបទ។ សាលប្រជុំដែលជិតបំផុតប្រហែលជាស្ថិតឆ្ងាយពីតំបន់នោះ។ ប្រហែលជានៅទីនោះគឺពិបាករកការងារធ្វើ។ អាកាសធាតុប្រហែលជាមិនតែងតែល្អទេ។ តើអ្នកសុខចិត្តប្រឈមមុខការពិបាកបែបនេះទេ? តើដូចម្ដេចដែលអ្នកអាចជោគជ័យក្នុងរឿងនេះ?
២ អ្នកត្រូវការជំនឿនិងទំនុកចិត្ត: តាមបញ្ជារបស់ព្រះយេហូវ៉ា អាប់រ៉ាមបានចាកចេញពីមាតុភូមិរបស់គាត់នៅទីក្រុងអ៊ើរ និងធ្វើដំណើរអស់១.០០០គីឡូម៉ែត្រជាមួយនឹងប្រពន្ធ ក្មួយប្រុស និងឪពុកឈ្មោះថេរ៉ាដែលមានអាយុច្រើនហើយ។ (លោកុប្បត្តិ ១១:៣១, ៣២; នេហេមា ៩:៧) ក្រោយលោកថេរ៉ាបានស្លាប់ទៅហើយ នៅពេលអាប់រ៉ាមមានអាយុ៧៥ឆ្នាំ ព្រះយេហូវ៉ាបានបញ្ជាឲ្យអាប់រ៉ាមចេញពីស្រុកខារ៉ាន នឹងធ្វើដំណើរទៅស្រុកដែលព្រះនឹងបង្ហាញគាត់។ អាប់រ៉ាម សារ៉ាយ និងឡុតបាន«នាំគ្នាចេញពីទីនោះ»។ (លោកុប្បត្តិ ១២:១, ៤, ៥) ជាក់ស្តែងហើយ អាប់រ៉ាមមិនបានផ្លាស់លំនៅដើម្បីទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាងឡើយ។ តែគាត់ត្រូវការអ្វីមួយផ្សេង ដែលគាត់ផ្លាស់លំនៅដូច្នេះ។ តើនោះជាអ្វីទៅ?
៣ អាប់រ៉ាមត្រូវមានជំនឿនិងទំនុកចិត្ត ដើម្បីខំប្រឹងសំរេចកិច្ចការនេះ។ គាត់ត្រូវគិតនិងរស់នៅរបៀបផ្សេង។ គាត់ត្រូវចាកចេញពីភាពសំបូរសប្បាយដែលធ្លាប់មានជាមួយសាច់ញាតិរបស់គាត់។ ក៏ប៉ុន្តែ គាត់បានទុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាគាត់និងក្រុមគ្រួសាររបស់គាត់ផងដែរ។ មនុស្សជាច្រើនសព្វថ្ងៃនេះបានបង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ាដូច្នេះដែរ។
៤ ករណីយកិច្ចដែលមានរយៈពេលខ្លី: តើអ្នកធ្លាប់ទទួលពរជាច្រើនដែលមកពីការផ្សព្វផ្សាយនៅតំបន់គ្មានក្រុមជំនុំចុះផ្សាយទេ? នៅប្រទេសកម្ពុជា មានតែរាជធានីភ្នំពេញទេដែលបានត្រូវកំណត់សំរាប់ក្រុមជំនុំ។ ក៏ប៉ុន្តែ ឆ្នាំមុនជាលើកទីមួយ ចាប់ផ្ដើមមានការផ្សព្វផ្សាយក្រៅពីទីក្រុងភ្នំពេញជាទៀងទាត់។ កន្លែងនោះគឺនៅខេត្តតាកែវនិងខេត្តកំពង់ចាម។ ខេត្ត-ក្រុងទាំងនោះបានមានការផ្សព្វផ្សាយដល់មួយកំរិត ហើយក្នុងចំណោមគ្រប់ទាំងខេត្តដែលនៅប្រទេសកម្ពុជានេះ ក្រៅពីទីក្រុងភ្នំពេញ មានតែខេត្ត-ក្រុងទាំងពីរនេះទេដែលបានមានការចុះផ្សព្វផ្សាយ។ នៅប្រទេសផ្សេងទៀត តំបន់ដែលកម្រមានអ្នកចុះផ្សព្វផ្សាយ តម្រូវឲ្យធ្វើដំណើរឆ្ងាយៗ។ តើនោះមានប្រយោជន៍ទេ?
៥ បងប្រុសម្នាក់ពីរដ្ឋកាលីហ្វូញ៉ាបានទៅរដ្ឋយូថា គាត់សរសេរថា៖ «លើកដំបូង ពេលគេបានសូមឲ្យខ្ញុំយកក្រុមមួយទៅផ្សព្វផ្សាយនៅតំបន់ដែលមិនសូវមានអ្នកផ្សព្វផ្សាយនោះ ខ្ញុំមានចិត្តញញើត។ តែខ្ញុំបានយល់ព្រមធ្វើ។ ខ្ញុំមិនបានស្ដាយក្រោយទេ ហើយនោះបានកែប្រែជីវិតរបស់ខ្ញុំទៀត។ ខ្ញុំអរព្រះគុណដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ដោយខ្ញុំបានមានឱកាសចូលរួមឯកសិទ្ធិនោះ»។ បងប្រុសម្នាក់ទៀតដែលបានចេញពីរដ្ឋហ្វូរីដាទៅរដ្ឋតិណឺស៊ីប្រាប់ថា ក្នុង២០ឆ្នាំដែលគាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ា គ្រានោះជាបទពិសោធន៍ដែលគាត់នឹកចាំជាងគេ! ក្មេងជំទង់ម្នាក់ពីរដ្ឋកុនណិចទីកឹតដែលបានទៅរដ្ឋវ៉េសវៀហ្សីននីញ៉ាបានប្រាប់ថា៖ «នេះជាបទពិសោធន៍ល្អបំផុតក្នុងជីវិតខ្ញុំ!»។ អ្នកផ្សាយភាគច្រើននឹងឯកភាពថា ការបំរើសូម្បីតែមួយរយៈខ្លីនៅកន្លែងមួយដែលមានសេចក្ដីត្រូវការខ្លាំងជាងនោះ បានធ្វើឲ្យគេមានអំណរគុណច្រើនជាងចំពោះកិច្ចបំរើព្រះយេហូវ៉ា។ អញ្ជើញនិយាយជាមួយអ្នកដែលធ្លាប់ធ្វើដូចនោះ។ អ្នកនឹងឃើញថា គេបានទទួលការលើកទឹកចិត្តខាងវិញ្ញាណ និងគេចង់ធ្វើម្ដងទៀតបើសិនជាមានឱកាស។
៦ ការព្រមទៅជាបណ្ដោះអាសន្ននៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំង អាចសម្រេចគោលបំណងមួយទៀត។ អ្នកដែលធ្វើអ៊ីចឹងអាចបានពត៌មានថែមទៀតដែលមានប្រយោជន៍ក្នុងការ«លៃលកមើលជាមុន»អំពីអ្វីដែលត្រូវការដើម្បីផ្លាស់លំនៅទៅតំបន់មួយទៀតក្នុងប្រទេស។—លូកា ១៤:២៨
៧ ព្រះយេហូវ៉ាបានតាំងព្រះទ័យទ្រង់ឲ្យមានការផ្សព្វផ្សាយដំណឹងល្អ«ទូទៅគ្រប់ក្នុងលោកីយ»មុនទីបញ្ចប់មកដល់។ (ម៉ាថាយ ២៤:១៤) ដោយដឹងអ៊ីចឹង បើសិនជាអ្នកមានលទ្ធភាព តើអ្នកសុខចិត្តផ្លាស់ទៅនៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាងនោះទេ? មានតំបន់ជាច្រើនដែលមានសេចក្ដីត្រូវការ។
៨ ការផ្លាស់ទៅនៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាង: តើអ្នកបានចូលនិវត្តន៍ហើយឬ? តើអ្នកមានប្រាក់ខែទៀងទាត់ឬទេ? បើសិនជាគ្មាន តើអ្នកអាចរៀបចំ ការងារធ្វើសំរាប់ខ្លួនឯងបានទេ? តើអ្នកអាចរកស៊ីពីកន្លែងណាក៏ដោយតាមរយៈកុំព្យូទ័រឬទូរស័ព្ទទេ? បើសិនជាអ្នកមិនអាចផ្លាស់លំនៅ តើអ្នកអាចជួយសមាជិកគ្រួសារអ្នកឲ្យធ្វើអ៊ីចឹងទេ?
៩ បើសិនជាក្រោយដែលអ្នកបានពិចារណាទាំងអធិស្ឋាននោះ អ្នកគិតថាអ្នកអាចផ្លាស់លំនៅទៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាងនោះ ចូរពិភាក្សាជាមួយក្រុមគ្រួសារនិងអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក។ ក្រោយមក សូមរៀបចំសំបុត្រមួយនិងជូនសំបុត្រនោះឲ្យអ្នកចាស់ទុំ ដើម្បីឲ្យពួកគាត់កត់នៅគំនិតរបស់គាត់ដែរនិងសេចក្ដីអនុសាសន៍ផ្សេងៗ មុនដែលសំបុត្រនោះត្រូវផ្ញើទៅការិយាល័យសាខា។
១០ តើអ្នកគួរសរសេរពត៌មានអ្វីខ្លះ? អាយុ ថ្ងៃខែអ្នកទទួលបុណ្យជ្រមុជទឹក មុខងារក្នុងក្រុមជំនុំ មានគ្រួសារឬអត់ ហើយអ្នកមានកូនតូចៗឬអត់។ សូមប្រាប់ឈ្មោះរដ្ឋដែលអ្នកនឹងចុះជួយនោះ តាមតម្រូវការរបស់ខ្លួន។ ជាឧទាហរណ៍ តើអ្នកអាចរស់នៅកន្លែងណាមួយដែលមានអាកាសធាតុក្ដៅសើមទេ? តើអ្នកអាចទ្រាំនឹងរដូវត្រជាក់ទេ? តើអ្នកអាចនៅតំបន់ខ្ពស់ៗទេ? តើអ្នកចេះនិយាយភាសាបរិទេសណាមួយទេ?
១១ តើអ្នកមានចិត្តឧស្សាហ៍និងមានគំនិតធ្វើទេ? តើកាលៈទេសៈរបស់អ្នកអនុញ្ញាតឲ្យអ្នកបំរើនៅកន្លែង ដែលមានសេចក្ដីត្រូវការខ្លាំងជាងទេ? បើអ៊ីចឹង សូមចាំមើលនូវពរជាច្រើនដែលព្រះយេហូវ៉ាប្រទានដល់អ្នកដែលទុកចិត្តទៅលើទ្រង់និងបង្ហាញថាចង់ធ្វើពលិកម្មចំពោះទ្រង់!—ទំនុកដំកើង ៣៤:៨; ម៉ាឡាគី ៣:១០