ចូររួបរួមជាមួយគ្នាដោយសាមគ្គីភាព
១ តើអ្នកមានចិត្តស្ងើចប៉ុន្មានដងចំពោះរូបកាយមនុស្សយើងដែលបានបង្កើតមកយ៉ាងអស្ចារ្យនោះ? (ទំនុក. ១៣៩:១៤) អវយវៈនិមួយៗមានការរួបរួមគ្នានឹងអវយវៈផ្សេងទៀត។ ព្រះបន្ទូលរបស់ព្រះប្រៀបប្រដូចក្រុមជំនុំគ្រីស្ទានទៅនឹងរូបកាយមួយដែលចុះសម្រុងគ្នាយ៉ាងល្អ។ ក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ នោះសមាជិកទាំងអស់នៃក្រុមជំនុំ គឺ‹បានផ្គុំភ្ជាប់គ្នាដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ›។ (អេភ. ៤:១៦) ដូច្នេះហើយ ព្រះយេហូវ៉ាអាចប្រើរាស្ត្ររបស់ទ្រង់ដែលមានសាមគ្គីភាពដើម្បីសម្រេចនូវអ្វីៗដ៏អស្ចារ្យ។
២ សមាជិកផ្សេងៗក្នុងក្រុមជំនុំនៅសតវត្សទីមួយ បានប្រព្រឹត្ត «ដោយមានចិត្តព្រមព្រៀងគ្នា» ក្នុងការមើលថែរក្សានូវតម្រូវការខាងវិញ្ញាណនិងខាងរាងកាយរបស់អ្នកជឿគ្នីគ្នា។ (កិច្ច. ២:៤៤-៤៧) ដោយមានការគាំទ្រពីព្រះយេហូវ៉ា នោះពួកគេបានរួបរួមគ្នាប្រឈមមុខ និងយកឈ្នះលើការប្រឆាំងយ៉ាងសាហាវ។ (កិច្ច. ៤:២៤-៣១) កន្លែងណាដែលពួកគេបានទៅ នោះពួកគេបានប្រកាសសារដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ គឺទៅដល់ពាសពេញពិភពលោកដែលមានក្នុងគ្រានោះ។ (កូល. ១:២៣) នៅសម័យទំនើបនេះ ក្រុមជំនុំគ្រីស្ទានបានសាមគ្គីគ្នាសម្រេចកិច្ចការនេះ មានទំហំធំជាងមុនទៅទៀត។ តើមានកត្ដាណាខ្លះដែលនាំឲ្យមានសាមគ្គីភាពនេះ?
៣ ការបង្រៀនរបស់ព្រះនាំឲ្យមានភាពស្និទ្ធស្នាលនឹងគ្នា: នៅជុំវិញផែនដី យើងមានសាមគ្គីភាពដោយសារការថ្វាយបង្គំរបស់យើង។ ហេតុអ្វីយើងមានលទ្ធភាពធ្វើដូច្នេះ? យើងទទួលស្គាល់នូវខ្សែរយៈនៅលើផែនដីរបស់ព្រះយេហូវ៉ា សំរាប់ការផ្ដល់អាហារខាងវិញ្ញាណ«តាមត្រូវពេល»។ (ម៉ាថ. ២៤:៤៥) យើងក៏យល់តម្លៃនៃ‹អំណោយទានជាមនុស្ស›ដែលទ្រង់ប្រទានមក ជាអ្នកបង្រៀនក្នុងក្រុមជំនុំ។ កាលដែលយើងទទួលយកសំវិធានការរបស់ព្រះយេហូវ៉ា ដើម្បីបំប៉នយើងខាងវិញ្ញាណ នោះយើងក៏មានការរីកចំរើនខាងការយល់ដឹងក្នុងបន្ទូលរបស់ព្រះ ហើយនេះក៏ជំរុញយើងឲ្យមានសេចក្ដីប្រាថ្នាដូចគ្នា ក្នុងការយកតម្រាប់តាមព្រះយេស៊ូដើម្បីធ្វើជាសិស្សរបស់ទ្រង់។ យើងត្រូវតែបន្តសិក្សាបន្ទូលរបស់ព្រះ ដោយខំប្រឹងឲ្យ«រួបរួម ខាងឯសេចក្ដីជំនឿ»។ (អេភ. ៤:៨, ១១-១៣) តើអ្នកកំពុងតែបណ្ដុះឲ្យមានសាមគ្គីភាពខាងវិញ្ញាណ ដោយអានព្រះគម្ពីររៀងរាល់ថ្ងៃឬទេ?
៤ បានត្រូវបង្រួបបង្រួមឲ្យមានសាមគ្គីភាពដោយការសេពគប់ជាមួយពួកគ្រីស្ទាន: សេចក្ដីស្រឡាញ់នាំឲ្យយើងសេពគប់ជាមួយគ្នានៅឯកិច្ចប្រជុំគ្រីស្ទាន។ នៅឯកិច្ចប្រជុំទាំងនេះ យើង«ពិចារណាមើលគ្នាទៅវិញទៅមក»។ (ហេ. ១០:២៤, ២៥) នេះរួមបញ្ចូលអ្វីច្រើនទៀត មិនគ្រាន់តែស្គាល់សំបកក្រៅទេ តែស្គាល់បងប្អូនរបស់យើងឲ្យបានច្បាស់ជាង ដោយឃើញពួកគេតាមរបៀបដែលព្រះយេហូវ៉ាទតមើលពួកគេដែរ ជាបុគ្គលដ៏មានតម្លៃវិញ។ (ហាក. ២:៧) ពេលយើងស្ដាប់ពួកគេសម្ដែងប្រាប់ពីជំនឿរបស់ខ្លួន នោះយើងក៏ស្រឡាញ់ពួកគេខ្លាំងទៀត ហើយសាមគ្គីភាពរបស់យើងក៏ត្រូវពង្រឹងដែរ។ តើមនុស្សស្គាល់អ្នកជាបុគ្គលដែលចូលរួមយ៉ាងទៀងទាត់នៅឯកិច្ចប្រជុំក្នុងក្រុមជំនុំឬទេ?
៥ ពួកអ្នកដែលធ្វើការជាមួយគ្នាក្នុងកិច្ចការផ្សព្វផ្សាយ: ការផ្សព្វផ្សាយដំណឹងល្អជាមួយនឹងអ្នកជឿគ្នីគ្នា នោះបង្រួបបង្រួមយើងឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ សាវ័កប៉ុលបានស្រឡាញ់«ពួកអ្នកដែលធ្វើការ . . . ខាងឯនគរព្រះ»។ (កូល. ៤:១១) ការចែកប្រាប់នូវបទពិសោធន៍និងជួយគ្នាទៅវិញទៅមកក្នុងពេលផ្សព្វផ្សាយ ជួយយើងឲ្យសម្រេចនូវមុខងារគ្រីស្ទាន និងពង្រឹងចំណងនៃសាមគ្គីភាពរបស់យើងដែរ។—កូល. ៣:១៤
៦ វិញ្ញាណបរិសុទ្ធជាអានុភាពដែលបង្រួបបង្រួម: ពេលយើងយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះព្រះយេហូវ៉ាប្រទានវិញ្ញាណរបស់ទ្រង់ដល់យើង។ នេះជួយយើងឲ្យកំចាត់ចោលនូវការខ្វែងគំនិតគ្នា និងនៅជាមួយគ្នាដោយសាមគ្គីភាព។ (ទំនុក. ១៣៣:១) នេះជំរុញឲ្យយើង«រក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង»។ (អេភ. ៤:៣) យើងម្នាក់ៗអាចជួយបណ្ដុះឲ្យមានសាមគ្គីភាពក្នុងចំណោមរាស្ត្ររបស់ព្រះ ដោយសម្ដែងនូវផលផ្លែខាងវិញ្ញាណ ក្នុងពេលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។—កា. ៥:២២, ២៣
៧ ការបំរើព្រះជាមួយគ្នាដោយសាមគ្គីភាពក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ«បានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់»។ (អេភ. ៤:១៦) ម្យ៉ាងវិញទៀត នេះក៏លើកដំកើងព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត»។—រ៉ូម ១៦:២០