ចូរយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ចំពោះ«កូនកំព្រា»
១ ព្រះយេហូវ៉ាជា«ឪពុកដល់ពួកកំព្រា»។ (ទំនុក. ៦៨:៥) បទបញ្ជារបស់ព្រះយេហូវ៉ាចំពោះសាសន៍អ៊ីស្រាអែលពីបុរាណនោះបង្ហាញថា ទ្រង់យកព្រះទ័យទុកដាក់នឹងសុខុមាលភាពនៃកូនកំព្រា។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយឬកូនកំព្រាណាឡើយ។ បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន»។ (និក្ខ. ២២:២២, ២៣) ក្រិត្យវិន័យរបស់ព្រះក៏រួមមានច្បាប់ដែលជួយផ្គត់ផ្គង់ស្រីមេម៉ាយនិងកូនកំព្រាផងដែរ។ (ចោទិ. ២៤:១៩-២១) ក្នុងការរៀបចំរបស់ពួកគ្រីស្ទានវិញ ពួកអ្នកថ្វាយបង្គំពិតបានត្រូវដាស់តឿនឲ្យបីបាច់ថែរក្សា«ពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា»។ (យ៉ា. ១:២៧) តើយើងអាចយកតម្រាប់តាមគំរូរបស់ព្រះយេហូវ៉ាបានយ៉ាងណា ក្នុងការយកចិត្តទុកដាក់ហើយស្រឡាញ់គ្រួសារដែលមានតែមាតាឬបិតាប៉ុណ្ណោះ ឬមួយក៏មានតែមាតាឬបិតាដែលមិនរួមជំនឿដូចគ្នា?
២ ការបង្វឹកបង្វឺនខាងវិញ្ញាណ: បើអ្នកជាមាតាឬបិតាដែលគ្មានគូ ឬមានគូដែលមិនមានជំនឿដូចអ្នក នោះការសិក្សាព្រះគម្ពីរជាទៀងទាត់ជាមួយនឹងកូនៗរបស់អ្នក ប្រហែលជាពិបាកណាស់។ ក៏ប៉ុន្តែ ការសិក្សាព្រះគម្ពីរជាទៀងទាត់ និងតាមរបៀបដែលមានប្រយោជន៍នោះ គឺជាអ្វីដ៏ចាំបាច់មែនដើម្បីឲ្យកូនៗក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំនិងជាមនុស្សដែលចេះគិតថ្លឹងថ្លែង។ (សុ. ២២:៦) ការពិគ្រោះរឿងខាងវិញ្ញាណជាមួយនឹងកូនជារៀងរាល់ថ្ងៃក៏ចាំបាច់ដែរ។ (ចោទិ. ៦:៦-៩) ម្ដងម្កាលអ្នកអាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត តែកុំអស់សង្ឃឹមឡើយ! ចូរសុំកម្លាំងនិងការណែនាំពីព្រះយេហូវ៉ា ពេលដែលអ្នក«បង្រៀន[កូន]ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់»។—អេភ. ៦:៤
៣ បើអ្នកត្រូវការជំនួយក្នុងការបំពេញភារកិច្ចរបស់អ្នកឲ្យស្របតាមបទគម្ពីរ សូមជំរាបពួកអ្នកចាស់ទុំឲ្យគាត់ដឹងផង។ ពួកអ្នកចាស់ទុំអាចជូនយោបល់ល្អៗ ឬក៏អាចជួយអ្នករៀបចំកាលវិភាគល្អខាងវិញ្ញាណសំរាប់ក្រុមគ្រួសាររបស់អ្នក។
៤ របៀបដែលអ្នកដទៃអាចជួយបានដែរ: នៅសតវត្សទីមួយ ធីម៉ូថេបានក្លាយជាអ្នកបំរើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ា ទោះជាគាត់មកពីក្រុមគ្រួសារដែលបិតាមិនមានជំនឿដូចគាត់ក៏ដោយ។ ការប្រឹងប្រែងរបស់មាតានិងជីដូនរបស់ធីម៉ូថេក្នុងការបង្រៀនកូនទៅតាមបទគម្ពីរបរិសុទ្ធពេលដែលគាត់នៅក្មេងនៅឡើយ នេះច្បាស់ជាបានជួយធីម៉ូថេណាស់។ (កិច្ច. ១៦:១, ២; ២ធី. ១:៥; ៣:១៥) ប៉ុន្តែ ធីម៉ូថេបានទទួលប្រយោជន៍ពីការរាប់អានរបស់ពួកបងប្អូនគ្រីស្ទានឯទៀត រួមទាំងសាវ័កប៉ុលដែលបានហៅធីម៉ូថេជា«កូនស្ងួនភ្ងា ហើយស្មោះត្រង់របស់[គាត់] ក្នុងព្រះអម្ចាស់»។—១កូ. ៤:១៧
៥ សព្វថ្ងៃការធ្វើបែបនេះក៏មានសារៈប្រយោជន៍ផងដែរ ពេលដែលបងប្អូនប្រុសស្រីមានភាពចាស់ទុំ យកចិត្តទុកដាក់ហើយស្រឡាញ់ប្អូនៗប្រុសស្រីកំព្រាក្នុងក្រុមជំនុំ! តើអ្នកស្គាល់ឈ្មោះយុវជនយុវតីម្នាក់ៗឬទេ? តើអ្នកនិយាយជាមួយនឹងពួកគេនៅឯកិច្ចប្រជុំគ្រីស្ទាន ហើយនៅពេលផ្សេងៗទៀតឬទេ? សូមអញ្ជើញឲ្យពួកគេចូលរួមជាមួយនឹងអ្នកក្នុងកិច្ចបំរើផ្សាយ។ យូរៗម្ដងអ្នកអាចអញ្ជើញពួកគេ ព្រមទាំងមាតាឬបិតាដែលគ្មានគូឬដែលជាអ្នកជឿតែឯង ឲ្យចូលរួមការសិក្សាជាមួយនឹងក្រុមគ្រួសាររបស់អ្នក ឬក្នុងការរៀបចំរបស់អ្នកដើម្បីដើរលេងកំសាន្ត។ ពេលដែលពួកយុវវ័យទាំងនេះរាប់អ្នកទុកជាមិត្តសំឡាញ់ ពួកគេទំនងជានឹងយកចិត្តទុកដាក់នឹងគំរូរបស់អ្នក ហើយទទួលស្ដាប់សំដីលើកទឹកចិត្តរបស់អ្នកដែរ។—ភី. ២:៤
៦ ព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់នឹងក្មេងកំព្រាទាំងប្រុសទាំងស្រី ហើយទ្រង់កំពុងតែប្រទានពរលើការខំប្រឹងប្រែងរបស់យើងដោយសេចក្ដីស្រឡាញ់ ក្នុងការជួយឲ្យក្មេងកំព្រាទាំងនេះក្រសោបយកសេចក្ដីពិតធ្វើជារបស់ខ្លួន។ បងប្អូនជាច្រើនដែលបានធំឡើងក្នុងក្រុមគ្រួសារដែលមិនមានជំនឿដូចគ្នា បានទទួលការលើកទឹកចិត្តបែបនេះ ហើយកំពុងតែបំរើយ៉ាងស្មោះត្រង់ជាមួយនឹងអ្នកត្រួសត្រាយ អ្នកងារជំនួយ អ្នកចាស់ទុំ អ្នកធ្វើដំណើរត្រួតពិនិត្យ សាសនទូត ឬជាសមាជិកក្រុមគ្រួសារបេតអែល។ ចូរយើងរាល់គ្នារកវិធីដើម្បីបង្ហាញ‹ចិត្តទូលាយឡើង› ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្មេងកំព្រា ដូចព្រះវរបិតាសួគ៌ារបស់យើង។—២កូ. ៦:១១-១៣