ការរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់យើង
១ មិនថាអ្នកបានទទួលបុណ្យជ្រមុជទឹកនៅពេលថ្មីៗនេះ ឬក៏បានទទួលបុណ្យជ្រមុជទឹកជាយូរឆ្នាំមកហើយក៏ដោយ អ្នកទំនងជានឹកចាំនូវព្រឹត្ដិការណ៍ដ៏សំខាន់នេះក្នុងជីវិតរបស់អ្នក។ ប៉ុន្តែ ការទទួលបុណ្យជ្រមុជទឹកគឺជាទីចាប់ផ្ដើមនៃកិច្ចបំរើដ៏ពិសិដ្ឋនៃការថ្វាយខ្លួនដែលនឹងមានជារៀងរហូត មិនមែនជាគោលដៅចុងបញ្ចប់នោះទេ។ (យ៉ូហានទី១ ២:១៧) តើការរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់យើងរួមបញ្ចូលអ្វីខ្លះ?
២ ចូរយកតម្រាប់តាមគំរូរបស់ព្រះគ្រីស្ទ: ពេលព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹក ព្រះយេស៊ូ«ចាប់តាំងប្រារព្ធការ» ដោយប្រកាស«ប្រាប់ដំណឹងល្អពីនគរព្រះ»។ (លូកា ៣:២៣; ៤:៤៣) ស្រដៀងគ្នាដែរ ពេលយើងបង្ហាញការថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដោយទទួលបុណ្យជ្រមុជទឹក នោះយើងត្រូវបានតែងតាំងជាអ្នកបំរើនៃដំណឹងល្អ។ ថ្វីបើយើងត្រូវចំណាយពេលនិងកម្លាំងជាច្រើនដើម្បីរកអ្វីដែលយើងត្រូវការសំរាប់ការរស់នៅប្រចាំថ្ងៃក៏ដោយ តែមុខងារដ៏សំខាន់របស់យើងគឺកិច្ចបំរើផ្សាយគ្រីស្ទានវិញ។ (ម៉ាថ. ៦:៣៣) ជាជាងខំប្រឹងប្រមូលទ្រព្យសម្បត្ដិឬចង់បានមុខមាត់ធំដុំ នោះអស់អ្នកដែលបានថ្វាយខ្លួនចំពោះព្រះខំព្យាយាម‹បំពេញកិច្ចបំរើរបស់ខ្លួន› ដូចជាសាវ័កប៉ុលដែរ។ (រ៉ូម ១១:១៣) តើអ្នកពេញចិត្តនឹងឯកសិទ្ធិរបស់អ្នកក្នុងការបំរើព្រះយេហូវ៉ា និងខំប្រឹងអស់ពីសមត្ថភាពដើម្បីដំកើងទ្រង់ឬទេ?
៣ ដូចករណីរបស់ព្រះយេស៊ូដែរ យើងក៏ត្រូវតែ«តស៊ូនឹងអារក្ស»។ (យ៉ា. ៤:៧) សាតាំងបានល្បួងព្រះយេស៊ូក្រោយពីទ្រង់ទទួលបុណ្យជ្រមុជទឹក ហើយដូចគ្នាដែរ នៅសព្វថ្ងៃនេះវាក៏ធ្វើដូច្នេះចំពោះពួកអ្នកបំរើព្រះយេហូវ៉ាដែលបានថ្វាយខ្លួន។ (លូកា ៤:១-១៣) ដោយលោកីយ៍របស់សាតាំងនៅព័ទ្ធជុំវិញយើង យើងត្រូវតែអប់រំខ្លួន និងត្រូវជៀសវាងពីអ្វីៗដែលអាចបង្ខូចគំនិតនិងចិត្តរបស់យើង។ (សុ. ៤:២៣; ម៉ាថ. ៥:២៩, ៣០) ពួកគ្រីស្ទានត្រូវបានព្រមានដោយដាស់តឿនថាពួកគេ«ពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ»។ (១កូ. ១០:២១) នេះតម្រូវឲ្យយើងជៀសពីការកំសាន្តដែលឥតត្រឹមត្រូវ ពួកម៉ាកអាក្រក់ និងអ្វីៗតាមប្រព័ន្ធអ៊ិនថឺណិតដែលអាចនាំឲ្យមានគ្រោះថ្នាក់។ នេះក៏តម្រូវឲ្យយើងជៀសវាងពត៌មានរបស់ពួកក្បត់ជំនឿដែរ។ បើយើងប្រុងប្រយ័ត្ននឹងរឿងទាំងនេះហើយឧបាយកលឯទៀតរបស់សាតាំង នេះនឹងជួយយើងឲ្យរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់យើង។
៤ ចូរប្រើសំវិធានការរបស់ព្រះ: ដើម្បីជួយយើងឲ្យរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់យើង ព្រះយេហូវ៉ាបានប្រទាននូវជំនួយតាមរយៈបន្ទូលរបស់ទ្រង់ និងក្រុមជំនុំគ្រីស្ទាន។ ចូរធ្វើឲ្យការអានព្រះគម្ពីរនិងការអធិស្ឋានទូលព្រះយេហូវ៉ា ជាផ្នែកដែលមានក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នកចុះ! (យ៉ូស. ១:៨; ១ថែ. ៥:១៧) ចូរសប្បាយរីករាយនឹងកិច្ចប្រជុំក្នុងក្រុមជំនុំ។ (ទំនុក. ១២២:១) ចូរចូលរួមជាមួយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា និងអស់អ្នកដែលធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់។—ទំនុក. ១១៩:៦៣
៥ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចរស់នៅសមស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់អ្នកចំពោះទ្រង់ និងមានអំណរក្នុងការបំរើទ្រង់ជារៀងរហូតតទៅ។—ទំនុក. ២២:២៦, ២៧; ភី. ៤:១៣