ចូរយកតម្រាប់តាមភាពល្អរបស់ព្រះយេហូវ៉ាចុះ!
១ ក្រោយពីបានឃើញនូវថ្ងៃលិចដ៏សែនស្អាត ឬបរិភោគម្ហូបអាហាដ៏ឈ្ងុយឆ្ងាញ់ យើងមានចិត្តចង់អរព្រះគុណព្រះយេហូវ៉ា ជាប្រភពនៃភាពល្អគ្រប់បែបយ៉ាងណាស់ មែនទេ? ភាពល្អរបស់ព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យត្រាប់តាមគំរូរបស់ទ្រង់។ (ទំនុក. ១១៩:៦៦, ៦៨; អេភ. ៥:១) តើតាមរបៀបណាដែលយើងអាចសម្ដែងគុណសម្បត្ដិនេះ ពោលគឺភាពល្អ?
២ សម្ដែងភាពល្អចំពោះអ្នកមិនជឿ: របៀបមួយដែលយើងអាចត្រាប់តាមភាពល្អរបស់ព្រះយេហូវ៉ា គឺដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកអ្នកដែលមិនរួមជំនឿជាមួយយើង។ (កា. ៦:១០) ការបង្ហាញភាពល្អតាមរបៀបដែលមានប្រយោជន៍ នោះអាចមានលទ្ធផលដ៏ល្អទៅលើទស្សនៈរបស់មនុស្សចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា និងសារដែលយើងផ្សព្វផ្សាយផងដែរ។
៣ ជាឧទាហរណ៍ នៅពេលដែលបងប្រុសជាអ្នកត្រួសត្រាយម្នាក់កំពុងចាំនៅឯមន្ទីរពេទ្យ គាត់បានអង្គុយក្បែរអ៊ំស្រីចាស់ម្នាក់ដែលមើលទៅហាក់ដូចជាឈឺធ្ងន់ធ្ងរជាងមនុស្សឯទៀត។ ពេលដល់វេនរបស់បងប្រុសនេះចូលជួបគ្រូពេទ្យ នោះគាត់ឲ្យអ៊ំស្រីចូលជំនួសគាត់វិញ។ ក្រោយមកបងប្រុសនេះបានជួបអ៊ំស្រីនៅឯផ្សារ ហើយអ៊ំស្រីនោះសប្បាយចិត្តណាស់ពេលជួបគាត់។ ទោះបីជាពីមុនអំស្រីមិនព្រមស្ដាប់ដំណឹងល្អក៏ដោយ ឥឡូវនេះគាត់បានដឹងថាស្មរបន្ទាល់ព្រះយេហូវ៉ាពិតជាស្រឡាញ់អ្នកជិតខាងមែន។ បន្ទាប់មក អំស្រីចាប់ផ្ដើមសិក្សាព្រះគម្ពីរជារឿយៗ។
៤ សម្ដែងភាពល្អចំពោះបងប្អូនយើង: យើងយកតម្រាប់តាមភាពល្អរបស់ព្រះយេហូវ៉ាដែរ នៅពេលដែលយើងខំប្រឹងជួយអ្នកជឿគ្នីគ្នា។ នៅពេលដែលមានមហន្តរាយ យើងក៏ក្នុងចំណោមពួកដំបូងដែលមកជួយបងប្អូនយើងដែរ។ យើងបង្ហាញនូវអាកប្បកិរិយាដូចគ្នា ពេលជួយបងប្អូនណាដែលអត់មានអ្វីជិះដើម្បីទៅឯប្រជុំ ពេលទៅលេងបងប្អូនដែលឈឺ ហើយយើងអាចបើកចិត្តឲ្យទូលាយឡើងក្នុងការបង្ហាញសេចក្ដីស្រឡាញ់និងការរាប់អានអ្នកផ្សេងៗក្នុងក្រុមជំនុំដែលយើងពុំសូវស្គាល់នោះ។—២កូ. ៦:១១-១៣; ហេ. ១៣:១៦
៥ របៀបមួយទៀតដែលព្រះយេហូវ៉ាសម្ដែងភាពល្អនោះ គឺ«ទ្រង់បំរុងតែនឹងអត់ទោស»។ (ទំនុក. ៨៦:៥) ក្នុងការត្រាប់តាមទ្រង់ យើងអាចបង្ហាញថាយើងស្រឡាញ់ភាពល្អដោយចេះអត់ឱនទោសឲ្យអ្នកឯទៀត។ (អេភ. ៤:៣២) ការចេះអត់ឱនទោសឲ្យអ្នកជឿគ្នីគ្នាគឺជួយឲ្យទំនាក់ទំនងជាមួយគ្នាជា«ការល្អ ហើយសមគួរ»។—ទំនុក. ១៣៣:១-៣
៦ សូមឲ្យភាពល្អដ៏លើសលប់របស់ព្រះយេហូវ៉ា បណ្ដាលឲ្យយើងបញ្ចេញការសរសើរចំពោះទ្រង់ ហើយមានសេចក្ដីអំណរដ៏ព្រោងព្រាយ។ ចូរឲ្យភាពល្អរបស់ព្រះយេហូវ៉ាជំរុញចិត្តយើងខំព្យាយាមត្រាប់តាមទ្រង់ក្នុងការទាំងអស់ដែលយើងត្រូវធ្វើ។—ទំនុក. ១៤៥:៧; យេ. ៣១:១២