ការវាយសម្រុករបស់ពលសេះដែលទាក់ទងនឹងអ្នក
១ «ទេវតាទី៦ក៏ផ្លុំឡើង»។ ក្រោយពីនោះ«ពលសេះ»ដែលមានចំនួន«២០កោដិ»ក៏ធ្វើឲ្យខ្ទរដូចផ្គរលាន់។ នេះមិនមែនជាកងទ័ពធម្មតាទេ។ «ក្បាលសេះនោះដូចជាក្បាលសិង្ហ»។ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រចេញពីមាត់វាមក ហើយ«កន្ទុយវាដូចជាពស់»។ ការវាយសម្រុកដោយពលទ័ពសេះដែលជានិមិត្តរូបនេះនាំឲ្យមានសេចក្ដីហិនវិនាស។ (វិវរ. ៩:១៣-១៩) តើអ្នកដឹងថាអ្នកទាក់ទងនឹងការសម្រេចនៃចក្ខុនិមិត្តដែលជាទំនាយនេះយ៉ាងដូចម្ដេច?
២ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់និងពួកចៀមឯទៀតដែលជាគូកនរបស់ពួកគាត់ រួមគ្នាប្រាប់អំពីសេចក្ដីជំនុំជំរះរបស់ព្រះ។ ទង្វើនេះបង្ហាញឲ្យឃើញច្បាស់នូវស្ថានភាពស្លាប់ខាងវិញ្ញាណនៃពិភពគ្រីស្ទសាសនា។ សូមឲ្យយើងពិនិត្យមើលទិដ្ឋភាពពីរនៃទំនាយនេះ ដែលបញ្ជាក់នូវមូលហេតុដែលកិច្ចផ្សាយរបស់អ្នកបំរើព្រះមានប្រសិទ្ធភាពខ្ពស់ម្ល៉េះ។
៣ មានការអប់រំនិងឧបករណ៍សំរាប់ផ្សាយសាររបស់ព្រះ: តាមរយៈសាលាកិច្ចបំរើព្រះធិបតេយ្យនិងការប្រជុំឯទៀតក្នុងក្រុមជំនុំ នោះអ្នកបំរើរបស់ព្រះត្រូវបានអប់រំឲ្យផ្សាយសាររបស់ព្រះដោយប្រសិទ្ធភាព។ ដោយយកតម្រាប់តាមព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ នោះពួកគេស្វែងរកអស់អ្នកដែលគួរ ដោយផ្សព្វផ្សាយនៅកន្លែងណាក៏ដោយដែលមានមនុស្ស។ (ម៉ាថ. ១០:១១; ម៉ាក. ១:១៦; លូ. ៤:១៥; កិច្ច. ២០:១៨-២០) របៀបផ្សព្វផ្សាយតាមគំរូក្នុងព្រះគម្ពីរដូច្នេះគឺមានប្រសិទ្ធភាពមែន!
៤ ក្នុងការធ្វើតាមបង្គាប់របស់ព្រះឲ្យផ្សព្វផ្សាយ នោះពួកគ្រីស្ទានបានចែកចាយរាប់ពាន់លានព្រះគម្ពីរ សៀវភៅ សៀវភៅស្តើងនិងទស្សនាវដ្ដី។ ប្រកាសនវត្ថុទាំងនេះត្រូវបានបោះពុម្ពជិត៤០០ភាសា ក៏មានប្រធានជាច្រើន ហើយមានវិធីពន្យល់ជាច្រើនយ៉ាងដែលទាក់ទាញមនុស្សផ្សេងៗ។ តើអ្នកកំពុងតែប្រើដោយប្រសិទ្ធភាពនូវឧបករណ៍ទាំងនេះឬទេ?
៥ ការដឹកនាំនិងការគាំទ្រពីព្រះ: ចក្ខុនិមិត្តដែលជាទំនាយនោះក៏បានបង្ហាញឲ្យឃើញច្បាស់ថា សកម្មភាពដែលតំណាងដោយការវាយសម្រុករបស់ពលសេះជានិមិត្តរូបនោះមានការគាំទ្រពីព្រះ។ (វិវរ. ៩:១៣-១៥) កិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោកត្រូវសម្រេច ដោយសារការគាំទ្រពីវិញ្ញាណរបស់ព្រះ មិនមែនដោយប្រាជ្ញាឬអំណាចរបស់មនុស្សទេ។ (សាក. ៤:៦) ព្រះយេហូវ៉ាកំពុងតែប្រើពួកទេវតាឲ្យដឹកនាំកិច្ចការនេះ។ (វិវរ. ១៤:៦) ដូច្នេះហើយ រួមជាមួយនឹងការខំប្រឹងរបស់ស្មរបន្ទាល់ នោះព្រះយេហូវ៉ាប្រទានការគាំទ្រ ដើម្បីទាញមនុស្សសុភាពឲ្យមកឯទ្រង់។—យ៉ូន. ៦:៤៥, ៦៥
៦ រាស្ត្ររបស់ព្រះយេហូវ៉ាគឺជាកងកម្លាំងដែលពុំអាចបញ្ឈប់បានឡើយ ដោយសារមានការអប់រំនិងមានឧបករណ៍គ្រប់គ្រាន់ដើម្បីផ្សាយសាររបស់ព្រះ ហើយធ្វើការក្រោមការដឹកនាំរបស់ពួកទេវតា។ សូមឲ្យយើងបន្តចូលរួមក្នុងការសម្រេចនូវចក្ខុនិមិត្តដែលជាទំនាយដ៏អស្ចារ្យ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះទាក់ទងនឹងការសម្រេចនៃចក្ខុនិមិត្តដែលជាទំនាយដូចបានកត់ទុកនៅវិវរណៈ ៩:១៣-១៩យ៉ាងដូចម្ដេច?
៣. តើអ្នកបានទទួលការអប់រំអ្វីខ្លះដើម្បីផ្សាយសាររបស់ព្រះយ៉ាងមានប្រសិទ្ធភាពនោះ?
៤. តើអ្នកផ្សាយជាច្រើនមានឧបករណ៍អ្វីខ្លះ ដើម្បីជួយពួកគេក្នុងកិច្ចការផ្សព្វផ្សាយ?
៥, ៦. តើអ្វីដែលបញ្ជាក់ថា រាស្ត្ររបស់ព្រះយេហូវ៉ាមានការគាំទ្រពីព្រះ?