អាហារខាងវិញ្ញាណតាមត្រូវពេល
១ ព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ាមានបន្ទូលថា៖ «អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ»។ (អេសេ. ៣៦:២៩) ពាក្យទំនាយនេះទាក់ទងនឹងរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ។ បើនិយាយជាអត្ថបដិរូប ព្រះយេហូវ៉ាបានបង្កើតឲ្យមានស្រូវដុះយ៉ាងច្រើនសំរាប់រាស្ត្ររបស់ទ្រង់។ អាហារខាងវិញ្ញាណតាមត្រូវពេលដែលផ្ដល់មកតាមរយៈមហាសន្និបាត បង្ហាញថានេះជាការពិតមែន។
២ នៅឯមហាសន្និបាតនាទីក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូឆ្នាំ១៩៣១ ព្រះយេហូវ៉ាបានដឹកនាំអ្នកថ្វាយបង្គំទ្រង់ឲ្យទទួលឈ្មោះថ្មី ពោលគឺស្មរបន្ទាល់ព្រះយេហូវ៉ា។ (អេសា. ៤៣:១០-១២) នៅឆ្នាំ១៩៣៥ ហ្វូងមួយយ៉ាងធំដែលចែងនៅវិវរណៈ ៧:៩-១៧ ត្រូវបានសម្គាល់យ៉ាងត្រឹមត្រូវ។ នៅឆ្នាំ១៩៤២ បងប្រុសន័របានថ្លែងសុន្ទរកថាដែលមានប្រធានថា«តើអាចមានសន្ដិភាពជាស្ថាពរឬទេ?»។ សុន្ទរកថានោះជំរុញទឹកចិត្តយើងឲ្យចូលរួមក្នុងកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក និងនាំឲ្យសាលាព្រះគម្ពីរគីលាតនៃសមាគមប៉មយាមបានស្ថាបនាឡើង។ ថ្វីបើមហាសន្និបាតជាគ្រាដែលយើងចាំមិនភ្លេច តែមហាសន្និបាតនិមួយៗគឺមានអាហារខាងវិញ្ញាណយ៉ាងបរិបូរតាមត្រូវពេល។—ទំនុក. ២៣:៥; ម៉ាថ. ២៤:៤៥
៣ តើអ្នកបរិភោគឲ្យបានធំធាត់ឬទេ? សូម្បីតែយើងមានអាហារយ៉ាងច្រើនក៏ដោយ តែយើងនៅតែស្គម បើយើងមិនខំប្រឹងបរិភោគនោះ។ (សុ. ២៦:១៥) បើគិតពីន័យខាងវិញ្ញាណក៏ដូចគ្នាដែរ។ នៅឯមហាសន្និបាតខ្លះៗ គេបានសង្កេតឃើញមនុស្សជាច្រើនដើរត្រែតត្រតឬនិយាយគ្នាលេងពេលកម្មវិធីកំពុងតែដំណើរការ។ ទោះជាការសេពគប់ជាផ្នែកដ៏សំខាន់នៃមហាសន្និបាត តែពេលវេលាសំរាប់នេះគឺមុននិងក្រោយកម្មវិធី។ (សាស. ៣:១, ៧) បើយើងមិនប្រុងស្មារតីអង្គុយស្ដាប់ទេ នោះយើងពុំអាចចាប់បាននូវចំណុចសំខាន់ៗឡើយ។ អ្នកទទួលខុសត្រូវមុខងារផ្សេងៗនៅឯមហាសន្និបាតនិងបងប្អូនឯទៀតដែលធ្វើការនៅទីនោះ ប្រហែលជាត្រូវពិគ្រោះរឿងផ្សេងៗក្នុងកាលដែលកម្មវិធីមានដំណើរការ។ តែបើមិនមែនជាមុខងាររបស់ពួកគាត់នោះទេ ពួកគាត់ត្រូវធ្វើជាគំរូសំរាប់បងប្អូនដោយប្រុងស្ដាប់កម្មវិធី។ យើងគ្រប់គ្នាគួរបរិភោគនូវអាហារខាងវិញ្ញាណដែលត្រូវផ្ដល់ឲ្យ។—១កូ. ១០:១២; ភី. ២:១២
៤ យើងមានចិត្តសប្បាយរីករាយណាស់ ដែលព្រះយេហូវ៉ាប្រទាននូវសេចក្ដីពិតខាងវិញ្ញាណយ៉ាងវិសេស ដែលផ្ទុយនឹងលទ្ធិក្លែងក្លាយពីពិភពគ្រីស្ទសាសនាដែលប្រៀបដូចជាម្ហូបអាហារគ្មានជីវជាតិ! (អេសា. ៦៥:១៣, ១៤) វិធីមួយដែលយើងបង្ហាញថាយើង‹ចេះដឹងគុណ› គឺដោយចាត់ទុកមហាសន្និបាតជាឱកាសដើម្បីឲ្យព្រះយេហូវ៉ាបង្រៀនយើង។ (កូល. ៣:១៥) ចូរគិតពីសារនោះវិញជាជាងគិតពីអ្នកថ្លែងសុន្ទរកថា និងចាត់ទុកសារនោះមកពី«អ្នកបង្ហាត់បង្រៀនដ៏ឧត្តម»។ (អេសាយ ៣០:២០, ២១ ព.ថ.; ៥៤:១៣) ចូរប្រុងស្មារតីស្ដាប់យ៉ាងជក់ស្លុង។ ចូរកត់ចំណុចសំខាន់ៗយ៉ាងខ្លី។ ចូរសើរើឡើងវិញនូវចំណុចសំខាន់ៗពីកម្មវិធីជារៀងរាល់យប់។ ចូរអនុវត្តតាមចំណុចដែលអ្នកបានរៀន។
៥ មហាសន្និបាតនិមួយៗដែលត្រូវធ្វើឡើងមុនមានសង្គ្រាមអើម៉ាគេដូន មិនថាធ្វើឡើងនៅជំរំជនភៀសខ្លួន ក្នុងប្រទេសដែលមានសង្គ្រាម ឬនៅកន្លែងធំៗដែលមានសុវត្ថិភាព នេះជាជ័យជំនះលើសាតាំង! ដោយសារភាតរភាពដែលមានសាមគ្គីភាព នោះយើងត្រេកអរនឹងឱកាសមកប្រជុំជាមួយគ្នានៅឯមហាសន្និបាតតាមតំបន់របស់យើង។ (អេសេ. ៣៦:៣៨) យើងមានទំនុកចិត្តថា ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងប្រទាននូវ«អាហារឲ្យគេបរិភោគតាមត្រូវពេល»ម្ដងទៀត។—លូ. ១២:៤២
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអេសេគាល ៣៦:២៩ កំពុងតែសម្រេចសព្វថ្ងៃនេះតាមរបៀបណា?
២. តើព្រះយេហូវ៉ាបានប្រើមហាសន្និបាតដើម្បីផ្ដល់អាហារខាងវិញ្ញាណតាមត្រូវពេលយ៉ាងដូចម្ដេច?
៣. តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីពិធីជប់លៀងខាងវិញ្ញាណនៅឯមហាសន្និបាតតាមតំបន់របស់យើង?
៤. តើតាមរបៀបណាដែលយើងបង្ហាញថា យើងចេះដឹងគុណចំពោះអាហារខាងវិញ្ញាណយ៉ាងបរិបូរដែលព្រះយេហូវ៉ាបានប្រទាន?
៥. តើមហាសន្និបាតផ្ដល់ឲ្យយើងនូវមូលហេតុអ្វីដើម្បីអរសប្បាយ?
[ប្រអប់នៅទំព័រ៤]
ចូរបង្ហាញនូវការដឹងគុណចំពោះតុរបស់ព្រះយេហូវ៉ា
◼ ប្រុងស្មារតីស្ដាប់ឲ្យមែនទែន
◼ កត់ទុកចំណុចសំខាន់ៗ
◼ សើរើឡើងវិញចំណុចផ្សេងៗពីកម្មវិធីរៀងរាល់យប់
◼ អនុវត្តតាមចំណុចដែលអ្នកបានរៀន