ចូរស្ដាប់ហើយរៀន
១. នៅមហាសន្និបាតប្រចាំតំបន់ ហេតុអ្វីយើងប្រហែលជាត្រូវខំប្រឹងជាងធម្មតាដើម្បីស្ដាប់ហើយរៀន?
១ ឆាប់ៗខាងមុខនេះ យើងនឹងមានមហាសន្និបាតប្រចាំតំបន់ឆ្នាំ២០១៣។ កម្លាំងនិងពេលវេលាជាច្រើនបានត្រូវចំណាយទៅលើការរៀបចំកម្មវិធីមហាសន្និបាតដើម្បីឲ្យទាន់តម្រូវការរបស់បងប្អូនទូទាំងពិភពលោក។ តើអ្នកបានរៀបចំដើម្បីចូលរួមមហាសន្និបាតទាំងបីថ្ងៃទេ? នៅមហាសន្និបាតធំៗមានអ្វីជាច្រើនដែលអាចបង្វែរអារម្មណ៍យើង ដូច្នេះប្រហែលជាត្រូវខំប្រុងស្មារតីខ្លាំងជាងចំពោះកម្មវិធីមហាសន្និបាត។ ដោយសារកម្មវិធីមហាសន្និបាតមានរយៈពេលវែងជាងកិច្ចប្រជុំក្នុងក្រុមជំនុំ នេះតម្រូវឲ្យយើងផ្ដោតអារម្មណ៍យូរជាងធម្មតា។ បន្ថែមទៅទៀត ការធ្វើដំណើរនិងអ្វីផ្សេងទៀតក៏អាចធ្វើឲ្យយើងអស់កម្លាំងដែរ។ តើអ្វីនឹងជួយយើងឲ្យបន្តផ្ចង់អារម្មណ៍ស្ដាប់ហើយរៀន?—ចោ. ៣១:១២
២. តើយើងអាចតាំងចិត្តដើម្បីស្ដាប់ព័ត៌មាននៅមហាសន្និបាតយ៉ាងដូចម្ដេច?
២ មុនមហាសន្និបាត: គេហទំព័រជាផ្លូវការរបស់អង្គការយើងគឺwww.jw.org/km។ ក្នុងគេហទំព័រនោះមានកម្មវិធីមហាសន្និបាតដែលរួមបញ្ចូលចំណងជើងសុន្ទរកថាទាំងអស់ ហើយក៏មានបទគម្ពីរជាមូលដ្ឋានមួយឬពីរសម្រាប់ចំណងជើងសុន្ទរកថានីមួយៗដែរ។ បើយើងអាចបើកមើលអ៊ីនធឺណិតបាន យើងអាចមើលព័ត៌មាននៃកម្មវិធីនេះទុកជាមុន។ នោះនឹងជួយយើងឲ្យតាំងចិត្តដើម្បីប្រុងស្ដាប់អ្វីដែលនឹងត្រូវថ្លែងនៅមហាសន្និបាត។ (អែស. ៧:១០) ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើអ្នកអាចពិគ្រោះអំពីកម្មវិធីមហាសន្និបាត ដើម្បីឲ្យសមាជិកទាំងអស់ក្នុងក្រុមគ្រួសាររបស់អ្នកទន្ទឹងចាំចូលរួមមហាសន្និបាតឬទេ?
៣. តើអ្វីខ្លះនឹងជួយយើងឲ្យយកចិត្តទុកដាក់ស្ដាប់?
៣ ក្នុងអំឡុងកម្មវិធី: បើអាចធ្វើបាន សូមទៅបន្ទប់ទឹកមុនកម្មវិធីចាប់ផ្ដើម។ ក្នុងអំឡុងកម្មវិធី សូមបិទទូរស័ព្ទដើម្បីកុំឲ្យអ្នកចង់ផ្ញើសារទៅអ្នកឯទៀត ឬដើម្បីកុំឲ្យអ្នកត្រូវបង្វែរអារម្មណ៍ដោយសារមានគេទូរស័ព្ទ ឬផ្ញើសារ។ បើអ្នកត្រូវបើកទូរស័ព្ទជាចាំបាច់ សូមដាក់សំឡេងរោទ៍កុំឲ្យរំខានអ្នកឯទៀត។ បើអ្នកប្រើកុំព្យូទ័របន្ទះស្តើង សូមធ្វើយ៉ាងណាកុំឲ្យរំខានអ្នកឯទៀត។ សូមកុំបរិភោគឬពិសាភេសជ្ជៈក្នុងអំឡុងកម្មវិធីឡើយ។ (សាស្ដ. ៣:១) សូមមើលទៅអ្នកថ្លែង។ ពេលគាត់អានបទគម្ពីរ សូមផ្ទៀងតាមក្នុងគម្ពីររបស់អ្នក។ សូមកត់កំណត់ខ្លីៗ។
៤. តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនរបស់ខ្លួនឲ្យស្ដាប់ហើយរៀន?
៤ យើងក៏ចង់ឲ្យកូនរបស់យើងស្ដាប់ហើយរៀនដែរ។ សុភាសិត ២៩:១៥ចែងថា៖ «កូនណាដែលបណ្ដោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្ដាយមានសេចក្ដីខ្មាសវិញ»។ ដូច្នេះហើយ ជាការល្អដែលក្រុមគ្រួសារនីមួយៗអង្គុយជាមួយគ្នា ដើម្បីឪពុកម្ដាយអាចជួយកូនរបស់ខ្លួនឲ្យយកចិត្តទុកដាក់ស្ដាប់កម្មវិធីមហាសន្និបាត មិនមែនបណ្ដោយឲ្យកូននិយាយគ្នា ផ្ញើសារ ឬដើរចុះឡើងទេ។ សូម្បីតែកូននៅក្មេងពេកដើម្បីយល់ព័ត៌មានទាំងអស់ដែលបានថ្លែងក៏ដោយ តែឪពុកម្ដាយអាចបង្រៀនកូនឲ្យចេះអង្គុយស្ងៀមនិងប្រុងស្មារតីស្ដាប់។
៥. ហេតុអ្វីមានប្រយោជន៍បើយើងពិនិត្យមើលឡើងវិញនូវអ្វីដែលយើងបានរៀននៅមហាសន្និបាត ហើយតើយើងអាចធ្វើដូច្នេះតាមរបៀបណា?
៥ ក្រោយចប់កម្មវិធីនៅថ្ងៃនីមួយៗ: សូមឆាប់ចូលគេងដើម្បីអ្នកអាចសម្រាកបានគ្រប់គ្រាន់។ កុំនៅដល់យប់ជ្រៅពេក។ សូមរំលឹកឡើងវិញនូវអ្វីដែលអ្នកបានស្ដាប់ នោះនឹងជួយអ្នកឲ្យចាំព័ត៌មាននោះបានយូរជាង។ ហេតុនេះហើយ គឺមានប្រយោជន៍បើយើងចំណាយពេលពីរបីនាទីដើម្បីពិគ្រោះអំពីកម្មវិធីមហាសន្និបាតជាក្រុមគ្រួសារនៅល្ងាចនីមួយៗ។ បើអ្នកទៅភោជនីយដ្ឋានជាមួយមិត្តភក្ដិ សូមយកកំណត់របស់អ្នកទៅជាមួយ ហើយប្រាប់ចំណុចមួយឬពីរដែលអ្នកចូលចិត្តជាងគេ។ ក្រោយចប់មហាសន្និបាត ពេលអ្នកត្រឡប់មកផ្ទះវិញ អ្នកអាចចំណាយពេលខ្លះក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីពិគ្រោះអំពីរបៀបដែលក្រុមគ្រួសារអាចធ្វើតាមព័ត៌មានទាំងនោះ។ អ្នកក៏អាចលៃទុកពេលរាល់សប្ដាហ៍ដើម្បីមើលសាឡើងវិញផ្នែកណាមួយនៃសៀវភៅដែលចេញថ្មីក្នុងមហាសន្និបាតនោះ។
៦. ការមានវត្តមាននៅមហាសន្និបាតប៉ុណ្ណោះ តើនេះគ្រប់គ្រាន់ទេ? សូមពន្យល់។
៦ បើយើងចូលរួមពិធីជប់លៀង តែមិនបរិភោគអាហារដែលគេបានរៀបចំទេ នោះរូបកាយយើងមិនអាចទទួលប្រយោជន៍ពីអាហារនោះឡើយ។ យើងក៏អាចនិយាយដូចគ្នាដែរចំពោះកម្មវិធីមហាសន្និបាតប្រចាំតំបន់ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ។ សូមឲ្យយើងទទួលប្រយោជន៍យ៉ាងពេលលេញពីផ្នែកទាំងអស់ក្នុងមហាសន្និបាត ដោយយកចិត្តទុកដាក់ស្ដាប់ និងធ្វើតាមអ្វីដែលយើងបានរៀន។