ចូរ«ស្ដាប់ ហើយចំរើនចំណេះឡើង»
១ សៀវភៅសុភាសិតរៀបរាប់អំពីប្រាជ្ញាដែលហាក់ដូចជាស្រែកឡើងថា៖ «ចូរស្ដាប់ ដ្បិតអញនឹងពោលសេចក្ដីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀតត្រង់។ ការជួយគំនិតជារបស់ផងអញ ព្រមទាំង[ប្រាជ្ញា ព.ថ.]ទាំងអស់ដែលមានប្រយោជន៍ផង។ . . . ចូរស្ដាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ។ ដ្បិតអ្នកណាដែលបានអញ នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ»។ (សុភាសិត ៨:៦, ១៤, ៣២, ៣៥) ពាក្យទាំងនេះពណ៌នាយ៉ាងត្រឹមត្រូវនូវការណែនាំដែលមាននៅខាងមុខយើង នៅឯមហាសន្និបាតតាមតំបន់ដែលមានប្រធានថា៖ «អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ»។
២ ក្រោយពីបានពិនិត្យមើលអំពីអ្វីដែលភាតរភាពទូទាំងពិភពលោកនេះត្រូវការ នោះកម្មវិធីមហាសន្និបាតនេះបានត្រូវរៀបចំ ដើម្បីបំពេញនូវសេចក្ដីត្រូវការនិមួយៗនោះ។ ការណែនាំខាងវិញ្ញាណ និងយោបល់ដ៏មានប្រយោជន៍ដែលនឹងជូនឲ្យនោះ អាចជួយឲ្យយើងមានសុភមង្គល ហើយរក្សាទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា ថែមទាំងជួយកែតម្រង់ផ្លូវយើងទៅតាមផ្លូវទៅឯជីវិតជារៀងរហូត បើយើងអនុវត្តតាមពាក្យទាំងនោះ។ យ៉ាងប្រាកដណាស់ យើងមានមូលហេតុល្អឲ្យយើង«ស្ដាប់ ហើយចំរើនចំណេះឡើង»។—សុភាសិត ១:៥
៣ ពីមុនកម្មវិធី: ដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីដែលនឹងសម្ដែងនោះ យើងត្រូវអង្គុយនិងត្រូវប្រុងស្មារតីនៅពេលដែលកម្មវិធីចាប់ផ្ដើម។ នេះតម្រូវឲ្យចេះត្រៀមខ្លួនយ៉ាងល្អសិន។ ចំណុចដ៏សំខាន់មួយគឺថា យើងត្រូវត្រៀមខ្លួនមុនកំណត់ពេល។ នៅយប់មុននោះ គឺត្រូវចូលគេងមុនម៉ោង។ ក៏ត្រូវភ្ញាក់ពីព្រលឹម ល្មមនឹងអនុញ្ញាតឲ្យគ្រប់គ្នាក្នុងក្រុមរបស់អ្នករៀបចំ និងទទួលទានអាហារ។ គឺត្រូវទៅដល់កន្លែងមហាសន្និបាតមុនម៉ោងកំណត់ដែរ ដើម្បីរកកន្លែងអង្គុយ និងត្រូវបង្ហើយរឿងដ៏សំខាន់ផ្សេងៗមុននឹងកម្មវិធីចាប់ផ្ដើម។ គេនឹងបើកទ្វារនៅម៉ោង៨:០០ព្រឹក និងកម្មវិធីត្រូវចាប់ផ្ដើមម៉ោង៩:៣០ព្រឹកជារៀងរាល់ថ្ងៃ។
៤ ដោយព្រោះមូលហេតុចំបងឲ្យយើងជួបជុំគ្នានោះ គឺដើម្បីលើកសរសើរព្រះយេហូវ៉ា«នៅក្នុងពួកជំនុំទាំងប៉ុន្មាន» នោះការបើកកម្មវិធីនិមួយៗត្រូវធ្វើឡើងតាមរបៀបដែលលើកដំកើងព្រះរបស់យើង។ (ទំនុកដំកើង ២៦:១២) ដើម្បីសម្រេចការនោះ យើងលើកទឹកចិត្តទាំងអស់គ្នាឲ្យអង្គុយមុននឹងគេជំរាបប្រាប់អំពីបទចំរៀងដំបូងនោះ។ ការធ្វើដូច្នេះគឺសមស្របនឹងពាក្យទូន្មានក្នុងបទគម្ពីរ ដែលថា៖ «ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង»។ (កូរិនថូសទី១ ១៤:៤០) តើនេះមានន័យយ៉ាងណាសំរាប់យើងម្នាក់ៗ? នៅពេលដែលអ្នកឃើញអធិការីនៅលើវេទិកានោះ កំពុងតែអង្គុយក្នុងកំឡុងពេលមានភ្លេងដំបូងនោះ ចូរប្រញាប់ទៅកន្លែងរបស់ខ្លួនដើម្បីអង្គុយចុះដែរ។ ដោយធ្វើដូច្នេះ អ្នកនឹងអាចចូលរួមច្រៀងអស់ពីដួងចិត្ត នូវចំរៀងដែលបើកកម្មវិធីនិមួយៗ ទាំងលើកដំកើងសរសើរថ្វាយព្រះយេហូវ៉ាដែរ។—ទំនុកដំកើង ១៤៩:១
៥ ក្នុងកំឡុងពេលកម្មវិធី: លោកអែសរ៉ា«បានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម»។ (អែសរ៉ា ៧:១០) តើយើងអាចតាំងចិត្តយើងតាមរបៀបណា ដើម្បីទទួលពាក្យណែនាំដែលព្រះយេហូវ៉ាប្រទានឲ្យនោះ? ពេលដែលអ្នកមើលសើរើនូវចំណងជើងនៃផ្នែកនិមួយៗ ដែលបានត្រូវកត់ទុកក្នុងកម្មវិធីនោះ សូមសួរខ្លួនថា ‹តើព្រះយេហូវ៉ាកំពុងតែមានបន្ទូលប្រាប់ខ្ញុំយ៉ាងណាខ្លះ តាមរយៈកម្មវិធីសន្និបាតនេះ? តើខ្ញុំអាចប្រើពត៌មាននេះដោយដូចម្ដេច ដើម្បីឲ្យខ្លួនខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំមានប្រយោជន៍នោះ?›។ (អេសាយ ៣០:២១; អេភេសូរ ៥:១៧) ចូរបន្តសួរសំនួរទាំងនោះជានិច្ច ក្នុងកំឡុងពេលមហាសន្និបាត។ សូមកត់ទុកនូវចំណុចណាដែលអ្នកបំរុងនឹងប្រើ។ សូមឆ្លៀតពិគ្រោះអំពីចំណុចទាំងនោះ នៅពេលកម្មវិធីចប់ក្នុងថ្ងៃនិមួយៗនោះ។ ដោយធ្វើដូចនេះ នឹងជួយអ្នកចងចាំបានល្អព្រមទាំងស្រួលអនុវត្តតាមពត៌មាននោះទៀតផង។
៦ ការប្រុងស្មារតីជាច្រើនម៉ោងអ៊ីចឹង អាចជាការពិបាកមែនទែន។ តើអ្វីទៅដែលអាចជួយយើងទប់ទល់នឹងទំនោរចិត្តដែលបង្វែរស្មារតីចេញនោះ? សូមឆ្លៀតប្រយោជន៍ពីអំណាចនៃភ្នែកយើង។ អ្វីដែលយើងបណ្ដោយឲ្យភ្នែកមើលនោះ ច្រើនតែជាទីចាប់អារម្មណ៍របស់យើងផងដែរ។ (ម៉ាថាយ ៦:២២) ដូច្នេះ សូមខំទប់ទល់នឹងចិត្តដែលចង់ឲ្យយើងងាកបែរទៅមើលគ្រប់ចលនា ឬតាមសម្លេងណាមួយ។ សូមផ្ដោតអារម្មណ៍បែរភ្នែកទៅមើលអ្នកនិយាយវិញ។ ក្នុងព្រះគម្ពីររបស់ខ្លួន ចូរមើលតាមគាត់អានខគម្ពីរនិមួយៗ និងទុកគម្ពីរនៅកន្លែងដែលបើកនោះ ពេលដែលគាត់ពិគ្រោះអំពីខនោះដែរ។
៧ សេចក្ដីស្រឡាញ់ជាគ្រីស្ទាន នឹងជំរុញយើងឲ្យជៀសវាងពីការរំខានអ្នកដទៃ ពេលដែលកម្មវិធីមានដំណើរការ។ (កូរិនថូសទី១ ១៣:៥) នោះគឺជា«ពេលដែលគួរនៅស្ងៀម»។ (សាស្ដា ៣:៧) ហេតុនោះហើយសូមជៀសវាងពីការនិយាយ និងការដើរចុះឡើងដ៏ឥតចាំបាច់។ សូមចេញចូលទៅបន្ទប់ទឹកឲ្យបានតិចដោយគ្រោងការជាមុន។ កុំបរិភោគឬផឹកមុននឹងកំណត់ពេលនោះ លើកលែងតែមានបញ្ហាសុខភាពយ៉ាងខ្លាំង។ អស់អ្នកដែលយកទូរស័ព្ទដៃ ហ្វូនលីង ប្រដាប់ថតវីដេអូ និងម៉ាស៊ីនថតដែរ មិនគួរប្រើរបស់ទាំងនេះតាមរបៀបដែលរំខានអ្នកដទៃទេ។ មាតាបិតាទាំងឡាយគួរតែរៀបចំឲ្យក្រុមគ្រួសារទាំងមូល ដែលរួមបញ្ចូលក្មេងជំទង់ផងដែរ អង្គុយជាមួយគ្នាដើម្បីមើលខុសត្រូវកូនៗយ៉ាងត្រឹមត្រូវវិញ។—សុភាសិត ២៩:១៥
៨ នៅឆ្នាំមុននេះ មានអ្នកចាស់ទុំម្នាក់ដែលធ្លាប់ចូលរួមមហាសន្និបាតជាច្រើនទសវត្សមកហើយ បានសង្កេតឃើញថា៖ «ខ្ញុំមានអារម្មណ៍ថា មហាសន្និបាតមួយនេះពិតជាពិសេសមែន។ ដោយមានមូលហេតុផ្សេងទៀតដូចជា អ្នកស្ដាប់ស្ទើរតែទាំងអស់គ្នា រួមទាំងក្មេងៗផងដែរ បានកត់កំណត់។ ការឃើញបែបនេះធ្វើឲ្យរីករាយខ្លាំងមែន។ គេក៏ប្រើព្រះគម្ពីរបានល្អដែរ នៅពេលដែលអ្នកថ្លែងបានអញ្ជើញគេបើកទៅមើលខនិមួយៗនោះ»។ ការប្រុងស្ដាប់បែបនោះ ប្រាកដជាគួរឲ្យសរសើរមែន។ ការធ្វើដូចនោះមិនត្រឹមតែនាំឲ្យយើង និងអ្នកចូលរួមមហាសន្និបាតគ្នីគ្នាជាមួយយើងប៉ុណ្ណោះដែលទទួលប្រយោជន៍ តែសំខាន់បំផុតនោះ ក៏លើកដំកើងអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង គឺព្រះយេហូវ៉ា។—អេសាយ ៣០:២០