ការប្រមូលគ្នាឲ្យសរសើរព្រះយេហូវ៉ា
១ ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបំផុត ដែលប្រាជ្ញារបស់ទ្រង់មិនអាចស្ទង់បាន និងមានយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍ ហើយអង្គទ្រង់ផ្ទាល់គឺជាសេចក្ដីស្រឡាញ់តែម្ដង។ ទ្រង់ជាអ្នកបង្កើត ជាព្រះអង្គដែលប្រទានជីវិត ហើយក៏ជាព្រះមហាក្សត្រសកលលោកផងដែរ គឺទ្រង់តែមួយអង្គប៉ុណ្ណោះដែលសមនឹងទទួលការថ្វាយបង្គំពីយើង។ (ទំនុក. ៣៦:៩; វិវរ. ៤:១១; ១៥:៣, ៤) មហាសន្និបាតតាមតំបន់ដែលយើងនឹងមានឆ្នាំនេះ មានប្រធានថា«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ» មហាសន្និបាតនោះនឹងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងឲ្យសរសើរព្រះយេហូវ៉ាជាព្រះពិតតែមួយ។—ទំនុក. ៨៦:៨-១០
២ ការរៀបចំឲ្យបានល្អគឺចាំបាច់: ដើម្បីយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការជប់លៀងខាងវិញ្ញាណដែលព្រះយេហូវ៉ាបានរៀបចំ គឺជាចាំបាច់ដែលយើងគួររៀបចំឲ្យបានល្អមុនសិន។ (អេភ. ៥:១៥, ១៦) តើអ្នកបានរៀបចំកន្លែងដើម្បីស្នាក់នៅ យានជំនិះសំរាប់ធ្វើដំណើរ និងបានសុំច្បាប់ពីកន្លែងធ្វើការឬពីសាលារៀនហើយឬនៅ? កុំបង្អង់យូរចំពោះការរៀបចំរឿងដ៏សំខាន់ទាំងនេះឡើយ! បើអ្នកបង្អែបង្អង់ក្នុងការសុំច្បាប់ពីកន្លែងធ្វើការ អ្នកប្រហែលជាខានចូលរួមផ្នែកមួយនៃឱកាសដ៏សប្បាយនេះ។ យើងទាំងអស់គ្នាត្រូវមានវត្តមាននៅគ្រប់ផ្នែកនៃមហាសន្និបាត។
៣ សូមមានបំណងទៅដល់កន្លែងមហាសន្និបាតមុនម៉ោងរាល់តែថ្ងៃ។ បើធ្វើដូច្នេះ គឺមានន័យថាអ្នកអាចរកកន្លែងអង្គុយមុនចំរៀងដំបូង ថែមទាំងអាចសង្រួមចិត្តគំនិតឲ្យទទួលបានការណែនាំដែលនឹងប្រទានមកនោះ។ សូមកុំទុកកៅអីសំរាប់បងប្អូនណា ក្រៅពីគ្រួសារជិត ឬអ្នកដែលជិះជាមួយគ្នា។
៤ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យយកម្ហូបអាហារទៅជាមួយ ជាជាងចេញទៅខាងក្រៅពេលថ្ងៃ ដើម្បីទិញអាហារ។ បើបងប្អូនអាចធ្វើតាមយោបល់នេះ គឺជួយឲ្យមានបរិយាកាសដែលប្រកបទៅដោយសន្ដិភាព ហើយអាចមានពេលច្រើនជាងដើម្បីសេពគប់និងសំណេះសំណាលជាមួយអ្នកជឿគ្នីគ្នា។ (ទំនុក. ១៣៣:១-៣) សូមនឹកចាំថា យើងមិនអាចយកប្រអប់និងដបធ្វើពីកែវឬភេសជ្ជៈស្រាចូលក្នុងសាលមហាសន្និបាតទេ។
៥ ចូរស្ដាប់ហើយរៀនចុះ!: លោកអែសរ៉ាបានតាំងចិត្តទាំងអធិស្ឋានដើម្បីទទួលព្រះបន្ទូលរបស់ព្រះ។ (អែស. ៧:១០) គាត់បានផ្ចង់ចិត្តដើម្បីស្ដាប់ការបង្រៀនរបស់ព្រះយេហូវ៉ា។ (សុ. ២:២) យើងក៏អាចត្រៀមផ្ចង់ចិត្តសំរាប់មហាសន្និបាត ទាំងរំពឹងគិតពីប្រធានមហាសន្និបាត ហើយពិគ្រោះពីប្រធាននោះជាមួយក្រុមគ្រួសារយើង។
៦ ក្នុងសាលធំ គឺមានរបស់ជាច្រើនឲ្យយើងឮហើយឃើញ ដែលអាចបំបែរអារម្មណ៍យើង។ របស់ទាំងនេះអាចបង្វែរស្មារតីយើង ឲ្យលែងស្ដាប់អ្នកថ្លែងនោះ។ ពេលយើងលែងស្ដាប់ គឺមានន័យថាយើងខាននឹងទទួលពត៌មានដែលមានតម្លៃ។ នៅក្នុងប្រអប់ គឺមានយោបល់ដែលអាចជួយយើងមានស្មារតីមូល។
៧ សូមយកចិត្តទុកដាក់ចំពោះបងប្អូន: ម៉ាស៊ីនថត និងម៉ាស៊ីនថតវីដេអូអាចប្រើក្នុងកំឡុងពេលកម្មវិធីបាន ប៉ុន្តែសូមធ្វើពីកន្លែងអង្គុយប៉ុណ្ណោះ ដើម្បីមិនបំបែរអារម្មណ៍អ្នកឯទៀត។ ទូរស័ព្ទដៃនិងហ្វូនលីងត្រូវចុចកុំឲ្យរោទ៍ដើម្បីមិនរំខានអ្នកឯទៀត។ គ្មានអ្នកណាត្រូវតភ្ជាប់ប្រដាប់ប្រដាផ្ទាល់ខ្លួន ទៅនឹងគ្រឿងអេឡិចត្រូនិចឬប្រព័ន្ធសម្លេងនៅសាលមហាសន្និបាតទេ។
៨ យើងពិតជាទន្ទឹងចាំឲ្យការជួបជុំគ្នាសរសើរព្រះយេហូវ៉ាមែន! សូមឲ្យយើងប្ដេជ្ញាចិត្តសរសើរដំកើងព្រះយេហូវ៉ា ដោយមានវត្តមាននៅគ្រប់ផ្នែកនៃកម្មវិធី ដោយយកចិត្តទុកដាក់ស្ដាប់ ហើយដោយអនុវត្តតាមអ្វីដែលយើងរៀន។—ចោទិ. ៣១:១២
[Study Questions]
១. តើមហាសន្និបាតមានប្រធានអ្វី? ហើយតើហេតុអ្វីបានជាព្រះយេហូវ៉ាសមនឹងទទួលការសរសើរពីយើង?
២, ៣. តើតាមរបៀបណាដែលការរៀបចំឲ្យបានល្អ អាចជួយយើងទទួលប្រយោជន៍យ៉ាងពេញលេញបាន?
៤. ហេតុអ្វីបានជាមានការស្នើសុំឲ្យយើងទាំងអស់គ្នាយកម្ហូបអាហារទៅជាមួយសំរាប់មហាសន្និបាត?
៥. តើតាមរបៀបណាដែលយើងអាចត្រៀមឲ្យផ្ចង់ចិត្តសំរាប់មហាសន្និបាត?
៦. តើអ្វីទៅអាចជួយយើងរក្សាឲ្យផ្ដោតអារម្មណ៍ទៅលើកម្មវិធី? (សូមមើលប្រអប់)
៧, ៨. តើតាមរបៀបណាដែលយើងអាចបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូន?
[Box on page 5]
ការប្រុងស្ដាប់នៅឯមហាសន្និបាត
▪ ជញ្ជឹងគិតពីប្រធានសុន្ទរកថា
▪ ឆែកមើលបទគម្ពីរ
▪ កត់កំណត់ខ្លីៗ
▪ កត់ចំណុចដែលអ្នកចង់អនុវត្តតាម
▪ សើរើឡើងវិញនូវអ្វីដែលអ្នកបានរៀន