បីថ្ងៃដែលព្រះធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ
១. តើប្រយោជន៍អ្វីដែលយើងនឹងទទួលនៅមហាសន្និបាតប្រចាំតំបន់ឆ្នាំនេះ?
១ ក្នុងពិភពលោករបស់សាថានដែលប្រៀបដូចជាទីហួតហែង ព្រះយេហូវ៉ាបន្តផ្ដល់កម្លាំងចិត្តឡើងវិញឲ្យអ្នកបម្រើរបស់លោក។ (អេ. ៥៨:១១) ការរៀបចំមួយដែលព្រះយេហូវ៉ាប្រើដើម្បីផ្ដល់កម្លាំងចិត្តឡើងវិញឲ្យយើង គឺមហាសន្និបាតប្រចាំតំបន់ដែលបានត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ។ កាលដែលមហាសន្និបាតសម្រាប់ឆ្នាំនេះកាន់តែខិតជិតដល់ តើយើងអាចរៀបចំយ៉ាងណាដើម្បីទទួលនិងផ្ដល់កម្លាំងចិត្តឡើងវិញ?—សុភ. ២១:៥
២. តើអ្វីខ្លះដែលយើងត្រូវរៀបចំឲ្យស្រេចបាច់?
២ បើអ្នកមិនទាន់បានធ្វើទេ ឥឡូវនេះចូរចំណាយពេលដើម្បីរៀបចំចាត់ចែងកិច្ចការផ្ទាល់ខ្លួនហើយសុំច្បាប់សម្រាកពីការងារដើម្បីអាចមានវត្តមានគ្រប់ទាំងបីថ្ងៃនៅមហាសន្និបាត។ តើអ្នកបានគណនាមើលថាអ្នកនឹងត្រូវការពេលប៉ុន្មានដើម្បីធ្វើដំណើររាល់ថ្ងៃទៅកន្លែងមហាសន្និបាតដើម្បីអាចទៅដល់ ហើយមានពេលល្មមរកកន្លែងអង្គុយមុនកម្មវិធីចាប់ផ្ដើមឬទេ? យើងពិតជាមិនចង់ខានទទួលសេចក្ដីបង្រៀនណាមួយដែលប្រៀបដូចជាអាហារដែលព្រះយេហូវ៉ាបានរៀបចំដើម្បីផ្ដល់កម្លាំងចិត្តឲ្យយើងឡើយ! (អេ. ៦៥:១៣, ១៤) តើអ្នកបានរៀបចំរកកន្លែងសម្រាប់ស្នាក់នៅ និងយានជំនិះសម្រាប់ធ្វើដំណើរស្រេចបាច់ហើយឬ?
៣. តើយោបល់ណាខ្លះដែលនឹងជួយយើងនិងក្រុមគ្រួសារយើងឲ្យទទួលប្រយោជន៍យ៉ាងពេញលេញពីកម្មវិធីមហាសន្និបាត?
៣ តើអ្វីនឹងជួយអ្នកឲ្យមូលអារម្មណ៍ក្នុងអំឡុងកម្មវិធី? បើអាចធ្វើបាន ក្នុងអំឡុងពេលមានមហាសន្និបាត សូមទទួលទានដំណេកឲ្យបានច្រើនរាល់យប់។ សូមផ្ចង់អារម្មណ៍មើលអ្នកថ្លែង។ បើកមើលខគម្ពីរទាំងអស់ក្នុងគម្ពីររបស់អ្នក។ សូមកត់កំណត់ខ្លីៗ។ គឺជាការល្អដែលក្រុមគ្រួសារអង្គុយជិតគ្នាដើម្បីឪពុកម្ដាយអាចជួយកូនៗរបស់ពួកគេឲ្យប្រុងស្មារតីស្ដាប់។ (សុភ. ២៩:១៥) រាល់ល្ងាច អ្នកប្រហែលជាអាចពិភាក្សាជាក្រុមគ្រួសារអំពីចំណុចសំខាន់ៗនៃកម្មវិធី។ ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចកំណត់ពេលសម្រាប់ពិចារណាចំណុចជាក់លាក់ផ្សេងៗដែលក្រុមគ្រួសារអ្នកអាចអនុវត្ត ដើម្បីក្រុមគ្រួសាររបស់អ្នកអាចបន្តទទួលកម្លាំងចិត្តសូម្បីតែក្រោយមហាសន្និបាតក៏ដោយ។
៤. តើតាមរបៀបណាយើងអាចជួយអ្នកឯទៀតក្នុងក្រុមជំនុំឲ្យទទួលនូវកម្លាំងចិត្តពីមហាសន្និបាត?
៤ ជួយអ្នកឯទៀតឲ្យទទួលកម្លាំងចិត្តឡើងវិញ: យើងក៏ចង់ឲ្យអ្នកឯទៀតទទួលនូវកម្លាំងចិត្តឡើងវិញពីមហាសន្និបាតដែរ។ តើមានអ្នកផ្សាយវ័យចាស់ឬអ្នកឯទៀតក្នុងក្រុមជំនុំដែលត្រូវការជំនួយដើម្បីចូលរួមមហាសន្និបាតឬទេ? តើអ្នកអាចជួយពួកគាត់ឬទេ? (១យ៉ូន. ៣:១៧, ១៨) អ្នកចាស់ទុំ ជាពិសេសអ្នកត្រួតពិនិត្យក្រុមនីមួយៗមើលឲ្យដឹងថាអ្នកផ្សាយវ័យចាស់បានទទួលជំនួយដែលគាត់ត្រូវការ។
៥. តើតាមរបៀបណាយើងនឹងចែកសំបុត្រអញ្ជើញមកមហាសន្និបាត? (សូមមើលប្រអប់នៅទំព័រនេះ)
៥ ដូចឆ្នាំមុនៗ បីសប្ដាហ៍មុនមហាសន្និបាតចាប់ផ្ដើម យើងនឹងចូលរួមក្នុងការចែកសំបុត្រអញ្ជើញអ្នកឯទៀតឲ្យមកមហាសន្និបាត។ ក្រុមជំនុំទាំងឡាយគួរកំណត់គោលដៅមួយដើម្បីចែកសំបុត្រអញ្ជើញទាំងអស់ដែលក្រុមជំនុំមាន ហើយចែកឲ្យច្រើនតំបន់ផ្សាយរបស់ក្រុមជំនុំ បើអាចធ្វើបាន។ ក៏ប៉ុន្តែ បើក្រុមគ្រួសារអ្នកនៅសល់សំបុត្រអញ្ជើញ សូមយកវាមកមហាសន្និបាត។ យើងនឹងប្រើវាដើម្បីអញ្ជើញពួកអ្នកដែលយើងផ្សព្វផ្សាយក្រៅផ្លូវការ ពេលដែលយើងនៅក្នុងក្រុងដែលមានមហាសន្និបាត។ សំបុត្រអញ្ជើញដែលក្រុមគ្រួសារអ្នកមិនរំពឹងថានឹងប្រើវាទេ ពេលនៅក្នុងក្រុងដែលមានមហាសន្និបាត គួរប្រគល់វាឲ្យឆ្មាំម្នាក់ កាលណាអ្នកចូលទៅក្នុងកន្លែងមហាសន្និបាតនៅថ្ងៃសុក្រ។ ព័ត៌មានស្តីអំពីរបៀបប្រើសំបុត្រអញ្ជើញទាំងនោះនឹងត្រូវផ្ដល់ឲ្យនៅមហាសន្និបាត។
៦. ដោយបង្ហាញថាយើងមានសុជីវធម៌ តើយើងអាចផ្ដល់កម្លាំងចិត្តឡើងវិញឲ្យអ្នកឯទៀតយ៉ាងដូចម្ដេច?
៦ សុជីវធម៌ផ្ដល់កម្លាំងចិត្តឡើងវិញ: នៅសម័យនេះដែលមនុស្សជាច្រើន«ស្រឡាញ់តែខ្លួនឯង» ហើយមិនគិតអំពីអារម្មណ៍អ្នកឯទៀត នោះការសេពគប់ជាមួយគ្រិស្តសាសនិករួមជំនឿដែលព្យាយាមបង្ហាញសុជីវធម៌ចំពោះយើង ពិតជាធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញមែន! (២ធី. ៣:២) ពេលចូលក្នុងអគារមហាសន្និបាត យើងបង្ហាញថាយើងមានសុជីវធម៌ ដោយចូលយ៉ាងមានរបៀបរៀបរយ ពេលអគារនោះបើកនៅម៉ោង៧:២០ព្រឹក ហើយសូមទុកកន្លែងសម្រាប់តែអ្នកដែលរស់នៅក្នុងផ្ទះរបស់យើង អ្នកធ្វើដំណើរតាមឡានរបស់យើង ឬសិស្សគម្ពីរដែលកំពុងសិក្សាជាមួយនឹងយើងប៉ុណ្ណោះ។ យើងធ្វើតាមការណែនាំរបស់អ្នកបើកកម្មវិធីមហាសន្និបាត ពេលគាត់សុំឲ្យយើងរកកន្លែងអង្គុយដើម្បីស្ដាប់បទភ្លេងបើកកម្មវិធីនីមួយៗ។ យើងបង្ហាញថាយើងមានសុជីវធម៌ដោយធ្វើយ៉ាងណាដើម្បីកុំឲ្យទូរស័ព្ទយើងបំបែរអារម្មណ៍អ្នកឯទៀតពេលកម្មវិធីកំពុងដំណើរការ។ យើងក៏បង្ហាញថាយើងមានសុជីវធម៌ដែរ ដោយមិននិយាយគ្នា ផ្ញើសារតាមទូរស័ព្ទ បរិភោគ ឬដើរចុះឡើងដោយមិនចាំបាច់ឡើយ។
៧. ពេលសេពគប់បងប្អូនយើង តើតាមរបៀបណាយើងអាចទទួលនិងផ្ដល់កម្លាំងចិត្តឡើងវិញ?
៧ ការសេពគប់ដែលផ្ដល់កម្លាំងចិត្ត: មហាសន្និបាតផ្ដល់ឱកាសថែមទៀតឲ្យយើងរីករាយនឹងសាមគ្គីភាពនិងភាតរភាពជាគ្រិស្តសាសនិក។ (ទំនុក. ១៣៣:១-៣) សូមចាប់ផ្ដើម«បើកចិត្តឲ្យទូលាយ» ហើយទៅជួបបងប្អូនប្រុសស្រីពីក្រុមជំនុំឯទៀតដែលមកមហាសន្និបាត។ (២កូ. ៦:១៣) ក្នុងមួយថ្ងៃៗ អ្នកប្រហែលជាកំណត់គោលដៅដើម្បីស្គាល់យ៉ាងហោចណាស់បងប្អូនថ្មីម្នាក់ឬគ្រួសារថ្មីមួយ។ ពេលសម្រាកថ្ងៃត្រង់ជាឱកាសល្អដើម្បីធ្វើដូច្នេះ។ ដូច្នេះ សូមយកម្ហូបបន្ដិចបន្តួច ហើយបរិភោគព្រមទាំងសំណេះសំណាលជាមួយនឹងអ្នកឯទៀតនៅកន្លែងមហាសន្និបាត ជាជាងចេញទៅបរិភោគនៅហាងជិតៗ។ នេះប្រហែលជានាំឲ្យមានចំណងមិត្តភាពថ្មីដែលស្ថិតស្ថេរ។
៨. ហេតុអ្វីយើងគួរស្ម័គ្រចិត្តធ្វើការនៅមហាសន្និបាត? ហើយតាមរបៀបណាយើងអាចធ្វើដូច្នោះ?
៨ សហការជាមួយបងប្អូនរួមជំនឿក្នុងកិច្ចបម្រើពិសិដ្ឋពិតជាធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញមែន! តើអ្នកអាចស្ម័គ្រចិត្តជួយផ្នែកណាមួយឬជួយក្រុមជំនុំរបស់អ្នក ដែលមានភារកិច្ចសម្អាតឬទេ? (ទំនុក. ១១០:៣) បើអ្នកមិនទាន់មានភារកិច្ចទេ សូមគិតទៅជួបអ្នកទទួលខុសត្រូវផ្នែកកិច្ចបម្រើស្ម័គ្រចិត្តនៅមហាសន្និបាត។ មានគ្នាច្រើន នេះជួយសម្រាលការងារ ហើយធ្វើឲ្យយើងសប្បាយនឹងការងារនោះ។
៩. ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តនិងអាការក្រៅរបស់យើងនៅមហាសន្និបាត?
៩ ការប្រព្រឹត្តរបស់យើងផ្ដល់កម្លាំងចិត្តឲ្យអ្នកសង្កេតមើល: យើងជាអ្នកចូលរួមមហាសន្និបាតទាំងបីថ្ងៃមិនគ្រាន់តែក្នុងអំឡុងពេលមានកម្មវិធីប៉ុណ្ណោះទេ។ ពេលដែលយើងនៅក្នុងក្រុងដែលមានមហាសន្និបាត អ្នកដែលសង្កេតមើលយើងគួរតែអាចឃើញថាយើងនិងមនុស្សដែលមិនមែនជាសាក្សីព្រះយេហូវ៉ាគឺខុសគ្នា ហើយនេះផ្ដល់កម្លាំងចិត្តឲ្យពួកគេ។ (១ពេ. ២:១២) សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងនៅកន្លែងមហាសន្និបាត កន្លែងយើងស្នាក់នៅ និងនៅភោជនីយដ្ឋានគួរលើកកិត្ដិយសព្រះយេហូវ៉ា។ (១ធី. ២:៩, ១០) ពេលយើងពាក់នាមប័ណ្ណរបស់យើង នេះនឹងធ្វើឲ្យអ្នកឯទៀតដឹងថាយើងជាអ្នកណា ហើយប្រហែលជាផ្ដល់ឱកាសឲ្យយើងប្រាប់ពួកគេអំពីមហាសន្និបាតនិងឲ្យយើងធ្វើជាសាក្សីបញ្ជាក់។
១០. តើយើងអាចធ្វើដូចម្ដេចដើម្បីឲ្យបុគ្គលិកនៅសណ្ឋាគារនិងនៅភោជនីយដ្ឋានមានទស្សន:ត្រឹមត្រូវចំពោះមហាសន្និបាតរបស់យើង?
១០ តើតាមរបៀបណាយើងអាចផ្ដល់កម្លាំងចិត្តឲ្យអ្នកធ្វើការនៅសណ្ឋាគារនិងនៅភោជនីយដ្ឋាន? យើងមិនគួរកក់បន្ទប់សណ្ឋាគារលើសចំនួនដែលយើងពិតជានឹងត្រូវការទេ ព្រោះនេះធ្វើឲ្យអ្នកឯទៀតដែលចូលរួមមហាសន្និបាតគ្មានបន្ទប់ស្នាក់នៅ ហើយធ្វើឲ្យសណ្ឋាគារបាត់បង់នូវប្រាក់ចំណូល។ ពេលយើងចុះឈ្មោះជួលបន្ទប់និងពេលបង់ថ្លៃបន្ទប់ បើសណ្ឋាគារមានភ្ញៀវច្រើន យើងគួរបង្ហាញចិត្តអត់ធ្មត់និងចិត្តសប្បុរស។ (កូឡ. ៤:៦) យើងគួរឲ្យលុយទឹកតែដល់អ្នកបម្រើនៅភោជនីយដ្ឋាននិងអ្នកធ្វើការនៅសណ្ឋាគារដែលយួរអីវ៉ាន់ សម្អាតបន្ទប់របស់យើង ឬផ្ដល់សេវាកម្មផ្សេងទៀត។
១១. តើបទពិសោធន៍អ្វីបង្ហាញថាការប្រព្រឹត្តរបស់យើងជាគ្រិស្តសាសនិកគឺជាការធ្វើជាសាក្សីបញ្ជាក់ដ៏ល្អមួយ?
១១ តើការប្រព្រឹត្តដ៏ល្អរបស់យើងក្នុងអំឡុងមហាសន្និបាតមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត? យោងទៅតាមអត្ថបទក្នុងកាសែតមួយ អ្នកចាត់ការម្នាក់នៅសណ្ឋាគារដែលអ្នកចូលរួមមហាសន្និបាតបានស្នាក់នៅ បានស្រដីថា៖ «ពួកគេចេះគួរសមណាស់។ យើងរំភើបចិត្តនឹងទទួលពួកគេរៀងរាល់ឆ្នាំ»។ ឆ្នាំមុន បុគ្គលម្នាក់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ាបានបាត់កាបូបមួយនៅសណ្ឋាគារដែលអ្នកចូលរួមមហាសន្និបាតបានស្នាក់នៅ។ ពេលដែលកាបូបបានត្រូវប្រគល់ឲ្យអ្នកចាត់ការសណ្ឋាគារដោយគ្មានបាត់អ្វីសោះក្នុងកាបូប នោះអ្នកចាត់ការបានប្រាប់ម្ចាស់កាបូបថា៖ «ចំពោះអ្នក ល្អណាស់ដែលសាក្សីព្រះយេហូវ៉ាបានចូលរួមមហាសន្និបាតរបស់ពួកគេនៅជិតនេះ ហើយសណ្ឋាគារគឺពេញទៅដោយពួកគេ។ ពុំនោះ អ្នកប្រហែលជាមិនបានកាបូបមកវិញទេ»។
១២. កាលដែលមហាសន្និបាតខិតចូលមកកាន់តែជិត តើយើងគួរកំណត់គោលដៅអ្វី? ហើយហេតុអ្វី?
១២ មហាសន្និបាតឆ្នាំនេះកំពុងខិតមកកាន់តែជិតហើយ។ បងប្អូនបានចំណាយពេលនិងកម្លាំងជាច្រើនដើម្បីធ្វើឲ្យកម្មវិធីនិងបរិយាកាសមហាសន្និបាតផ្ដល់កម្លាំងចិត្តឡើងវិញ។ សូមកំណត់គោលដៅដើម្បីចូលរួមគ្រប់ទាំងបីថ្ងៃ ហើយត្រៀមខ្លួនទទួលអ្វីដែលព្រះយេហូវ៉ានិងអង្គការរបស់លោកបានរៀបចំសម្រាប់យើង។ ចូរតាំងចិត្តផ្ដល់កម្លាំងចិត្តឡើងវិញឲ្យអ្នកឯទៀតតាមរយ:ការមានសុជីវធម៌ ការសេពគប់ដ៏សប្បាយរីករាយ និងការប្រព្រឹត្តដ៏ល្អរបស់អ្នក។ ក្រោយមក អ្នកនិងអ្នកឯទៀតប្រហែលជាមានអារម្មណ៍ដូចបងស្រីម្នាក់ដែលបានចូលរួមមហាសន្និបាតឆ្នាំមុន ដែលបានសរសេរថា៖ «គ្មានបទពិសោធន៍ណាដែលធ្វើឲ្យខ្ញុំស្កប់ចិត្តជាងនេះទេ!»។
[រូបភាពនៅទំព័រ៤]
ដូចនៅអតីតកាលដែរ បីសប្ដាហ៍មុនមហាសន្និបាតចាប់ផ្ដើម យើងនឹងចូលរួមអញ្ជើញអ្នកឯទៀតឲ្យមកមហាសន្និបាត
[រូបភាពនៅទំព័រ៦]
សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើង នៅកន្លែងមហាសន្និបាត កន្លែងយើងស្នាក់នៅ និងនៅភោជនីយដ្ឋានគួរ លើកកិត្ដិយសព្រះយេហូវ៉ា
[រូបភាពនៅទំព័រ៧]
ចូរតាំងចិត្តផ្ដល់កម្លាំងចិត្តឡើងវិញឲ្យអ្នកឯទៀតតាមរយ:សុជីវធម៌ ការសេពគប់ដ៏សប្បាយរីករាយ និងការប្រព្រឹត្តដ៏ល្អរបស់អ្នក
[រូបភាពនៅទំព័រ៤-៧]
សេចក្ដីរំលឹកអំពីមហាសន្និបាត ប្រចាំតំបន់ឆ្នាំ២០១១
◼ កម្មវិធី: កម្មវិធីទាំងបីថ្ងៃនឹងចាប់ផ្ដើមនៅម៉ោង៨:២០ព្រឹក។ ទ្វារនឹងបើកនៅម៉ោង៧:២០ព្រឹក។ ពេលបទភ្លេងសម្រាប់បើកកម្មវិធីបានត្រូវប្រកាស យើងទាំងអស់គ្នាគួរតែទៅកន្លែងអង្គុយរៀងខ្លួន ដើម្បីឲ្យកម្មវិធីចាប់ផ្ដើមដោយថ្លៃថ្នូរ។ នៅថ្ងៃសុក្រកម្មវិធីនឹងចប់នៅម៉ោង៣:៥៥ល្ងាច និងថ្ងៃសៅរ៍នៅម៉ោង៤:០៥ល្ងាច ហើយថ្ងៃអាទិត្យនឹងចប់នៅម៉ោង២:៤៥រសៀល។
◼ ការទុកកន្លែងអង្គុយ: អ្នកអាចទុកកន្លែងអង្គុយសម្រាប់តែអ្នកដែលរស់នៅផ្ទះរបស់យើង ឬអ្នកធ្វើដំណើរតាមយានជំនិះរបស់យើង ឬអ្នកដែលកំពុងរៀនគម្ពីរជាមួយនឹងយើង។—១កូ. ១៣:៥
◼ អាហារថ្ងៃត្រង់: សូមយកម្ហូបអាហារពេលថ្ងៃត្រង់ទៅជាមួយ ជាជាងចេញពីកន្លែងមហាសន្និបាតទៅទិញអាហារខាងក្រៅនៅពេលឈប់សម្រាកថ្ងៃត្រង់។ អ្នកអាចយកធុងទឹកកកតូចមួយដែលអាចដាក់ក្រោមកៅអីបាន។ ធុងទឹកកកធំៗនិងវត្ថុដែលធ្វើពីកែវបានត្រូវហាមយកចូលក្នុងកន្លែងមហាសន្និបាត។
◼ វិភាគទាន: នៅឯមហាសន្និបាត យើងអាចបង្ហាញថាយើងមានចិត្តកតញ្ញូចំពោះការរៀបចំមហាសន្និបាត ដោយធ្វើវិភាគទានស្ម័គ្រពីចិត្តដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។ វិភាគទានដែលជាសែកឬមូលប្បទានប័ត្រត្រូវសរសេរថាបើកប្រាក់ឲ្យ«Christian Congregation of Jehovah’s Witnesses»។
◼ គ្រោះថ្នាក់និងការសង្គ្រោះបន្ទាន់: បើអ្នកឃើញថាមានគ្រោះថ្នាក់នៅកន្លែងមហាសន្និបាត សូមប្រាប់បងប្រុសជាឆ្មាំដែលនៅជិតនោះ ហើយគាត់នឹងផ្ដល់ដំណឹងដល់ផ្នែកខាងសង្គ្រោះបន្ទាន់ ដើម្បីឲ្យបុគ្គលិកខាងសង្គ្រោះបន្ទាន់របស់យើងអាចវិភាគមើលថា ស្ថានភាពនោះធ្ងន់ធ្ងរយ៉ាងណា រួចអាចផ្ដល់ជំនួយ។
◼ ឱសថ: បើអ្នកត្រូវការឱសថដែលគ្រូពេទ្យបញ្ជា សូមកុំភ្លេចយកមកជាមួយនឹងអ្នកឲ្យបានគ្រប់គ្រាន់ ពីព្រោះគ្មានឱសថនោះនៅមហាសន្និបាតទេ។
◼ ស្បែកជើង: រៀងរាល់ឆ្នាំ មានមនុស្សមួយចំនួនរបួសដោយសារគ្រោះថ្នាក់ទាក់ទងនឹងស្បែកជើង។ ជាការល្អបំផុត បើជ្រើសរើសពាក់ស្បែកជើងសមរម្យ ហើយល្មមនឹងជើងដែលស្រួលដើរ ស្រួលឡើងចុះជណ្ដើរ និងនៅកន្លែងឥដ្ឋក្រឡាដែលមានប្រហោងតូចៗជាដើម។
◼ សម្រាប់មនុស្សអន់ត្រចៀក: កម្មវិធីនឹងត្រូវចាក់ផ្សាយតាមប៉ុស្តិ៍វិទ្យុFM។ ដើម្បីអាចស្ដាប់បាន អ្នកត្រូវការកូនវិទ្យុប្រើថ្មនិងកាសសម្រាប់ស្ដាប់។
◼ រទេះកូនក្មេងនិងប៉ៅអ៊ី: រទេះកូនក្មេងនិងប៉ៅអ៊ីមិនគួរយកទៅសាលមហាសន្និបាតទេ។ ក៏ប៉ុន្តែ កៅអីពិសេសសម្រាប់កូនក្មេងដែលអាចចងភ្ជាប់ជាមួយនឹងកៅអីដែលនៅក្បែរឪពុកម្ដាយអាចប្រើបាន។
◼ ទឹកអប់: មហាសន្និបាតភាគច្រើនត្រូវធ្វើឡើងនៅកន្លែងបិទជិតដែលមានម៉ាស៊ីនស្រូបខ្យល់ចេញចូល។ ដូច្នេះ បើយើងប្រើទឹកអប់ដែលមានក្លិនខ្លាំង យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដោយប្រើទឹកអប់តែបន្ដិចបន្តួចប៉ុណ្ណោះ។ នោះដោយសារទឹកអប់ដែលមានក្លិនខ្លាំងអាចបណ្ដាលឲ្យមានប្រតិកម្ម ដល់អ្នកដែលមានបញ្ហាខាងផ្លូវដង្ហើមឬបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងនេះ។—១កូ. ១០:២៤
◼ ក្រដាសសូមរកជួប (S-43): យើងគួរប្រើក្រដាសសូមរកជួប ដើម្បីផ្ដល់ព័ត៌មានស្តីអំពីអ្នកដែលបានបង្ហាញចំណាប់អារម្មណ៍ដោយសារយើងបានផ្សព្វផ្សាយក្រៅផ្លូវការក្នុងអំឡុងពេលមានមហាសន្និបាត។ អ្នកផ្សាយគួរយកក្រដាសសូមរកជួបនេះមួយឬពីរសន្លឹកមកជាមួយនៅឯមហាសន្និបាត។ ក្រដាសសូមរកជួបដែលបានបំពេញរួចហើយ អាចជូនដល់អ្នកទទួលខុសត្រូវខាងសៀវភៅនៅមហាសន្និបាត ឬដល់លេខាធិការនៃក្រុមជំនុំរបស់អ្នក ពេលត្រឡប់ទៅក្រុមជំនុំវិញក៏បាន (សូមមើលកិច្ចបម្រើព្រះ ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ៤)។
◼ នៅភោជនីយដ្ឋាន: ចូរលើកតម្កើងនាមរបស់ព្រះយេហូវ៉ា ដោយការប្រព្រឹត្តល្អនៅឯភោជនីយដ្ឋាន។ សូមទុកលុយទឹកតែ បើជាទម្លាប់នៅក្នុងតំបន់របស់អ្នក។
◼ សណ្ឋាគារ:
(១) សូមកុំកក់ចំនួនបន្ទប់លើសពីសេចក្ដីត្រូវការរបស់អ្នក ហើយកុំឲ្យចំនួនអ្នកស្នាក់នៅក្នុងបន្ទប់លើសចំនួនដែលសណ្ឋាគារបានអនុញ្ញាត។
(២) បើគ្មានហេតុការណ៍អាសន្នទេ សូមកុំលុបការកក់បន្ទប់ចោលឡើយ ហើយសូមជូនដំណឹងដល់សណ្ឋាគារភ្លាមៗ កាលណាអ្នកដឹងថា អ្នកត្រូវលុបចោល។—ម៉ាថ. ៥:៣៧
(៣) សូមយករទេះដាក់អីវ៉ាន់នៅពេលដែលអ្នករៀបចំអីវ៉ាន់រួចហើយតែប៉ុណ្ណោះ ហើយទុករទេះនោះវិញភ្លាមៗដើម្បីឲ្យអ្នកឯទៀតអាចប្រើបាន។
(៤) កុំចម្អិនអាហារក្នុងបន្ទប់បើវិន័យសណ្ឋាគារមិនអនុញ្ញាត។
(៥) សូមឲ្យលុយទឹកតែដល់អ្នកធ្វើការនៅសណ្ឋាគារ កាលណាគេជួយយួរអីវ៉ាន់អ្នក ហើយទុកលុយទឹកតែឲ្យអ្នកបោសសម្អាតបន្ទប់រាល់ថ្ងៃ។
(៦) យើងមិនគួរយកច្រើនហួសហេតុពេកនូវរបស់ដែលសណ្ឋាគារឲ្យដោយឥតគិតថ្លៃ ដូចជាអាហារពេលព្រឹក កាហ្វេ និងទឹកកកសម្រាប់ភ្ញៀវក្នុងពេលដែលស្នាក់នៅសណ្ឋាគារនោះឡើយ។
(៧) សូមបង្ហាញផលដែលបង្កើតដោយសកម្មពលរបស់ព្រះរាល់ពេលដែលយើងទាក់ទងនឹងបុគ្គលិកសណ្ឋាគារ។ ពួកគេត្រូវថែរក្សាភ្ញៀវជាច្រើន ដូច្នេះពួកគេនឹងមានចិត្តដឹងគុណចំពោះចិត្តសប្បុរស ចិត្តអត់ធ្មត់ និងគំនិតសមហេតុផលរបស់យើង។
(៨) តម្លៃដែលបង្ហាញក្នុងបញ្ជីណែនាំអំពីកន្លែងស្នាក់នៅ (Recommended Lodging List) គឺជាតម្លៃពេញសម្រាប់ស្នាក់នៅមួយថ្ងៃ ប៉ុន្តែមិនរួមបញ្ចូលតម្លៃពន្ធនោះទេ។ បើគេគិតថ្លៃលើសតម្លៃ ឬគេគិតតម្លៃអ្វីដែលអ្នកមិនបានសុំឬប្រើ សូមកុំបង់ថ្លៃទាំងនោះ ហើយប្រាប់បងប្អូនដែលទទួលខុសត្រូវខាងចាត់ចែងបន្ទប់ នៅឯមហាសន្និបាតភ្លាមៗ។
(៩) បើអ្នកមានបញ្ហាដែលទាក់ទងនឹងបន្ទប់នៅសណ្ឋាគារ សូមទាក់ទងបងប្អូនដែលទទួលខុសត្រូវខាងចាត់ចែងបន្ទប់ ក្នុងអំឡុងពេលមហាសន្និបាតដើម្បីពួកគាត់អាចជួយអ្នកបាន។
◼ កិច្ចបម្រើស្ម័គ្រចិត្ត: យើងនឹងមានអំណរកាន់តែខ្លាំងឡើងពីការចូលរួមមហាសន្និបាត បើយើងស្ម័គ្រចិត្តជួយធ្វើកិច្ចការផ្សេងៗដែលចាំបាច់នៅឯមហាសន្និបាតនោះ។ (សកម្ម. ២០:៣៥) អ្នកដែលមានបំណងចង់ជួយកិច្ចការនេះ សូមប្រាប់បងប្អូនដែលទទួលខុសត្រូវខាងផ្នែកកិច្ចបម្រើស្ម័គ្រចិត្តនៅឯមហាសន្និបាត។ កូនក្មេងដែលមានអាយុក្រោម១៦ឆ្នាំអាចជួយធ្វើកិច្ចការនេះបានបើមានឪពុកម្ដាយ ឬអាណាព្យាបាលជួយមើលការខុសត្រូវ ឬមនុស្សពេញវ័យណាម្នាក់ដែលឪពុកម្ដាយ ឬអាណាព្យាបាលបានអនុញ្ញាតឲ្យជួយមើលការខុសត្រូវ។
[រូបភាពនៅទំព័រ៥]
តើយើងនឹងចែកសំបុត្រអញ្ជើញ យ៉ាងដូចម្ដេច?
ដើម្បីចែកឲ្យពេញតំបន់ផ្សាយរបស់យើង យើងគួរនិយាយយ៉ាងខ្លី។ យើងប្រហែលជានិយាយដូច្នេះ៖ «ជម្រាបសួរ។ យើងកំពុងរួមចំណែកក្នុងការចែកសំបុត្រអញ្ជើញទូទាំងពិភពលោក។ សូមជូនមួយសន្លឹក។ ព័ត៌មានថែមទៀតមាននៅក្នុងសំបុត្រអញ្ជើញនេះ»។ ផ្នែកខាងមុខនៃសំបុត្រអញ្ជើញគឺទាក់ទាញអារម្មណ៍ ដូច្នេះ សូមហុចទៅម្ចាស់ផ្ទះឲ្យគេឃើញផ្នែកខាងមុខ។ ចូរបង្ហាញចិត្តរំភើប។ ពេលរួមចំណែកក្នុងការចែកសំបុត្រអញ្ជើញនៅចុងសប្ដាហ៍ អ្នកក៏គួរចែកទស្សនាវដ្ដីដែរ បើឃើញថាជាការគួរ។