បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៣ ទំ. ៣-៧
  • ការប្រព្រឹត្ដដែលលើកតម្កើងព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រព្រឹត្ដដែលលើកតម្កើងព្រះ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • «ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»
    ២០១៤ កិច្ចបម្រើព្រះ
  • សេចក្ដីរំលឹកអំពីមហាសន្និបាត
    ២០១៥ កិច្ចបម្រើព្រះ
  • មហាសន្និបាតប្រចាំតំបន់របស់យើងបញ្ជាក់យ៉ាងច្បាស់អំពីសេចក្ដីពិត
    ២០១២ កិច្ចបម្រើព្រះ
  • បីថ្ងៃដែលព្រះធ្វើឲ្យយើងមានកម្លាំងចិត្ដឡើងវិញ
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១១/១៣ ទំ. ៣-៧

ការ​ប្រព្រឹត្ត​ដែល​លើក​តម្កើង​ព្រះ

១​. ពេល​យើង​ចូល​រួម​មហាសន្និបាត​ប្រចាំ​តំបន់ ហេតុ​អ្វី​មនុស្ស​ងាយ​កត់​សម្គាល់​ឃើញ​យើង?

១ ពេល​យើង​ចូល​រួម​មហាសន្និបាត​ប្រចាំ​តំបន់ មនុស្ស​ងាយ​កត់​សម្គាល់​ឃើញ​យើង។ នៅ​ក្រុង​ជា​ច្រើន​ដែល​មាន​មហាសន្និបាត ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ប្រាប់​មនុស្ស​នៅ​តំបន់​នោះ​អំពី​វត្តមាន​របស់​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​តាម​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ច្រើន​តែ​ពេញ​ទៅ​ដោយ​អ្នក​ដែល​មក​ចូល​រួម​មហាសន្និបាត។ មនុស្ស​នៅ​តំបន់​នោះ​កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ជា​ច្រើន​មាន​ពាក់​នាម​ប័ណ្ណ​មហាសន្និបាត។ សេចក្ដី​រំលឹក​ខ្លះ​ៗ​ដែល​មាន​នៅ​ខាង​ក្រោម​នេះ​នឹង​ជួយ​យើង​ឲ្យ​លើក​តម្កើង​ព្រះ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ពេល​នៅ​ក្នុង​ក្រុង​ដែល​មាន​មហាសន្និបាត។—១ពេ. ២:១២

២​. ពេល​យើង​នៅ​ក្នុង​ក្រុង​ដែល​មាន​មហាសន្និបាត តើ​យើង​អាច​លើក​តម្កើង​ព្រះ​ដោយ​ស្លៀក​ពាក់​សមរម្យ​យ៉ាង​ដូច​ម្ដេច?

២ ស្លៀក​ពាក់​សមរម្យ: ពេល​ចូល​រួម​មហាសន្និបាត អ្នក​មើល​ច្រើន​តែ​កោត​ស្ងើច​នឹង​ការ​ស្លៀក​ពាក់​សមរម្យ​របស់​យើង។ ប៉ុន្តែ របៀប​យើង​ស្លៀក​ពាក់​នៅ​កន្លែង​ផ្សេង​ទៀត ដូច​ជា​ពេល​ចុះ​ឈ្មោះ​ស្នាក់​នៅ​សណ្ឋាគារ ពេល​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន និង​ពេល​ទៅ​ផ្សារ​ជា​ដើម ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មើល​កោត​ស្ងើច​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។ ទោះ​ជា​យើង​មិន​ចាំ​បាច់​ស្លៀក​ពាក់​ដូច​ទៅ​កិច្ច​ប្រជុំ​ក្ដី តែ​យើង​គួរ​ស្លៀក​ពាក់​សមរម្យ ថ្លៃ​ថ្នូរ ហើយ​មិន​សាមញ្ញ​ជ្រុល​ពេក​ទេ។ ដូច្នេះ​អ្នក​មើល​គួរ​ឆាប់​ឃើញ​ភាព​ខុស​គ្នា​រវាង​យើង​និង​អ្នក​ដែល​មិន​មែន​ជា​សាក្សី។ (​រ៉ូម ១២:២​) បន្ថែម​ទៅ​ទៀត យើង​គួរ​ពាក់​នាម​ប័ណ្ណ​មហាសន្និបាត ព្រោះ​នេះ​នឹង​ជួយ​គេ​ឲ្យ​ដឹង​ថា​យើង​មាន​មហាសន្និបាត ដែល​បើក​ឱកាស​ឲ្យ​យើង​ផ្សព្វ​ផ្សាយ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ផ្សេង​ទៀត​ឃើញ​យើង​ដែរ។

៣​. តើ​យើង​អាច​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​សុជីវធម៌​យ៉ាង​ដូច​ម្ដេច?

៣ ចេះ​អត់​ធ្មត់​និង​មាន​សុជីវធម៌: ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ មនុស្ស​ច្រើន​តែ​គិត​ពី​ខ្លួន​ឯង ហើយ​រមិល​គុណ។ ដូច្នេះ​ការ​មាន​ចិត្ត​អត់​ធ្មត់​និង​មាន​សុជីវធម៌​របស់​យើង​ពិត​ជា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ដែល​មើល​យើង ដូច​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ជា​ដើម។ (​២ធី. ៣:១​-​៥​) ពេល​យើង​ទុក​កន្លែង​អង្គុយ ឬ​ពេល​តម្រង់​ជួរ​ដើម្បី​ទទួល​សៀវភៅ​ដែល​ចេញ​ថ្មី​នៅ​មហាសន្និបាត យើង​គួរ​ចេះ​គិត​អំពី​ប្រយោជន៍​អ្នក​ឯ​ទៀត មិន​មែន​ប្រយោជន៍​ខ្លួន​យើង​ទេ។ (​១កូ. ១០:២៣, ២៤​) បុរស​ដែល​មាន​ចំណាប់​អារម្មណ៍​ម្នាក់ ក្រោយ​ពី​គាត់​បាន​ចូល​រួម​ជា​លើក​ទី១​នៅ​មហាសន្និបាត គាត់​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​មិន​បាន​ចាំ​ព័ត៌មាន​ក្នុង​សុន្ទរកថា​ណា​មួយ​សោះ​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ហើយ​ចាំ​មិន​ភ្លេច គឺ​ការ​ប្រព្រឹត្ត​របស់​សាក្សី​ព្រះ​យេហូវ៉ា​»។

៤​. បើ​កាលៈទេសៈ​យើង​អនុញ្ញាត ហេតុ​អ្វី​យើង​គួរ​គិត​អំពី​ការ​ស្ម័គ្រ​ចិត្ត​ជួយ​នៅ​មហាសន្និបាត?

៤ ស្ម័គ្រ​ចិត្ត​ជួយ: ការ​ស្ម័គ្រ​ចិត្ត​ជួយ​ជា​សញ្ញា​សម្គាល់​នៃ​គ្រិស្ត​សាសនិក​ពិត។ (​ទំនុក. ១១០:៣​) តើ​អ្នក​អាច​ស្ម័គ្រ​ចិត្ត​ជួយ​នៅ​មហាសន្និបាត​បាន​ទេ? នៅ​កន្លែង​មហាសន្និបាត​មួយ មាន​បង​ប្អូន​ជិត​៦០០​នាក់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​សម្អាត​មុន​មាន​មហាសន្និបាត។ បុគ្គលិក​នៅ​ទី​នោះ​បាន​ប្រាប់​ថា​៖ ​«​យើង​មិន​ធ្លាប់​ឃើញ​អ្វី​ដ៏​អស្ចារ្យ​ដូច​នេះ​ពី​មុន​មក​ទេ! យើង​ពិបាក​ស្រមៃ​គិត​ថា ពួក​គេ​ទាំង​អស់​នោះ​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​»។ យើង​ទន្ទឹង​ចាំ​យ៉ាង​ខ្លាំង​ដើម្បី​ចូល​រួម​មហាសន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០១៣ ហើយ​នោះ​មិន​គ្រាន់តែ​ជា​ឱកាស​ដែល​យើង​ស្ដាប់​ហើយ​រៀន​ពី​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​លើក​តម្កើង​លោក​ដែរ។

[​ប្រអប់​នៅ​ទំព័រ​៦​]

សេចក្ដី​រំលឹក​អំពី​មហាសន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០១៣

◼ កម្ម​វិធី: កម្ម​វិធី​ទាំង​បី​ថ្ងៃ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៨:២០​ព្រឹក។ ទ្វារ​នឹង​បើក​នៅ​ម៉ោង​៧:០០​ព្រឹក។ ពេល​បទ​ភ្លេង​សម្រាប់​បើក​កម្ម​វិធី​បាន​ត្រូវ​ប្រកាស យើង​ទាំង​អស់​គ្នា​គួរ​តែ​ទៅ​កន្លែង​អង្គុយ​រៀង​ខ្លួន ដើម្បី​ឲ្យ​កម្ម​វិធី​ចាប់​ផ្ដើម​ដោយ​ថ្លៃ​ថ្នូរ។ នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​កម្ម​វិធី​នឹង​ចប់​នៅ​ម៉ោង​៣:៥០ ហើយ​ថ្ងៃ​អាទិត្យ​នឹង​ចប់​នៅ​ម៉ោង​២:៣៥។

◼ ការ​ទុក​កន្លែង​អង្គុយ: យើង​អាច​ទុក​កន្លែង​អង្គុយ​សម្រាប់​តែ​អ្នក​ដែល​រស់​នៅ​ផ្ទះ​របស់​យើង ឬ​អ្នក​ធ្វើ​ដំណើរ​តាម​យានជំនិះ​របស់​យើង ឬ​អ្នក​ដែល​កំពុង​រៀន​គម្ពីរ​ជា​មួយ​នឹង​យើង​ប៉ុណ្ណោះ។ កន្លែង​អង្គុយ​សម្រាប់​បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ដែល​ឈឺ​មាន​កំណត់ ដូច្នេះ​ប្រហែល​មិន​អាច​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​អង្គុយ​ជា​មួយ​គាត់​បាន​ទេ។ សូម​ទុក​កន្លែង​អង្គុយ​ទាំង​នោះ​សម្រាប់​បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ដែល​ឈឺ ព្រម​ទាំង​អ្នក​ដែល​ជួយ​ពួក​គាត់។—១កូ. ១៣:៥

◼ អាហារ​ថ្ងៃ​ត្រង់: សូម​យក​ម្ហូប​អាហារ​ពេល​ថ្ងៃ​ត្រង់​ទៅ​ជា​មួយ ជា​ជាង​ចេញ​ពី​កន្លែង​មហាសន្និបាត​ទៅ​ទិញ​អាហារ​ខាង​ក្រៅ​នៅ​ពេល​ឈប់​សម្រាក​ថ្ងៃ​ត្រង់។ អ្នក​អាច​យក​ធុង​ទឹក​កក​តូច​មួយ​ដែល​អាច​ដាក់​ក្រោម​កៅអី​បាន។ ធុង​ទឹក​កក​ធំ​ៗ​និង​វត្ថុ​ដែល​ធ្វើ​ពី​កែវ​បាន​ត្រូវ​ហាម​យក​ចូល​ក្នុង​កន្លែង​មហាសន្និបាត។

◼ វិភាគ​ទាន: នៅ​ឯ​មហាសន្និបាត យើង​អាច​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​រៀបចំ​មហាសន្និបាត ដោយ​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ពី​ចិត្ត​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក។ មូលប្បទានប័ត្រ​គួរ​សរសេរ​ថា​បង់​ឲ្យ​«​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​របស់​សាក្សី​ព្រះយេហូវ៉ា​»​ ហើយ​វិភាគ​ទាន​ក៏​អាច​ឲ្យ​តាម​រយៈ​ប័ណ្ណ​ឥណទាន​ឬ​ប័ណ្ណ​ឥណ​ពន្ធ​ដែរ។

◼ ឱសថ: បើ​អ្នក​ត្រូវ​ការ​ឱសថ​ដែល​គ្រូ​ពេទ្យ​បញ្ជា សូម​កុំ​ភ្លេច​យក​មក​ជា​មួយ​នឹង​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់ ពីព្រោះ​គ្មាន​ឱសថ​នោះ​នៅ​មហាសន្និបាត​ទេ។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក្រោយ​ពេល​ចាក់​ថ្នាំ​ហើយ សូម​បោះចោល​ម្ជុល​ចាក់​ថ្នាំ​ក្នុង​ធុង​សំរាម​ពិសេស​សម្រាប់​របស់​របរ​បែប​នេះ មិន​មែន​ធុង​សំរាម​ទូទៅ​នៅ​កន្លែង​មហាសន្និបាត​ឬ​សណ្ឋាគារ​ទេ។

◼ ស្បែក​ជើង: រៀង​រាល់​ឆ្នាំ មាន​មនុស្ស​មួយ​ចំនួន​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ទាក់​ទង​នឹង​ស្បែក​ជើង ជា​ពិសេស​ស្បែក​ជើង​មាន​កែង​ខ្ពស់។ ជា​ការ​ល្អ​បំផុត បើ​ជ្រើស​រើស​ពាក់​ស្បែក​ជើង​សមរម្យ ហើយ​ល្មម​នឹង​ជើង​ដែល​ស្រួល​ដើរ ស្រួល​ឡើង​ចុះ​ជណ្ដើរ និង​នៅ​កន្លែង​ឥដ្ឋ​ក្រឡា​ដែល​មាន​ប្រហោង​តូច​ៗ​ជា​ដើម។

◼ សម្រាប់​មនុស្ស​អន់​ត្រចៀក: កម្ម​វិធី​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​FM។ ដើម្បី​អាច​ស្ដាប់​បាន អ្នក​ត្រូវ​ការ​កូន​វិទ្យុ​ប្រើ​ថ្ម​និង​កាស​សម្រាប់​ស្ដាប់។

◼ រទេះ​កូន​ក្មេង​និង​ប៉ៅ​អ៊ី: រទេះ​កូន​ក្មេង​និង​ប៉ៅ​អ៊ី​មិន​គួរ​យក​ទៅ​សាល​មហាសន្និបាត​ទេ។ ក៏​ប៉ុន្តែ កៅអី​ពិសេស​សម្រាប់​កូន​ក្មេង​ដែល​អាច​ចង​ភ្ជាប់​ជា​មួយ​នឹង​កៅអី​ដែល​នៅ​ក្បែរ​ឪពុក​ម្ដាយ​អាច​ប្រើ​បាន។

◼ ទឹក​អប់: មហាសន្និបាត​ភាគ​ច្រើន​ត្រូវ​ធ្វើ​ឡើង​នៅ​កន្លែង​បិទ​ជិត​ដែល​មាន​ម៉ាស៊ីន​ស្រូប​ខ្យល់​ចេញ​ចូល។ ដូច្នេះ បើ​យើង​ប្រើ​ទឹក​អប់​ដែល​មាន​ក្លិន​ខ្លាំង យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រើ​ទឹក​អប់​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ នោះ​ដោយ​សារ​ទឹក​អប់​ដែល​មានក្លិន​ខ្លាំង​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ដល់​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ដង្ហើម​ឬ​បញ្ហា​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​នេះ។—១កូ. ១០:២៤

◼ ក្រដាស​សូម​រក​ជួប (​S-43​): យើង​គួរ​ប្រើ​ក្រដាស​សូម​រក​ជួប ដើម្បី​ផ្ដល់​ព័ត៌មាន​ស្តី​អំពី​អ្នក​ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដោយ​សារ​យើង​បាន​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ក្នុង​អំឡុង​ពេល​មាន​មហាសន្និបាត។ ក្រដាស​សូម​រក​ជួប​ដែល​បាន​បំពេញ​រួច​ហើយ អាច​ជូន​ដល់​អ្នក​ទទួល​ខុស​ត្រូវ​ខាង​សៀវភៅ​នៅ​មហាសន្និបាត ឬ​ដល់​លេខាធិការ​នៃ​ក្រុម​ជំនុំ​របស់​អ្នក ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

◼ នៅ​ភោជនីយដ្ឋាន: ចូរ​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា ដោយ​ការ​ប្រព្រឹត្ត​ល្អ​នៅ​ឯ​ភោជនីយដ្ឋាន។ សូម​ស្លៀក​ពាក់​សម​ជា​អ្នក​បម្រើ​ព្រះ។ សូម​ទុក​លុយ​ទឹក​តែ បើ​ជា​ទម្លាប់​នៅ​ក្នុង​តំបន់​របស់​អ្នក។

◼ សណ្ឋាគារ:

(​១​) សូម​កុំ​កក់​ចំនួន​បន្ទប់​លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក ហើយ​កុំ​ឲ្យ​ចំនួន​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​លើស​ចំនួន​ដែល​សណ្ឋាគារ​បាន​អនុញ្ញាត។

(​២​) បើ​គ្មាន​ហេតុ​ការណ៍​អាសន្ន​ទេ សូម​កុំ​លុប​ការ​កក់​បន្ទប់​ចោល​ឡើយ ហើយ​សូម​ជូន​ដំណឹង​ដល់​សណ្ឋាគារ​ភ្លាម​ៗ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​អាច​កក់​បន្ទប់​នោះ។ (​ម៉ាថ. ៥:៣៧​) បើ​អ្នក​ត្រូវ​លុប​ចោល​ការ​កក់​បន្ទប់ សូម​ប្រាកដ​ថា​អ្នក​បាន​សុំ​លេខ​សម្រាប់​លុប​ចោល​ការ​កក់​បន្ទប់។ បើ​អ្នក​លុប​ចោល​ការ​កក់​បន្ទប់ តិច​ជាង​៤៨​ម៉ោង​មុន​ត្រូវ​ចូល​ស្នាក់​នៅ លុយ​កក់​របស់​អ្នក​មិន​អាច​ទទួល​វិញ​បាន​ទេ។

(​៣​) បើ​អ្នក​ប្រើ​ប័ណ្ណ​ឥណទាន​ឬ​ប័ណ្ណ​ឥណ​ពន្ធ​ពេល​ចុះ​ឈ្មោះ​នៅ​សណ្ឋាគារ សូម​ប្រាកដ​ថា​ក្នុង​គណនី​របស់​អ្នក​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់ ពីព្រោះ​ជា​ធម្មតា​ពេល​ចុះ​ឈ្មោះ សណ្ឋាគារ​នឹង​«​ដក​»​សាច់​ប្រាក់​ពី​ក្នុង​គណនី​របស់​អ្នក​ដើម្បី​តម្កល់​ទុក​គ្រប់​ចំនួន​នៃ​តម្លៃ​បន្ទប់​និង​សេវា​ផ្សេង​ៗ​ពេល​ដែល​អ្នក​ស្នាក់​នៅ។ អ្នក​មិន​អាច​ប្រើ​សាច់​ប្រាក់​ក្នុង​គណនី​របស់​អ្នក​រហូត​ដល់​ពីរ​បី​ថ្ងៃ​ក្រោយ​ពេល​ដែល​សណ្ឋាគារ​ទូទាត់​រួច។

(​៤​) សូម​យក​រទេះ​ដាក់​អីវ៉ាន់ នៅ​ពេល​ដែល​អ្នក​រៀបចំ​អីវ៉ាន់​រួច​ហើយ​តែ​ប៉ុណ្ណោះ ហើយ​ទុក​រទេះ​នោះ​វិញ​ភ្លាម​ៗ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​អាច​ប្រើ​បាន។

(​៥​) បើ​ជា​ទម្លាប់​ក្នុង​ប្រទេស​របស់​អ្នក សូម​ឲ្យ​លុយ​ទឹក​តែ​ដល់​អ្នក​ធ្វើ​ការ​នៅ​សណ្ឋាគារ កាល​ណា​គេ​ជួយ​យួរ​អីវ៉ាន់​អ្នក ហើយ​ទុក​លុយ​ទឹក​តែ​ឲ្យ​អ្នក​បោស​សម្អាត​បន្ទប់​រាល់​ថ្ងៃ។

(​៦​) កុំ​ចម្អិន​អាហារ​ក្នុង​បន្ទប់ បើ​វិន័យ​សណ្ឋាគារ​មិន​អនុញ្ញាត។

(​៧​) យើង​មិន​គួរ​យក​ច្រើន​ហួស​ហេតុ​ពេក​នូវ​របស់​ដែល​សណ្ឋាគារ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ ដូច​ជា​អាហារ​ពេល​ព្រឹក កាហ្វេ ឬ​ទឹក​កក​សម្រាប់​ភ្ញៀវ​ក្នុង​ពេល​ដែល​ស្នាក់​នៅ​សណ្ឋាគារ​នោះ​ឡើយ។

(​៨​) សូម​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​រាល់​ពេល​ដែល​យើង​ទាក់​ទង​នឹង​បុគ្គលិក​សណ្ឋាគារ។ ពួក​គេ​ត្រូវ​ថែ​រក្សា​ភ្ញៀវ​ជា​ច្រើន ដូច្នេះ​ពួក​គេ​នឹង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ចិត្ត​សប្បុរស ចិត្ត​អត់​ធ្មត់ និង​គំនិត​សម​ហេតុ​ផល​របស់​យើង។

(​៩​) ពេល​ស្នាក់​នៅ​សណ្ឋាគារ ឪពុក​ម្ដាយ​គួរ​មើល​កូន​ឲ្យ​បាន​គ្រប់​ពេល ហើយ​នេះ​រួម​បញ្ចូល​ពេល​ជិះ​ជណ្ដើរ​យន្ត នៅ​អាង​ហែល​ទឹក បន្ទប់​ទទួល​ភ្ញៀវ និង​បន្ទប់​ហាត់​ប្រាណ​ជា​ដើម។

​១០​) តម្លៃ​ដែល​បង្ហាញ​ក្នុង​បញ្ជី​ណែនាំ​អំពី​កន្លែង​ស្នាក់​នៅ (​Recommended Lodging List​) គឺ​ជា​តម្លៃ​ពេញ​សម្រាប់​ស្នាក់​នៅ​មួយ​ថ្ងៃ ប៉ុន្តែ​មិន​រួម​បញ្ចូល​តម្លៃ​ពន្ធនោះ​ទេ។ បើ​គេ​គិត​ថ្លៃ​លើស​តម្លៃ ឬ​គេ​គិត​តម្លៃ​អ្វី​ដែល​អ្នក​មិន​បាន​សុំ​ឬ​ប្រើ សូម​កុំ​បង់​ថ្លៃ​ទាំង​នោះ ហើយ​ប្រាប់​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ខាង​ចាត់​ចែង​បន្ទប់ នៅ​ឯ​មហាសន្និបាត​ភ្លាម​ៗ។

(​១១​) បើ​អ្នក​មាន​បញ្ហា​ដែល​ទាក់​ទង​នឹង​បន្ទប់​នៅ​សណ្ឋាគារ សូម​ទាក់​ទង​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ខាង​ចាត់​ចែង​បន្ទប់ ក្នុង​អំឡុង​ពេល​មហាសន្និបាត​ដើម្បី​ពួក​គាត់​អាច​ជួយ​អ្នក​បាន។

◼ កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត: អ្នក​ដែល​មាន​បំណង​ចង់​ជួយ​កិច្ច​ការ​នេះ សូម​ប្រាប់​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត​នៅ​ឯ​មហាសន្និបាត។ កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ​អាច​ជួយ​ធ្វើ​កិច្ច​ការ​នេះ​បាន​បើ​មាន​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ជួយ​មើល​ការ​ខុស​ត្រូវ ឬ​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់​ដែល​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​បាន​អនុញ្ញាត​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក