សេចក្ដីរំលឹកអំពីមហាសន្និបាត
កម្មវិធី: នៅកន្លែងមហាសន្និបាតនឹងត្រូវបើកទ្វារនៅម៉ោង៧:០០ព្រឹក។ កម្មវិធីទាំងបីថ្ងៃនឹងចាប់ផ្ដើមនៅម៉ោង៨:២០ព្រឹក ហើយនៅម៉ោងនោះនឹងមានចាក់បទភ្លេងសម្រាប់បើកកម្មវិធី។ ពេលយើងឮបទភ្លេងនោះ ជាការល្អដែលយើងទាំងអស់គ្នាទៅកន្លែងអង្គុយរៀងខ្លួន ដើម្បីឲ្យកម្មវិធីដំណើរការទៅដោយថ្លៃថ្នូរ។ កម្មវិធីនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍នឹងចប់នៅម៉ោង៤:០០រសៀល ហើយកម្មវិធីថ្ងៃអាទិត្យនឹងចប់នៅម៉ោង៣:០០រសៀល។
‹សរសើរព្រះយេហូវ៉ាដោយច្រៀងចម្រៀង›: រាស្ត្ររបស់ព្រះនៅសម័យបុរាណបានសរសើរតម្កើងព្រះយេហូវ៉ាតាមរយៈចម្រៀង។ នៅសព្វថ្ងៃនេះ បទភ្លេងនៅតែជាផ្នែកសំខាន់មួយនៃការគោរពប្រណិប័តន៍ព្រះ។ (ទំនុក. ២៨:៧) កម្មវិធីនីមួយៗនៃមហាសន្និបាតតាមភូមិភាគ ចាប់ផ្ដើមដោយបទភ្លេង។ បទភ្លេងទាំងនេះមិនគ្រាន់តែជាបទភ្លេងធម្មតាៗប៉ុណ្ណោះទេ តែបានត្រូវរៀបចំឡើងដើម្បីយើងអាចរៀនអំពីព្រះយេហូវ៉ា និងការគោរពប្រណិប័តន៍លោក។ ដូច្នេះ ពេលអធិការីមហាសន្និបាតជូនដំណឹងអំពីបទភ្លេងបើកកម្មវិធី នោះជាពេលដែលយើងគួររកកន្លែងអង្គុយ មិនមែនជជែកគ្នាទេ។ ផ្ទុយទៅវិញ យើងចង់ស្ដាប់បទភ្លេងទាំងនោះដោយមានអំណរគុណចំពោះបងប្អូនដែលបានរៀបចំ។ បើយើងធ្វើដូច្នេះ យើងបង្ហាញថាយើងឲ្យតម្លៃចំពោះការខំព្យាយាមយ៉ាងខ្នះខ្នែងរបស់សមាជិកក្រុមតន្ត្រីប៉មយាម។ ក្នុងមួយឆ្នាំពីរដង បងប្អូនទាំងនេះបានធ្វើដំណើរដោយចេញសោហ៊ុយផ្ទាល់ខ្លួនទៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក ដើម្បីបង្កើតបទភ្លេងដ៏ពីរោះសម្រាប់ឲ្យយើងស្ដាប់ដោយរីករាយ។ ក្រោយពីស្ដាប់យ៉ាងយកចិត្តទុកដាក់នូវបទភ្លេងបើកកម្មវិធីរួច បងប្អូនម្នាក់ៗគួរចូលរួមសរសើរព្រះយេហូវ៉ាដោយច្រៀងចម្រៀងរាជាណាចក្រ។
ការទុកកន្លែងអង្គុយ: នៅព្រឹកនីមួយៗពេលឆ្មាំបើកទ្វារនៅកន្លែងមហាសន្និបាត សូមកុំប្រញាប់ទៅចាប់យកកន្លែងអង្គុយដែលអ្នកចូលចិត្ត ដូចជាចង់ដណ្ដើមជាមួយបងប្អូនឯទៀតនោះឡើយ។ ស្មារតីលះបង់ប្រយោជន៍ខ្លួនគួរជំរុញចិត្តយើងទាំងអស់គ្នាឲ្យចេះគិតពីប្រយោជន៍របស់បងប្អូនឯទៀត ព្រោះនេះជាសញ្ញាសម្គាល់យើងជាគ្រិស្តសាសនិកពិត ហើយនោះជំរុញអ្នកដែលមើលយើង ឲ្យសរសើរតម្កើងព្រះ។ (យ៉ូន. ១៣:៣៤, ៣៥; ១កូ. ១៣:៥; ១ពេ. ២:១២) យើងអាចទុកកន្លែងអង្គុយសម្រាប់តែអ្នកដែលរស់នៅផ្ទះរបស់យើង ឬអ្នកធ្វើដំណើរតាមយានជំនិះរបស់យើង ឬក៏អ្នកដែលកំពុងរៀនគម្ពីរជាមួយនឹងយើងប៉ុណ្ណោះ។ សូមកុំដាក់អីវ៉ាន់នៅលើកៅអីដែលអ្នកមិនអង្គុយ។ បើអ្នកធ្វើតាមការណែនាំអំពីនេះ នោះនឹងជួយឲ្យអ្នកឯទៀតងាយឃើញកៅអីដែលនៅទំនេរ។ មានកន្លែងពិសេសមួយសម្រាប់ឲ្យបងប្អូនវ័យចាស់និងបងប្អូនពិការអង្គុយ។ ដោយសារកន្លែងនោះមានកំណត់ មានតែបងប្អូនម្នាក់ឬពីរនាក់ដែលជួយបងប្អូនវ័យចាស់និងបងប្អូនពិការប៉ុណ្ណោះ អាចអង្គុយជាមួយនឹងពួកគាត់បាន។
សម្លៀកបំពាក់សមរម្យ: ក្នុងអំឡុងពេលមហាសន្និបាត សម្លៀកបំពាក់របស់យើងគួរមានភាពសមរម្យ និងមិនគួរជាម៉ូដហួសហេតុពេកដែលពេញនិយមក្នុងពិភពលោកនេះឡើយ។ (១ធី. ២:៩) ទោះបីនៅពេលយើងចុះឈ្មោះចូលនិងចេញពីសណ្ឋាគារ និងពេលយើងសម្រាកលម្ហែកាយមុននិងក្រោយកម្មវិធីមហាសន្និបាតក៏ដោយ យើងមិនចង់ស្លៀកពាក់សាមញ្ញជ្រុលពេក ឬរយីករយាកនោះទេ។ ដូច្នេះ បើយើងស្លៀកពាក់សមរម្យ យើងនឹងមានមោទនភាពពាក់នាមប័ណ្ណមហាសន្និបាត ហើយមិនខ្មាសផ្សព្វផ្សាយទេ ពេលមានឱកាស។ ក្នុងអំឡុងពេលចូលរួមមហាសន្និបាត បើយើងស្លៀកពាក់ស្អាតបាតនិងប្រព្រឹត្តល្អ យើងនឹងទាក់ទាញចិត្តរបស់មនុស្សស្មោះត្រង់ឲ្យស្ដាប់ដំណឹងល្អក្នុងគម្ពីរដែលសង្គ្រោះជីវិត ហើយមិនត្រឹមតែប៉ុណ្ណោះនឹងនាំឲ្យព្រះយេហូវ៉ារីករាយ។—សេផ. ៣:១៧
សុជីវធម៌ពេលប្រើគ្រឿងអេឡិចត្រូនិក: យើងបង្ហាញសុជីវធម៌ក្នុងអំឡុងកម្មវិធីមហាសន្និបាត ដោយបិទសំឡេងទូរស័ព្ទដៃ ឬគ្រឿងអេឡិចត្រូនិករបស់យើង ដើម្បីកុំឲ្យរំខានដល់អ្នកឯទៀត។ បើយើងប្រើម៉ាស៊ីនថតរូបឬវីដេអូ កុំព្យូទ័របន្ទះស្តើង ឬគ្រឿងអេឡិចត្រូនិកដែលស្រដៀងនឹងនោះ យើងចង់គិតដល់អ្នកឯទៀតដោយមិនរំខានឬបាំងពួកគេឡើយ។ យើងក៏ចង់មានសុជីវធម៌ដោយមិនផ្ញើសារ ឬអ៊ីម៉ែលដែលមិនចាំបាច់ នៅក្នុងអំឡុងកម្មវិធីនោះដែរ។
អាហារថ្ងៃត្រង់: សូមយកអាហារថ្ងៃត្រង់ទៅជាមួយ ដើម្បីបរិភោគនៅថ្ងៃត្រង់ពេលកម្មវិធីផ្អាក ជាជាងចេញពីកន្លែងមហាសន្និបាតទៅទិញអាហារខាងក្រៅ។ អ្នកអាចយកធុងទឹកកកតូចមួយដែលអាចដាក់ក្រោមកៅអីបាន។ ធុងទឹកកកធំៗនិងវត្ថុដែលធ្វើពីកែវ បានត្រូវហាមយកចូលក្នុងកន្លែងមហាសន្និបាត។
វិភាគទាន: នៅឯមហាសន្និបាត យើងអាចបង្ហាញថាយើងមានចិត្តកតញ្ញូចំពោះការរៀបចំមហាសន្និបាត ដោយជូនវិភាគទានស្ម័គ្រពីចិត្តដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។
ឱសថ: បើអ្នកត្រូវការពិសាថ្នាំតាមវេជ្ជបញ្ជា សូមកុំភ្លេចយកថ្នាំនោះទៅជាមួយ ពីព្រោះគ្មានថ្នាំពេទ្យនៅកន្លែងមហាសន្និបាតទេ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ក្រោយពេលចាក់ថ្នាំហើយ សូមបោះចោលសារ៉ាងចាក់ថ្នាំក្នុងធុងសំរាមពិសេសសម្រាប់របស់របរបែបនេះ មិនមែនធុងសំរាមទូទៅនៅកន្លែងមហាសន្និបាតឬសណ្ឋាគារទេ។
ការប្រុងប្រយ័ត្នជាមុនអំពីសុវត្ថិភាព: សូមយកចិត្តទុកដាក់នឹងគ្រោះថ្នាក់ដែលអាចកើតឡើងបណ្ដាលមកពីការរអិលដួលនិងជំពប់ជើង។ រៀងរាល់ឆ្នាំ មានមនុស្សមួយចំនួនរបួសដោយសារគ្រោះថ្នាក់បណ្ដាលមកពីស្បែកជើង ជាពិសេសស្បែកជើងកែងខ្ពស់។ ជាការល្អបំផុត បើជ្រើសរើសពាក់ស្បែកជើងសមរម្យ ហើយល្មមនឹងជើង ស្រួលដើរ ស្រួលឡើងចុះជណ្ដើរ និងមិនទាក់ចូលប្រហោងឥដ្ឋក្រឡាតូចៗ។
សម្រាប់មនុស្សអន់ត្រចៀក: កម្មវិធីនឹងត្រូវចាក់ផ្សាយតាមប៉ុស្តិ៍វិទ្យុFM។ ដើម្បីស្ដាប់កម្មវិធី អ្នកត្រូវយកកូនវិទ្យុប្រើថ្មនិងកាសត្រចៀក។
រទេះកូនក្មេងនិងប៉ៅអ៊ី: រទេះកូនក្មេងនិងប៉ៅអ៊ីមិនគួរយកទៅសាលមហាសន្និបាតទេ។ ក៏ប៉ុន្តែ កៅអីពិសេសសម្រាប់កូនក្មេងដែលអាចចងភ្ជាប់ជាមួយនឹងកៅអីដែលនៅក្បែរឪពុកម្ដាយ អាចយកទៅបាន។
ទឹកអប់: មហាសន្និបាតភាគច្រើនត្រូវធ្វើឡើងនៅកន្លែងបិទជិតដែលមានម៉ាស៊ីនស្រូបខ្យល់ចេញចូល។ ដូច្នេះ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដោយមិនបាញ់ទឹកអប់ច្រើនពេក បើទឹកអប់នោះមានក្លិនខ្លាំង ព្រោះក្លិននោះអាចបណ្ដាលឲ្យមានប្រតិកម្មដល់អ្នកដែលមានបញ្ហាខាងផ្លូវដង្ហើមឬបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងនោះ។—១កូ. ១០:២៤
ក្រដាសសូមរកជួប (S-43): យើងគួរប្រើក្រដាសសូមរកជួប ដើម្បីផ្ដល់ព័ត៌មានស្តីអំពីអ្នកដែលបានបង្ហាញចំណាប់អារម្មណ៍ដោយសារយើងបានផ្សព្វផ្សាយក្រៅផ្លូវការក្នុងអំឡុងពេលមានមហាសន្និបាត។ ក្រដាសសូមរកជួបដែលបានបំពេញរួចហើយ អាចឲ្យដល់អ្នកទទួលខុសត្រូវខាងសៀវភៅនៅមហាសន្និបាត ឬដល់លេខាធិការនៃក្រុមជំនុំ មុនអ្នកត្រឡប់ទៅផ្ទះវិញ។
នៅភោជនីយដ្ឋាន: ចូរលើកតម្កើងនាមរបស់ព្រះយេហូវ៉ា ដោយការប្រព្រឹត្តល្អនៅភោជនីយដ្ឋាន។ សូមស្លៀកពាក់សមជាអ្នកបម្រើព្រះ។ សូមទុកលុយទឹកតែ បើជាទម្លាប់ក្នុងតំបន់របស់អ្នក។
សូមកុំកក់ចំនួនបន្ទប់លើសពីសេចក្ដីត្រូវការរបស់អ្នក ហើយកុំឲ្យចំនួនអ្នកស្នាក់នៅក្នុងបន្ទប់លើសចំនួនដែលសណ្ឋាគារបានកំណត់។
បើគ្មានហេតុការណ៍អាសន្នទេ សូមកុំលុបចោលការកក់បន្ទប់ឡើយ ហើយសូមជូនដំណឹងដល់សណ្ឋាគារភ្លាមៗ ដើម្បីឲ្យអ្នកឯទៀតអាចកក់បន្ទប់នោះ។ (ម៉ាថ. ៥:៣៧) បើអ្នកលុបចោលការកក់បន្ទប់ សូមប្រាកដថាអ្នកបានសុំលេខកូដ (cancellation number) ពីសណ្ឋាគារ។ បើអ្នកលុបចោលការកក់បន្ទប់ក្រោយ៤៨ម៉ោង មុនដល់ពេលត្រូវចូលស្នាក់នៅ អ្នកនឹងមិនទទួលប្រាក់កក់វិញទេ។
សូមកត់សម្គាល់នូវចំណុចនេះ បើអ្នកប្រើប័ណ្ណឥណទានឬប័ណ្ណឥណពន្ធពេលចុះឈ្មោះនៅសណ្ឋាគារ សូមប្រាកដថាក្នុងគណនីរបស់អ្នកមានទឹកប្រាក់គ្រប់គ្រាន់ ពីព្រោះជាធម្មតាពេលចុះឈ្មោះ សណ្ឋាគារនឹងដកសាច់ប្រាក់ពីក្នុងគណនីរបស់អ្នកដើម្បីតម្កល់ទុកគ្រប់ចំនួននៃតម្លៃបន្ទប់និងសេវាផ្សេងៗពេលដែលអ្នកស្នាក់នៅ។ អ្នកមិនអាចប្រើសាច់ប្រាក់ក្នុងគណនីរបស់អ្នក រហូតដល់ពីរបីថ្ងៃក្រោយពេលដែលសណ្ឋាគារទូទាត់រួច។
សូមយករទេះដាក់អីវ៉ាន់ ពេលដែលអ្នកត្រូវប្រើប៉ុណ្ណោះ ហើយទុករទេះនោះវិញភ្លាមៗដើម្បីឲ្យអ្នកឯទៀតអាចប្រើបាន។
បើក្នុងប្រទេសរបស់អ្នកមានទម្លាប់ឲ្យលុយទឹកតែ សូមឲ្យដល់បុគ្គលិកសណ្ឋាគារ ពេលគេជួយយួរអីវ៉ាន់អ្នក ហើយទុកលុយទឹកតែឲ្យអ្នកបោសសម្អាតបន្ទប់។
កុំចម្អិនអាហារក្នុងបន្ទប់ បើវិន័យសណ្ឋាគារមិនអនុញ្ញាត។
យើងមិនគួរយកច្រើនហួសហេតុពេកនូវរបស់ដែលសណ្ឋាគារឲ្យដោយឥតគិតថ្លៃ ដូចជាអាហារពេលព្រឹក កាហ្វេ ឬទឹកកកសម្រាប់ភ្ញៀវក្នុងពេលដែលស្នាក់នៅសណ្ឋាគារនោះឡើយ។
សូមបង្ហាញផលដែលបង្កើតដោយសកម្មពលរបស់ព្រះរាល់ពេលដែលយើងទាក់ទងនឹងបុគ្គលិកសណ្ឋាគារ។ ពួកគេត្រូវថែរក្សាភ្ញៀវជាច្រើន ដូច្នេះពួកគេនឹងដឹងគុណចំពោះយើងដែលបានបង្ហាញចិត្តសប្បុរស ចិត្តអត់ធ្មត់ និងគំនិតសមហេតុផល។
ពេលស្នាក់នៅសណ្ឋាគារ ឪពុកម្ដាយគួរមើលកូនឲ្យបានគ្រប់ពេល ហើយនេះរួមបញ្ចូលពេលជិះជណ្ដើរយន្ត នៅអាងហែលទឹក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ហាត់ប្រាណជាដើម។
តម្លៃដែលបង្ហាញក្នុងបញ្ជីណែនាំអំពីកន្លែងស្នាក់នៅ (Recommended Lodging List) គឺជាតម្លៃពេញសម្រាប់ស្នាក់នៅមួយថ្ងៃ ប៉ុន្តែមិនរួមបញ្ចូលតម្លៃពន្ធនោះទេ។ បើគេគិតថ្លៃលើសតម្លៃ ឬគេគិតតម្លៃអ្វីដែលអ្នកមិនបានសុំឬប្រើ សូមកុំបង់ថ្លៃទាំងនោះ ហើយប្រាប់ភ្លាមៗដល់បងប្អូនដែលទទួលខុសត្រូវផ្នែកចាត់ចែងបន្ទប់ស្នាក់នៅសម្រាប់មហាសន្និបាត។
បើអ្នកមានបញ្ហាដែលទាក់ទងនឹងបន្ទប់នៅសណ្ឋាគារ សូមទាក់ទងបងប្អូនដែលទទួលខុសត្រូវផ្នែកចាត់ចែងបន្ទប់ក្នុងអំឡុងពេលមហាសន្និបាត ដើម្បីពួកគាត់អាចជួយអ្នកបាន។
កិច្ចបម្រើស្ម័គ្រចិត្ត: អ្នកដែលមានបំណងចង់ជួយកិច្ចការនេះ សូមប្រាប់បងប្អូនដែលទទួលខុសត្រូវខាងផ្នែកកិច្ចបម្រើស្ម័គ្រចិត្តនៅឯមហាសន្និបាត។ សូម្បីតែកូនក្មេងមានអាយុតិចជាង១៦ឆ្នាំក៏អាចជួយបានដែរ ដរាបណាពួកគេជួយជាមួយឪពុកឬម្ដាយ អាណាព្យាបាល ឬជាមួយមនុស្សពេញវ័យណាម្នាក់ដែលឪពុកម្ដាយព្រមឲ្យទៅជាមួយ។