បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៦ ទំ. ៤-៥
  • ចូររង់ចាំព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររង់ចាំព្រះយេហូវ៉ា
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរដើរតាមលំអានព្រះគ្រិស្ដដោយបង្ហាញភាពថ្លៃថ្នូរ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរសរសើរព្រះយេហូវ៉ានៅក្នុងក្រុមជំនុំធំ
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរគោរពប្រណិប័តន៍ព្រះដោយចិត្ដអំណរនៅឯមហាសន្និបាតប្រចាំតំបន់
    ២០១០ កិច្ចបម្រើព្រះ
  • បីថ្ងៃដែលព្រះធ្វើឲ្យយើងមានកម្លាំងចិត្ដឡើងវិញ
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៤/០៦ ទំ. ៤-៥

ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា​

១ ព្យាការី​អេសាយ​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្ដិធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់ចាំ​ទ្រង់​»។ (​អេសា. ៣០:​១៨​ខ​) មាន​កំណត់​ហេតុ​ព្រះ​គម្ពីរ​ជា​ច្រើន​ស្តី​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ចំពោះ​ពួក​សត្រូវ​របស់​ទ្រង់ និង​ការ​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ តើ​កំណត់​ហេតុ​ទាំង​នេះ​បង្រៀន​មេ​រៀន​អ្វី​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ? នៅ​ពេល​ឥឡូវ​នេះ​តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​«​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​? (​យ៉ូល. ២:៣១, ៣២​) មហា​សន្និបាត​តាម​តំបន់​ខាង​មុខ​នេះ​របស់​យើង ដែល​មាន​ប្រធាន​បទ​ថា​«​សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ!​»​ នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​ទាំង​នោះ​ហើយ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន។ មហា​សន្និបាត​តាម​តំបន់​នេះ​នឹង​ជួយ​យើង​ឲ្យ​រង់ចាំ​ព្រះ​យេហូវ៉ា។

២ តើ​អ្នក​បាន​រៀបចំ​ដើម្បី​ចូល​រួម​ហើយ​ទទួល​ប្រយោជន៍​ពី​គ្រប់​ទាំង​បី​ថ្ងៃ​នៃ​មហា​សន្និបាត​នេះ​ឬ​ទេ? ជា​ឧទាហរណ៍ តើ​អ្នក​បាន​សុំ​ច្បាប់​និយោជក​របស់​អ្នក​ឈប់​សម្រាក​ពី​ការងារ​ដើម្បី​ចូល​រួម​មហា​សន្និបាត​ឬ​ទេ? សូម​កុំ​បង្អែបង្អង់​រហូត​ជិត​ដល់​ពេល​ទើប​សុំ​ច្បាប់ ដោយ​សង្ឃឹម​ថា​និយោជក​គង់​តែ​នឹង​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នោះ​ឡើយ។ ចូរ​អធិស្ឋាន​អំពី​រឿង​នេះ។ រួច​ទៅ​សុំ​ច្បាប់​និយោជក​របស់​អ្នក។ (​នេ. ២:៤, ៥​) ស្រដៀង​គ្នា​ដែរ យើង​គួរ​រៀបចំ​កន្លែង​ស្នាក់​នៅ យាន​ជំនិះ​សម្រាប់​ធ្វើ​ដំណើរ នឹង​កិច្ចការ​ចាំបាច់​ឯ​ទៀត​ឲ្យ​ស្រេច ជាជាង​ចាំ​ជិត​ដល់​ថ្ងៃ​សន្និបាត។ បើ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បាន​រៀបចំ​កម្មវិធី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​សម្រាប់​រាស្ត្រ​ទ្រង់។ អ្នក​ចាស់​ទុំ​គួរ​មើល​ឲ្យ​ដឹង​ថា​អ្នក​ណា​ខ្លះ​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​ការ​រៀបចំ​ដូច​ខាង​លើ​នេះ ជា​ពិសេស​បងប្អូន​វ័យ​ចាស់​ក្នុង​ក្រុមជំនុំ។—កា. ៦:១០

៣ ចរិយា​ល្អ​លើក​កិត្ដិយស​ព្រះ: ពេល​ដែល​យើង​មាន​ប្រជុំ​ធំ​នៅ​ឯ​មហា​សន្និបាត ចរិយា​ល្អ​របស់​យើង​ជា​បន្ទាល់​មួយ​ដល់​សហគមន៍។ តើ​នេះ​តម្រូវ​អ្វី​ពី​យើង? ពេល​នៅ​សណ្ឋាគារ ភោជនីយដ្ឋាន និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់​ដែល​មាន​មហា​សន្និបាត នោះ​គុណសម្បត្ដិ​គ្រីស្ទាន​របស់​យើង ដូច​ជា​ចិត្ត​អត់ធ្មត់ ចិត្ត​សុភាព ដឹង​ខ្នាត ឬ​ចេះ​ទប់​ចិត្ត និង​សម្លូត​ជា​ដើម គួរ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​មាន​អារម្មណ៍​ស្រួល។ (​កា. ៥:​២២, ២៣; ភី. ៤:៥​) យើង​ទាំង​អស់​គ្នា​គួរ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​‹មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង›។ សូម្បី​តែ​មាន​ការ​ពិបាក​ឬ​អ្វី​ដែល​នាំ​រំខាន​កើត​មាន​ឡើង​ក្ដី យើង​ចង់​«​ធ្វើ​ទាំង​អស់​សំ​រាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​»។—១កូ. ១០:៣១; ១៣:៥

៤ ក្រោយ​ពី​មហា​សន្និបាត អ្នក​ចាត់ការ​សណ្ឋាគារ​មួយ​បាន​ចាប់​អារម្មណ៍​នឹង​ចរិយា​ព្រម​ទាំង​អាការ​ក្រៅ​របស់​ប្អូន​ៗ​យុវ​វ័យ​យើង​ដល់​ម្ល៉េះ បាន​ជា​គាត់​ចង់​បាន​«​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ភ្ញៀវ​សណ្ឋាគារ​របស់​គាត់​ជានិច្ច​»។ យើង​មាន​ហេតុ​គួរ​ឲ្យ​សប្បាយ​មែន! នេះ​បង្ហាញ​ថា​អ្នក​ទាំង​ឡាយ​ដែល​ជា​មាតា​បិតា​បាន​បង្ហាត់​បង្រៀន​និង​មើល​ការ​ខុស​ត្រូវ​កូន​យ៉ាង​ល្អ។ មាតា​បិតា​មិន​គួរ​ទុក​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដោយ​ឥត​មើល​ការ​ខុស​ត្រូវ​ឡើយ។ ពួក​គាត់​គួរ​មើល​ការ​ខុស​ត្រូវ​កូន​ឲ្យ​បាន​ល្អ​ជានិច្ច។ (​សុ. ២៩:១៥​) សូម​ឲ្យ​ចរិយា​ដ៏​ល្អ​របស់​ពួក​គេ​នាំ​មក​នូវ​សេចក្ដី​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ហើយ​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​រីករាយ!—សុ. ២៧:១១

៥ ការ​ស្លៀក​ពាក់​និង​សម្អិ​ត​សម្អាង​ខ្លួន​ដែល​សមរម្យ: យើង​ម្នាក់​ៗ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​មហា​សន្និបាត​យើង​មាន​លក្ខណៈ​គួរ​ឲ្យ​ស្ងើច​សរសើរ ដោយ​ជៀស​វាង​របៀប​ស្លៀក​ពាក់​និង​សម្អិ​ត​សម្អាង​ខ្លួន​តាម​ម៉ូ​ត​ពេញ​និយម​ហួស​ហេតុ មិន​សមរម្យ មិន​ថ្លៃថ្នូរ ឬ​ក៏​តុបតែង​ខ្លួន​ជ្រុល​ពេក ពេល​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ក្រុង​ដែល​មាន​មហា​សន្និបាត ក្នុង​កំលុង​កម្មវិធី​មហា​សន្និបាត និង​ពេល​យើង​ជួយ​រៀបចំ​កន្លែង​មហា​សន្និបាត​ជា​ដើម។ ជា​អ្នក​បម្រើ​ព្រះ ព្រះ​នាម​និង​កិត្ដិនាម​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង មិន​មែន​ចំណង់​ចំណូល​ចិត្ត​ឬ​ភាព​សុខ​ស្រួល​របស់​យើង​ទេ។ មេ​គ្រួសារ​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ប្រាកដ​ថា អាការ​ក្រៅ​របស់​ក្រុម​គ្រួសារ​គាត់​បង្ហាញ​នូវ​ការ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន​គ្រប់​ពេល​វេលា។—១ធី. ២:៩

៦ ការ​រក្សា​អាការ​ក្រៅ​ដ៏​ថ្លៃថ្នូរ​ក្នុង​កំលុង​ពេល​សម្រាក​នៅ​ឯ​សណ្ឋាគារ ហាង​ទំនិញ និង​នៅ​ភោជនីយដ្ឋាន​ក៏​សំខាន់​ដូច​គ្នា​ដែរ។ បើ​យើង​បរិភោគ​បាយ​ល្ងាច​នៅ​ហាង​ណា​មួយ​ក្រោយ​កម្មវិធី​ចប់ ជា​ការ​សមរម្យ​បើ​យើង​ស្លៀក​សម្លៀកបំពាក់​ដែល​យើង​ស្លៀក​នៅ​ឯ​មហា​សន្និបាត។ ការ​ពាក់​នាម​ប័ណ្ណ​មហា​សន្និបាត នាំ​ឲ្យ​យើង​មាន​ឱកាស​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។—២កូ. ៦:៣, ៤

៧ ព្យាការី​អេសាយ​បាន​ទាយ​ថា​៖ ​«​គង់​តែ​ព្រះ​យេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្ដល់​ព្រះ​គុណ​ដល់​ឯង​រាល់​គ្នា . . . ទ្រង់​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​ឯង​»។ (​អេសា. ៣០:១៨​ក​) ចិត្ត​កតញ្ញូ​ចំពោះ​ព្រះទ័យ​មេត្ដាករុណា​របស់​ព្រះ​យេហូវ៉ា​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​លើក​កិត្ដិយស​ទ្រង់​តាម​រយៈ​ចរិយា​និង​អាការ​ក្រៅ​របស់​យើង ពេល​ដែល​យើង​ប្រជុំ​គ្នា​នៅ​ឯ​មហា​សន្និបាត។ សូម​ឲ្យ​មហា​សន្និបាត​តាម​តំបន់​ដែល​មាន​ប្រធាន​បទ​ថា​៖ ​«​សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ!​»​ សរសើរ​តម្កើង​សិរី​រុងរឿង​ព្រះ​របស់​យើង​ហើយ​ជួយ​យើង​ឲ្យ​រង់ចាំ​ទ្រង់!

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​មហា​សន្និបាត​ខាង​មុខ​នេះ​មាន​ប្រធាន​បទ​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ប្រធាន​បទ​នេះ​សម​ត្រឹម​ត្រូវ?

២​. ដោយសារ​មហា​សន្និបាត​បាន​រៀបចំ​សម្រាប់​យើង តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

៣​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គួរ​បង្ហាញ​គុណសម្បត្ដិ​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុង​ដែល​មាន​មហា​សន្និបាត?

៤​. តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​អាច​ជួយ​កូន​ៗ​ឲ្យ​កាន់​ចរិយា​មារយាទ​ដែល​នាំ​មក​នូវ​សេចក្ដី​សរសើរ​ដល់​ព្រះ​យេហូវ៉ា?

៥​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ស្លៀក​ពាក់​និង​សម្អិ​ត​សម្អាង​ខ្លួន​របស់​យើង?

៦​. ក្នុង​ពេល​សម្រាក​ក៏​ដូច​ក្នុង​កំលុង​កម្មវិធី​មហា​សន្និបាត តើ​ហេតុ​អ្វី​យើង​នៅ​តែ​រក្សា​ឲ្យ​មាន​អាការ​ក្រៅ​ដ៏​ថ្លៃថ្នូរ?

៧​. តើ​យើង​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​របៀប​រៀប​រយ​និង​ឲ្យ​មាន​អំណរ​នៅ​ឯ​មហា​សន្និបាត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​«​សេចក្ដី​រំលឹក​អំពី​មហា​សន្និបាត​»​)

[ប្រអប់​នៅ​ទំព័រ​៥]

សេចក្ដី​រំលឹក​អំពី​មហា​សន្និបាត

◼ កម្មវិធី: កម្មវិធី​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៩:០០​ព្រឹក​គ្រប់​ទាំង​បី​ថ្ងៃ។ ទ្វារ​នឹង​បើក​នៅ​ម៉ោង​៨:០០​ព្រឹក។ បី​បួន​នាទី​មុន​នឹង​កម្មវិធី​ចាប់​ផ្ដើម អធិ​ការី​នឹង​អង្គុយ​នៅ​លើ​វេទិកា​ពេល​ដែល​មាន​បទ​ភ្លេង​ព្រះ​រាជាណាចក្រ​បើក​កម្មវិធី។ នៅ​ពេល​នោះ យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​កាន់​កន្លែង​រៀង​ៗ​ខ្លួន​ដើម្បី​កម្មវិធី​អាច​ចាប់​ផ្ដើម​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។ កម្មវិធី​នឹង​បញ្ចប់​នៅ​ម៉ោង​៤:១៥​រសៀល​នៅ​ថ្ងៃ​សុក្រ ម៉ោង​៥:០៥​រសៀល​នៅ​ថ្ងៃ​សៅរ៍ ហើយ​នៅ​ម៉ោង​៣:៣០​រសៀល​នៅ​ថ្ងៃ​អាទិត្យ។

◼ ការ​ចត​ឡាន​ឬ​ម៉ូតូ: នៅ​គ្រប់​កន្លែង​មហា​សន្និបាត​ដែល​យើង​ចាត់​ចែង​នោះ អ្នក​អាច​ចត​ឡាន​ឬ​ផ្ញើ​ម៉ូតូ​និង​កង់​នៅ​កន្លែង​ចត​ឡាន​ឬ​កន្លែង​ផ្ញើ​ម៉ូតូ​បាន​ដោយ​ឥត​បង់ថ្លៃ។ នាម​ប័ណ្ណ​មហា​សន្និបាត​នឹង​ប្រើ​ជា​គ្រឿង​សំគាល់​សំ​រាប់​ចត​ឡាន​ឬ​ផ្ញើ​ម៉ូតូ​និង​កង់។

◼ ការ​ទុក​កន្លែង​អង្គុយ: យើង​អាច​ទុក​កន្លែង​អង្គុយ​សំ​រាប់​តែ​អ្នក​ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​យើង​ឬ​ក៏​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ។

◼ ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់: សូម​យក​អាហារ​ថ្ងៃ​ត្រង់​មក​ជា​មួយ ជាជាង​ចេញ​ពី​កន្លែង​មហា​សន្និបាត​ទៅ​ទិញ​អាហារ​នៅ​ពេល​សម្រាក​ថ្ងៃ​ត្រង់។ អ្នក​អាច​យក​ធុង​ទឹក​កក​តូច​មួយ​ដែល​អាច​ដាក់​នៅ​ក្រោម​កៅអី​បាន។ ធុង​ទឹក​កក​ធំ​ៗ វត្ថុ​ដែល​ធ្វើ​ពី​កែវ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រា​មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ទៅ​កន្លែង​មហា​សន្និបាត​ទេ។

◼ វិភាគទាន: ការ​រៀបចំ​មហា​សន្និបាត​តាម​តំបន់​នាំ​ឲ្យ​មាន​ការ​ចំណាយ​ជា​ច្រើន។ យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ដោយ​ធ្វើ​វិភាគទាន​ស្ម័គ្រ​ចិត្ត​សំ​រាប់​កិច្ចការ​ទូទាំង​ពិភពលោក​នៅ​ឯ​សាល​ប្រជុំ​យើង​ឬ​នៅ​កន្លែង​មហា​សន្និបាត។ វិភាគទាន​ជា​សែក​ឬ​មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​សរសេរ​ថា​បើក​ប្រាក់​ឲ្យ​«​Watch Tower​»។

◼ ពេល​មាន​គ្រោះថ្នាក់​ឬ​រឿង​អាសន្ន: អ្នក​ធ្វើ​ការ​ខាង​ការ​សង្គ្រោះ​បន្ទាន់​បាន​ត្អូញត្អែរ​ថា​ពួក​គាត់​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ជា​ច្រើន​អំពី​រឿង​តូចតាច។ បើ​អ្នក​ឃើញ​មាន​គ្រោះថ្នាក់​នៅ​ឯ​កន្លែង​មហា​សន្និបាត សូម​ប្រាប់​ឆ្មាំ​ដែល​នៅ​ជិត​នោះ​ដើម្បី​ឲ្យ​គាត់​អាច​ផ្ដល់​ដំណឹង​ដល់​ផ្នែក​ខាង​សង្គ្រោះ​បន្ទាន់​ដើម្បី​ឲ្យ​បុគ្គលិក​ខាង​សង្គ្រោះ​បន្ទាន់​របស់​យើង​អាច​ប៉ាន់​មើល​ថា​តើ​ស្ថានភាព​នោះ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ហើយ​អាច​ជួយ​សង្គ្រោះ​បាន។ បើសិន​ជា​ចាំបាច់ គេ​នឹង​ហៅ​រថយន្ត​សង្គ្រោះ​មួយ​មក។

◼ ការ​ថត​សំឡេង: ប្រដាប់​ថត​សំឡេង​គ្រប់​ធុន​មិន​ត្រូវ​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សំឡេង​និង​អគ្គិ​សនី​នៃ​កន្លែង​មហា​សន្និបាត​ទេ​ហើយ​អាច​ប្រើ​បាន​បើ​មិន​រំខាន​ដល់​អ្នក​ឯ​ទៀត។

◼ ការ​ថត​រូប: ប្រសិន​បើ​អ្នក​ថត​រូប សូម​កុំ​ប្រើ​ពន្លឺ​ភ្លឹប​ភ្លែត​ៗ​ពេល​ដែល​កម្មវិធី​កំពុង​ដំណើរ​ការ​ឡើយ។

◼ ហ្វូន​លី​ង​និង​ទូរស័ព្ទ​ដៃ: ឧបករណ៍​ទាំង​នេះ​ត្រូវ​បន្ថយ​សំឡេង​ឲ្យ​ឮ​តិច​ៗ​ឬ​ក៏​ដាក់​ឲ្យ​ញ័រ​ប៉ុណ្ណោះ​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ។

◼ ទឹកអប់: ពេល​ឥឡូវ​នេះ មហា​សន្និបាត​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បិទ​ជិត​ដែល​មាន​ម៉ាស៊ីន​ស្រូប​ខ្យល់​ចេញ​ចូល។ ហេតុ​នេះ បើ​ទឹកអប់​មាន​ក្លិន​ខ្លាំង សូម​ប្រើ​តែ​បន្ដិច​បន្តួច​បាន​ហើយ ពីព្រោះ​ទឹកអប់​បែប​នោះ​អាច​បណ្ដាល​ឲ្យ​អស់​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ដក​ដង្ហើម​ឬ​បញ្ហា​ឯ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​នេះ​មាន​ប្រតិកម្ម។—១កូ. ១០:២៤

◼ ក្រដាស​សុំ​រក​ជួប: ក្រដាស​សូម​រក​ជួប (​S-43​) គួរ​ប្រើ​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្តី​អំពី​អ្នក​ណា​ម្នាក់​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ដោយសារ​យើង​បាន​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ​ក្នុង​កំលុង​មហា​សន្និបាត។ អ្នក​ផ្សាយ​គួរ​យក​ក្រដាស​សូម​រក​ជួប​មួយ​ឬ​ពីរ​សន្លឹក​មក​ជា​មួយ​នៅ​ឯ​មហា​សន្និបាត។ ក្រដាស​នេះ​ក៏​នឹង​មាន​នៅ​ឯ​មហា​សន្និបាត​ដែរ ខាង​ផ្នែក​ទទួល​ខុស​ត្រូវ​ប្រកាសនវត្ថុ។ ក្រដាស​សូម​រក​ជួប​ដែល​បំពេញ​រួច​ហើយ អាច​ជូន​ដល់​ផ្នែក​ទទួល​ខុស​ត្រូវ​ខាង​ប្រកាសនវត្ថុ​ឬ​ដល់​លេខា​នៃ​ក្រុមជំនុំ​របស់​អ្នក​ពេល​ត្រឡប់​ទៅ​ក្រុមជំនុំ​វិញ។—សូម​មើល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ឆ្នាំ​២០០៥ ទំព័រ​៧

◼ នៅ​ភោជនីយដ្ឋាន: នៅ​កន្លែង​ជា​ច្រើន គេ​មាន​ទម្លាប់​ឲ្យ​លុយ​បន្ដិច​បន្តួច​ដល់​អ្នក​បម្រើ។

◼ នៅ​សណ្ឋាគារ: (​១​) សូម​កុំ​កក់​បន្ទប់​លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក ហើយ​កុំ​ឲ្យ​មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​បន្ទប់​លើស​ចំនួន​ដែល​សណ្ឋាគារ​បាន​កំណត់។ (​២​) បើ​អ្នក​មិន​ត្រូវ​ការ​បន្ទប់​ដែល​បាន​កក់​នោះ​ទេ សូម​ជូន​ដំណឹង​ដល់​ម្ចាស់​សណ្ឋាគារ​ភ្លាម​ៗ។ (​៣​) រទេះ​ដាក់​អីវ៉ាន់​អាច​យក​បាន​កាល​ណា​អ្នក​ត្រូវ​ការ​ប្រើ​វា​ប៉ុណ្ណោះ។ (​៤​) កុំ​ចម្អិន​អាហារ​ក្នុង​បន្ទប់​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ចម្អិន​អាហារ។ (​៥​) សូម​ទុក​លុយ​បន្ដិច​បន្តួច​ឲ្យ​អ្នក​បោស​សម្អាត​បន្ទប់​រាល់​ថ្ងៃ។ (​៦​) ជា​គ្រីស្ទាន​ពិត យើង​មិន​យក​ច្រើន​ហួស​ហេតុ​ពេក​នូវ​របស់​ដែល​សណ្ឋាគារ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដូច​ជា​អាហារ​ពេល​ព្រឹក កាហ្វេ និង​ទឹក​កក​សំ​រាប់​ភ្ញៀវ​ក្នុង​ពេល​ដែល​ស្នាក់​នៅ​សណ្ឋាគារ​នោះ​ឡើយ។ (​៧​) សូម​បង្ហាញ​ផលផ្លែ​វិញ្ញាណ​បរិសុទ្ធ​ពេល​ទាក់ទង​នឹង​អ្នក​បម្រើ​ក្នុង​សណ្ឋាគារ ជា​ពិសេស​ក្នុង​វេលា​រវល់​ខ្លាំង ពោល​គឺ​ពេល​ចុះ​ឈ្មោះ​ជួល​និង​ពេល​ឈប់​ជួល​បន្ទប់​ក្នុង​សណ្ឋាគារ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក