ចូរសរសើរព្រះយេហូវ៉ានៅក្នុងក្រុមជំនុំធំ
១ មហាសន្និបាតតាមតំបន់រៀងរាល់ឆ្នាំផ្ដល់ឱកាសដ៏អស្ចារ្យមួយឲ្យយើងលើកតម្កើងព្រះយេហូវ៉ា។ យើងក៏មានអារម្មណ៍ដូចដាវីឌដែលបានច្រៀងថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្ដាលមហាជន»។ (ទំនុក. ៣៥:១៨) នៅមហាសន្និបាតតាមតំបន់ខាងមុខនេះដែលមានចំណងជើងថា«ចូរស្ដាប់បង្គាប់ព្រះ» តើតាមរបៀបណាដែលយើងអាចបញ្ជាក់ថាយើងរួមគ្នាសរសើរតម្កើងព្រះយេហូវ៉ា?
២ របៀបមួយដែលយើងអាចធ្វើយ៉ាងនេះគឺតាមរយៈចរិយារបស់យើង។ អ្នកចាត់ចែងកន្លែងមហាសន្និបាតមួយបានមានប្រសាសន៍ថា៖ «ផ្អែកលើមហាសន្និបាតរបស់អ្នក យើងបានប្រាប់ក្រុមសាសនាឯទៀតដែលចង់ជួលកន្លែងយើងឲ្យមកមើលរបៀបដែលស្មរបន្ទាល់ព្រះយេហូវ៉ារៀបចំសន្និបាតដែលជាការរៀបចំមួយល្អឥតខ្ចោះ»។ តាមរយៈអាការក្រៅ ភាពសហប្រតិបត្ដិការ និងចរិយារបស់យើងនោះ យើងម្នាក់ៗរួមចំណែកក្នុងការនាំឲ្យមានសេចក្ដីសរសើរបែបនេះដែលតាមពិតជាការសរសើរព្រះរបស់យើង។—១ពេ. ២:១២
៣ តាមរយៈអាការក្រៅរបស់យើងម្នាក់ៗ: ការស្លៀកពាក់និងសំអិតសំអាងខ្លួនតាមរបៀបដែលសរសើរតម្កើងព្រះនោះ តម្រូវឲ្យមានចិត្តសុភាព។ (១ធី. ២:៩) សៀវភៅសាលាកិច្ចបំរើ (ជាភាសាអង់គ្លេស) ទំព័រ១៣២ ប្រាប់ថា៖«អ្នកដែលមានចិត្តសុភាពប្រុងប្រយ័ត្នមិនធ្វើឲ្យអ្នកដទៃទើសចិត្តដោយមិនចាំបាច់នោះឡើយ ហើយក៏មិនទាក់ទាញអារម្មណ៍អ្នកឯទៀតមកលើខ្លួនឯងហួសហេតុដែរ»។ នៅប្រទេសជាច្រើន ការស្លៀកពាក់មិនសមរម្យបានក្លាយទៅជារឿងធម្មតា។ ក៏ប៉ុន្តែព្រះយេហូវ៉ាសព្វព្រះទ័យចំពោះការខិតខំរបស់យើងដើម្បីតំណាងទ្រង់ឲ្យបានសមរម្យ។ (កិច្ច. ១៥:១៤) ទោះបីជាមហាសន្និបាតអាចប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាឬកន្លែងកំសាន្តក៏ដោយ ការជួបជុំគ្នានេះបានក្លាយជា«ជំនុំធំ»របស់យើងក្នុងកំឡុង៣ថ្ងៃនៃមហាសន្និបាត។ ដូច្នេះ កាលដែលយើងប្រជុំគ្នានៅពីមុខព្រះយេហូវ៉ា យើងត្រូវស្លៀកពាក់យ៉ាងថ្លៃថ្នូរឲ្យសមនឹងឋានៈទ្រង់ជាព្រះដ៏ខ្ពស់បំផុតក្នុងសកលលោក។—១របា. ២៩:១១
៤ យើងក៏ត្រូវយកចិត្តទុកដាក់ទៅលើអាការក្រៅរបស់យើងក្រោយពីបិទកម្មវិធីនៃថ្ងៃនីមួយៗដែរ។ ទោះបីយើងអាចស្លៀកពាក់សាមញ្ញនៅពេលលំហែកាយឬក្នុងកំឡុងទទួលទានអាហារនៅភោជនីយដ្ឋានក្ដី សម្លៀកបំពាក់និងការសំអិតសំអាងរបស់យើងក៏នៅតែសំខាន់ដដែលដើម្បីឲ្យសមរម្យ«ជាអ្នកកោតខ្លាចដល់ព្រះ»។ (១ធី. ២:១០) សម្លៀកបំពាក់ដែលសមរម្យ មិនមែនកំណត់តាមអ្វីដែលគេនិយមក្នុងលោកីយ៍នេះឡើយ។ (១យ៉ូន. ២:១៦, ១៧) ប្រកាសនវត្ថុគ្រីស្ទានរបស់យើងមានរូបភាពសម្លៀកបំពាក់ដែលសមរម្យត្រឹមត្រូវរបស់បុរសនិងស្ត្រីក្នុងកាលៈទេសៈផ្សេងៗ។ ដោយពាក់នាមប័ណ្ណរបស់យើងពេលនៅក្នុងក្រុងដែលមានមហាសន្និបាតនឹងជួយរំឭកយើងថាយើងជាគ្រីស្ទានគ្រប់ពេលវេលា។—២កូ. ៦:៣, ៤
៥ ចូរបង្ហាញការគោរពកម្មវិធីប្រទានអាហាររបស់ព្រះយេហូវ៉ា: ព្រះមហាក្សត្រសកលលោកបានរៀបចំពិធីជប់លៀងមួយសំរាប់យើង។ (អេសា. ២៥:៦; ១កូ. ១០:២១) បើយើងចាត់ទុកវត្តមានរបស់យើងនៅពិធីជប់លៀងខាងវិញ្ញាណរបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតនោះ យើងនឹងមានគោលដៅចូលរួមគ្រប់ទាំង៣ថ្ងៃនៃមហាសន្និបាត។ តើអ្នកបានរៀបចំរកកន្លែងស្នាក់នៅ គិតពីវិធីធ្វើដំណើរ និងសុំច្បាប់នៅឯកន្លែងធ្វើការហើយឬនៅ? តើអ្នកបានទុកពេលគ្រប់គ្រាន់សំរាប់ការរៀបចំនិងការធ្វើដំណើរដើម្បីអ្នកអាចទៅដល់កន្លែងមហាសន្និបាតមុនម៉ោងហើយរកកន្លែងអង្គុយ ព្រមទាំងសំណេះសំណាលនឹងបងប្អូនហើយចូលរួមជាមួយពួកគេក្នុងការសរសើរតម្កើងព្រះយេហូវ៉ាតាមរយៈចំរៀងនិងការអធិស្ឋានដំបូងឬទេ?—ទំនុក. ១៤៧:១
៦ ការបង្ហាញការគោរពចំពោះពិធីជប់លៀងរបស់ព្រះយេហូវ៉ានឹងជំរុញយើងឲ្យប្រុងស្ដាប់កម្មវិធីយ៉ាងយកចិត្តទុកដាក់ ហើយចៀសវាងការនិយាយជាមួយអ្នកឯទៀតដោយមិនចាំបាច់ ឬបរិភោគ ឬក៏ដើរចុះឡើងតាមផ្លូវ។ តាមរយៈអ្នកបំរើស្មោះត្រង់និងមានវិនិច្ឆ័យល្អ ព្រះយេហូវ៉ាកំពុងតែប្រទាននូវអាហារខាងវិញ្ញាណដែលយើងត្រូវការក្នុងពេលឥឡូវនេះ។ (ម៉ាថ. ២៤:៤៥) យើងទាំងអស់គ្នា មិនត្រូវខានចូលរួមកម្មវិធីណាមួយឡើយ។ មាតាបិតាត្រូវអង្គុយជាមួយកូនៗហើយជួយពួកគេឲ្យទទួលប្រយោជន៍ពីមហាសន្និបាតយ៉ាងពេញលេញ។—ចោទិ. ៣១:១២
៧ សូមឲ្យយើងយកអាហារថ្ងៃត្រង់មកជាមួយ ជាជាងចេញពីកន្លែងមហាសន្និបាតដើម្បីទិញអាហារក្នុងកំឡុងពេលសំរាកថ្ងៃត្រង់។ ជាការគួរឲ្យសរសើរមែនដែលបងប្អូនភាគច្រើនធ្វើតាមការណែនាំនេះដោយយកចិត្តទុកដាក់នៅឯមហាសន្និបាតឆ្នាំមុន។ នោះនឹងជាការគួរឲ្យសរសើរក្រៃលែង បើទាំងអស់គ្នាធ្វើយ៉ាងនេះដែរនៅឆ្នាំនេះ! (ហេ. ១៣:១៧) ការរៀបចំនេះផ្ដល់ឲ្យយើងនូវឱកាសល្អដើម្បីរីករាយនឹងការសំណេះសំណាលលើកទឹកចិត្តជាមួយបងប្អូនយើង ហើយជួយឲ្យមានបរិយាកាសដែលប្រកបដោយសាមគ្គីភាពនិងការចុះសំរុងគ្នាក្នុងការលើកតម្កើងព្រះយេហូវ៉ា។—ទំនុក. ១៣៣:១
៨ ការធ្វើបន្ទាល់ក្រៅផ្លូវការ: ពេលធ្វើដំណើរទៅមកនៅឯកន្លែងមហាសន្និបាត យើងមានឱកាសជាច្រើនដើម្បីលើកតម្កើងព្រះយេហូវ៉ាដោយបបូរមាត់របស់យើង។ (ហេ. ១៣:១៥) មិនថាយើងបរិភោគនៅឯភោជនីយដ្ឋានឬសន្ទនាជាមួយបុគ្គលិកសណ្ឋាគារ ចូរយើងស្វែងរកវិធីធ្វើបន្ទាល់។ ចិត្តគំនិតរបស់យើងនឹងពោរពេញទៅដោយអ្វីល្អខាងវិញ្ញាណដែលយើងបានទទួលពីមហាសន្និបាត។ ចូរយើងចែករំលែករបស់ល្អៗទាំងនេះជាមួយអ្នកដែលយើងជួប។—១ពេ. ៣:១៥
៩ យើងទន្ទឹងចាំដោយក្ដីរីករាយនូវឱកាសនេះដើម្បីថ្វាយព្រះពរដល់ព្រះយេហូវ៉ា«នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ (ទំនុក. ២៦:១២) សូមឲ្យយើងរួបរួមគ្នាសរសើរតម្កើងព្រះយេហូវ៉ានៅឯមហាសន្និបាតតាមតំបន់ដែលមានចំណងជើងថា«ចូរស្ដាប់បង្គាប់ព្រះ»។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើមហាសន្និបាតតាមតំបន់ផ្ដល់ឲ្យយើងនូវឱកាសអ្វី? ហើយតើយើងអាចសម្រេចកិច្ចការនេះតាមរបៀបណា?
៣, ៤. តើចិត្តសុភាពនឹងជួយយើងស្លៀកពាក់ឲ្យបានសមរម្យជាគ្រីស្ទានដែលជាអ្នកបំរើផ្សាយទាំងនៅមហាសន្និបាតនិងក្រោយមហាសន្និបាតយ៉ាងដូចម្ដេច?
៥, ៦. តើតាមរបៀបណាដែលយើងអាចបង្ហាញការគោរពចំពោះពិធីជប់លៀងខាងវិញ្ញាណរបស់ព្រះយេហូវ៉ា?
៧. តើមានសំណូមពរឲ្យយើងធ្វើអ្វីស្តីអំពីពេលទទួលទានអាហារថ្ងៃត្រង់? ហេតុអ្វី?
៨, ៩. តើមហាសន្និបាតផ្ដល់ឱកាសអ្វីបន្ថែមទៀតឲ្យយើងសរសើរព្រះយេហូវ៉ា?
[ប្រអប់នៅទំព័រ៦]
សេចក្ដីរំឭកអំពីមហាសន្និបាតតាមតំបន់
◼ កម្មវិធី: កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង៩ព្រឹកគ្រប់ទាំង៣ថ្ងៃ។ ទ្វារនឹងបើកនៅម៉ោង៧ព្រឹក។ បីបួននាទីមុននឹងកម្មវិធីចាប់ផ្ដើម អធិការីនឹងអង្គុយនៅលើវេទិកាពេលដែលមានបទភ្លេងព្រះរាជាណាចក្របើកកម្មវិធី។ នៅពេលនោះ យើងទាំងអស់គ្នាត្រូវរកកន្លែងរៀងៗខ្លួនដើម្បីកម្មវិធីអាចចាប់ផ្ដើមដោយមានភាពថ្លៃថ្នូរ។ កម្មវិធីនឹងបញ្ចប់នៅម៉ោង៤:០៥រសៀលនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយនៅម៉ោង៣:៣០រសៀលនៅថ្ងៃអាទិត្យ។
◼ ការចតយានយន្ត: នៅគ្រប់កន្លែងមហាសន្និបាតដែលយើងចាត់ចែងនោះ កន្លែងចតយានយន្តយើងអាចចតដោយឥតបង់ថ្លៃ។ នាមប័ណ្ណមហាសន្និបាតនឹងប្រើជាគ្រឿងសំគាល់សំរាប់ការចតយានយន្ត។
◼ ការទុកកន្លែងអង្គុយ: យើងអាចទុកកន្លែងអង្គុយសំរាប់តែអ្នកដែលធ្វើដំណើរដោយរថយន្តឬម៉ូតូជាមួយអ្នកឬក៏រស់នៅក្នុងផ្ទះជាមួយអ្នក។
◼ វិភាគទាន: ការរៀបចំមហាសន្និបាតតាមតំបន់នាំឲ្យមានការចំណាយជាច្រើន។ យើងអាចបង្ហាញចិត្តកតញ្ញូដោយធ្វើវិភាគទានស្ម័គ្រចិត្តសំរាប់កិច្ចការទូទាំងពិភពលោកនៅសាលព្រះរាជាណាចក្រឬក៏នៅឯកន្លែងមហាសន្និបាត។ វិភាគទានណាដែលដាក់ជាសែកឬមូលប្បទានប័ត្រត្រូវសរសេរថាបើកប្រាក់ឲ្យ«សមាគមប៉មយាម»។
◼ ពេលទទួលទានអាហារថ្ងៃត្រង់: សូមយកអាហារថ្ងៃត្រង់មកជាមួយ ជាជាងចេញពីកន្លែងមហាសន្និបាតទៅទិញអាហារនៅពេលសំរាកថ្ងៃត្រង់។ ធុងទឹកកកតូចមួយដែលអាចដាក់នៅក្រោមកន្លែងអង្គុយអាចប្រើបាន។ ធុងទឹកកកធំៗ ដបធ្វើពីកញ្ចក់ និងភេសជ្ជៈដែលមានជាតិស្រាមិនអនុញ្ញាតឲ្យយកចូលទៅកន្លែងមហាសន្និបាតទេ។
◼ ការថតសម្លេង: ប្រដាប់ថតសម្លេងគ្រប់ធុនមិនត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធសម្លេងនិងអគ្គិសនីនៃកន្លែងមហាសន្និបាតទេហើយអាចប្រើបានបើមិនរំខានដល់អ្នកឯទៀត។
◼ ការថតរូប: បើសិនជាអ្នកថតរូប សូមកុំប្រើពន្លឺភ្លឹបភ្លែតៗពេលដែលកម្មវិធីកំពុងដំណើរការឡើយ។
◼ ហ្វូនលីងនិងទូរស័ព្ទដៃ: ឧបករណ៍ទាំងនេះត្រូវបន្ថយសម្លេងឲ្យឮតិចៗឬក៏ដាក់ឲ្យញ័រប៉ុណ្ណោះដើម្បីកុំឲ្យរំខានដល់អ្នកដទៃ។
◼ ពេលមានគ្រោះថ្នាក់ឬរឿងអាសន្ន: បើអ្នកឃើញមានគ្រោះថ្នាក់នៅឯកន្លែងមហាសន្និបាត សូមប្រាប់ឆ្មាំដែលនៅជិតនោះដើម្បីឲ្យគាត់អាចផ្ដល់ដំណឹងដល់ផ្នែកខាងសង្គ្រោះបន្ទាន់ដើម្បីឲ្យបុគ្គលិកខាងសង្គ្រោះបន្ទាន់របស់យើងអាចប៉ាន់មើលថាតើស្ថានភាពនោះធ្ងន់ធ្ងរប៉ុណ្ណាហើយអាចជួយសង្គ្រោះបាន។ បើសិនជាចាំបាច់ គេនឹងហៅរថយន្តសង្គ្រោះមួយមក។
◼ នៅភោជនីយដ្ឋាន: នៅកន្លែងជាច្រើន គេមានទម្លាប់ឲ្យលុយបន្ដិចបន្តួចដល់អ្នកបំរើ។
◼ នៅសណ្ឋាគារ: (១) កុំកក់បន្ទប់ច្រើនជាងអ្នកត្រូវការ ហើយកុំឲ្យមានមនុស្សស្នាក់នៅក្នុងបន្ទប់លើសចំនួនដែលសណ្ឋាគារកំណត់។ (២) បើអ្នកមិនត្រូវការបន្ទប់ដែលបានកក់នោះទេ សូមជូនដំណឹងដល់សណ្ឋាគារភ្លាមៗ។ (៣) រទេះដាក់អីវ៉ាន់អាចយកបានកាលណាអ្នកត្រូវការប្រើវាប៉ុណ្ណោះ។ (៤) កុំចំអិនអាហារក្នុងបន្ទប់ដែលគ្មានប្រដាប់ប្រដាចំអិនអាហារ។ (៥) សូមទុកលុយបន្ដិចបន្តួចឲ្យអ្នកបោសសំអាតបន្ទប់រាល់ថ្ងៃ។ (៦) សូមកុំយកច្រើនហួសហេតុពេកនូវរបស់ដែលសណ្ឋាគារឲ្យដោយឥតគិតថ្លៃដូចជាអាហារពេលព្រឹក កាហ្វេ និងទឹកកកសំរាប់ភ្ញៀវក្នុងពេលដែលស្នាក់នៅសណ្ឋាគារនោះ។ (៧) សូមបង្ហាញផលផ្លែវិញ្ញាណបរិសុទ្ធពេលទាក់ទងនឹងអ្នកបំរើក្នុងសណ្ឋាគារ ជាពិសេសក្នុងវេលាដែលរវល់ពេលចុះឈ្មោះចូលនិងពេលឈប់ជួលបន្ទប់ក្នុងសណ្ឋាគារ។