ចូរដើរតាមលំអានព្រះគ្រិស្តដោយបង្ហាញភាពថ្លៃថ្នូរ
១ គម្ពីរបរិសុទ្ធពិពណ៌នាអំពីព្រះមហាក្សត្រសកលលោក ព្រះយេហូវ៉ា ថាទ្រង់ប្រដាប់ខ្លួនដោយយសស័ក្ដិឬភាពថ្លៃថ្នូរ។ (ទំនុក. ១០៤:១) ព្រះយេស៊ូតែងតែមានប្រសាសន៍ និងប្រព្រឹត្តតាមរបៀបណាដែលលើកកិត្ដិយសវរបិតា ព្រមទាំងការរៀបចំរបស់វរបិតាដែរ។ (យ៉ូន. ១៧:៤) យើងម្នាក់ៗនឹងមានឱកាសដើម្បីយកតម្រាប់តាមព្រះយេស៊ូ ហើយលើកតម្កើងព្រះយេហូវ៉ា ក្នុងអំឡុងមហាសន្និបាតប្រចាំតំបន់នៅខាងមុខនេះ ដែលមានចំណងជើងថា «ចូរដើរតាមលំអានព្រះគ្រិស្ត»។
២ ភាពថ្លៃថ្នូរក្នុងការថ្វាយបង្គំ : យើងអាចលើកកិត្ដិយសព្រះយេហូវ៉ាដោយត្រៀមខ្លួន ដើម្បីចូលរួមទទួលការបង្រៀនពីទ្រង់ដែលប្រៀបដូចជាអាហារ ដែលទ្រង់បានរៀបចំឲ្យយើង។ តើអ្នកបានសុំច្បាប់ពីនិយោជក ហើយរៀបចំខ្លួនដើម្បីចូលរួមទាំងបីថ្ងៃនៃមហាសន្និបាត រួមទាំងថ្ងៃសុក្រផងដែរឬទេ? តើអ្នកបានរៀបចំឲ្យមកមុនពេលដើម្បីរកកន្លែងអង្គុយ ហើយចូលរួមច្រៀងចម្រៀង និងការអធិស្ឋានបើកកម្មវិធីឬទេ? តើអ្នកបានរៀបចំអាហារពេលថ្ងៃត្រង់ ដើម្បីអាចពិសានៅកន្លែងមហាសន្និបាតជាមួយបងប្អូនគ្រិស្តសាសនិករបស់អ្នកទេ? នៅដើមកម្មវិធីនីមួយៗក្នុងកាលដែលអ្នកបើកកម្មវិធីអញ្ជើញយើងឲ្យរកកន្លែងអង្គុយមុននឹងចាក់បទភ្លេង យើងគួរបញ្ចប់ការពិភាក្សាភ្លាមៗ និងទៅអង្គុយដើម្បីប្រុងស្ដាប់កម្មវិធីចាប់ផ្ដើម។
៣ ការយកចិត្តទុកដាក់ស្ដាប់កម្មវិធីក៏លើកតម្កើងវរបិតារបស់យើងនៅស្ថានសួគ៌ដែរ។ ក្រោយពីសង្កេតឃើញមហាសន្និបាតនៅក្នុងតំបន់មួយ អ្នកកាសែតម្នាក់បានសរសេរថា មនុស្សជាច្រើនដែលមិនមែនជាស្មរបន្ទាល់ស្ងើចចិត្តចំពោះ«ចរិយាដ៏ល្អរបស់មនុស្សដែលចូលរួម កាលដែលពួកគេប្រុងស្ដាប់កម្មវិធី ទាំងនៅស្ងៀមស្ងាត់យ៉ាងគោរព ហើយបង្ហាញថាពួកគេចាប់អារម្មណ៍នឹងការបង្រៀនរបស់ព្រះ»។ គាត់ក៏បានសរសេរថា៖ «ពិតជាចម្លែកដែលឃើញក្មេងៗ . . . កាន់មារយាទល្អ ឬថែមទាំងបើកមើលបទគម្ពីរបរិសុទ្ធ»។ ពេលដែលកម្មវិធីកំពុងតែមានដំណើរការ យើងមិនត្រូវនិយាយដោយឥតចាំបាច់ ឬផ្ញើសារតាមទូរស័ព្ទ បរិភោគ ឬក៏ដើរចុះឡើងនោះឡើយ។ ក្មេងៗយុវវ័យត្រូវអង្គុយជិតមាតាបិតាដើម្បីពួកគាត់អាចជួយកូនឲ្យទទួលប្រយោជន៍ពីកម្មវិធី។ (ចោទិ. ៣១:១២; សុ. ២៩:១៥) ការធ្វើបែបនេះបង្ហាញនូវការគោរពចំពោះអ្នកដទៃ និងបង្ហាញនូវការដឹងគុណចំពោះសេចក្ដីបង្រៀនពីព្រះ ដែលប្រៀបដូចជាអាហារ។
៤ ភាពថ្លៃថ្នូរដោយអាការក្រៅ : បងប្អូនជាច្រើននាក់បានថ្លែងអំណរគុណចំពោះការរំលឹកពីសុន្ទរកថានៅមហាសន្និបាតឆ្នាំ២០០៦ដែលមានចំណងជើង «ជាគ្រិស្តសាសនិកពិត ចូរបង្ហាញភាពថ្លៃថ្នូរនៅគ្រប់វេលា»។ សុន្ទរកថានេះបានបញ្ជាក់ថា អ្នកបម្រើរបស់ព្រះគួរព្យាយាមឲ្យបង្ហាញភាពថ្លៃថ្នូរដោយការស្លៀកពាក់និងសម្អិតសម្អាងខ្លួន។ នៅឆ្នាំនេះយើងគួរគិតយ៉ាងហ្មត់ចត់អំពីរឿងនេះម្ដងទៀត។ អាការក្រៅបង្ហាញអារម្មណ៍របស់យើងចំពោះព្រះយេហូវ៉ា ហើយចំពោះឯកសិទ្ធិដែលយើងមាន ជាសាក្សីរបស់ទ្រង់។ យើងគួរស្លៀកពាក់ដូចជាមនុស្សដែល«រាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ»ជានិច្ច។—១ធី. ២:៩, ១០
៥ តើយើងគួរមានភាពថ្លៃថ្នូរដោយអាការក្រៅតែនៅពេលចូលរួមកម្មវិធីប៉ុណ្ណោះឬ? សូមចាំថានៅទីក្រុងដែលមានមហាសន្និបាតមនុស្សជាច្រើននឹងឃើញយើងពាក់នាមប័ណ្ណរបស់យើង។ អាការក្រៅយើងគួរតែបង្ហាញថាយើងខុសប្លែកពីមនុស្សទូទៅ។ ហេតុនេះហើយ សូម្បីនៅពេលសម្រាកក្រោយកម្មវិធីចប់ ដូចជាទៅបរិភោគនៅភោជនីយដ្ឋាន គួរគប្បីឲ្យយើងស្លៀកពាក់សមជាអ្នកបម្រើព្រះ។ ដូច្នេះ យើងមិនគួរស្លៀកខោខូវប៊យ ខោខ្លី ឬអាវយឺតទេ។ នេះនឹងពិតជាធ្វើបន្ទាល់យ៉ាងល្អដល់មនុស្សនៅក្នុងសហគមន៍នោះ! ព្រះយេហូវ៉ាពេញចិត្តពេលដែលអាការក្រៅយើងសឲ្យឃើញថា យើងជាអ្នកបម្រើទ្រង់។
៦ លទ្ធផលដែលនាំឲ្យមានចិត្តសប្បាយ : ការបង្ហាញភាពថ្លៃថ្នូរនៅឯមហាសន្និបាតបង្កើតឱកាសឲ្យធ្វើបន្ទាល់ក្រៅផ្លូវការ ហើយមនុស្សដែលឃើញយើងក៏ស្ងើចចិត្ត។ នៅទីបញ្ចប់នៃមហាសន្និបាតមួយ បុគ្គលិកម្នាក់បាននិយាយថា៖ «យើងមិនដែលឃើញមនុស្សដែលមានចរិយាដ៏ល្អដូចនេះទេ។ ការប្រព្រឹត្តរបស់ពួកអ្នក គឺពិតជាតាមអ្វីដែលព្រះតម្រូវមែន»។ ការបង្ហាញភាពថ្លៃថ្នូរ បញ្ជាក់ថាយើងចេះស្រឡាញ់និងគោរពគ្នាទៅវិញទៅមក ហើយលើកតម្កើងព្រះយេហូវ៉ា។ (១ពេ. ២:១២) នេះក៏សម្ដែងថាយើងចេះកោតខ្លាចព្រះ និងចេះដឹងគុណសម្រាប់ឯកសិទ្ធិដែលមានវរបិតាជាអ្នកបង្រៀនយើង។ (ហេ. ១២:២៨) សូមឲ្យយើងខំព្យាយាមបង្ហាញភាពថ្លៃថ្នូរ កាលដែលយើងរង់ចាំមហាសន្និបាតឆ្នាំនេះដែលមានចំណងជើង «ចូរដើរតាមលំអានព្រះគ្រិស្ត»។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើចំណងជើងនៃមហាសន្និបាតឆ្នាំនេះ ទាក់ទងនឹងការបង្ហាញភាពថ្លៃថ្នូរតាមរបៀបណា?
២. តើការរៀបចំដើម្បីចូលរួមឲ្យបានពេញទាំងបីថ្ងៃនៅមហាសន្និបាតលើកតម្កើងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៣. តើការយកចិត្តទុកដាក់ស្ដាប់កម្មវិធី ធ្វើឲ្យការថ្វាយបង្គំយើងមានភាពថ្លៃថ្នូរយ៉ាងណា?
៤. នៅឯមហាសន្និបាត ហេតុអ្វីយើងគួរមានអាការក្រៅដែលមានភាពថ្លៃថ្នូរ?
៥. នៅពេលសម្រាកក្រោយពីកម្មវិធីចប់ តើយើងនៅតែអាចរក្សាអាការក្រៅដែលមានភាពថ្លៃថ្នូរដោយរបៀបណា?
៦. តើការបង្ហាញភាពថ្លៃថ្នូរមានលទ្ធផលល្អយ៉ាងណាខ្លះ?