«ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង»
១ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ! ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង»។ (ទំនុក. ៣៤:៣) មហាសន្និបាតតាមតំបន់ដែលមានប្រធានថា«ចូរដើរជាមួយនឹងព្រះ»នឹងផ្ដល់ឱកាសឲ្យយើងលើកដំកើងព្រះនាមព្រះយេហូវ៉ាជាមួយនឹងបងប្អូនប្រុសស្រីរបស់យើងពីក្រុមជំនុំផ្សេងៗ។ តើអ្នកបានរៀបចំរកកន្លែងស្នាក់នៅ គិតពីវិធីធ្វើដំណើរ និងសុំច្បាប់នៅឯកន្លែងធ្វើការដើម្បីចូលរួមមហាសន្និបាតហើយឬនៅ? យើងចង់ចាត់ចែងរឿងទាំងនេះទុកជាមុន។—សុ. ២១:៥
២ ទៅដល់កន្លែងមហាសន្និបាត: យើងត្រូវយកចិត្តទុកដាក់នឹងរឿងជាច្រើនពេលដែលយើងទៅឯមហាសន្និបាត។ ការទៅមុនពេលនឹងជួយឲ្យយើងជៀសវាងពីការទៅយឺតដែលមិនដឹងជាមុន ហើយជួយយើងឲ្យរកកន្លែងអង្គុយទាន់ពេលដើម្បីចូលរួមច្រៀងចំរៀងអស់ពីចិត្តនិងសេចក្ដីអធិស្ឋានដំបូង។ (ទំនុក. ៦៩:៣០) បីបួននាទីមុននឹងចាប់ផ្ដើមកម្មវិធីក្នុងកាលដែលស្ដាប់បទភ្លេងព្រះរាជាណាចក្រ នោះអធិការីនឹងមកអង្គុយនៅឯវេទិកា។ យើងទាំងអស់គ្នាត្រូវអង្គុយនៅពេលនោះ ដើម្បីធ្វើឲ្យមានភាពថ្លៃថ្នូរពេលចាប់ផ្ដើមកម្មវិធី។—១កូ. ១៤:៣៣, ៤០
៣ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើង‹ឲ្យធ្វើការទាំងអស់ដោយសេចក្ដីស្រឡាញ់›។ (១កូ. ១៦:១៤) នៅពេលដែលទ្វារបើកនៅម៉ោង៧ព្រឹក បើយើងគិតដល់អ្នកដទៃ នោះយើងនឹងមិនរត់ដោយតក់ក្រហល់រុញច្រានគេដើម្បីរកកន្លែងអង្គុយមុនអ្នកដទៃនោះឡើយ។ យើងអាចរើសយកកៅអីអង្គុយសំរាប់តែអស់អ្នកដែលធ្វើដំណើរជាមួយនឹងយើងឬរស់នៅជាមួយនឹងយើងប៉ុណ្ណោះ។—១កូ. ១៣:៥; ភី. ២:៤
៤ សូមយកអាហារមកជាមួយជាជាងចេញទៅទិញអាហារក្នុងកំឡុងពេលសំរាកថ្ងៃត្រង់។ នេះនឹងធ្វើឲ្យបងប្អូនសប្បាយរីករាយក្នុងការសេពគប់ដែលលើកទឹកចិត្តនិងមានវត្តមានពេលកម្មវិធីរសៀលចាប់ផ្ដើម។ បើត្រូវការចាំបាច់ យើងអាចយកធុងទឹកកកតូចមួយដែលអាចដាក់ក្រោមកៅអីបាន។ ពេលទៅមហាសន្និបាតមិនត្រូវយកវត្ថុដូចជាធុងទឹកកកធំៗសំរាប់ពេលធ្វើដំណើរកំសាន្ត ប្រដាប់ដាក់ទឹកដែលធ្វើពីកែវ ឬភេសជ្ជៈដែលមានជាតិស្រានោះឡើយ។
៥ យើងចង់រៀនថែមទៀតពីព្រះបន្ទូលរបស់ព្រះ ដោយដឹងថា យើងអាចទទួលសេចក្ដីសង្គ្រោះបានតាមរយៈព្រះបន្ទូលរបស់ទ្រង់។ (១ពេ. ២:២) ហេតុដូច្នេះហើយ សូមឲ្យយើងមានវត្តមាននៅឯមហាសន្និបាតរបស់យើងដែលមានប្រធានថា«ចូរដើរជាមួយនឹងព្រះ» ថែមទាំងយើងត្រូវ«ព្រមគ្នាលើកព្រះនាមទ្រង់ឡើង»។—ទំនុក. ៣៤:៣
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងនឹងមានឱកាសអ្វីដើម្បីលើកដំកើងព្រះនាមរបស់ព្រះជាមួយគ្នា? ឥឡូវនេះ តើយើងអាចធ្វើអ្វីដើម្បីរៀបចំទុកជាមុន?
២. ហេតុអ្វីក៏មានប្រយោជន៍ដើម្បីទៅឯមហាសន្និបាតឲ្យបានមុនពេល?
៣. ពេលដែលរកកន្លែងអង្គុយ តើយើងអាចបង្ហាញថាយើងចេះគិតដល់អ្នកដទៃយ៉ាងណា?
៤. សំរាប់អាហារថ្ងៃត្រង់ តើគេលើកទឹកចិត្តយើងឲ្យធ្វើអ្វី? តើនេះមានប្រយោជន៍អ្វី?
៥. តើយើងចង់ធ្វើអ្វី? ហើយហេតុអ្វី?
[ប្រអប់នៅទំព័រ៣]
របៀបលើកព្រះនាមទ្រង់ឡើង
◼ រៀបចំទុកជាមុន
◼ បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ
◼ ត្រូវប្រុងប្រៀបចិត្តរបស់អ្នក