ស្ដាប់ដោយយកចិត្តទុកដាក់នូវសេចក្ដីប្រកាសដ៏ពិសិដ្ឋ
១ មិនមែនអ្វីទាំងអស់ដែលមនុស្សនិយាយ គួរនឹងប្រឹងស្ដាប់ជាពិសេសនោះទេ។ ក៏ប៉ុន្តែ ពេលព្រះមានព្រះបន្ទូល នោះមានហេតុដ៏សំខាន់ណាស់ឲ្យស្ដាប់។ (ចោទិយកថា ២៨:១, ២) ដោយអំណរគុណ អ្នកនិពន្ធដែលត្រូវបណ្ដាលឲ្យសរសេរបានកត់«សេចក្ដីប្រកាសដ៏ពិសិដ្ឋ»របស់ព្រះដើម្បីជាប្រយោជន៍ដល់យើង។ (រ៉ូម ៣:២ ព.ថ.) មហាសន្និបាតតាមតំបន់ដែលជិតមកដល់នេះ នឹងផ្ដល់ឲ្យឱកាសដ៏ពិសេសដើម្បីស្ដាប់ឮសេចក្ដីប្រកាសទាំងនេះ នៅពេលត្រូវអាននិងពិភាក្សា។ តើយ៉ាងដូចម្ដេចដែលអ្នកអាចប្រឹងស្ដាប់ជាពិសេស?
២ មកមុនពេលជារៀងរាល់ព្រឹក: សូមនឹកគិតពីអារម្មណ៍រំភើបរបស់សាសន៍អ៊ីស្រាអែល ពេលគេត្រូវបានប្រាប់ឲ្យទៅជួបនឹងព្រះយេហូវ៉ានៅឯភ្នំស៊ីណាយដើម្បីស្ដាប់ក្រិត្យវិន័យរបស់ទ្រង់! (និក្ខមនំ ១៩:១០, ១១, ១៦-១៩) បើសិនជាអ្នកមានអាកប្បកិរិយាស្រដៀងគ្នានេះដែរ ចំពោះការទទួលសេចក្ដីណែនាំពីព្រះយេហូវ៉ានៅឯមហាសន្និបាតតាមតំបន់ នោះអ្នកនឹងរៀបចំមកមុនពេលរៀងរាល់ថ្ងៃ។ យើងមិនអាចស្ដាប់កម្មវិធីទាំងមូលបានទេបើសិនយើងមកយឺតពេល ហើយនេះរំខានអ្នកដទៃដោយខិតខំរកកន្លែងអង្គុយ។ ទ្វារនឹងត្រូវបើកនៅកន្លែងមហាសន្និបាត ចាប់ពីម៉ោង៨:០០ ហើយកម្មវិធីនឹងចាប់ផ្ដើមម៉ោង៩:៣០រៀងរាល់ថ្ងៃ។
៣ សូម្បីតែអ្នកខ្លះដែលមកមុនម៉ោង ក៏មិននៅកន្លែងអង្គុយពេលកម្មវិធីចាប់ផ្ដើមដែរ។ ហេតុអ្វីក៏អ៊ីចឹង? ពួកគេចាំរហូតដល់អ្នកបើកកម្មវិធីប្រាប់ឲ្យច្រៀងចំរៀង មុនដែលគេឈប់ជជែកជាមួយមិត្តភក្ដិគេ និងចាប់ផ្ដើមធ្វើដំណើរទៅកន្លែងអង្គុយវិញ។ យើងគួរកត់សម្គាល់ថា មួយរយៈមុនការបើកកម្មវិធីនិមួយៗ នោះអ្នកបើកកម្មវិធីនឹងអង្គុយលើវេទិកា ពេលដែលបទភ្លេងព្រះរាជាណាចក្រលំនាំត្រូវចាក់។ នេះគឺជាសញ្ញាឲ្យយើងដឹងថាដល់ម៉ោងអង្គុយ! អ៊ីចឹង ពេលដែលគេប្រាប់ពីចំរៀងបើកកិច្ចប្រជុំ យើងនឹងនៅប្រុងប្រៀបចូលរួមច្រៀងសរសើរព្រះយេហូវ៉ា។
៤ ស្ដាប់ជាក្រុមគ្រួសារ: ពេលដែលសេចក្ដីប្រកាសពិសិដ្ឋត្រូវអានឲ្យសាសន៍អ៊ីស្រាអែលស្ដាប់ នោះក្រុមគ្រួសាររួមបញ្ចូល«កូនក្មេង»ត្រូវស្ដាប់និងរៀន។ (ចោទិយកថា ៣១:១២) នៅមហាសន្និបាតរបស់យើង កូនក្មេងមិនគួរត្រូវ«ឲ្យប្រព្រឹត្តតាមអំពើចិត្ត»ឡើយ។ (សុភាសិត ២៩:១៥) ឪពុកម្ដាយរាល់គ្នាអើយ! ចូររៀបចំឲ្យក្រុមគ្រួសាររបស់អ្នកទាំងមូលអង្គុយជាមួយគ្នា រួមបញ្ចូលក្មេងជំទង់ៗផង។ ឪពុកម្ដាយខ្លះចាំទំរាំដល់ចំរៀងបើកកិច្ចប្រជុំ ទើបគេនាំកូនក្មេងៗរបស់គេទៅបន្ទប់ទឹក។ ក៏ប៉ុន្តែ នេះនឹងមិនបង្រៀនកូនៗនូវសារៈសំខាន់នៃការច្រៀងចំរៀងនិងការអធិស្ឋានក្នុងការថ្វាយបង្គំរបស់យើងទេ។ ការទៅបន្ទប់ទឹកមុនពេលចាប់ផ្ដើមប្រជុំបើមានលទ្ធភាពគឺល្អជាងយ៉ាងណាទៅហ្ន៎!
៥ បើសិនជាយើងដេកគ្រប់គ្រាន់រាល់យប់និងមិនញ៉ាំឆ្អែតពេកពេលថ្ងៃ នោះនឹងជួយយើងស្ដាប់បានល្អជាង។ ប្រឹងស្មារតីទៅលើអ្វីដែលអ្នកថ្លែងនិយាយ។ តាំងចិត្តកុំឲ្យអារម្មណ៍របស់អ្នកអណ្ដែតអណ្ដូង។ មើលតាមក្នុងព្រះគម្ពីរពេលដែលបទគម្ពីរត្រូវអាន។ សរសេរកំណត់ខ្លីៗ។ ពេលដែលគេថ្លែងសុន្ទរកថានិមួយៗ សើរើនូវអ្វីអ្នកថ្លែងបាននិយាយ និងគិតពីរបៀបដែលអ្នកនឹងអនុវត្តតាម។ ចប់ថ្ងៃនោះហើយ ចូរពិភាក្សាអំពីកម្មវិធីនោះជាក្រុមគ្រួសារ។ តើសមាជិកនិមួយៗបានចូលចិត្តចំណុចណាខ្លះ? តើគ្រួសាររបស់អ្នកអាចអនុវត្តតាមពត៌មានដែលមានប្រយោជន៍នោះយ៉ាងដូចម្ដេច?
៦ បង្ហាញការគោរពចំពោះព្រះបន្ទូលរបស់ព្រះ: មហាសន្និបាតបានឲ្យយើងមានឱកាសល្អដើម្បីនិយាយជាមួយពួកម៉ាកនិងអរសប្បាយនឹងការសេពគប់ដែលស្អាងចិត្តឡើង។ ដោយការមកមុនពេល នោះយើងមានពេលដើម្បីសន្ទនាមុនកម្មវិធីចាប់ផ្ដើម។ ក៏ប៉ុន្តែ អ្នកខ្លះជាប់រវល់សន្ទនាក្នុងកំឡុងកម្មវិធី ដោយយល់ច្រឡំថាការនិយាយមិននាំឲ្យរំខានទេ ដោយព្រោះស្ថិតនៅក្នុងសាលធំៗ។ សូម្បីតែពេលដែលប្រជុំត្រូវស្ថិតក្នុងសាលធំៗក៏ដោយ ពេលនោះជាពេលស្ដាប់ដូចជាពេលដែលជួបជុំនៅឯសាលព្រះរាជាណាចក្រដែរ។ ក៏មិនគួរប្រើទូរស័ព្ទដៃ ទូរសារ ម៉ាស៊ីនថតវីដេអូ និងម៉ាស៊ីនថតតាមរបៀបដែលរំខានក្នុងកំឡុងកម្មវិធីឡើយ។
៧ ពេលម៉ូសេទទួលច្បាប់ពីព្រះយេហូវ៉ានោះ គាត់«ឥតមានបរិភោគអ្វីឡើយ»។ (និក្ខមនំ ៣៤:២៨) ស្រដៀងគ្នាដែរ គឺមិនសមទេ បើសិនជាយើងញ៉ាំម្ហូបឬភេសជ្ជៈក្នុងកំឡុងកម្មវិធី។ បើសិនជានេះមិនទាក់ទងយ៉ាងខ្លាំងនឹងសុខភាព នោះគួរចាំ«ពេលកំណត់»សំរាប់ការនេះ។—សាស្ដា ៣:១ ព.ថ.
៨ នៅមហាសន្និបាតខ្លះ នៅមានបញ្ហាជាមួយបងប្អូនប្រុសស្រី និងសូម្បីតែកូនក្មេងដើរតត្រកតាមរបៀងផ្លូវដើរក្នុងកំឡុងកម្មវិធីផងដែរ។ អ្នកឆ្មាំនឹងណែនាំសុំគេឲ្យត្រឡប់ទៅសាលវិញ។ អ្នកស្ម័គ្រចិត្តដែលធ្វើការក្នុងផ្នែកផ្សេងៗ គួរទៅអង្គុយជាមួយពួកអ្នកស្ដាប់ភ្លាមៗ ពេលកិច្ចការរបស់គេចប់ហើយ។ គ្មានហេតុឲ្យគេបង្អែរបង្អង់នៅផ្នែកនោះនិងជជែកគ្នាក្នុងកំឡុងកម្មវិធីទេ លុះត្រាតែជាអ្នកធ្វើការមានហេតុល្អ។
៩ យើងមិនដែលចង់ទៅជា‹ព្រងើយនឹងការស្ដាប់›ទេ។ (ហេព្រើរ ៥:១១) ចូរឲ្យយើងតាំងចិត្តបង្ហាញការគោរពដ៏សមគួរ ដោយការស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលដែលសេចក្ដីប្រកាសដ៏ពិសិដ្ឋត្រូវពិគ្រោះនៅមហាសន្និបាតរបស់យើងដែលជិតមកដល់នោះ។