«ចូរប្រមូលពួកបណ្ដាជន»
១. តើមហាសន្និបាតតាមភូមិភាគនិងមហាសន្និបាតអន្តរជាតិមានភាពស្រដៀងគ្នាយ៉ាងណា នឹងកិច្ចប្រជុំដ៏សំខាន់ដែលបណ្ដាជនអ៊ីស្រាអែលបានចូលរួមក្រោយពីចេញពីស្រុកអេស៊ីប?
១ មិនយូរបន្ដិចក្រោយពីចេញពីស្រុកអេស៊ីប ព្រះយេហូវ៉ាបានបង្គាប់ឲ្យម៉ូសេ«ប្រមូលពួកបណ្ដាជន»មកឯភ្នំស៊ីណាយ ដើម្បីឲ្យពួកគេឮអស់ទាំងពាក្យរបស់លោក ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់លោក និងបង្រៀនកូនៗរបស់ពួកគេអំពីខ្នាតតម្រារបស់លោក។ (ចោ. ៤:១០-១៣) គ្រានោះច្បាស់ជាគ្រាដែលពង្រឹងជំនឿនិងមិនអាចបំភ្លេចបានទេ! ឆ្នាំនេះរាស្ត្ររបស់ព្រះយេហូវ៉ាបានជួបជុំគ្នានៅឯមហាសន្និបាតតាមភូមិភាគ និងមហាសន្និបាតអន្តរជាតិ។ ពួកគេជួបជុំគ្នាដើម្បីទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីកម្មវិធីទាំងនោះ?
២. តើយើងត្រូវធ្វើអ្វីខ្លះដើម្បី«រៀបខ្លួនជាស្រេច»សម្រាប់ចូលរួមមហាសន្និបាត?
២ «រៀបខ្លួនជាស្រេច»: ព្រះយេហូវ៉ាបានបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យ«រៀបខ្លួនជាស្រេច»សម្រាប់ការជួបជុំគ្នាយ៉ាងធំនៅភ្នំស៊ីណាយ។ (និក្ខ. ១៩:១០, ១១) ស្រដៀងគ្នាដែរ បងប្អូនទាំងអស់ដែលចូលរួមមហាសន្និបាតក៏ត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ដែរ មិនគ្រាន់តែបងប្អូនដែលមានផ្នែកក្នុងមហាសន្និបាតនោះទេ។ ជាឧទាហរណ៍ បងប្អូនជាច្រើនត្រូវសុំច្បាប់ពីកន្លែងធ្វើការ ហើយអ្នកខ្លះប្រហែលជាមានកាលៈទេសៈស្រដៀងនឹងនេហេមា។ នេហេមាមានការងារជាអ្នកកាន់ពែងជូនស្តេចអើថាស៊ើកសេស គាត់ចង់សុំច្បាប់ពីការងារដើម្បីទៅក្រុងយេរូសាឡិម ហើយជួយសង់កំពែងក្រុង។ ប៉ុន្តែ គាត់បានដឹងថាស្តេចប្រហែលជាមិនព្រមអនុញ្ញាតឲ្យគាត់ទៅទេ។ នេហេមាបានអធិដ្ឋាន ហើយគាត់បានស្នើសុំស្តេចដោយក្លាហាននិងដោយសម្ដីសប្បុរស។ ស្តេចបានអនុញ្ញាតឲ្យគាត់ទៅ ហើយថែមទាំងផ្ដល់ឲ្យសម្ភារខ្លះៗដើម្បីសាងសង់ទៀតផង! (នេហ. ២:១-៩) ក្រោយពីសុំច្បាប់ពីការងារ តើអ្នកបានរៀបចំការធ្វើដំណើរ និងកន្លែងស្នាក់នៅហើយឬនៅ? ពួកអ្នកចាស់ទុំរីករាយជួយអ្នកណាដែលប្រហែលជាត្រូវការជំនួយ។ សូមរៀបចំមកចូលរួមឲ្យបានមុនម៉ោងនៅថ្ងៃនីមួយៗ ហើយត្រៀមខ្លួន«យកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតា»ចំពោះអ្វីដែលអ្នកឮ។—ហេ. ២:១
៣. តើអ្វីនឹងជួយយើងឲ្យត្រៀមចិត្តសម្រាប់កម្មវិធីមហាសន្និបាត?
៣ អ្វីដែលសំខាន់មួយទៀត គឺការត្រៀមចិត្តរបស់យើងដើម្បីអាចស្ដាប់និងរៀន។ (អែស. ៧:១០) កម្មវិធីមហាសន្និបាតនឹងត្រូវដាក់បង្ហាញជាមុនក្នុងគេហទំព័រjw.orgរបស់យើង។ ក្នុងកម្មវិធីនោះមានចំណងជើងនៃសុន្ទរកថាទាំងអស់រួមទាំងបទគម្ពីរជាមូលដ្ឋានមួយឬពីរសម្រាប់សុន្ទរកថានីមួយៗ។ ការរៀបចំនេះផ្ដល់ព័ត៌មានដ៏ល្អឲ្យយើងពិចារណា ក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅប៉ុន្មានសប្ដាហ៍មុនមហាសន្និបាត។ អ្នកផ្សាយខ្លះបានបោះពុម្ពកម្មវិធីនេះចេញជាក្រដាស ហើយប្រើដើម្បីកត់កំណត់ខ្លីៗនៅមហាសន្និបាត។
៤. តើមហាសន្និបាតរបស់យើងផ្ដល់ឱកាសឲ្យឪពុកម្ដាយបង្រៀនកូនយ៉ាងដូចម្ដេច?
៤ ‹បង្រៀនដល់កូនចៅអ្នក›: គោលបំណងមួយទៀតនៃមហាសន្និបាតនៅភ្នំស៊ីណាយគឺដើម្បីឲ្យឪពុកម្ដាយ«បង្រៀនដល់កូនចៅគេ»។ (ចោ. ៤:១០) មហាសន្និបាតរបស់យើងផ្ដល់ឱកាសដ៏ល្អឲ្យឪពុកម្ដាយធ្វើដូច្នោះដែរ។ ឪពុកម្ដាយគួរឲ្យកូនៗអង្គុយជិតពួកគេក្នុងអំឡុងពេលមហាសន្និបាត ហើយជួយកូនៗឲ្យផ្ចង់អារម្មណ៍។ នៅចុងថ្ងៃនីមួយៗនៃមហាសន្និបាត និងក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ ពួកគេអាចពិគ្រោះគ្នាអំពីកម្មវិធីមហាសន្និបាតនោះឡើងវិញ។
៥. នៅមហាសន្និបាតដែលនឹងមាននាពេលខាងមុខនេះ តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ?
៥ មហាសន្និបាតដ៏សំខាន់នៅភ្នំស៊ីណាយបានជួយបណ្ដាជនអ៊ីស្រាអែលឲ្យដឹងគុណព្រះយេហូវ៉ាចំពោះឯកសិទ្ធិដ៏ពិសេសក្នុងការធ្វើជារាស្ត្ររបស់លោក។ (ចោ. ៤:៧, ៨) ស្រដៀងគ្នាដែរ មហាសន្និបាតដែលនឹងមាននាពេលខាងមុខនេះ បានត្រូវរៀបចំឡើងដើម្បីផ្ដល់ប្រយោជន៍ដល់យើង។ អស់រយៈពេលបីថ្ងៃ យើងនឹងអាចចេញពីស្ថានភាពលំបាកនៃពិភពលោករបស់សាថាន ហើយយើងនឹងទទួលកម្លាំងចិត្តពីការអប់រំពីព្រះ ថែមទាំងទទួលការលើកទឹកចិត្តពីការសេពគប់ជាមួយបងប្អូនរួមជំនឿក្នុងបរិយាកាសសុខសាន្តប្រៀបដូចជាសួនឧទ្យាន។ (អេ. ៣៥:៧-៩) ដោយដឹងថាថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែកៀកណាស់ហើយ សូមកុំឲ្យយើងគេចវេះពីឱកាសជួបជុំគ្នាជាមួយបងប្អូនរួមជំនឿ ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកឡើយ!—ហេ. ១០:២៤, ២៥