ចូរត្រូវចេះដឹងគុណ
១ ទោះបីជាយើងរស់នៅក្នុង«គ្រាលំបាកណាស់»ក៏ដោយ យើងនៅតែមានហេតុជាច្រើនក្នុងការសម្ដែងអំណរគុណចំពោះព្រះយេហូវ៉ា។ (២ធី. ៣:១) ហេតុដ៏ចំបងមួយដែលយើងមានអំណរគុណគឺដោយព្រោះអំណោយដ៏ថ្លៃវិសេសនៃរាជបុត្រាទ្រង់ប្រយោជន៍ដល់យើង។ (យ៉ូន. ៣:១៦) ថែមទៅទៀត ខណៈដែលពួកអ្នកក្នុងសាសនាមិនពិតស្រេកឃ្លានខាងវិញ្ញាណ យើងមានអាហារខាងវិញ្ញាណជាបរិបូរ។ (អេសា. ៦៥:១៣) យើងរួមចំណែកក្នុងភាតរភាពទូទាំងពិភពលោក ហើយរំភើបចិត្តដែលយើងមានឯកសិទ្ធិចូលរួមក្នុងការរីកចំរើននៃការថ្វាយបង្គំដ៏ពិត។ (អេសា. ២:៣, ៤; ៦០:៤-១០, ២២) ចំពោះពរយ៉ាងបរិបូរដែលព្រះយេហូវ៉ាប្រទានឲ្យយើង តើយើងអាចសម្ដែងអំណរគុណយ៉ាងដូចម្ដេច?—កូល. ៣:១៥, ១៧
២ បំរើស្មោះអស់ពីចិត្តដោយអំណរ: ពេលសំដៅលើការថ្វាយខាងលុយកាក់និងសំភារៈ សាវ័កប៉ុលបានសរសេរថា៖ «ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (២កូ. ៩:៧) គោលការណ៍នេះក៏សំដៅលើកិច្ចបំរើដែលយើងថ្វាយចំពោះព្រះដែរ។ ការដឹងគុណបានសឲ្យឃើញតាមរយៈការរំភើបចិត្តរបស់យើងចំពោះសេចក្ដីពិត អំណររបស់យើងនៅឯកិច្ចប្រជុំគ្រីស្ទាន ការខ្នះខ្នែងក្នុងកិច្ចបំរើផ្សាយ ហើយការបំពេញតាមព្រះហឫទ័យរបស់ព្រះដោយចិត្តរីករាយ។—ទំនុក. ១០៧:២១, ២២; ១១៩:១៤; ១២២:១; រ៉ូម ១២:៨, ១១
៣ ក្នុងក្រិត្យវិន័យនៅអ៊ីស្រាអែលពីសម័យបុរាណ ចំពោះដង្វាយខ្លះ គ្មានចំណែកណាដែលបញ្ជាក់ចំនួនជាក់លាក់នោះទេ។ អ្នកថ្វាយបង្គំម្នាក់ៗអាចបង្ហាញថាគាត់ចេះដឹងគុណដោយថ្វាយ«តាមកំឡាំងរៀងខ្លួន គឺតាមព្រះពរដែលព្រះយេហូវ៉ា»បានប្រទានឲ្យ។ (ចោទិ. ១៦:១៦, ១៧) សព្វថ្ងៃនេះគឺស្រដៀងគ្នាដែរ ព្រោះចិត្តដែលមានអំណរគុណនឹងត្រូវជំរុញយើងឲ្យបំរើទ្រង់អស់អំពីចិត្ត តាមកាលៈទេសៈរបស់យើង ក្នុងការផ្សាយព្រះរាជាណាចក្រហើយនិងការបង្កើតឲ្យមានសិស្ស។ ពេលវិស្សមកាលអាចផ្ដល់នូវឱកាសឲ្យសម្ដែងនូវអំណរគុណរបស់យើង។ បងប្អូនខ្លះប្រើពេលវិស្សមកាលដើម្បីបង្កើនម៉ោងក្នុងកិច្ចបំរើផ្សាយ ហើយអ្នកខ្លះក៏បំរើជាអ្នកត្រួសត្រាយជំនួយដែរ។ តើអ្នកអាចពង្រីកកិច្ចបំរើរបស់អ្នកពេលដែលមានវិស្សមកាលឬទេ?
៤ អរព្រះគុណអោយបានច្រើនលើសលប់: វិធីសំខាន់មួយដែលយើងសម្ដែងអំណរគុណចំពោះព្រះយេហូវ៉ា គឺតាមរយៈការអធិស្ឋាន។ (១ថែ. ៥:១៧, ១៨) ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យ«អរព្រះគុណ . . . អោយបានច្រើនលើសលប់»។ (កូឡ. [កូល.] ២:៧, ខ.ស.) ទោះបីជាយើងរវល់ខ្លាំងយ៉ាងណា ឬពេលដែលស្ថិតនៅក្រោមការលំបាកក៏ដោយ យើងគួរតែរួមបញ្ចូលពាក្យអំណរគុណពេលដែលអធិស្ឋានប្រចាំថ្ងៃ។ (ភី. ៤:៦) យ៉ាងពិតប្រាកដមែន តាមរយៈកិច្ចបំរើនិងសេចក្ដីអធិស្ឋានរបស់យើង សូមឲ្យយើង«បានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យ . . . អរព្រះគុណជាច្រើន»។—២កូ. ៩:១២