ចូរបណ្ដុះនូវបំនិនក្នុងការវែកញែកជាមួយអ្នកឯទៀត
១ សុន្ទរកថារបស់សាវ័កប៉ុលនៅសាលាប្រជុំមួយក្នុងទីក្រុងអាន់ទីយ៉ូកនៃស្រុកពីស៊ីឌាដែលបាន កត់ទុកក្នុងសៀវភៅកិច្ចការ ១៣:១៦-៤១ ផ្ដល់នូវឧទាហរណ៍ដ៏ល្អមួយស្តីអំពីការវែកញែកជាមួយអ្នកឯទៀត។ ប៉ុលបានយកសាវតារនិងចិត្តគំនិតអ្នកស្ដាប់របស់គាត់មកពិចារណាហើយកែសម្រួលពាក្យផ្សាយនៃដំណឹងល្អឲ្យសមស្របតាមនោះ។ ពេលដែលយើងពិនិត្យមើលកំណត់ហេតុនេះសូមឲ្យយើងពិចារណាថាតើតាមរបៀបណាដែលយើងអាចធ្វើដូច្នោះក្នុងកិច្ចបំរើផ្សាយរបស់យើង?
២ ចូររកមើលចំណុចដែលយើងយល់ស្របជាមួយគ្នា: ថ្វីបើសាររបស់ប៉ុលសំដៅទៅលើតួនាទីសំខាន់បំផុតរបស់ព្រះយេស៊ូក្នុងការសំរេចគោលបំណងរបស់ព្រះក៏ដោយ ប៉ុលមិនបានចាប់ផ្ដើមសុន្ទរកថារបស់គាត់ដោយថ្លែងអំពីចំណុចនោះទេ។ ផ្ទុយទៅវិញ គាត់បាននិយាយអំពីអ្វីដែលស្របជាមួយពួកអ្នកស្ដាប់ដែលច្រើនតែជាពួកសាសន៍យូដា ពោលគឺប្រវត្ដិសាស្ត្រនៃសាសន៍យូដា។ (កិច្ច. ១៣:១៦-២២) ស្រដៀងគ្នាដែរ យើងនឹងមានប្រសិទ្ធភាពក្នុងការជំរុញចិត្តអ្នកឯទៀត បើយើងខំរកមើលចំណុចដែលយើងយល់ស្របជាមួយពួកគេ។ នេះអាចតម្រូវឲ្យយើងសួរសំនួរដោយប៉ិនប្រសប់ហើយយកចិត្តទុកដាក់ស្ដាប់ដើម្បីត្រិះរិះយល់អំពីអ្វីដែលពិតជាសំខាន់ចំពោះពួកគេ។
៣ ដោយពិភាក្សាអំពីប្រវត្ដិសាស្ត្រនៃសាសន៍យូដា ប៉ុលបានរំឭកពួកអ្នកស្ដាប់អំពីសេចក្ដីសន្យារបស់ព្រះ ស្តីអំពីអ្នកសង្គ្រោះម្នាក់ដែលទ្រង់នឹងនាំមកពីតំណវង្សស្តេចដាវីឌ។ ក៏ប៉ុន្តែនៅសម័យនោះសាសន៍យូដាជាច្រើនកំពុងតែរង់ចាំវីរជនយោធាមួយរូប ដែលនឹងរំដោះសាសន៍យូដាចេញពីការត្រួតត្រារបស់សាសន៍រ៉ូម ហើយលើកសាសន៍យូដាឡើងឲ្យខ្ពស់ជាងសាសន៍ឯទៀត។ ពួកគេប្រាកដជាដឹងថាព្រះយេស៊ូបានត្រូវអ្នកដឹកនាំសាសនាយូដានៅក្រុងយេរូសាឡិមបដិសេធមិនទទួលស្គាល់ និងបានត្រូវប្រគល់ឲ្យពួកអាជ្ញាធររ៉ូមហើយទ្រង់បានត្រូវគេធ្វើគុត។ តើតាមរបៀបណាដែលប៉ុលអាចបញ្ចុះបញ្ចូលពួកគេឲ្យជឿថាព្រះយេស៊ូជាព្រះមេស្ស៊ី?
៤ ចូរកែសម្រួលវិធីសាស្ត្ររបស់អ្នក: ដោយដឹងអំពីចិត្តគំនិតរបស់ពួកអ្នកស្ដាប់របស់គាត់ ប៉ុលបានប្រើបទគម្ពីរដើម្បីវែកញែកជាមួយដោយយកអ្វីៗដែលពួកគេបានយល់ស្របរួចហើយនោះមកធ្វើជាមូលដ្ឋាន។ ជាឧទាហរណ៍ គាត់បាននាំគេឲ្យស្គាល់ព្រះយេស៊ូជាពូជពង្សនៃស្តេចដាវីឌ។ ហើយដោយសារគាត់ដឹងថា មនុស្សជាច្រើនចាត់ទុកយ៉ូហានបាទីស្ទជាព្យាការីរបស់ព្រះនោះ គាត់បានបញ្ជាក់ថាព្រះយេស៊ូជាអ្នកដែលយ៉ូហានចង់សំដៅទៅលើ។ (កិច្ច. ១៣:២៣-២៥) ប៉ុលបានបង្ហាញថា ដោយមិនទទួលស្គាល់ព្រះយេស៊ូហើយកាត់ទោសប្រហារព្រះជន្មទ្រង់ អ្នកដឹកនាំសាសនាបាន«ធ្វើសំរេចតាមសេចក្ដីទំនាយ»។ (កិច្ច. ១៣:២៦-២៨) ម្យ៉ាងទៀត គាត់បានពន្យល់ថាមានសាក្សីដែលបានឃើញផ្ទាល់ភ្នែកថាព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញហើយគាត់បានទាញអារម្មណ៍គេឲ្យគិតទៅលើបទគម្ពីរដែលពួកអ្នកស្ដាប់ជាសាសន៍យូដាធ្លាប់ស្គាល់ហើយ គឺដំណើររស់ឡើងវិញរបស់ព្រះយេស៊ូដែលបានសំរេចតាមបទគម្ពីរ។—កិច្ច. ១៣:២៩-៣៧
៥ ម្យ៉ាងវិញទៀត ពេលនិយាយទៅកាន់ពួកអ្នកស្ដាប់សាសន៍ក្រិចនៅកណ្ដាលទីអើរីយ៉ូសក្នុងទីក្រុងអាថែន ប៉ុលបានប្រើវិធីមួយដែលផ្សេងពីនេះ។ (កិច្ច. ១៧:២២-៣១) ក៏ប៉ុន្តែគាត់បានផ្សាយសារដែលមានមូលដ្ឋានដូចគ្នាហើយក្នុងករណីទាំងពីរ ការប្រឹងប្រែងរបស់គាត់បានទទួលលទ្ធផលល្អ។ (កិច្ច. ១៣:៤២, ៤៣; ១៧:៣៤) ស្រដៀងគ្នាដែរសព្វថ្ងៃនេះ យើងនឹងមានប្រសិទ្ធភាពច្រើនជាងក្នុងកិច្ចបំរើផ្សាយ ប្រសិនបើយើងខំរកមើលអ្វីដែលយើងយល់ស្របជាមួយអ្នកស្ដាប់ ហើយកែសម្រួលវិធីសាស្ត្ររបស់យើងសមស្របទៅតាមសាវតារនិងចិត្តគំនិតរបស់ពួកគេ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកំណត់ហេតុអ្វីនៃព្រះគម្ពីរដែលយើងនឹងពិនិត្យមើល? ដោយព្រោះអ្វី?
២. តើយើងអាចទាញយកមេរៀនអ្វីពីរបៀបដែលសាវ័កប៉ុលបានចាប់ផ្ដើមសុន្ទរកថារបស់គាត់?
៣. តើអ្វីដែលធ្វើឲ្យអ្នកស្ដាប់របស់ប៉ុលពិបាកទទួលស្គាល់ព្រះយេស៊ូថាជាព្រះមេស្ស៊ី?
៤. តើប៉ុលបានវែកញែកយ៉ាងប៉ិនប្រសប់ជាមួយអ្នកស្ដាប់ដែលជាសាសន៍យូដាយ៉ាងដូចម្ដេច?
៥. (ក) តើប៉ុលកែសម្រួលវិធីសាស្ត្ររបស់គាត់ យ៉ាងណាពេលដែលគាត់និយាយទៅកាន់ពួកអ្នកស្ដាប់សាសន៍ក្រិច? (ខ) តើយើងអាចយកតម្រាប់តាមគំរូរបស់ប៉ុលយ៉ាងដូចម្ដេច ពេលធ្វើបន្ទាល់ក្នុងតំបន់ផ្សាយរបស់យើង?