ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះយេហូវ៉ា
១ អ្នកតែងបទទំនុកដំកើងបានប្រកាសថា៖ «ចូរឲ្យជនទាំងឡាយ នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ! . . . ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់នៅកណ្ដាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្ដាលបណ្ដាជនទាំងឡាយ»។ ពេលដែលយើងសញ្ជឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើពីមុន កំពុងតែធ្វើឥឡូវ ហើយនឹងធ្វើនៅពេលខាងមុខសំរាប់យើង នោះចិត្តយើងជំរុញឲ្យថ្លែងប្រាប់ពីសិរីល្អរបស់ទ្រង់!—ទំនុក. ៩៦:១, ៣
២ ក្នុងកិច្ចបំរើផ្សាយរបស់យើង: ស្មរបន្ទាល់ព្រះយេហូវ៉ាមានកិត្ដិយសតំណាងទ្រង់និងសរសើរដំកើងព្រះនាមទ្រង់នៅមុខមនុស្សទាំងអស់ទូទាំងផែនដី។ (ម៉ាឡ. ១:១១) នេះគឺផ្ទុយស្រឡះពីពួកបព្វជិតនៃពិភពគ្រីស្ទសាសនាដែលដកព្រះនាមព្រះដោយឥតកោតក្រែងចេញពីព្រះគម្ពីរដែលគេបកប្រែ! ការប្រកាសឲ្យមនុស្សស្គាល់ព្រះនាមព្រះគឺបន្ទាន់ណាស់! ពីព្រោះបណ្ដាជនទាំងឡាយត្រូវអំពាវនាវដល់ព្រះនាមព្រះដោយចិត្តជឿដើម្បីទទួលសេចក្ដីសង្គ្រោះនៅគ្រាវេទនាយ៉ាងធំដែលជិតមកដល់។ (រ៉ូម ១០:១៣-១៥) ម្យ៉ាងទៀត សន្ដិភាពទូទាំងសកលលោកដែលរួមបញ្ចូលសន្ដិភាពរវាងមនុស្សទាំងអស់ដែលរស់នៅលើផែនដី គឺអាស្រ័យទៅលើការធ្វើឲ្យព្រះនាមព្រះបានបរិសុទ្ធ។ ប្រាកដហើយ គ្រប់កិច្ចការទាំងអស់របស់ព្រះបានលើកដំកើងព្រះនាមទ្រង់។
៣ «ព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់!»។ ប៉ុន្តែ បណ្ដាជនត្រូវស្គាល់សេចក្ដីពិតអំពីព្រះទើបពួកគេអាច«ថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ»។ (ទំនុក. ៩៦:៤, ៨) ក៏ប៉ុន្តែអ្នកខ្លះប្រកែកថា គ្មានព្រះទេ។ (ទំនុក. ១៤:១) អ្នកខ្លះទៀតមួលបង្កាច់ព្រះថា ទ្រង់គ្មានអំណាច ឬក៏គេអះអាងថាទ្រង់មិនរវល់នឹងរឿងរ៉ាវរបស់មនុស្សជាតិឡើយ។ យើងសរសើរដំកើងព្រះយេហូវ៉ាពេលយើងជួយមនុស្សល្អឲ្យទទួលចំណេះត្រឹមត្រូវអំពីគោលបំណងនិងបុគ្គលិកលក្ខណៈដ៏ជាទីស្រឡាញ់របស់ព្រះដែលជាអ្នកបង្កើតយើង។
៤ ដោយការប្រព្រឹត្តរបស់យើង: យើងលើកកិត្ដិយសថ្វាយព្រះយេហូវ៉ាដោយរស់នៅសមស្របទៅតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។ មនុស្សតែងតែកត់សម្គាល់ការប្រព្រឹត្តល្អរបស់យើង។ (១ពេ. ២:១២) ជាឧទាហរណ៍ បើយើងរក្សាអាការក្រៅឲ្យបានស្អាតបាតនិងសមរម្យនោះ នេះអាចនាំឲ្យមានការសរសើរពីអ្នកឯទៀត។ នេះផ្ដល់ឱកាសឲ្យយើងនិយាយអំពីប្រយោជន៍ដែលមកពីការរស់នៅសមស្របទៅតាមគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះ។ (១ធី. ២:៩, ១០) យើងសប្បាយចិត្តយ៉ាងណាទៅហ្ន៎! កាលណាអ្នកឯទៀត‹ឃើញការល្អដែលយើងប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌›។—ម៉ាថ. ៥:១៦
៥ ចូរសរសើរដំកើងព្រះដ៏អស្ចារ្យនៃយើងជារៀងរាល់ថ្ងៃដោយពាក្យសំដីនិងការប្រព្រឹត្តរបស់យើង។ បើយើងធ្វើដូច្នេះ យើងធ្វើតាមការអញ្ជើញឲ្យ«ច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់។ ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់តែថ្ងៃតទៅ»។—ទំនុក. ៩៦:២