ការប្រកាសប្រាប់នូវព្រះនាមរបស់ព្រះ
១ តើអ្នកមានទឹកចិត្តយ៉ាងណា ពេលអ្នកបានស្គាល់ព្រះនាមរបស់ព្រះជាលើកដំបូងនោះ? មនុស្សជាច្រើនមានប្រតិកម្មដូចស្ត្រីម្នាក់ដែលថា៖ «លើកដំបូងដែលខ្ញុំបានឃើញព្រះនាមរបស់ព្រះ ខ្ញុំបានយំ។ ខ្ញុំមានចិត្តរំជួលដោយដឹងថា ខ្ញុំបានស្គាល់ ហើយអាចប្រើព្រះនាមផ្ទាល់របស់ព្រះ»។ ចំពោះស្ត្រីនោះ ការស្គាល់ព្រះនាមរបស់ព្រះគឺជាជំហានដ៏សំខាន់ ក្នុងការស្គាល់ព្រះយេហូវ៉ាជាបុគ្គលមួយអង្គ ហើយមានទំនាក់ទំនងជាមួយនឹងទ្រង់។
២ ហេតុអ្វីក៏ត្រូវប្រកាសប្រាប់ព្រះនាមរបស់ព្រះ? ព្រះនាមរបស់ព្រះគឺជាប់ទាក់ទងនឹងការរៀនពីគុណសម្បត្ដិ គោលបំណង និងការប្រព្រឹត្តរបស់ទ្រង់។ យើងក៏ត្រូវស្គាល់ព្រះនាមរបស់ទ្រង់ដែរ ដើម្បីបានទទួលការសង្គ្រោះ។ សាវ័កប៉ុលបានសរសេរថា៖ «គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ»។ ប៉ុន្តែ ប៉ុលបានវែកញែកថា៖ «ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន» បើគេមិនទាន់រៀនហើយជឿទៅលើទ្រង់ផងនោះ? ដូច្នេះ គឺចាំបាច់ឲ្យពួកគ្រីស្ទានប្រកាសប្រាប់នូវព្រះនាមរបស់ព្រះ ហើយអ្វីដែលព្រះនាមនោះតំណាង។ (រ៉ូម ១០:១៣, ១៤) ប៉ុន្តែ មានហេតុដ៏សំខាន់ជាងទៀតដែលតម្រូវឲ្យប្រកាសប្រាប់នូវព្រះនាមរបស់ព្រះ។
៣ ចាប់ផ្ដើមពីទសវត្សនៃឆ្នាំ១៩២០ រាស្ត្ររបស់ព្រះបានយល់ឃើញពីបទគម្ពីរ នូវរឿងចំណោទដែលជាប់ទាក់ទងនឹងសកលលោកយើងនេះ អំពីការបង្ហាញភាពត្រឹមត្រូវនៃអធិបតេយ្យរបស់ព្រះ និងការធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។ មុនពេលដែលព្រះយេហូវ៉ាបំផ្លាញចោលមនុស្សអាក្រក់ដើម្បីដកចេញការតិះដៀលចំពោះព្រះនាមទ្រង់ នោះយើងត្រូវតែប្រកាសសេចក្ដីពិតអំពីទ្រង់«ឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង»។ (អេសា. ១២:៤, ៥; អេសេ. ៣៨:២៣) នេះហើយជាមូលហេតុចំបងដែលយើងផ្សព្វផ្សាយគឺ ដើម្បីសរសើរព្រះយេហូវ៉ាជាសាធារណៈ ហើយធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធចំពោះមនុស្សជាតិទាំងអស់។ (ហេ. ១៣:១៥) សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ជំរុញចិត្តយើងឲ្យចូលរួមយ៉ាងពេញលេញ ក្នុងកិច្ចការដែលព្រះបានកំណត់នេះ។
៤ «រាស្ត្រ១ពួក . . . ទុកសំរាប់ព្រះនាមទ្រង់»: នៅឆ្នាំ១៩៣១ យើងបានទទួលនូវឈ្មោះថា ស្មរបន្ទាល់ព្រះយេហូវ៉ា។ (អេសា. ៤៣:១០) តាំងពីពេលនោះ រាស្ត្ររបស់ព្រះបានប្រកាសប្រាប់ព្រះនាមរបស់ព្រះបានច្រើនដល់ម្ល៉េះបានជាសៀវភៅប្រកាស ទំព័រ១២៤ ចែងថា៖ «ទូទាំងពិភពលោក មនុស្សដែលនិយាយអំពីព្រះនាមព្រះយេហូវ៉ាដោយមិនស្ទាក់ស្ទើរ ត្រូវបានគេសម្គាល់ភ្លាមថាជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់»។ (ភាសាអង់គ្លេស) តើគេសម្គាល់អ្នកដូច្នេះដែរឬទេ? ការដឹងគុណចំពោះសេចក្ដីល្អរបស់ព្រះយេហូវ៉ាគួរជំរុញចិត្តយើង«ឲ្យព្រះនាមទ្រង់បានពរ» ដោយនិយាយអំពីទ្រង់នៅគ្រប់ឱកាសដ៏សមគួរ។—ទំនុក. ២០:៧; ១៤៥:១, ២, ៧
៥ ជា«រាស្ត្រ១ពួក . . . ទុកសំរាប់ព្រះនាមទ្រង់» យើងត្រូវកាន់តាមខ្នាតតម្រារបស់ទ្រង់។ (កិច្ច. ១៥:១៤; ២ធី. ២:១៩) ជាធម្មតា លក្ខណៈចំបងដែលមនុស្សកត់សម្គាល់អំពីស្មរបន្ទាល់ព្រះយេហូវ៉ា គឺការប្រព្រឹត្តដ៏ល្អរបស់គេ។ (១ពេ. ២:១២) យើងមិនគួរបង្អាប់បង្អោនព្រះនាមទ្រង់ដោយរំលោភមើលងាយគោលការណ៍របស់ទ្រង់ ឬធ្វើឲ្យការថ្វាយបង្គំចំពោះទ្រង់លែងមានអាទិភាពក្នុងជីវិតរបស់យើងនោះ។ (លេវី. ២២:៣១, ៣២; ម៉ាឡ. ១:៦-៨, ១២-១៤) ផ្ទុយទៅវិញ សូមឲ្យវិថីជីវិតរបស់យើងសម្ដែងថា យើងស្រឡាញ់ឯកសិទ្ធិធ្វើបន្ទាល់អំពីព្រះនាមរបស់ទ្រង់។
៦ សព្វថ្ងៃនេះ យើងឃើញការបំពេញនូវការប្រកាសរបស់ព្រះយេហូវ៉ា នោះគឺ៖ «ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ»។ (ម៉ាឡ. ១:១១) សូមឲ្យយើងបន្តប្រកាសប្រាប់នូវសេចក្ដីពិតអំពីព្រះយេហូវ៉ា ហើយ«ឲ្យព្រះនាមបរិសុទ្ធរបស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ»។—ទំនុក. ១៤៥:២១
[Study Questions]
១. តើការស្គាល់ព្រះនាមផ្ទាល់របស់ព្រះ អាចមានអានុភាពអ្វីទៅលើមនុស្ស?
២. ហេតុអ្វីជាការបន្ទាន់ដែលយើងត្រូវបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា?
៣. តើអ្វីទៅជាមូលហេតុចំបងដែលយើងផ្សព្វផ្សាយនោះ?
៤. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវសម្គាល់ដោយព្រះនាមព្រះយ៉ាងដូចម្ដេច?
៥. តើការប្រព្រឹត្តរបស់យើងជាប់ទាក់ទងនឹងការធ្វើបន្ទាល់អំពីព្រះនាមរបស់ទ្រង់យ៉ាងណា?
៦. តើមានឯកសិទ្ធិអ្វីដែលយើងអាចចូលរួមនៅពេលឥឡូវ ថែមទាំងជារៀងរហូតផងដែរ?