វិធីរក្សាឲ្យមានចិត្តឧស្សាហ៍ខ្នះខ្នែង
១ ចិត្តឧស្សាហ៍ខ្នះខ្នែងរបស់អ័ប៉ុឡូសក្នុងកិច្ចបម្រើផ្សាយ ប្រហែលជារំលឹកយើងអំពីបណ្ដាគ្រីស្ទានរួមជំនឿរបស់យើងសព្វថ្ងៃនេះ ដែលឧស្សាហ៍ក្រៃលែងក្នុងកិច្ចការផ្សព្វផ្សាយ។ (កិច្ច. ១៨:២៤-២៨) យ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវបានក្រើនរំលឹកថា៖ «ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ!»។ (រ៉ូម ១២:១១) តើអ្វីអាចជួយយើងបណ្ដុះនិងរក្សាចិត្តឧស្សាហ៍ក្នុងកិច្ចបម្រើផ្សាយ?
២ ជំរុញចិត្តដោយចំណេះ: បន្ទាប់ពីព្រះយេស៊ូបានលេចមកជួបសិស្សពីរនាក់របស់ទ្រង់ ហើយ«បកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល» ពួកគាត់បានកត់សម្គាល់ថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង . . . នៅតាមផ្លូវយើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ (លូ. ២៤:២៧, ៣២, ខ.ស.) ដូចគ្នាដែរ តើយើងរំភើបចិត្តយ៉ាងណា ពេលដែលយើងយល់ព្រះបន្ទូលរបស់ព្រះកាន់តែច្បាស់ឡើងនោះ? ប្រាកដហើយ ជំនឿត្រូវបានជំរុញដោយចំណេះ។ រ៉ូម ១០:១៧ ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ ពន្យល់ថា៖ «ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់»។ កាលណាយើងមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា នោះយើងមិនអាចលែងនិយាយអំពីអ្វីដែលយើងបានរៀនឡើយ!—ទំនុក. ១៤៥:៧; កិច្ច. ៤:២០
៣ បើយើងចង់រក្សាចិត្តឧស្សាហ៍របស់យើងក្នុងកិច្ចបម្រើព្រះ និងសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ឲ្យនៅតែខ្លាំងជានិច្ច នោះយើងមិនអាចពឹងផ្អែកតែលើចំណេះដែលយើងមានពីមុនទេ។ យើងត្រូវបន្តបង្កើនការយល់ដឹងរបស់យើងអំពីសេចក្ដីពិត ហើយធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ារឹតតែជ្រាលជ្រៅថែមទៀត។ ពុំនោះសោត កិច្ចបម្រើព្រះរបស់យើងអាចក្លាយទៅជាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ (វិវរ. ២:៤) ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យ«[«បន្ត»]ស្គាល់ព្រះកាន់តែច្បាស់ឡើង»។—កូល. ១:៩, ១០; ព.ថ., កំណែជាអក្សរទ្រេត
៤ ទម្លាប់សិក្សារបស់យើង: ហេតុនេះហើយបានជា យកល្អយើងពិនិត្យមើលនូវទម្លាប់សិក្សារបស់យើង។ ជាឧទាហរណ៍ យើងប្រហែលជាអាចគូសចម្លើយផ្សេងៗក្នុងអត្ថបទសិក្សានៃទស្សនាវដ្ដីប៉មយាម ហើយឆ្លើយសំណួរយ៉ាងត្រឹមត្រូវ។ ក៏ប៉ុន្តែ តើយើងឆែកមើលបទគម្ពីរ ហើយសញ្ជឹងគិតអំពីរបៀបអនុវត្តតាមព័ត៌មាននោះនៅក្នុងជីវិតយើងឬទេ? ក្នុងអំនានព្រះគម្ពីរប្រចាំសប្ដាហ៍ តើយើងខំប្រឹងធ្វើការស្រាវជ្រាវថែមទៀតបើកាលៈទេសៈអនុញ្ញាតឲ្យ ហើយសញ្ជឹងគិតអំពីមេរៀនក្នុងអំនានព្រះគម្ពីរនោះឬទេ? (ទំនុក. ៧៧:១១, ១២; សុ. ២:១-៥) ការសញ្ជឹងគិតនិងការជក់ចិត្តជក់អារម្មណ៍អំពីព្រះបន្ទូលរបស់ព្រះ ពិតជានាំឲ្យមានចិត្តឧស្សាហ៍ប្រព្រឹត្តតាមហើយកាន់ខ្ជាប់មែន! (១ធី. ៤:១៥, ១៦) ការសិក្សាយ៉ាងស៊ីជម្រៅបែបនេះ នឹងលើកទឹកចិត្តហើយផ្ដល់កម្លាំងឲ្យយើង«ឧស្សាហ៍ធ្វើការល្អ»។—ទីត. ២:១៤