«ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»
១. តើយើងគួរមានទឹកចិត្តបែបណាចំពោះកិច្ចការផ្សព្វផ្សាយ?
១ យើងមិនគួរទៅជាអសកម្មក្នុងទិដ្ឋភាពណាមួយនៃកិច្ចបម្រើជាគ្រិស្តសាសនិកទេ។ ផ្ទុយទៅវិញ យើងត្រូវបានលើកទឹកចិត្តឲ្យ«មានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ។ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»។ (រ៉ូម ១២:១១) ប៉ុន្តែ គឺមានអ្វីៗជាច្រើនដែលអាចធ្វើឲ្យយើងលែងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ តើតាមរបៀបណាដែលយើងអាចមានចិត្តខ្នះខ្នែងចំពោះកិច្ចការខាងរាជាណាចក្រ ហាក់«ដូចភ្លើងដែលឆេះសន្ធោសន្ធៅ?»។—២ធី. ១:៦, ៧
២. តើការសិក្សាគម្ពីរដោយខ្លួនឯងទាក់ទងនឹងចិត្តខ្នះខ្នែងចំពោះកិច្ចបម្រើផ្សាយយ៉ាងណា?
២ ការសិក្សាគម្ពីរដោយខ្លួនឯង: អ្នកផ្សព្វផ្សាយសាររាជាណាចក្រដែលមានប្រសិទ្ធភាព គឺជាអ្នកដែលស្រឡាញ់ច្បាប់របស់ព្រះ និងស្រឡាញ់យ៉ាងជ្រាលជ្រៅនូវសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ។ (ទំនុក. ១១៩:៩៧) នៅពេលដែលយើងរៀនអំពីសេចក្ដីពិតក្នុងការសិក្សាដោយខ្លួនឯង នេះជំរុញចិត្តយើង ហើយធ្វើឲ្យយើងមានចិត្តខ្នះខ្នែងទៀត។ សេចក្ដីស្រឡាញ់ចំពោះព្រះដែលជាអ្នកផ្ដល់សេចក្ដីពិតទាំងនេះ ថែមទាំងក្ដីប្រាថ្នាចង់ប្រាប់ដំណឹងល្អដល់អ្នកដទៃ ជាអ្វីដែលជំរុញចិត្តយើងឲ្យសរសើរព្រះ និងប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត។ (ហេ. ១៣:១៥) ច្បាស់ណាស់ ការប្រកាសដំណឹងល្អដោយព្យាយាម បង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់យើងចំពោះសារៈសំខាន់និងតម្លៃនៃដំណឹងល្អនោះ។
៣. តើសកម្មពលបរិសុទ្ធរបស់ព្រះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៣ អធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ: យើងមិនអាចពឹងលើកម្លាំងរបស់យើងដើម្បីឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយបានឡើយ។ ដើម្បីមានចិត្តខ្នះខ្នែងពិតប្រាកដ គឺយើងត្រូវមានសកម្មពលបរិសុទ្ធរបស់ព្រះ។ (១ពេ. ៤:១១) បើយើងចូលកាន់តែជិតប្រភពនៃ«តេជានុភាពដ៏ខ្លាំងក្លា» នោះយើងនឹងទទួលនូវភាពរឹងមាំឲ្យផ្សព្វផ្សាយដោយចិត្តក្លាហាន។ (អេសា. ៤០:២៦, ២៩-៣១) នៅពេលដែលសាវ័កប៉ូលបានប្រឈមមុខនឹងការពិបាក គាត់«បានទទួលជំនួយពីព្រះ»។ (សកម្ម. ២៦:២១, ២២) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយយើងឲ្យមានចិត្តពុះកញ្ជ្រោលក្នុងកិច្ចបម្រើផ្សាយ។ ដូច្នេះហើយ យើងគួរអធិស្ឋានសុំសកម្មពលរបស់ព្រះ។—លូក. ១១:៩-១៣
៤. បើយើងមានចិត្តខ្នះខ្នែង តើអាចមានលទ្ធផលអ្វី? ប៉ុន្តែ តើយើងត្រូវតែប្រុងប្រយ័ត្នអំពីអ្វី?
៤ ចិត្តខ្នះខ្នែងចំពោះការផ្សព្វផ្សាយរាជាណាចក្ររបស់ព្រះ តែងបង្កើតឲ្យមានចិត្តខ្នះខ្នែងក្នុងចំណោមបងប្អូនរួមជំនឿ។ (២កូ. ៩:២) នៅតាមតំបន់ផ្សាយ បុគ្គលម្នាក់ៗទំនងជាចង់ស្ដាប់ការផ្សាយរបស់យើងជាង បើយើងនិយាយដោយចិត្តខ្នះខ្នែងនិងជំនឿស៊ប់។ ប៉ុន្តែ ចិត្តខ្នះខ្នែងត្រូវគួបផ្សំនឹងការប៉ិនប្រសប់និងចិត្តស្លូតបូត។ (ទីត. ៣:២) នៅគ្រប់ពេលវេលា យើងចង់គោរពភាពថ្លៃថ្នូររបស់ម្ចាស់ផ្ទះ និងសិទ្ធិសេរីភាពរបស់គាត់ដែរ។
៥. តើយើងត្រូវខំព្យាយាមធ្វើតាមការដាស់តឿនអ្វី?
៥ ក្នុងនាមជាអ្នកប្រកាសសាររាជាណាចក្ររបស់ព្រះ សូមឲ្យយើង«មានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»ជានិច្ច។ សូមឲ្យយើងបណ្ដុះបណ្ដាលឲ្យមានចិត្តខ្នះខ្នែងតាមរយៈការសិក្សាគម្ពីរដោយខ្លួនឯង ការព្យាយាមអធិដ្ឋានដល់ព្រះយេហូវ៉ា ជាអ្នកដែលអាចឲ្យយើងនូវសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោក។ តាមរបៀបនេះ យើងអាចបំពេញកិច្ចបម្រើផ្សាយដោយចិត្តខ្នះខ្នែង «ដោយសកម្មពលបរិសុទ្ធ និងដោយជំនឿរឹងមាំ»។—១ថែ. ១:៥