ក្នុងអំឡុងរដូវពិធីរំលឹក តើអ្នកនឹងមានចិត្តខ្នះខ្នែងដូចព្រះយេហូវ៉ានិងលោកយេស៊ូឬទេ?
១. ក្នុងអំឡុងរដូវពិធីរំលឹក តើសាក្សីព្រះយេហូវ៉ាខំប្រឹងធ្វើអ្វី?
១ ព្រះយេហូវ៉ាសម្រេចគោលបំណងរបស់លោកដោយចិត្តខ្នះខ្នែង។ ពេលរៀបរាប់អំពីពរខ្លះៗដែលមកពីរាជាណាចក្ររបស់ព្រះ អេសាយ ៩:៧ ចែងថា៖ «សេចក្ដីឧស្សាហ៍[«ចិត្តខ្នះខ្នែង»; ព.ថ.]របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ»។ ស្រដៀងគ្នាដែរ បុត្ររបស់ព្រះបានបង្ហាញចិត្តខ្នះខ្នែងដ៏អស្ចារ្យចំពោះការគោរពប្រណិប័តន៍ពិត ក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី។ (យ៉ូន. ២:១៣-១៧; ៤:៣៤) ជារៀងរាល់ឆ្នាំក្នុងអំឡុងរដូវពិធីរំលឹក អ្នកផ្សាយរាប់លាននាក់នៅទូទាំងពិភពលោក ខំប្រឹងធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងលោកយេស៊ូស្តីអំពីចិត្តខ្នះខ្នែង ដោយបង្កើនសកម្មភាពផ្សព្វផ្សាយរបស់ពួកគេ។ តើអ្នកនឹងធ្វើដូចពួកគេឬទេ?
២. ចាប់ផ្ដើមពីថ្ងៃទី៧ ខែមីនា តើចិត្តខ្នះខ្នែងនឹងជំរុញយើងឲ្យធ្វើអ្វី?
២ ការចែកចាយសេចក្ដីអញ្ជើញពិធីរំលឹក: នៅឆ្នាំនេះ ការចែកចាយសេចក្ដីអញ្ជើញពិធីរំលឹកនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ទី៧ ខែមីនា។ សូមរៀបចំពីឥឡូវនេះដើម្បីចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ បងប្អូនក្នុងក្រុមជំនុំនឹងពោរពេញទៅដោយចិត្តរំភើប កាលដែលពួកគាត់ខំប្រឹងអញ្ជើញមនុស្សឲ្យបានច្រើនបំផុតក្នុងតំបន់ផ្សាយ។ សូមខំព្យាយាមអញ្ជើញសិស្សគម្ពីរ អ្នកដែលយើងត្រឡប់ទៅជួប អ្នករួមការងារ សាច់ញាតិ និងសិស្សរួមថ្នាក់ដោយជូនលិខិតអញ្ជើញឬប្រើjw.org។
៣. តើតាមរបៀបណាយើងអាចបង្កើនកិច្ចបម្រើផ្សាយក្នុងអំឡុងខែមីនានិងមេសា?
៣ ការត្រួសត្រាយជំនួយ: ចិត្តខ្នះខ្នែងក៏ជំរុញយើងឲ្យបង្កើនកិច្ចបម្រើផ្សាយដែរ។ បងប្អូនជាច្រើនអាចត្រួសត្រាយជំនួយក្នុងអំឡុងខែមីនានិងមេសា ដោយសារយើងអាចជ្រើសរើសផ្សព្វផ្សាយ៣០ម៉ោងបាន។ ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬការសិក្សាផ្ទាល់ខ្លួន សូមអធិដ្ឋាននិងពិចារណាអំពីរបៀបដែលអ្នកអាចធ្វើដូច្នោះ។ (សុភ. ១៥:២២) បើអ្នកមានចិត្តខ្នះខ្នែងក្នុងសកម្មភាពពិសេសនេះ នោះបងប្អូនឯទៀតក៏អាចមានចិត្តខ្នះខ្នែងក្នុងសកម្មភាពនេះដែរ។ ប្រសិនបើអ្នកធ្វើការកែសម្រួលខ្លះៗដើម្បីផ្សព្វផ្សាយឲ្យបានច្រើនថែមទៀត អ្នកនឹងធ្វើតាមចិត្តខ្នះខ្នែងរបស់លោកយេស៊ូ។—ម៉ាក. ៦:៣១-៣៤
៤. បើយើងមានចិត្តខ្នះខ្នែងដូចព្រះយេហូវ៉ានិងលោកយេស៊ូ តើយើងនឹងទទួលពរអ្វីខ្លះ?
៤ ក្នុងអំឡុងរដូវពិធីរំលឹក បើយើងមានចិត្តខ្នះខ្នែងដូចព្រះយេហូវ៉ានិងលោកយេស៊ូ យើងនឹងទទួលពរជាច្រើន។ មនុស្សជាច្រើនក្នុងតំបន់ផ្សាយនឹងឮអំពីដំណឹងល្អ។ យើងនឹងមានអំណរនិងការស្កប់ចិត្តដែលមកពីការបម្រើព្រះយេហូវ៉ានិងការឲ្យអ្នកឯទៀត។ (សកម្ម. ២០:៣៥) សំខាន់បំផុត យើងនឹងធ្វើឲ្យព្រះយេហូវ៉ានិងបុត្រលោកពេញចិត្ត។