យើងគួររក្សាចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ
១ ចាប់ពីឆ្នាំ១៩៩២មក ដោយខ្នះខ្នែងស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយពេលលើសជាងមួយពាន់លានម៉ោងរៀងរាល់ឆ្នាំ ក្នុងការផ្សព្វផ្សាយពីរាជាណាចក្រព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្សនៅទូទាំងពិភពលោក។ យើងពិតជាសប្បាយចិត្តមែន ដោយយើងបានមានចំណែកតូចមួយក្នុងកិច្ចការដ៏អស្ចារ្យនោះដែរ!—ម៉ាថ. ២៨:១៩, ២០
២ ពិតមែន អំណរគុណនិងការសរសើរទាំងអស់គួរផ្ដល់ទៅព្រះយេហូវ៉ា ពីព្រោះទ្រង់បានទ្រទ្រង់នូវអ្វីដែលយើងត្រូវការក្នុងកិច្ចបម្រើផ្សាយ នៅអំឡុង«គ្រាលំបាក»នេះ។ (២ធី. ៣:១) ដើម្បីចូលរួមយ៉ាងខ្នះខ្នែងជានិច្ចក្នុងកិច្ចការដ៏សំខាន់នេះ តើតម្រូវឲ្យយើងធ្វើអ្វី?
៣ មូលហេតុនៃចិត្តខ្នះខ្នែង : ការស្រឡាញ់ព្រះនិងអ្នកជិតខាងយ៉ាងជ្រាលជ្រៅ ព្រមទាំងមានចិត្តចង់បំពេញតាមការថ្វាយខ្លួនរបស់យើង នឹងជំរុញទឹកចិត្តយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ (ម៉ាថ. ២២:៣៧-៣៩; ១យ៉ូន. ៥:៣) សេចក្ដីស្រឡាញ់ជំរុញយើងឲ្យលះបង់ប្រយោជន៍ខ្លួនដើម្បីអាចចូលរួមក្នុងការផ្សព្វផ្សាយយ៉ាងពេញលេញ។—លូ. ៩:២៣
៤ ចូរខំប្រឹងរក្សានូវចិត្តខ្នះខ្នែង : មេកំណាច ជាអ្នកប្រឆាំងយើង ព្យាយាមបង្អន់ចិត្តខ្នះខ្នែងរបស់យើងចំពោះកិច្ចបម្រើផ្សាយ។ វាប្រើភាពព្រងើយកន្តើយរបស់មនុស្សនៅតំបន់ផ្សាយ ការលំបាកក្នុងជីវិតប្រចាំថ្ងៃ ការព្រួយបារម្ភអំពីសុខភាពដែលកាន់តែអន់ទៅៗ និងអ្វីៗផ្សេងទៀតក្នុងពិភពលោកដែលអាចបំបែរអារម្មណ៍យើងដើម្បីធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។
៥ ហេតុនេះហើយបានជាយើងគួរតែខំប្រឹងរក្សាឲ្យមានចិត្តខ្នះខ្នែងយ៉ាងសកម្ម។ គឺជាការសំខាន់ដែលយើងបណ្ដុះឲ្យមាន«សេចក្ដីស្រឡាញ់ដើម[ដែលយើងធ្លាប់មាន]»។ ការបណ្ដុះសេចក្ដីស្រឡាញ់នេះរួមបញ្ចូលការអាន និងរំពឹងគិតពីគម្ពីរជាបណ្ដាំរបស់ព្រះជាទៀងទាត់ ហើយទទួលប្រយោជន៍ពីអ្វីៗទាំងអស់ដែលទ្រង់ប្រទានដើម្បីពង្រឹងជំនឿរបស់យើង តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។—វិវរ. ២:៤; ម៉ាថ. ២៤:៤៥; ទំនុក. ១១៩:៩៧
៦ ដូចជាទំនាយក្នុងគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា ថ្ងៃនៃព្រះយេហូវ៉ាដើម្បីបំផ្លាញមនុស្សទមិឡល្មើស គឺជិតដល់ហើយ។ (២ពេ. ២:៣; ៣:១០) ដូច្នេះដោយចងចាំអំពីកំណត់ហេតុនោះ សូមឲ្យយើងខំប្រឹងរក្សានូវចិត្តខ្នះខ្នែងចំពោះកិច្ចបម្រើផ្សាយ ដោយចូលរួមយ៉ាងពេញលេញក្នុងកិច្ចការដែលយើងកំពុងតែធ្វើទូទាំងពិភពលោកនេះ ពោលគឺការផ្សព្វផ្សាយពីរាជាណាចក្រព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស!