ទាំងអស់គ្នាអាចចូលរួមកិច្ចការបង្កើតសិស្សថ្មី
១ សិស្សថ្មីមិនបានបង្កើតមកដោយសារពីការព្យាយាមរបស់បុគ្គលម្នាក់ប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាអាចប្រើ«អ្នកធ្វើការ»ទាំងអស់របស់ទ្រង់ ដើម្បីជួយសិស្សព្រះគម្ពីរឲ្យរីកចម្រើនខាងទំនាក់ទំនងនិងចំណេះពីទ្រង់។ (១កូ. ៣:៦-៩) យើងម្នាក់ៗមិនគ្រាន់តែជួយអ្នកថ្មីតាមរយៈចម្លើយពីដួងចិត្តរបស់យើងនៅឯកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយតាមកិរិយាប្រព្រឹត្តល្អរបស់យើងដែរ។ នេះបង្ហាញជាក់ស្តែងថាព្រះវិញ្ញាណបរិសុទ្ធមានអានុភាពលើជីវិតយើង។ (យ៉ូន. ១៣:៣៥; កា. ៥:២២, ២៣; អេភ. ៤:២២, ២៣) តើមានអ្វីថែមទៀតដែលអាចធ្វើដើម្បីជួយអ្នកថ្មី?
២ ជាក្រុមជំនុំ: យើងទាំងអស់គ្នាអាចបង្ហាញចំណាប់អារម្មណ៍ទៅអ្នកដែលទើបចូលរួមនៅកិច្ចប្រជុំ ដោយទៅស្វាគមន៍គាត់ និងពិភាក្សាជាមួយគាត់មុន និងបន្ទាប់ពីកិច្ចប្រជុំ។ បុរសម្នាក់បាននឹកគិតពីពេលដែលគាត់ទៅកិច្ចប្រជុំជាលើកដំបូង បានពោលថា៖ «នៅថ្ងៃមួយនោះ ខ្ញុំជួបមនុស្សដែលខ្ញុំមិនស្គាល់សោះ បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ ច្រើនជាងមនុស្សនៅក្នុងព្រះវិហារដែលខ្ញុំទៅតាំងពីក្មេង។ នៅពេលនោះខ្ញុំយល់ច្បាស់ថា ខ្ញុំបានរកឃើញសេចក្ដីពិតហើយ»។ បងប្រុសនេះបានធ្វើបុណ្យជ្រមុជទឹក៧ខែក្រោយពីពេលគាត់ចូលរួមកិច្ចប្រជុំលើកដំបូង។
៣ ពេលសិស្សថ្មីជឿនទៅមុខ ឬមានមិត្តភាពជាមួយព្រះប្រសើរជាង ចូរសរសើរគាត់យ៉ាងស្មោះ។ តើសិស្សព្រះគម្ពីរកំពុងតែស៊ូទ្រាំនឹងការប្រឆាំងទេ? តើគាត់កំពុងតែចូលរួមកិច្ចប្រជុំទៀងទាត់ទេ? តើគាត់បានប្រមូលចិត្តក្លាហានដើម្បីឆ្លើយសំណួរទេ? តើគាត់បានចុះឈ្មោះនៅសាលាកិច្ចបម្រើផ្សាយ ឬក៏ចាប់ផ្ដើមផ្សព្វផ្សាយហើយទេ? ចូរសរសើរគាត់សម្រាប់អ្វីៗដែលគាត់បានធ្វើដើម្បីរីកចម្រើន។ បើយើងធ្វើដូច្នេះ នេះនឹងពង្រឹងទំនុកចិត្តនិងកម្លាំងចិត្តគាត់។—សុ. ២៥:១១
៤ ជាអ្នកដឹកនាំការសិក្សាព្រះគម្ពីរ: អ្នកផ្សាយខ្លះបានជួយសិស្សព្រះគម្ពីររបស់គាត់ឲ្យស្គាល់សមាជិកនៅក្រុមជំនុំ ដោយអញ្ជើញអ្នកផ្សាយឯទៀតមកចូលរួមនៅការសិក្សាព្រះគម្ពីរ។ ចូរអញ្ជើញសិស្សព្រះគម្ពីរឲ្យមកប្រជុំយ៉ាងភ្លាមៗ។ ពេលគាត់ចាប់ផ្ដើមមកប្រជុំ សូមណែនាំគាត់ឲ្យជួបអ្នកឯទៀត។ តើគាត់កំពុងតែពុះពារដើម្បីយកឈ្នះលើទម្លាប់អាក្រក់មួយ ដូចជាការជក់បារីទេ? តើមានសាច់ញាតិណាជំទាស់នឹងគាត់សិក្សាព្រះគម្ពីរទេ? គាត់អាចទទួលប្រយោជន៍ដោយពិភាក្សាជាមួយអ្នកផ្សាយម្នាក់ដែលធ្លាប់ជួបប្រទះ និងយកឈ្នះលើការលំបាកស្រដៀងនឹងគាត់។—១ពេ. ៥:៩
៥ អ្នកថ្មីត្រូវការការគាំទ្រពីក្រុមជំនុំដើម្បីឲ្យមានចំណងមិត្តភាពជាមួយព្រះ។ យើងទាំងអស់គ្នាអាចជួយពួកគេឲ្យជឿនទៅមុខ ដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះ។