យើងសប្បាយចិត្តនឹងពលីខ្លួនក្នុងកិច្ចបម្រើព្រះយេហូវ៉ា!
១ សាវ័កប៉ុលមានចិត្តសប្បាយ«ចំណាយខ្លួន[ពលី]» ដើម្បីបំពេញកិច្ចបម្រើជាគ្រិស្តសាសនិក។ (២ករ. [២កូ.] ១២:១៥, ខ.ស.) ដូចគ្នាដែរនៅសព្វថ្ងៃនេះ គ្រិស្តសាសនិកជាច្រើនបម្រើយ៉ាងខ្នះខ្នែងជាអ្នកត្រួសត្រាយ។ អ្នកឯទៀតដែលមានភារកិច្ចធ្ងន់ក្នុងក្រុមគ្រួសារ លៃពេលក្នុងកាលវិភាគដ៏រវល់របស់ខ្លួន ដើម្បីចូលរួមកិច្ចបម្រើផ្សាយប្រចាំសប្ដាហ៍។ អ្នកខ្លះមានបញ្ហាធ្ងន់ធ្ងរខាងសុខភាពបានចំណាយកម្លាំងរបស់ខ្លួនដែលមានកម្រិត ដើម្បីគាំទ្រព្រះរាជាណាចក្ររបស់ព្រះ។ នេះច្បាស់ជាលើកទឹកចិត្តមែន ដោយឃើញរាស្ត្ររបស់ព្រះយេហូវ៉ា មិនថាអាយុប៉ុន្មាន ឬកាលៈទេសៈណាក៏ដោយ ពលីខ្លួនក្នុងកិច្ចបម្រើព្រះយេហូវ៉ា!
២ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង: ការធ្វើអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ា សម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ផ្ដល់ឲ្យយើងមានមនសិការដែលមិនធ្វើទុក្ខ។ ដោយសារសាវ័កប៉ុលបានផ្សាយដំណឹងល្អអស់ពីសមត្ថភាព គាត់អាចនិយាយដោយចិត្តសប្បាយថា៖ «ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់»។ (កិច្ច. ២០:២៤, ២៦; ១ថែ. ២:៨) ការចូលរួមក្នុងកិច្ចបម្រើផ្សាយតាមកាលៈទេសៈរបស់យើងអនុញ្ញាតនោះ នឹងបង្ការយើងពីការជាប់ទោសកំចាយឈាម។—អេសេ. ៣:១៨-២១
៣ ការពលីខ្លួនដើម្បីជួយអ្នកដ៏ទៃ នាំឲ្យយើងមានពរឬសុភមង្គល។ (កិច្ច. ២០:៣៥) បងប្រុសម្នាក់ បានពោលថា៖ «ក្រោយត្រឡប់មកផ្ទះវិញនៅពេលល្ងាច បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃក្នុងកិច្ចបម្រើព្រះយេហូវ៉ា ខ្ញុំអស់កម្លាំងមែន។ ប៉ុន្តែខ្ញុំសប្បាយ ហើយខ្ញុំអរគុណព្រះយេហូវ៉ាដោយសារទ្រង់ប្រទានអំណរដល់ខ្ញុំ ដែលគ្មាននរណាអាចដកចេញពីខ្ញុំបាន»។
៤ សេចក្ដីស្រឡាញ់ចំពោះព្រះ: មូលហេតុដ៏សំខាន់បំផុតដែលយើងពលីខ្លួនក្នុងកិច្ចបម្រើព្រះយេហូវ៉ា គឺដោយសារទង្វើនេះធ្វើឲ្យព្រះវរបិតានៅស្ថានសួគ៌ពេញចិត្ត។ សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញយើងឲ្យកាន់តាមបញ្ញត្តរបស់ទ្រង់ ហើយបញ្ញត្តនេះរួមបញ្ចូលការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (១យ៉ូន. ៥:៣) សូម្បីតែមនុស្សមិនអើពើឬប្រឆាំងក៏ដោយ យើងបន្តធ្វើការយ៉ាងនឿយហត់ដើម្បីព្រះយេហូវ៉ា ដោយអំណរ។
៥ ឥឡូវមិនមែនជាពេលឲ្យយើងបង្អង់ក្នុងកិច្ចបម្រើរបស់យើងទេ។ គ្រាដែលយើងកំពុងតែរស់នៅ គឺត្រូវបានហៅថាគ្រាចម្រូត។ (ម៉ាថ. ៩:៣៧) ធម្មតានៅរដូវចម្រូត អ្នកចំការធ្វើការច្រើនម៉ោង ពីព្រោះគាត់មានពេលកំណត់ដើម្បីប្រមូលផលមុនផលនោះខូច។ ពេលវេលាដែលត្រូវបានអនុញ្ញាតឲ្យប្រមូលមនុស្សក៏មានពេលកំណត់ដែរ។ ដោយយកចិត្តទុកដាក់ទៅលើគ្រាដែលយើងកំពុងតែរស់នៅ សូមឲ្យយើងទាំងអស់គ្នាបន្តខំប្រឹងអស់ពីចិត្តក្នុងកិច្ចបម្រើផ្សាយ។—លូ. ១៣:២៤; ១កូ. ៧:២៩-៣១