ការផ្លាស់ប្ដូរដ៏គួរឲ្យរំភើបចិត្ត ក្នុងទស្សនាវដ្ដីប៉មយាម!
១ កាលពីឆ្នាំមុន ក្រុមជំនុំទាំងឡាយបានទទួលដំណឹងមួយដ៏គួរឲ្យរីករាយមែន! គឺចាប់ពីខែមេសា ឆ្នាំ២០១២ យើងនឹងមានទស្សនាវដ្ដីប៉មយាមពីរខុសគ្នា។ ទស្សនាវដ្ដីមួយសម្រាប់ផ្សព្វផ្សាយ និងទស្សនាវដ្ដីមួយទៀតសម្រាប់បងប្អូនរួមជំនឿរបស់យើង។ ប្រហែលជាបងប្អូនកំពុងឆ្ងល់ថា ‹តើទស្សនាវដ្ដីទាំងពីរប្រភេទនេះខុសគ្នាយ៉ាងណា? តើការមានទស្សនាវដ្ដីពីរប្រភេទនេះមានប្រយោជន៍អ្វី?›។
២ លក្ខណៈខុសគ្នា: ទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយ នឹងចេញរាល់បីខែម្ដង។ អត្ថបទទាំងអស់ក្នុងទស្សនាវដ្ដីនេះបានត្រូវរៀបចំឡើងដោយគិតអំពីមនុស្សក្នុងតំបន់ផ្សាយ។ ជារៀងរាល់ខែ ទស្សនាវដ្ដីដែលចុះថ្ងៃទី១៥ នឹងត្រូវហៅថាទស្សនាវដ្ដីសម្រាប់សិក្សា ហើយយើងនឹងមិនស្នើផ្ដល់ទស្សនាវដ្ដីនេះក្នុងកិច្ចផ្សព្វផ្សាយឡើយ។ ក្នុងទស្សនាវដ្ដីនេះមានអត្ថបទសិក្សាសម្រាប់មួយខែ ហើយក៏មានអត្ថបទបន្ថែមដែលគួរជាទីចាប់អារម្មណ៍ដល់គ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះដែរ។ ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយមិនគ្រាន់តែធ្វើឲ្យសាក្សីចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសនឹងជាទីចាប់អារម្មណ៍ដល់អ្នកដែលមិនមែនជាសាក្សី តែទទួលស្គាល់គម្ពីរ។
៣ ប្រយោជន៍: នៅក្នុងទស្សនាវដ្ដីសម្រាប់សិក្សា មិនចាំបាច់មានការពន្យល់ពាក្យផ្សេងៗ ដូចជាពាក្យ«អ្នកត្រួសត្រាយ»ដើម្បីឲ្យអ្នកដែលមិនមែនជាសាក្សីស្រួលយល់ទៀតឡើយ។ ទស្សនាវដ្ដីនេះក៏មានព័ត៌មានចំៗដែលបានរៀបចំជាពិសេសសម្រាប់សាក្សីព្រះយេហូវ៉ានិងសិស្សគម្ពីរដែលកំពុងរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ ចុះយ៉ាងណាវិញចំពោះទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយ? ដោយសារក្នុងទស្សនាវដ្ដីនោះមានព័ត៌មានផ្សេងៗ ហើយរបៀបនៃការសរសេរព័ត៌មានគឺសម្រាប់មនុស្សក្នុងតំបន់ផ្សាយ នោះអ្នកដែលមិនមែនជាសាក្សីនឹងចូលចិត្តអានអត្ថបទទាំងអស់ក្នុងទស្សនាវដ្ដីនោះ។ សាក្សីព្រះយេហូវ៉ាទាំងអស់ប្រាកដជានឹងទទួលប្រយោជន៍ពីការអានទស្សនាវដ្ដីដែលចេញរាល់លេខនេះ។ ដោយសារទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយនឹងត្រូវបោះពុម្ពផ្សាយរាល់បីខែម្ដង នោះយើងនឹងមានពេលច្រើនថែមទៀតដើម្បីរៀបចំពាក្យផ្សាយរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព។
៤ យើងអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យពរដល់ការរៀបចំថ្មីស្តីអំពីទស្សនាវដ្ដីប៉មយាមនេះ។ សូមឲ្យទស្សនាវដ្ដីនេះជួយមនុស្សកាន់តែច្រើនដែលសមនឹងទទួលដំណឹងល្អ។—ម៉ាថ. ១០:១១