ចូរឲ្យអ្នកមានគោលដៅបង្រៀនសិស្សគម្ពីរ
១ ព្រះយេស៊ូបានមានប្រសាសន៍ថា៖ «ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ»។ (យ៉ូន. ៤:៣៥) ពាក្យរបស់ទ្រង់នោះ គឺពិតជាទាក់ទងនឹងស្ថានការណ៍ដែលអ្នកបម្រើជាគ្រិស្តសាសនិក ជួបប្រទះសព្វថ្ងៃនេះមែន។
២ យើងនៅតែជួបមនុស្សដែលមានចិត្តស្មោះត្រង់ ហើយចង់ទទួលការបង្ហាត់បង្រៀនពីផ្លូវរបស់ព្រះយេហូវ៉ា។ នេះបានសឲ្យឃើញនូវចំនួននៃសិស្សថ្មីដែលត្រូវបានជ្រមុជទឹកប្រចាំឆ្នាំ។ ប្រសិនបើអ្នកពិតជាមានចិត្តស្មោះចង់បង្រៀនសិស្សគម្ពីរមែន តើអ្នកអាចធ្វើអ្វីខ្លះ?
៣ ចូរតាំងគោលដៅ : មុនដំបូង ចូរតាំងគោលដៅដើម្បីចាប់ផ្ដើម និងបង្រៀនសិស្សគម្ពីរជាទៀងទាត់។ ពេលអ្នកកំពុងតែចូលរួមក្នុងកិច្ចបម្រើផ្សាយ សូមនឹកចាំអំពីគោលដៅរបស់អ្នក។ ដោយសារភារកិច្ចដែលយើងទទួលជាគ្រិស្តសាសនិកជាប់ទាក់ទិននឹងការបង្រៀន ព្រមទាំងការផ្សព្វផ្សាយដែរ នោះគួរគប្បីឲ្យយើងទាំងអស់គ្នាស្វែងរកឱកាសច្រើនទៀតដើម្បីបង្រៀនសិស្សគម្ពីរ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
៤ ចំណុចឯទៀតដែលគួរចងចាំ : ការអធិស្ឋានស្មោះអស់ពីចិត្ត គឺសំខាន់ចាំបាច់សម្រាប់អ្នកផ្សាយ។ ម្ដងម្កាលយើងជួបមនុស្សដែលបានអធិស្ឋានសូមជំនួយដើម្បីស្គាល់ព្រះ។ យើងពិតជាមានពរមែន ដោយព្រះយេហូវ៉ាបានប្រើយើងឲ្យរកឃើញ និងបង្រៀនមនុស្សបែបនោះ!—ហាក. ២:៧; កិច្ច. ១០:១, ២
៥ បងស្រីម្នាក់បានអធិស្ឋានឲ្យមានសិស្សគម្ពីរ ហើយបន្ទាប់មកគាត់បានទុកខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ឲ្យគេឃើញនៅកន្លែងធ្វើការ។ ពេលស្ត្រីម្នាក់បានយកខិត្តប័ណ្ណនោះអាន ហើយចាប់ផ្ដើមបំពេញឈ្មោះនៅទំព័រចុងក្រោយនៃខិត្តប័ណ្ណ នោះបងស្រីយើងបាននិយាយជាមួយគាត់ ហើយបានចាប់ផ្ដើមបង្រៀនគម្ពីរ។
៦ អ្នកផ្សាយគ្នីគ្នាដែលមានប្រសិទ្ធភាពក្នុងការចាប់ផ្ដើមនិងបង្រៀនសិស្សគម្ពីរ អាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកក្នុងការបង្រៀនសិស្សគម្ពីរដែរ។ សូមអធិស្ឋានជម្រាបព្រះអំពីការព្យាយាមរបស់អ្នកក្នុងការស្វែងរកអ្នកដែលចង់រៀនគម្ពីរ ហើយយកប្រយោជន៍ពីជំនួយទាំងឡាយដែលមានដើម្បីសម្រេចគោលដៅនេះ។ ប្រហែលនៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានអំណរក្នុងការបង្រៀនសិស្សគម្ពីរដែរ។