បង្រៀនអ្នកឯទៀតឲ្យស្រឡាញ់ព្រះយេហូវ៉ា
១ តើអ្នកនៅចាំពីគ្រា ដែលអ្នកបានឮអំពីព្រះយេហូវ៉ាជាលើកដំបូងទេ? តើអ្វីបានទាក់ទាញចិត្តអ្នកឲ្យចូលទៅជិតទ្រង់? មនុស្សដែលមានចិត្តទៀងត្រង់នឹងប្រាប់អ្នកថា ពួកគេបានចូលទៅជិតអ្នកបង្កើតរបស់យើង ពេលដែលពួកគេបានរៀនដឹងអំពីគុណសម្បត្ដិជាច្រើនដ៏អស្ចារ្យរបស់ទ្រង់ជាពិសេសគឺ សេចក្ដីស្រឡាញ់និងចិត្តមេត្ដាករុណារបស់ទ្រង់។—១យ៉ូន. ៤:៨
២ «នេះគឺជាព្រះនៃយើង» : សៀវភៅព្រះគម្ពីរបង្រៀនដៅបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងសារៈសំខាន់នៃការមានចំណងមិត្តភាពល្អជាមួយទ្រង់។ តើយើងអាចប្រើសៀវភៅនេះ ដើម្បីជួយអ្នកឯទៀតឲ្យបណ្ដុះនូវសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយ៉ាងដូចម្ដេច? ពេលបង្រៀនចំណុចថ្មីយើងអាចសួរសំណួរដែលជំរុញទឹកចិត្តសិស្សថា «តើចំណុចនេះបង្ហាញយ៉ាងណាពីព្រះយេហូវ៉ា?» ឬ«តើចំណុចនេះផ្ដល់ភ័ស្តុតាងថាព្រះយេហូវ៉ាជាបិតាដ៏ល្អបំផុត ដែលគ្រប់គ្នាចង់បានយ៉ាងដូចម្ដេច?»។ ការបង្រៀនតាមវិធីនេះអាចជួយសិស្សឲ្យចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយព្រះយេហូវ៉ាជារហូត។
៣ ពេលយើងជួយសិស្សគម្ពីរឲ្យមានចិត្តអបអរចំពោះឯកសិទ្ធិដែលបានស្គាល់ចំណេះអំពីព្រះពិតតែមួយ និងជាព្រះដែលមានជីវិតគង់នៅនោះ ពួកគេនឹងពោលឡើងដូចជាពាក្យនៅអេសាយថា៖ «នេះគឺជាព្រះនៃយើង»។ (អេសា. ២៥:៩) ពេលពន្យល់អំពីបណ្ដាំរបស់ព្រះ ចាំបាច់ឲ្យយើងបញ្ជាក់ពីរបៀបដែលមនុស្សជាតិនឹងបានទទួលពរពីព្រះយេហូវ៉ា នៅពេលដែលគោលបំណងរបស់ទ្រង់នឹងត្រូវសម្រេចតាមរយៈរដ្ឋាភិបាលមួយដែលនៅក្រោមការដឹកនាំរបស់លោកយេស៊ូ។—អេសា. ៩:៦, ៧
៤ បង្ហាញភ័ស្តុតាងថាស្រឡាញ់ព្រះយេហូវ៉ា : យើងដឹងថាសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត តម្រូវឲ្យយើងធ្វើច្រើនជាងទៅទៀត មិនគ្រាន់តែជាអារម្មណ៍យ៉ាងខ្លាំងដែលយើងមានចំពោះព្រះប៉ុណ្ណោះទេ។ យើងត្រូវតែមានគំនិតហើយកាន់ខ្ជាប់តាមទស្សនៈរបស់ព្រះ។ (ទំនុក. ៩៧:១០) សេចក្ដីស្រឡាញ់ចំពោះព្រះក៏ត្រូវសម្ដែងឲ្យឃើញនូវការស្ដាប់តាមគ្រប់ទាំងបង្គាប់របស់ទ្រង់ និងបន្តឲ្យមាន«កិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ» ទោះបីជាត្រូវប្រឈមមុខចំពោះទុក្ខលំបាក ហើយការប្រឆាំងក្ដី។—២ពេ. ៣:១១; ២យ៉ូន. ៦
៥ ដោយសារយើងស្រឡាញ់ព្រះ យើងសប្បាយចិត្តចង់ធ្វើអ្វីៗទាំងអស់តាមបំណងប្រាថ្នារបស់ទ្រង់។ (ទំនុក. ៤០:៨) សិស្សគម្ពីរគួរទទួលស្គាល់ថា អស់ទាំងបញ្ញត្ដិរបស់ព្រះសុទ្ធតែមានប្រយោជន៍ជារៀងរហូត ដល់អស់អ្នកដែលបម្រើទ្រង់។ (ចោទិ. ១០:១២, ១៣) ដោយមានរបៀបរស់នៅស្របតាមការណែនាំរបស់ព្រះយេហូវ៉ា សិស្សគម្ពីរនឹងបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់។ ចូរជួយសិស្សគម្ពីរឲ្យយល់ថាការដើរដោយសុចរិតក្នុងផ្លូវរបស់ព្រះយេហូវ៉ានឹងជួយពួកគេឲ្យជៀសចេញពីបញ្ហា ហើយការលំបាកជាច្រើនឯទៀត។
៦ ពរដល់អស់អ្នកដែលស្រឡាញ់ព្រះ : ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សដែលមានចិត្តរាបទាបដែលស្រឡាញ់ទ្រង់ ហើយទ្រង់ក៏បង្ហាញឲ្យពួកគេយល់ពី‹សេចក្ដីជ្រាលជ្រៅរបស់ទ្រង់›។ (១កូ. ២:៩, ១០) ដោយបានស្គាល់អំពីគោលបំណងរបស់ព្រះយេហូវ៉ា នោះពួកគេនឹងយល់ច្បាស់អំពីអនាគតនិងសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ។ (យេ. ២៩:១១) អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានឹងទទួលបានសេចក្ដីសប្បុរសដ៏លើសលប់ពីទ្រង់។ (និក្ខ. ២០:៦) ពួកគេច្បាស់ជាចាត់ទុកសេចក្ដីសង្ឃឹមចំពោះជីវិតរស់ជារៀងរហូតជាអ្វីដែលមានតម្លៃ ដោយព្រោះតែសេចក្ដីស្រឡាញ់ជាខ្លាំងដល់ម្ល៉េះរបស់ព្រះយេហូវ៉ាចំពោះពួកគេ។—យ៉ូន. ៣:១៦
៧ ពេលដែលយើងស្គាល់បិតាសួគ៌ារបស់យើងកាន់តែច្រើន យើងក៏ចង់ប្រាប់អ្នកឯទៀតអំពីទ្រង់កាន់តែច្រើនដែរ។ (ម៉ាថ. ១៣:៥២) ពិតជាឯកសិទ្ធិដ៏ថ្លៃថ្លាមែន ដែលយើងអាចបង្រៀនអ្នកឯទៀត ជាពិសេសកូនរបស់យើង ឲ្យស្រឡាញ់ព្រះយេហូវ៉ា! (ចោទិ. ៦:៥-៧) សូមឲ្យយើងរួមជាមួយសិស្សគម្ពីរ បន្តពោលពាក្យសរសើរចំពោះភាព‹ដ៏ល្អប្រសើររបស់ព្រះយេហូវ៉ា›ជានិច្ច។—ទំនុក. ១៤៥:៧
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្វីបានទាក់ទាញអ្នកខ្លះឲ្យចូលទៅជិតព្រះយេហូវ៉ា?
២, ៣. តើយើងអាចប្រើសៀវភៅព្រះគម្ពីរបង្រៀន ដើម្បីជួយសិស្សគម្ពីរឲ្យបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤, ៥. តើការស្រឡាញ់ព្រះយេហូវ៉ាមានន័យអ្វី?
៦. តើអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានឹងទទួលពរអ្វីខ្លះ?
៧. តើអ្នកមានចិត្តគំនិតបែបណាក្នុងការបង្រៀនអ្នកឯទៀតឲ្យស្រឡាញ់ព្រះយេហូវ៉ា?