យើងបង្ហាញសេចក្ដីស្រឡាញ់ ចំពោះព្រះយេហូវ៉ាតាមរយៈកិច្ចបម្រើផ្សាយ
១. ដោយសារលោកយេស៊ូស្រឡាញ់ព្រះយេហូវ៉ា តើនេះជំរុញឲ្យលោកធ្វើអ្វី?
១ សេចក្ដីស្រឡាញ់បានជំរុញចិត្តលោកយេស៊ូឲ្យបំពេញកិច្ចបម្រើផ្សាយរបស់លោក។ គ្រប់លក្ខណៈនៃកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ គឺជាភ័ស្តុតាងជាក់ស្តែងដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់លោកចំពោះព្រះយេហូវ៉ា។ លោកយេស៊ូមានប្រសាសន៍ថា៖ «ដើម្បីឲ្យពិភពលោកនេះដឹងថា ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌ ខ្ញុំកំពុងធ្វើអ្វីដែលបិតានៅស្ថានសួគ៌បានបង្គាប់ខ្ញុំឲ្យធ្វើ»។ (យ៉ូន. ១៤:៣១) ជាអ្នកកាន់តាមលោកយេស៊ូ យើងក៏មានឯកសិទ្ធិក្នុងការបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់យើងចំពោះព្រះក្នុងកិច្ចបម្រើផ្សាយដែរ។—ម៉ាថ. ២២:៣៧; អេភ. ៥:១, ២
២. តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាលើកិច្ចបម្រើផ្សាយរបស់យើង?
២ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ» : នៅពេលដែលយើងមានចិត្តខ្នះខ្នែងឆ្លៀតយកគ្រប់ឱកាសដើម្បីនិយាយជាមួយនឹងអ្នកដទៃអំពីព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក នោះយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ហើយជាលទ្ធផល យើងក៏ជួយធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធដែរ។ (ទំនុក. ៨៣:១៨; អេស. ៣៦:២៣; ម៉ាថ. ៦:៩) ដូចកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ នោះកិច្ចបម្រើផ្សាយរបស់យើងបង្ហាញជានិច្ចនូវចិត្តប្រាថ្នាដ៏ស្មោះដើម្បីឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធនិងឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចដែរ។—ម៉ាថ. ២៦:៣៩
៣. តើតាមរបៀបណាដែលសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ជួយយើងឲ្យយកឈ្នះឧបសគ្គផ្សេងៗ?
៣ សេចក្ដីស្រឡាញ់ជំរុញយើងឲ្យយកឈ្នះឧបសគ្គផ្សេងៗ : សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាអាចយកឈ្នះឧបសគ្គទាំងអស់បាន។ (១កូ. ១៣:៤, ៧) លោកយេស៊ូបានប្រឈមមុខនឹងកាលៈទេសៈមួយចំនួន ដែលអាចធ្វើឲ្យលោកឈប់បំពេញកិច្ចបម្រើផ្សាយ។ ប៉ុន្តែ ពេលលោកជួបប្រទះនឹងឧបសគ្គផ្សេងៗ នោះសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅនិងចិត្តប្រាថ្នាចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា បានជួយលោកឲ្យយកឈ្នះបញ្ហាទាំងអស់។ (ម៉ាក. ៣:២១; ១ពេ. ២:១៨-២៣) យើងក៏ជួបប្រទះនឹងបញ្ហាជាច្រើនដែរ តែសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជួយយើងឲ្យយកឈ្នះបាន។ ដោយយកតម្រាប់តាមគ្រិស្ត យើងអាចមានទំនុកចិត្តនិងមិនឲ្យអ្វីមករារាំងយើងក្នុងការបំពេញកិច្ចបម្រើផ្សាយរបស់យើង។ ថ្វីបើការប្រឆាំងពីក្រុមគ្រួសារ សុខភាពមិនល្អ អាយុចាស់ជរា ឬភាពកន្តើយពីមនុស្សទូទៅអាចមានឥទ្ធិពលលើយើងក៏ដោយ តែយើងនៅតែបន្តបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដោយបំពេញកិច្ចបម្រើផ្សាយឲ្យមានប្រសិទ្ធភាពបំផុត។
៤. ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា តើនេះផ្ដល់ឯកសិទ្ធិអ្វីដល់យើង?
៤ សេចក្ដីស្រឡាញ់មានឥទ្ធិពលខ្លាំងណាស់។ ហើយយើងទទួលពរដោយមានសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយ៉ាងអស់ពីចិត្តក្នុងកិច្ចបម្រើផ្សាយ។ (១កូ. ១៣:១៣) ដោយសារថ្ងៃដែលនាមរបស់ព្រះយេហូវ៉ានឹងត្រូវធ្វើឲ្យបានបរិសុទ្ធមួយដងជាការស្រេចកាន់តែជិតណាស់ហើយ នោះសូមឲ្យយើង«រាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង»។—ភី. ១:៩; ម៉ាថ. ២២:៣៦-៣៨