យើងនឹងធ្វើជាសាក្សីបញ្ជាក់យ៉ាងខ្លាំងក្លា
១. ក្រៅពីសុន្ទរកថា តើអ្វីទៀតអាចធ្វើឲ្យភ្ញៀវចាប់អារម្មណ៍? សូមពន្យល់។
១ នៅពេលណា? គឺនៅយប់ដែលមានពិធីរំលឹក។ ហេតុនេះ យើងព្យាយាមខ្លាំងណាស់ដើម្បីអញ្ជើញមនុស្សឲ្យចូលរួមជាមួយនឹងយើង។ មិនមែនតែអ្វីដែលភ្ញៀវឮប៉ុណ្ណោះទេដែលអាចធ្វើឲ្យពួកគេចាប់អារម្មណ៍។ បន្ទាប់ពីបានចូលរួមពិធីរំលឹក ស្ត្រីម្នាក់បាននិយាយយ៉ាងចំៗអំពីអ្វីដែលគាត់បានឃើញ ពោលគឺភាពរាក់ទាក់ដែលគ្រប់គ្នាបានបង្ហាញនិងអគារដ៏ល្អស្អាតដែលអ្នកស្ម័គ្រចិត្តបានសង់និងថែទាំ។ ដូច្នេះ យើងទាំងអស់គ្នាសហការគ្នាដើម្បីធ្វើជាសាក្សីបញ្ជាក់នៅក្នុងឱកាសដ៏សំខាន់បំផុតក្នុងឆ្នាំនេះ មិនត្រឹមតែអ្នកថ្លែងសុន្ទរកថាប៉ុណ្ណោះទេ។—អេភ. ៤:១៦
២. តើយើងម្នាក់ៗអាចធ្វើជាសាក្សីបញ្ជាក់ដល់ភ្ញៀវតាមវិធីណាខ្លះ?
២ ចូរទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់: យើងនឹងធ្វើជាសាក្សីបញ្ជាក់ បើយើងញញឹមព្រមទាំងជម្រាបសួរភ្ញៀវយ៉ាងរាក់ទាក់។ (យ៉ូន. ១៣:៣៥) ទោះជាអ្នកមិនអាចនិយាយទៅមនុស្សគ្រប់រូបក្ដី អ្នកនៅតែអាចសម្ដែងស្វាគមន៍យ៉ាងកក់ក្ដៅ ហើយណែនាំខ្លួនអ្នកឲ្យមនុស្សដែលនៅជិតអ្នកស្គាល់។ (ហេ. ១៣:១, ២) សូមរកមើលភ្ញៀវណាដែលហាក់ដូចជាមិនស្គាល់អ្នកណាសោះនៅពិធីនោះ។ ពួកគាត់ប្រហែលជាបានទទួលសេចក្ដីអញ្ជើញក្នុងអំឡុងការចែកលិខិតអញ្ជើញ។ អ្នកប្រហែលជាអាចសួរថា «តើនេះជាលើកទី១ដែលបងអញ្ជើញមកពិធីនេះ?»។ ចូរអញ្ជើញគាត់ឲ្យអង្គុយជិតអ្នក ហើយប្រាប់គាត់ថាបើគាត់មានសំណួរណាមួយគាត់អាចសួរអ្នកបាន។ បើក្រុមជំនុំអ្នកត្រូវចេញពីអគារយ៉ាងឆាប់រហ័ស ដើម្បីក្រុមជំនុំមួយទៀតអាចប្រើអគារនោះ អ្នកប្រហែលជាអាចនិយាយថា «ខ្ញុំចង់ដឹងថាបងយល់យ៉ាងណាអំពីកម្មវិធីនេះ? តើខ្ញុំអាចទាក់ទងនឹងបងយ៉ាងដូចម្ដេច?»។
៣. តើយើងអាចសម្ដែងស្វាគមន៍យ៉ាងដូចម្ដេចចំពោះអ្នកអសកម្ម?
៣ ចូរសម្ដែងស្វាគមន៍ចំពោះអ្នកអសកម្ម: ច្បាស់ជាមានអ្នកផ្សាយអសកម្មដែលនឹងមានវត្តមាន រួមទាំងអ្នកខ្លះដែលចូលរួមរាល់ឆ្នាំត្រឹមតែពិធីរំលឹកប៉ុណ្ណោះ។ ចូរទទួលស្វាគមន៍ពួកគេ ហើយបង្ហាញឲ្យពួកគេដឹងថាអ្នកពិតជាសប្បាយដោយឃើញពួកគេមានវត្តមាន។ (រ៉ូម ១៥:៧) អ្នកចាស់ទុំអាចទៅផ្ទះរបស់ពួកគេមិនយូរប៉ុន្មានក្រោយមក ដើម្បីលើកទឹកចិត្តពួកគេឲ្យបន្តចូលរួមជាមួយនឹងក្រុមជំនុំ។ យើងអធិដ្ឋានថាមនុស្សជាច្រើនដែលមានវត្តមាននឹងត្រូវជំរុញចិត្តឲ្យសរសើរព្រះ មិនមែនដោយសារអ្វីដែលពួកគេឮប៉ុណ្ណោះទេ តែក៏ដោយសារអ្វីដែលពួកគេឃើញដែរ ពោលគឺ‹ដោយសារពួកគេជាសាក្សីអំពីការប្រព្រឹត្តដ៏ល្អប្រសើររបស់យើង›។—១ពេ. ២:១២