ប្រអប់សំណួរ
◼ តើយើងគួរសិក្សាគម្ពីរយូរប៉ុន្មានជាមួយនឹងសិស្សគម្ពីរដែលកំពុងរីកចម្រើន?
ជាការល្អបំផុត បើយើងបន្តសិក្សាជាមួយនឹងសិស្សគម្ពីរដែលកំពុងរីកចម្រើន រហូតដល់គាត់បានបញ្ចប់សៀវភៅពីរ ពោលគឺសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? និងសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ យើងក៏គួរបន្តធ្វើដូច្នេះដែរ ទោះជាសិស្សនោះបានទទួលការជ្រមុជទឹក មុនគាត់បានបញ្ចប់សៀវភៅទាំងពីរនេះក្ដី។ ក្រោយគាត់ទទួលការជ្រមុជទឹក យើងអាចបន្តរាយការណ៍អំពីម៉ោងដែលយើងសិក្សាជាមួយនឹងគាត់ រាប់ចំនួនការត្រឡប់ទៅជួបនិងចាត់ទុកគាត់ជាសិស្សគម្ពីរម្នាក់។ បើអ្នកផ្សាយណាម្នាក់ទៅផ្សព្វផ្សាយជាមួយនឹងយើង ហើយចូលរួមការសិក្សា គាត់ក៏អាចរាប់ម៉ោងបានដែរ។
ជាការសំខាន់ដែលអ្នកថ្មីត្រូវមានគ្រឹះរឹងមាំក្នុងសេចក្ដីពិត មុនយើងឈប់សិក្សាជាមួយនឹងពួកគាត់។ ពួកគាត់ត្រូវ«ចាក់ឫស»ក្នុងគ្រិស្ត ហើយ«តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ»ដើម្បីអាចស៊ូទ្រាំនឹងបញ្ហាផ្សេងៗដែលពួកគាត់នឹងជួបប្រទះ។ (កូឡ. ២:៦, ៧; ២ធី. ៣:១២; ១ពេ. ៥:៨, ៩) ម្យ៉ាងទៀត ដើម្បីបង្រៀនអ្នកឯទៀតដោយប្រសិទ្ធភាព ពួកគាត់ត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៤) ដោយបញ្ចប់សៀវភៅពីរជាមួយនឹងសិស្សគម្ពីរ យើងកំពុងជួយពួកគាត់ឲ្យមានគ្រឹះរឹងមាំ ពេលពួកគាត់កំពុងដើរនៅលើ«ផ្លូវដែលទៅឯជីវិត»។—ម៉ាថ. ៧:១៤
មុនអនុញ្ញាតឲ្យអ្នកណាម្នាក់ទទួលការជ្រមុជទឹក ពួកអ្នកចាស់ទុំគួរប្រាកដថាគាត់យល់ច្បាស់អំពីសេចក្ដីបង្រៀនសំខាន់ៗក្នុងគម្ពីរ ហើយកំពុងរស់នៅសមស្របតាមសេចក្ដីបង្រៀននោះ។ ជាពិសេស ពួកអ្នកចាស់ទុំគួរគិតឲ្យបានដិតដល់ ពេលពិចារណាអំពីសិស្សគម្ពីរម្នាក់ដែលមិនទាន់បានបញ្ចប់សៀវភៅសិក្សាទី១។ បើអ្នកណាម្នាក់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក នោះអ្នកចាស់ទុំនឹងរៀបចំឲ្យគាត់ទទួលជំនួយដើម្បីមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកនៅថ្ងៃមុខ (សូមមើលកូនសៀវភៅ«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ» ទំព័រ៥៧-៦០)។
[រូបភាពនៅទំព័រ២]
គឺជាការសំខាន់ដែលអ្នកថ្មីមានគ្រឹះរឹងមាំក្នុងសេចក្ដីពិត