ចូរយកតម្រាប់តាមមីកាជាអ្នកប្រកាសទំនាយ
១. តើមីកាប្រហែលជាឆ្ងល់អំពីសំណួរអ្វី? ប៉ុន្តែហេតុអ្វីកិច្ចផ្សព្វផ្សាយរបស់គាត់មិនមែនគ្មានប្រយោជន៍?
១ ពេលមីកាប្រកាសដំណឹងអំពីការវិនិច្ឆ័យទោសដល់រាជាណាចក្រអ៊ីស្រាអែលនិងយូដា គាត់ប្រហែលជាបានឆ្ងល់អំពីសំណួរស្រដៀងនឹងនេះគឺ ‹តើរបៀបរបបពិភពលោកដ៏ខូចអាក្រក់នេះនឹងមកដល់ទីបញ្ចប់នៅពេលណា?›។ ប៉ុន្តែ កិច្ចផ្សព្វផ្សាយរបស់គាត់មិនមែនគ្មានប្រយោជន៍ទេ។ នៅឆ្នាំ៧៤០ មុនគ.ស. ក្នុងអំឡុងពេលដែលមីការស់នៅ ប្រសាសន៍របស់ព្រះយេហូវ៉ាដែលប្រឆាំងនឹងក្រុងសាម៉ារីបានកើតឡើងដូចគាត់ជឿជាក់។ (មីកា ១:៦, ៧) ក្រោយមក នៅឆ្នាំ៦០៧ មុនគ.ស. ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល។ (មីកា ៣:១២) ពេលដែលយើងរង់ចាំការវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ានៅសម័យយើង តើយើងអាចយកតម្រាប់តាមមីកាយ៉ាងដូចម្ដេច?
២. កាលដែលយើងរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា តើយើងអាចបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេច ហើយហេតុអ្វី?
២ ចូរអត់ធ្មត់: មីកាបានសរសេរថា៖ «ចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ»។ (មីកា ៧:៧) ពេលមីការង់ចាំទីបញ្ចប់មកដល់ គាត់មិនបានចាំដោយមិនធ្វើអ្វីនោះទេ គឺគាត់ជាប់រវល់ជានិច្ចក្នុងការប្រកាសដំណឹងអំពីព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ពេលយើងរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា យើងគួរជាប់រវល់ក្នុង«ការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»។ (២ពេ. ៣:១១, ១២) ចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ាទុកឱកាសឲ្យមនុស្សម្នាក់ៗប្រែចិត្ត។ (២ពេ. ៣:៩) ដូច្នេះ យើងធ្វើតាមឱវាទពីគម្ពីរដើម្បីមានចិត្តអត់ធ្មត់ដូចពួកអ្នកប្រកាសទំនាយដែរ។—យ៉ា. ៥:១០
៣. ហេតុអ្វីយើងគួរអង្វរព្រះយេហូវ៉ាសុំសកម្មពលបរិសុទ្ធ?
៣ ចូរពឹងលើកម្លាំងរបស់ព្រះយេហូវ៉ា: ទោះជាមីកាជួបការពិបាកក្នុងភារកិច្ចរបស់គាត់ក្ដី គាត់បានពឹងទៅលើព្រះយេហូវ៉ាដើម្បីមានកម្លាំងបំពេញភារកិច្ចនោះ។ (មីកា ៣:៨) ដូច្នេះ គឺមិនចម្លែកទេដែលបណ្ដាំរបស់ព្រះយេហូវ៉ាជំរុញយើងឲ្យពឹងលើកម្លាំងរបស់លោក។ ព្រះឲ្យដោយចិត្តទូលាយនូវកម្លាំងរបស់លោកដល់អ្នកដែលល្វើយ ដើម្បីពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងកិច្ចបម្រើលោក។ (ទំនុក. ៨៤:៥, ៧; អេ. ៤០:២៨-៣១) ក្នុងកិច្ចបម្រើពិសិដ្ឋរបស់អ្នក តើអ្នកធ្លាប់ពិសោធន៍រឿងនេះទេ? តើអ្នកអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់ដើម្បីសុំសកម្មពលបរិសុទ្ធដែលជាឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកទេ?—លូក. ១១:១៣
៤. សម្រាប់យើងនៅសព្វថ្ងៃនេះ តើយើងរៀនអ្វីពីគំរូដ៏ប្រសើររបស់មីកា?
៤ ក្នុងជីវិតរបស់មីកា គាត់បានចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីដែលសំខាន់បំផុត។ ទោះជានៅជុំវិញគាត់មានពេញទៅដោយភាពខូចអាក្រក់ខាងសីលធម៌ក្ដី គាត់បានតាំងចិត្តរក្សាភាពស្មោះត្រង់។ ស្រដៀងគ្នាដែរ ជារៀងរាល់ថ្ងៃចិត្តស្មោះគ្រប់លក្ខណៈរបស់យើងបានត្រូវល្បងល។ ហេតុនេះហើយ ចូរឲ្យយើងពង្រឹងការតាំងចិត្តដើម្បី«ប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅ»។—មីកា ៤:៥