បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១១ ទំ. ១០-១៤
  • តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្តអត់ធ្មត់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្តអត់ធ្មត់?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​មីកា?
  • តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ទី​បញ្ចប់​គឺ​ជិត​ដល់​ហើយ?
  • តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​អត់​ធ្មត់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?
  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • អ្នកបំរើរបស់ព្រះយេហូវ៉ាមានសេចក្ដីសង្ឃឹមដ៏ពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរយកតម្រាប់តាមមីកាជាអ្នកប្រកាសទំនាយ
    ២០១៤ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១១ ទំ. ១០-១៤

តើ​តាម​របៀប​ណា​យើង​អាច​ចេះ​«​រង់​ចាំ​»​ដោយ​ចិត្ត​អត់​ធ្មត់?

​«​ខ្ញុំ​នឹង​រង់​ចាំ​»។—មីកា ៧:៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​មីកា?

  • តើ​យើង​កំពុង​រង់​ចាំ​មើល​ព្រឹត្ដិការណ៍​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណាខ្លះ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា?

១​. ហេតុ​អ្វី​យើង​ប្រហែលជា​ចាប់​ផ្ដើម​លែង​មាន​ចិត្ត​អត់​ធ្មត់?

ពេល​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​តាំង​ឡើង​នៅ​ឆ្នាំ​១៩១៤ គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​របស់​សាថាន​បាន​ចាប់​ផ្ដើម។ នៅ​ឆ្នាំ​នោះ​សង្គ្រាម​មួយ​បាន​ចាប់​ផ្ដើម​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ពេល​មួយ​លោក​យេស៊ូ​បាន​បោះ​ទម្លាក់​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​មក​ផែនដី។ (​សូម​អាន ការ​បើក​បង្ហាញ ១២:៧​-​៩​) សាថាន​ដឹង​ថា​វា​មាន​«​ពេល​តែ​បន្ដិច​បន្តួច​»​ទេ។ (​បប. ១២:១២​) ប៉ុន្តែ ពេល​«​បន្ដិច​បន្តួច​»​នោះ​គឺ​យូរ​ជាង​បង​ប្អូន​ខ្លះ​បាន​គិត​ស្មាន។ កាល​ដែល​យើង​រង់​ចាំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ តើ​យើង​ចាប់​ផ្ដើម​លែង​មាន​ចិត្ត​អត់​ធ្មត់​ឬ​ទេ?

២​. តើ​អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ?

២ ការ​លែង​មាន​ចិត្ត​អត់​ធ្មត់​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​នេះ​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ឥត​គិត​ពិចារណា។ តើ​តាម​របៀប​ណា​យើង​អាច​ចេះ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់? អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដោយ​ឆ្លើយ​សំណួរ​ទាំង​នេះ​គឺ (​១​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អ្នក​ប្រកាស​ទំនាយ​មីកា​ស្តី​អំពី​ចិត្ត​អត់​ធ្មត់? (​២​) តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ទី​បញ្ចប់​គឺ​ជិត​ដល់​ហើយ? (​៣​) តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​មីកា?

៣​. នៅ​សម័យ​មីកា តើ​មាន​ស្ថានភាព​បែប​ណា​នៅ​ស្រុក​អ៊ីស្រាអែល?

៣ សូម​អាន មីកា ៧:២​-​៦។ មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា ស្ថានភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​កាន់​តែ​អាក្រក់​ឡើង​ៗ ហើយ​ទៅ​ជា​អាក្រក់​យ៉ាង​ខ្លាំង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​អេហាស​ដែល​ជា​ស្តេច​អាក្រក់។ មីកា​ប្រដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់​ទៅ​នឹង​«​បន្លា​»​ និង​«​របង​ធ្វើ​ពី​បន្លា​»។ ដូច​បន្លា​ឬ​របង​ធ្វើ​ពី​បន្លា​មុត​មនុស្ស​ណា​ដែល​ដើរ​ប៉ះ​វា ជន​ជាតិ​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​ទាក់​ទង​ជា​មួយ​ពួក​គេ​ឈឺ​ចាប់។ ស្ថានភាព​នោះ​បាន​ទៅ​ជា​អាក្រក់​យ៉ាង​ខ្លាំង​រហូត​ដល់​សមាជិក​ក្រុម​គ្រួសារ​លែង​ស្រឡាញ់​គ្នា​ទៀត។ ដោយ​ដឹង​ថា​ខ្លួន​គាត់​មិន​អាច​ធ្វើ​អ្វី​ដើម្បី​កែ​ប្រែ​ស្ថានភាព​នោះ មីកា​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត។ បន្ទាប់​មក គាត់​បាន​រង់​ចាំ​ព្រះ​ចាត់វិធានការ​ដោយ​ចិត្ត​អត់​ធ្មត់។ មីកា​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អន្តរាគមន៍​តាម​ពេល​កំណត់​របស់​លោក។

៤​. តើ​យើង​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ?

៤ ដូច​មីកា យើង​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ មនុស្ស​ជា​ច្រើន​«​រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»។ (​២ធី. ៣:២, ៣​) យើង​ប្រហែលជា​ឈឺ​ចិត្ត​ពេល​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ និង​អ្នក​ជិត​ខាង​បង្ហាញ​ថា​ពួក​គេ​មិន​គិត​ប្រយោជន៍​អ្នក​ឯ​ទៀត។ ប៉ុន្តែ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​ជួប​នឹង​ការ​ពិបាក​ជាង​នេះ​ទៅ​ទៀត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាន់​តាម​លោក​នឹង​ជួប​ការ​ប្រឆាំង​ពី​សំណាក់​ក្រុម​គ្រួសារ ហើយ​លោក​ប្រើ​ពាក្យ​ស្រដៀង​គ្នា​នឹង​ពាក្យ​នៅ​មីកា ៧:៦​ដើម្បី​ពណ៌នា​អំពី​ឥទ្ធិពល​ដែល​ប្រសាសន៍​របស់​លោក​នឹង​មាន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន កូន​ស្រី​ទាស់​នឹង​ម្ដាយ​ខ្លួន ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយក្មេក។ ដូច្នេះ សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ពួក​គេ​»។ (​ម៉ាថ. ១០:៣៥, ៣៦​) យើង​ពិត​ជា​ពិបាក​ស៊ូ​ទ្រាំ​ខ្លាំង​ណាស់​នឹង​ការ​សើច​ចំអក​និង​ការ​ប្រឆាំង​ពី​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​យើង! ប្រសិនបើ​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​បែប​នេះ សូម​យើង​កុំ​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ពី​ក្រុម​គ្រួសារ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​បន្ត​រក្សា​ភក្ដីភាព ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​ចិត្ត​អត់​ធ្មត់។ ប្រសិនបើ​យើង​បន្ត​សុំ​ជំនួយ​ពី​ព្រះ នោះ​លោក​នឹង​ឲ្យ​យើង​មាន​កម្លាំង​និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។

៥, ៦​. តើ​មីកា​បាន​ទទួល​ពរ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​តើ​គាត់​មិន​បាន​ឃើញ​អ្វី?

៥ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​មីកា​ដោយ​សារ​គាត់​មាន​ចិត្ត​អត់​ធ្មត់។ មីកា​បាន​ឃើញ​ទី​បញ្ចប់​នៃ​ជីវិត​របស់​ស្តេច​អេហាស និង​ការ​គ្រប់​គ្រង​ដ៏​អាក្រក់​របស់​គាត់។ គាត់​បាន​ឃើញ​ស្តេច​ដ៏​ល្អ​គឺ​ហេសេគា ដែល​ជា​កូន​ប្រុស​របស់​អេហាស​ទទួល​រាជបល្ល័ង្ក ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ មីកា​ក៏​បាន​ឃើញ​ដែរ​ថា​ទំនាយ​ដែល​គាត់​បាន​សរសេរ​ស្តី​អំពី​ស្រុក​សាម៉ារី បាន​សម្រេច ពេល​ដែល​ជន​ជាតិ​អាសស៊ើរ​បាន​វាយលុក​ចូល​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង។—មីកា ១:៦

៦ ប៉ុន្តែ មីកា​មិន​បាន​ឃើញ​ការ​សម្រេច​ទំនាយ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ឲ្យ​គាត់​ទាយ​នោះ​ទេ។ ជា​ឧទាហរណ៍ គាត់​បាន​សរសេរ​ថា​៖ ​«​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​នឹង​បាន​ដំ​កើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​ហូរហែ ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា​»។ (​មីកា ៤:១, ២​) មីកា​បាន​ស្លាប់​ជា​យូរ​មុន​ទំនាយ​នោះ​បាន​សម្រេច។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​តាំង​ចិត្ត​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ពេល​គាត់​ស្លាប់ ទោះ​ជា​មនុស្ស​នៅ​ជុំ​វិញ​គាត់​ធ្វើ​អ្វី​ក៏​ដោយ។ ស្តី​អំពី​រឿង​នេះ មីកា​បាន​សរសេរ​ថា​៖ ​«​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ​»។ (​មីកា ៤:៥​) មីកា​អាច​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ក្នុង​អំឡុង​គ្រា​លំបាក​ដោយ​សារ​គាត់​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។

៧, ៨​. (​ក​) តើ​យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​អ្វី​ដើម្បី​មាន​ទំនុក​ចិត្ត? (​ខ​) តើ​អ្វី​នឹង​នាំ​ឲ្យ​ពេល​វេលា​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​ជាង?

៧ តើ​យើង​មាន​ទំនុក​ចិត្ត​ស្រដៀង​គ្នា​នេះ​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ? យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​ទំនុក​ចិត្ត​បែប​នេះ។ យើង​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​សម្រេច​នៃ​ទំនាយ​របស់​មីកា។ ក្នុង​អំឡុង​គ្រា​«​ជាន់​ក្រោយ​»​បង្អស់ មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ជាតិ​សាសន៍ កុលសម្ព័ន្ធ​និង​ភាសា ចូល​មក​«​ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​»។ ទោះ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ចេញ​មក​ពី​ប្រជាជាតិ​ដែល​ប្រយុទ្ធ​គ្នា​ក៏​ដោយ ពួក​គេ​បាន​ដំ​«​ដាវ​របស់​គេ​ធ្វើ​ជា​ផាល​»​ ហើយ​ពួក​គេ​មិន​«​រៀន​វិជ្ជា​ចំ​បាំង​ទៀត​»​ឡើយ។ (​មីកា ៤:៣​) យើង​ពិត​ជា​មាន​ឯកសិទ្ធិ​មែន​ដោយ​អាច​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ស្រឡាញ់​សន្ដិភាព!

៨ ជា​ធម្មតា​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បញ្ចប់​របៀប​របប​ដ៏​អាក្រក់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ ប៉ុន្តែ ដើម្បី​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ យើង​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ ព្រះ​បាន​កំណត់​ថ្ងៃ​ដែល​លោក​នឹង​វិនិច្ឆ័យ​មនុស្សជាតិ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​«​បុរស​ម្នាក់​ដែល​លោក​បាន​តែង​តាំង​»។ (​សកម្ម. ១៧:៣១​) ប៉ុន្តែ​មុន​ពេល​នោះ​មក​ដល់ ព្រះ​កំពុង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»​ ឲ្យ​ពួក​គេ​អាច​ប្រព្រឹត្ត​តាម​ចំណេះ​នោះ ហើយ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ។ យើង​ត្រូវ​ចាំ​ថា​ជីវិត​មនុស្ស​គឺ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ (​សូម​អាន ធីម៉ូថេទី១ ២:៣, ៤​) ប្រសិនបើ​យើង​ជាប់​រវល់​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ ពេល​វេលា​ដែល​នៅ​សល់​មុន​ថ្ងៃ​នៃ​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​នឹង​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​ជាង។ បន្ដិច​ទៀត​ទី​បញ្ចប់​នឹង​មក​ដល់។ កាល​ដែល​ពេល​នោះ​មក​ដល់ យើង​ពិត​ជា​នឹង​សប្បាយ​រីករាយ​ដោយ​សារ​យើង​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ!

តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ទី​បញ្ចប់​គឺ​ជិត​ដល់​ហើយ?

៩​-​១១​. តើ​ទំនាយ​នៅ​ថែស្សាឡូនិច​ទី​១ ៥:៣​បាន​សម្រេច​ហើយ​ឬ​នៅ? សូម​ពន្យល់។

៩ សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១​-​៣។ នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ ប្រជាជាតិ​នានា​នឹង​ប្រកាស​ថា​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!​»។ ដើម្បី​កុំ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​នឹង​ការ​ប្រកាស​នេះ យើង​ត្រូវ​«​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។ (​១ថែ. ៥:៦​) ឥឡូវ​យើង​នឹង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ខ្លះ​ៗ​ដែល​បាន​កើត​ឡើង​មុន​ការ​ប្រកាស​ដ៏​សំខាន់​នេះ។

១០ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១​និង​ទី​២ ប្រជាជាតិ​នានា​ខំ​រក​សន្ដិភាព។ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​សង្ឃឹម​ថា​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព។ បន្ទាប់​មក ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា​អង្គការ​សហប្រជាជាតិ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​នៅ​លើ​ផែនដី។ អ្នក​ដឹក​នាំ​រដ្ឋាភិបាល​និង​អ្នក​ដឹក​នាំ​សាសនា​សង្ឃឹម​លើ​អង្គការ​ទាំង​នេះ​ថា​អាច​នាំ​មក​នូវ​ស្ថានភាព​ដែល​មាន​សន្ដិភាព​សម្រាប់​មនុស្សជាតិ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៨៦ អង្គការ​សហប្រជាជាតិ​ប្រកាស​ជា​សាធារណៈ​ថា​នេះ​ជា​ឆ្នាំ​នៃ​សន្ដិភាព​អន្តរជាតិ។ នៅ​ឆ្នាំ​នោះ អ្នក​ដឹក​នាំ​សាសនា​និង​អ្នក​ដឹក​នាំ​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​នាក់​បាន​ចូល​រួម​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា​កាតូលិក​នៅ​ក្រុង​អាសស៊ីស៊ី​ប្រទេស​អ៊ីតាលី ដើម្បី​អធិដ្ឋាន​សុំ​សន្ដិភាព។

១១ ប៉ុន្តែ ការ​ប្រកាស​ថា​មាន​សន្ដិភាព​និង​សន្ដិសុខ​នៅ​ពេល​នោះ​និង​ការ​ប្រកាស​ឯ​ទៀត​ដែល​ស្រដៀង​គ្នា​នេះ​មិន​សម្រេច​ទំនាយ​ដែល​បាន​កត់​ទុក​នៅ​ថែស្សាឡូនិច​ទី​១ ៥:៣​ឡើយ។ ហេតុ​អ្វី? ដោយ​សារទំនាយ​នោះ​ដែល​ថា​«​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​»​នឹង​កើត​ឡើង មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

១២​. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ការ​ប្រកាស​ថា​មាន​«​សន្ដិភាព​និង​សន្ដិសុខ​»​?

១២ តើ​អ្នក​ណា​នឹង​ចេញ​សេចក្ដី​ប្រកាស​ដ៏​សំខាន់​នេះ​អំពី​«​សន្ដិភាព​និង​សន្ដិសុខ​»​ នៅ​ពេល​អនាគត? តើ​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​និង​អ្នក​ដឹក​នាំ​សាសនា​ឯ​ទៀត​នឹង​មាន​តួនាទី​អ្វី? តើ​អ្នក​ដឹក​នាំ​ផ្សេង​ៗ​នៃ​រដ្ឋាភិបាល​នឹង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​នេះ​យ៉ាង​ដូច​ម្ដេច? បទ​គម្ពីរ​មិន​រៀប​រាប់​អំពី​រឿង​នេះ​ទេ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា ទោះ​ជា​ពួក​គេ​ប្រកាស​តាម​របៀប​ណា ឬ​ក៏​ការ​ប្រកាស​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ របៀប​របប​ពិភព​លោក​នេះ​នឹង​នៅ​តែ​ស្ថិត​ក្រោម​អំណាច​របស់​សាថាន។ ពិភព​លោក​នេះ​គឺ​ខូច​អាក្រក់​ទាំង​ស្រុង ហើយ​ស្ថានភាព​នេះ​គឺ​មិន​ប្រែ​ប្រួល​ឡើយ។ គួរ​ឲ្យ​ស្ដាយ​ណាស់​បើ​យើង​ជឿ​លើ​ការ​ឃោសនា​របស់​សាថាន ហើយ​បោះបង់​គោល​ជំហរ​អព្យាក្រឹត​របស់​យើង​ជា​គ្រិស្ត​សាសនិក!

១៣​. ហេតុ​អ្វី​ទេវតា​ទប់​ខ្យល់​នៃ​សេចក្ដី​ហិន​វិនាស?

១៣ សូម​អាន ការ​បើក​បង្ហាញ ៧:១​-​៤។ កាល​ដែល​យើង​រង់​ចាំ​ការ​សម្រេច​នៃ​ទំនាយ​នៅ​ថែស្សាឡូនិច​ទី​១ ៥:៣ ទេវតា​ដ៏​មាន​ឫទ្ធានុភាព​កំពុង​ទប់​ខ្យល់​នៃ​សេចក្ដី​ហិន​វិនាស​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។ តើ​ទេវតា​ទាំង​នោះ​កំពុង​ចាំ​អ្វី? ព្រឹត្ដិការណ៍​សំខាន់​មួយ​បាន​ត្រូវ​រៀប​រាប់​ដោយ​សាវ័ក​យ៉ូហាន​ថា គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​«​ខ្ញុំ​បម្រើ​នៃ​ព្រះ​របស់​យើង​»​ ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ។a ពេល​ដែល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ​នោះ​ចប់​សព្វ​គ្រប់ ទេវតា​នឹង​លែង​ខ្យល់​នៃ​សេចក្ដី​ហិន​វិនាស។ បន្ទាប់​មក​តើ​នឹង​មាន​អ្វី​កើត​ឡើង?

១៤​. តើ​អ្វី​បង្ហាញ​ថា​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជិត​ត្រូវ​បំផ្លាញ​ហើយ?

១៤ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ដែល​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក​នឹង​ត្រូវ​បំផ្លាញ ហើយ​នេះ​ជា​អ្វី​ដែល​នាង​សម​ទទួល។ ​«​ជាតិ​សាសន៍​ផ្សេង​ៗ មហាជន​នានា ប្រជាជាតិ​ផ្សេង​ៗ និង​ភាសា​ផ្សេង​ៗ​»​ នឹង​មិន​អាច​ជួយ​នាង​បាន​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​សញ្ញា​សម្គាល់​ដែល​បង្ហាញ​ថា​ទី​បញ្ចប់​របស់​នាង​គឺ​ជិត​មក​ដល់​ហើយ។ (​បប. ១៦:១២; ១៧:១៥​-​១៨; ១៨:៧, ៨, ២១​) ពេល​មាន​ការ​ផ្សាយ​ព័ត៌មាន​រិះ​គន់​សាសនា​មិន​ពិត​និង​មេ​ដឹក​នាំ​សាសនា​នោះ យើង​អាច​ឃើញ​ថា​មិន​សូវ​មាន​អ្នក​ណា​គាំ​ទ្រ​នាង​ទេ។ សូម្បី​តែ​ដូច្នេះ​ក៏​ដោយ អ្នក​ដឹក​នាំ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ជួប​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ពួក​គេ​ពិត​ជា​បាន​គិត​ខុស​មែន! ក្រោយ​ពី​មាន​ការ​ប្រកាស​ថា​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!​»​ រដ្ឋាភិបាល​នៃ​របៀប​របប​សាថាន​នឹង​វាយ​ប្រហារ​សាសនា​មិន​ពិត ហើយ​បំផ្លាញ​នាង​ចោល​ទាំង​ស្រុង ក្នុង​មួយ​រំពេច។ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​លែង​មាន​ត​ទៅ​ទៀត​ហើយ! ការ​រង់​ចាំ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​នេះ​ដោយ​ចិត្ត​អត់​ធ្មត់​ប្រាកដជា​មាន​ប្រយោជន៍​ណាស់។—បប. ១៨:៨, ១០

តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​អត់​ធ្មត់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៥​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់?

១៥ ទោះ​ជា​មនុស្ស​តិះ​ដៀល​នាម​របស់​លោក​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ពេល​ត្រឹម​ត្រូវ​ដែល​លោក​នឹង​ចាត់​វិធានការ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ (​២ពេ. ៣:៩, ១០​) តើ​យើង​មាន​ទស្សនៈ​ដូច​លោក​ទេ? មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​អត់​ធ្មត់​របស់​លោក​តាម​វិធី​ដូច​ត​ទៅ​នេះ។

១៦, ១៧​. (​ក​) ហេតុ​អ្វី​យើង​ចង់​ជួយ​ពួក​អ្នក​អសកម្ម? (​ខ​) ហេតុ​អ្វី​ពួក​អ្នក​អសកម្ម​ត្រូវ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ​ជា​បន្ទាន់?

១៦ ចូរ​ជួយ​ពួក​អ្នក​ដែល​បាន​ទៅ​ជា​អសកម្ម។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ពេល​រក​ឃើញ​ចៀម​មួយ​ដែល​បាន​បាត់។ (​ម៉ាថ. ១៨:១៤; លូក. ១៥:៣​-​៧​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាម​របស់​លោក ទោះ​ជា​សព្វ​ថ្ងៃ​នេះ​ពួក​គេ​មិន​មាន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ក៏​ដោយ។ ពេល​យើង​ជួយ​បុគ្គល​បែប​នេះ​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​និង​ពួក​ទេវតា​មាន​អំណរ។

១៧ តើ​អ្នក​ជា​បង​ប្អូន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ដែល​អសកម្ម​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ? ប្រហែលជា​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត ហើយ​ជា​លទ្ធផល​អ្នក​បាន​ឈប់​សេពគប់​ជា​មួយ​បង​ប្អូន​ដែល​នៅ​ក្នុង​អង្គការរបស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​រឿង​នោះ​ប្រហែលជា​បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​ឥឡូវ​នេះ​ជីវិត​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ជាង​មុន ហើយ​តើ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​មុន​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ឬ​ក៏​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ? តើ​ព្រះ​យេហូវ៉ា​ធ្លាប់​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ឬ​ទេ?›។ ព្រះ​តែង​តែ​ធ្វើ​ល្អ​ចំពោះ​យើង។ ទោះ​ជា​ឥឡូវ​នេះ​យើង​មិន​បាន​ធ្វើ​តាម​ការ​ប្រគល់​ខ្លួន​យើង​ជូន​លោក​ក៏​ដោយ លោក​ឲ្យ​យើង​សប្បាយ​នឹង​អ្វី​ល្អ​ៗ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​មនុស្ស។ (​យ៉ា. ១:១៦, ១៧​) មិន​យូរ​ទៀត ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់។ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ត្រឡប់​មក​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​មក​ក្រុម​ជំនុំ ដែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​មាន​សុវត្ថិភាព​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។—ចោ. ៣៣:២៧; ហេ. ១០:២៤, ២៥

១៨​. ហេតុ​អ្វី​យើង​គួរ​គាំ​ទ្រ​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ?

១៨ ចូរ​គាំ​ទ្រ​យ៉ាង​ស្មោះ​ចំពោះ​ពួក​អ្នក​នាំ​មុខ។ ក្នុង​នាម​ជា​គង្វាល​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​និង​ការពារ​យើង។ លោក​បាន​តែង​តាំង​បុត្រ​របស់​លោក​ជា​មេ​គង្វាល​ចៀម។ (​១ពេ. ៥:៤​) អ្នក​ចាស់​ទុំ​នៅ​ជាង​១០០.០០០​ក្រុម​ជំនុំ ឃ្វាល​ចៀម​នីមួយ​ៗ​របស់​ព្រះ។ (​សកម្ម. ២០:២៨​) ពេល​យើង​គាំ​ទ្រ​ដោយ​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​នាំ​មុខ យើង​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា និង​លោក​យេស៊ូ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​សម្រាប់​យើង។

១៩​. តើ​យើង​អាច​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​យ៉ាង​ដូច​ម្ដេច?

១៩ ចូរ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ពេល​ទាហាន​ដែល​បាន​ត្រូវ​បង្វឹក​បង្វឺន​យ៉ាង​ល្អ​ត្រូវ​សត្រូវ​វាយ​ប្រហារ ទាហាន​ម្នាក់​ៗ​ចូល​ជិត​គ្នា។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ធ្វើ​ឲ្យ​សត្រូវ​ពិបាក​វាយ​ប្រហារ។ សាថាន​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​មក​លើ​រាស្ត្រ​របស់​ព្រះ។ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ឲ្យ​យើង​ឈ្លោះ​គ្នា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ទេ។ ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា ហើយ​មិន​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត ព្រម​ទាំង​បង្ហាញ​ទំនុក​ចិត្ត​លើ​ការ​នាំ​មុខ​របស់​ព្រះ​យេហូវ៉ា។

២០​. តើ​ឥឡូវ​នេះ​យើង​គួរ​ធ្វើ​អ្វី?

២០ សូម​យើង​ទាំង​អស់​គ្នា​បន្ត​ភ្ញាក់​ដឹង​ខ្លួន ហើយ​ចេះ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។ សូម​យើង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ការ​ប្រកាស​ថា​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!​»​ ហើយ​រង់​ចាំ​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ​នៃ​ពួក​អ្នក​រើស​តាំង។ ក្រោយ​មក ទេវតា​ទាំង​បួន​នឹង​លែង​ខ្យល់​នៃ​សេចក្ដី​ហិន​វិនាស ហើយ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​បំផ្លាញ។ កាល​ដែល​យើង​រង់​ចាំ​ព្រឹត្ដិការណ៍​សំខាន់​ៗ​ទាំង​នេះ​កើត​ឡើង សូម​យើង​ព្រម​ទទួល​ការ​ណែនាំ​ពី​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ សូម​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា ដើម្បី​ទប់​ទល់​នឹង​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច! ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​អ្នក​តែង​ទំនុកតម្កើង​ដែល​ថា​៖ ​«​ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​អើយ ចូរ​មាន​កំឡាំង​ឡើង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ក្លាហាន​ចុះ​»។—ទំនុក. ៣១:២៤

a ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ភាព​ខុស​គ្នា​រវាង​ការ​បោះត្រា​ជា​លើក​ដំបូង​និង​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ​នៃ​សមាជិក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ទំព័រ​២១​-​២២ វគ្គ​១២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក