របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួយសិស្សឲ្យរីកចម្រើនដល់ប្រគល់ខ្លួនជូនព្រះ និងទទួលការជ្រមុជទឹក
ហេតុអ្វីសំខាន់?: ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា សិស្សគម្ពីរត្រូវប្រគល់ខ្លួនជូនលោក ហើយទទួលការជ្រមុជទឹក។ (១ពេ. ៣:២១) បើសិស្សគម្ពីរមានរបៀបរស់នៅស្របតាមការប្រគល់ខ្លួនជូនព្រះ នោះនឹងការពារចំណងមិត្តភាពរវាងគាត់និងលោក។ (ទំនុក. ៩១:១, ២) ក្នុងនាមជាគ្រិស្តសាសនិក យើងប្រគល់ខ្លួនជូនព្រះយេហូវ៉ា មិនមែនដល់មនុស្ស ដល់ការងារ ឬអង្គការណាមួយឡើយ។ ម្ល៉ោះហើយ សិស្សគម្ពីរត្រូវបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់និងអំណរគុណចំពោះព្រះយេហូវ៉ា។—រ៉ូម ១៤:៧, ៨
របៀបអនុវត្ត:
ក្នុងអំឡុងពេលបង្រៀនគម្ពីរ សូមពិគ្រោះព័ត៌មានក្នុងមេរៀនដែលជួយសិស្សគម្ពីរស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់។ សូមបញ្ជាក់អំពីសារៈសំខាន់នៃការអានគម្ពីរជារៀងរាល់ថ្ងៃ និងការអធិដ្ឋាន«ឥតឈប់»ទៅព្រះយេហូវ៉ា។—១ថែ. ៥:១៧; យ៉ា. ៤:៨
សូមលើកទឹកចិត្តសិស្សគម្ពីរឲ្យកំណត់គោលដៅប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក។ ដំណាលគ្នានោះ សូមជួយគាត់កំណត់គោលដៅតូចៗ ដូចជាការលើកដៃឆ្លើយនៅកិច្ចប្រជុំ ឬការផ្សព្វផ្សាយដល់អ្នកជិតខាងនិងអ្នករួមការងារជាដើម។ សូមចាំថាព្រះយេហូវ៉ាមិនបង្ខំនរណាម្នាក់ឲ្យបម្រើលោកឡើយ។ ការប្រគល់ខ្លួនជូនព្រះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។—ចោ. ៣០:១៩, ២០
សូមជំរុញចិត្តសិស្សគម្ពីរឲ្យកែប្រែការប្រព្រឹត្តណាដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយលើកទឹកចិត្តគាត់បណ្ដុះឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ (សុភ. ២៧:១១) សិស្សគម្ពីរប្រហែលជាមានលក្ខណៈឬទម្លាប់មិនល្អខ្លះដែលចាក់ឫសយ៉ាងជ្រៅ។ ដូច្នេះ យើងត្រូវបន្តជួយគាត់ឲ្យដោះចេញនូវបុគ្គលិកលក្ខណៈចាស់ ហើយបំពាក់បុគ្គលលក្ខណៈថ្មី។ (អេភ. ៤:២២-២៤) សូមបង្ហាញគាត់ក្នុងទស្សនាវដ្ដីប៉មយាមអំពីអត្ថបទតភាគ«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»។
សូមរៀបរាប់ប្រាប់សិស្សគម្ពីរនូវអំណរដែលអ្នកបានទទួលពីការបម្រើព្រះយេហូវ៉ា។—អេ. ៤៨:១៧, ១៨