ជីវប្រវត្ដិ
ការរៀនពីគំរូល្អៗនាំឲ្យខ្ញុំទទួលពរជាច្រើន
ពេលខ្ញុំនៅក្មេង ខ្ញុំពិបាកផ្សព្វផ្សាយ។ កាលដែលខ្ញុំធំឡើង ខ្ញុំបានត្រូវសុំឲ្យធ្វើអ្វីដែលខ្ញុំគិតថាខ្ញុំមិនអាចធ្វើបាន។ ឥឡូវ ខ្ញុំសូមរៀបរាប់អំពីគំរូល្អរបស់បុគ្គលខ្លះដែលបានជួយខ្ញុំឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាច ហើយទទួលពរដ៏អស្ចារ្យក្នុងរយៈពេល៥៨ឆ្នាំដែលខ្ញុំបំពេញកិច្ចបម្រើពេញពេល។
ខ្ញុំបានកើតនៅក្រុងកេបិក ក្នុងខេត្តកេបិកដែលគេនិយាយភាសាបារាំងនៅប្រទេសកាណាដា។ ឪពុកខ្ញុំឈ្មោះលូអ៊ី ហើយម្ដាយខ្ញុំឈ្មោះហ៊្សីលីយ៉ា។ ពួកគាត់បានចិញ្ចឹមអប់រំខ្ញុំដោយបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសខ្លាំងណាស់។ ឪពុកខ្ញុំជាមនុស្សអៀនខ្មាស ហើយចូលចិត្តអាន។ ខ្ញុំចូលចិត្តសរសេរ ហើយខ្ញុំមានក្ដីស្រមៃចង់ទៅជាអ្នកសារព័ត៌មាន។
ពេលខ្ញុំអាយុ១២ឆ្នាំ អ្នករួមការងារម្នាក់របស់ឪពុកខ្ញុំ ឈ្មោះរ៉ូដូហ្វ ស៊ុស៊ី ព្រមទាំងមិត្តភក្ដិម្នាក់របស់គាត់បានមកលេងផ្ទះរបស់យើង។ ពួកគាត់ជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំមិនស្គាល់ច្រើនអំពីសាក្សីទេ ហើយខ្ញុំមិនសូវចាប់អារម្មណ៍នឹងសាសនារបស់ពួកគេដែរ។ ប៉ុន្តែ ខ្ញុំកោតស្ងើចចំពោះរបៀបដែលពួកគាត់ប្រើគម្ពីរដើម្បីផ្ដល់ចម្លើយយ៉ាងសមហេតុសមផលចំពោះសំណួររបស់យើង។ ឪពុកម្ដាយខ្ញុំក៏បានកោតស្ងើចដែរ ដូច្នេះយើងបានយល់ព្រមសិក្សាគម្ពីរ។
នៅពេលនោះ ខ្ញុំបានចូលរួមសាលាសាសនាកាតូលិក។ ម្ដងម្កាល ខ្ញុំបានសន្ទនាជាមួយនឹងសិស្សរួមថ្នាក់របស់ខ្ញុំអំពីអ្វីដែលខ្ញុំរៀនពីគម្ពីរ។ នៅទីបំផុត គ្រូបង្រៀនដែលជាពួកបព្វជិតបានឮអំពីការសន្ទនារបស់ខ្ញុំជាមួយនឹងសិស្សរួមថ្នាក់ទាំងនោះ។ ជាជាងប្រើបទគម្ពីរដើម្បីបង្ហាញថាអ្វីដែលខ្ញុំនិយាយគឺខុស បព្វជិតម្នាក់បានចោទប្រកាន់ខ្ញុំនៅចំពោះមុខសិស្សរួមថ្នាក់ទាំងអស់ ថាខ្ញុំជាអ្នកបះបោរប្រឆាំង! នោះជាស្ថានភាពដ៏តានតឹងណាស់ តែនោះបាននាំឲ្យមានលទ្ធផលល្អ ដោយសារខ្ញុំអាចឃើញថាសេចក្ដីបង្រៀនរបស់សាសនានៅសាលានោះមិនស្របតាមអ្វីដែលគម្ពីរចែងឡើយ។ ខ្ញុំបានដឹងថាខ្ញុំគួរឈប់ចូលរួមសាលានោះ។ ដូច្នេះ ឪពុកម្ដាយរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំប្ដូរទៅសាលាផ្សេង។
ការរៀនឲ្យចូលចិត្តកិច្ចបម្រើផ្សាយ
ខ្ញុំបានបន្តរៀនគម្ពីរ ប៉ុន្តែខ្ញុំមិនរីកចម្រើនលឿនទេ ដោយសារខ្ញុំមិនហ៊ានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ សាសនាកាតូលិកមានអំណាចខ្លាំងណាស់ ហើយបានប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។ ម៉រីស ឌូប្ល៉េស៊ីដែលជានាយករដ្ឋមន្ត្រីខេត្តកេបិក គឺជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងសាសនាកាតូលិក។ ដោយមានការគាំទ្រពីគាត់ មនុស្សមួយក្រុមដែលមានកំហឹងបានមកអុកឡុក ហើយថែមទាំងវាយប្រហារលើសាក្សីព្រះយេហូវ៉ាទៀតផង។ សាក្សីព្រះយេហូវ៉ាពិតជាមានចិត្តអង់អាចក្លាហានក្នុងការផ្សព្វផ្សាយនៅពេលនោះ។
បងប្រុសម្នាក់ដែលបានជួយខ្ញុំឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាចនោះគឺបងចន រ៉េដែលបានបញ្ចប់វគ្គសិក្សាសាលាគីលាតជំនាន់ទី៩។ បងចនមានបទពិសោធន៍ច្រើន មានចិត្តរាបទាប ចិត្តសុភាព និងស្រួលទាក់ទង។ គាត់កម្រឲ្យយោបល់ចំៗដល់ខ្ញុំ ប៉ុន្តែខ្ញុំបានរៀនច្រើនពីគំរូល្អរបស់គាត់។ បងចនពិបាកនិយាយភាសាបារាំង ដូច្នេះខ្ញុំច្រើនតែផ្សព្វផ្សាយជាមួយគាត់ ដើម្បីជួយគាត់។ ជាលទ្ធផល កាលដែលខ្ញុំចំណាយពេលជាមួយនឹងបងចន នោះបានជួយខ្ញុំឲ្យសម្រេចចិត្តធ្វើជាសាក្សីព្រះយេហូវ៉ា។ ដប់ឆ្នាំក្រោយពីខ្ញុំបានជួបសាក្សីជាលើកដំបូង ខ្ញុំបានទទួលការជ្រមុជទឹក នោះគឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៥១។
បងចន រ៉េ (ក), ខ្ញុំ (ខ) គំរូល្អរបស់បងចន រ៉េ បានជួយខ្ញុំឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាចដែលខ្ញុំមានក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
បងប្អូនភាគច្រើនក្នុងក្រុមជំនុំតូចរបស់យើងនៅក្រុងកេបិក ជាអ្នកត្រួសត្រាយ។ គំរូល្អរបស់ពួកគេបានជំរុញចិត្តខ្ញុំឲ្យធ្វើជាអ្នកត្រួសត្រាយដែរ។ នៅពេលនោះ យើងបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយប្រើតែគម្ពីរប៉ុណ្ណោះ។ ដោយសារយើងគ្មានសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ យើងត្រូវប្រើបទគម្ពីរឲ្យកាន់តែប៉ិនប្រសប់។ ដូច្នេះ ខ្ញុំព្យាយាមស្គាល់បទគម្ពីរផ្សេងៗដែលជួយខ្ញុំឲ្យចេះនិយាយការពារសេចក្ដីពិត។ ប៉ុន្តែ មនុស្សជាច្រើនមិនព្រមអានគម្ពីរណាដែលមិនបានទទួលការពេញចិត្តពីសាសនាកាតូលិកឡើយ។
នៅឆ្នាំ១៩៥២ ខ្ញុំបានរៀបការជាមួយនឹងស៊ីម៉ិន ផាទ្រី ដែលជាបងស្រីដ៏ស្មោះត្រង់នៅតំបន់នោះ។ យើងបានរើទៅក្រុងម៉ុងរ៉េអាល ហើយមិនដល់មួយឆ្នាំផង យើងក៏មានកូនស្រីម្នាក់ ឈ្មោះលីស។ ទោះជាខ្ញុំបានឈប់ធ្វើជាអ្នកត្រួសត្រាយបន្ដិចមុនយើងរៀបការក្ដី ខ្ញុំនិងស៊ីម៉ិនបានព្យាយាមរក្សាជីវិតឲ្យសាមញ្ញ ដើម្បីយើងអាចចូលរួមយ៉ាងពេញលេញជាក្រុមគ្រួសារក្នុងសកម្មភាពផ្សេងៗរបស់ក្រុមជំនុំ។
ដប់ឆ្នាំក្រោយមក ខ្ញុំបានគិតយ៉ាងដិតដល់ម្ដងទៀតអំពីការធ្វើជាអ្នកត្រួសត្រាយ។ នៅឆ្នាំ១៩៦២ កាលដែលខ្ញុំចូលសាលាកិច្ចបម្រើរាជាណាចក្រសម្រាប់ពួកអ្នកចាស់ទុំ ដែលមានរយៈពេលមួយខែនៅបេតអែលប្រទេសកាណាដា ខ្ញុំបានត្រូវរៀបចំឲ្យស្នាក់នៅជាមួយនឹងបងប្រុសម្នាក់ឈ្មោះកាមីល វ៉ាឡេត។ ខ្ញុំពិតជាកោតស្ងើចនឹងចិត្តខ្នះខ្នែងរបស់បងកាមីលចំពោះកិច្ចបម្រើផ្សាយ ជាពិសេសដោយសារគាត់ជាប្ដីផងនិងជាឪពុកផង។ នៅសម័យនោះ មិនសូវមានបងប្អូនដែលជាឪពុកឬម្ដាយដែលកំពុងចិញ្ចឹមអប់រំកូនធ្វើជាអ្នកត្រួសត្រាយនាក្រុងកេបិកទេ ប៉ុន្តែនោះជាគោលដៅរបស់បងកាមីល។ ក្នុងអំឡុងពេលយើងនៅជាមួយគ្នា គាត់បានលើកទឹកចិត្តខ្ញុំឲ្យគិតអំពីស្ថានភាពរបស់ខ្ញុំ។ គ្រាន់តែប៉ុន្មានខែក្រោយមក ខ្ញុំបានឃើញថាខ្ញុំអាចបម្រើជាអ្នកត្រួសត្រាយពេញពេលម្ដងទៀតបាន។ អ្នកខ្លះបាននិយាយថានេះមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃទេ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយម្ដងទៀត ដោយសារខ្ញុំជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យពរលើការខំប្រឹងព្យាយាមរបស់ខ្ញុំក្នុងការផ្សព្វផ្សាយច្រើនជាង។
ការត្រឡប់ទៅក្រុងកេបិកវិញ ក្នុងនាមជាអ្នកត្រួសត្រាយពិសេស
នៅឆ្នាំ១៩៦៤ ខ្ញុំនិងស៊ីម៉ិនបានត្រូវតែងតាំងឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសនៅក្រុងកេបិកដែលជាស្រុកកំណើតរបស់យើង និងជាកន្លែងដែលយើងបានបម្រើអស់ជាច្រើនឆ្នាំក្រោយមក។ នៅពេលនោះ នៅតែមានអ្នកខ្លះដែលប្រឆាំងយើង តែមិនសូវច្រើនដូចពីមុនទេ។
នៅរសៀលថ្ងៃសៅរ៍មួយ ខ្ញុំបានត្រូវគេចាប់ខ្លួននៅក្រុងសាត់ម៉ារៀជាក្រុងតូចដែលមិននៅឆ្ងាយពីក្រុងកេបិកទេ។ មន្ត្រីនគរបាលម្នាក់បាននាំខ្ញុំទៅប៉ុស្តិ៍ប៉ូលិស ហើយបានចាប់ខ្ញុំដាក់គុក ដោយសារខ្ញុំបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយគ្មានការអនុញ្ញាត។ ក្រោយមក ខ្ញុំបានត្រូវគេនាំយកទៅជួបចៅក្រមម្នាក់ឈ្មោះប៊ីយ៉ាហ្សន់ ជាបុគ្គលដែលធ្វើឲ្យអ្នកឯទៀតភ័យខ្លាច។ គាត់បានសួរខ្ញុំថាអ្នកណាជាមេធាវីការពារក្ដីរបស់ខ្ញុំ។ ពេលខ្ញុំលើកឈ្មោះបងគ្លេន ហោ ដែលជាមេធាវីសាក្សីព្រះយេហូវ៉ាដ៏ល្បីឈ្មោះ នោះគាត់ភ័យ ហើយលាន់មាត់ថា៖ «អូ គាត់ទៀតហើយ!»។ នៅពេលនោះ បងគ្លេន ហោមានកេរ្ដិ៍ឈ្មោះល្បីខាងការនិយាយការពារសាក្សីព្រះយេហូវ៉ាស្របតាមច្បាប់។ មិនយូរក្រោយមក តុលាការបានប្រាប់ខ្ញុំថារឿងក្ដីនោះបានត្រូវលើកចោល។
ការប្រឆាំងចំពោះកិច្ចការរបស់យើងនៅក្រុងកេបិក ក៏បានធ្វើឲ្យយើងពិបាកស្វែងរកកន្លែងសមរម្យមួយសម្រាប់ជួលដើម្បីប្រជុំគ្នា។ យើងបានរកឃើញតែកន្លែងយានដ្ឋានតូចចាស់មួយសម្រាប់ក្រុមជំនុំតូចរបស់យើង។ បងប្អូនបានប្រើម៉ាស៊ីនកម្ដៅតូចមួយដែលប្រើប្រេងដើម្បីធ្វើឲ្យបន្ទប់នោះមានភាពកក់ក្ដៅខ្លះក្នុងអំឡុងរដូវរងា។ យើងច្រើនតែជុំគ្នានៅជុំវិញម៉ាស៊ីននោះ អស់រយៈពលប៉ុន្មានម៉ោងមុនកិច្ចប្រជុំចាប់ផ្ដើម ដើម្បីប្រាប់បទពិសោធន៍ដ៏លើកទឹកចិត្តដល់គ្នាទៅវិញទៅមក។
ខ្ញុំសប្បាយចិត្តជាខ្លាំងពេលឃើញលទ្ធផលល្អពីកិច្ចការផ្សព្វផ្សាយអស់ជាច្រើនឆ្នាំ។ កាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្រុងកេបិក តំបន់ខូតណូ និងតំបន់ហ្គាស្ពេ មានក្រុមជំនុំតូចតែប៉ុន្មានប៉ុណ្ណោះ។ សព្វថ្ងៃនេះ មានមណ្ឌលលើសពីពីរនៅតំបន់ទាំងនោះ ហើយបងប្អូនជួបជុំគ្នានៅសាលប្រជុំដ៏ស្រស់ស្អាត។
ការអញ្ជើញឲ្យធ្វើកិច្ចការធ្វើដំណើរត្រួតពិនិត្យ
នៅឆ្នាំ១៩៧៧ នាក្រុងតូរ៉ុនតូ ប្រទេសកាណាដា ខ្ញុំបានចូលរួមកិច្ចប្រជុំមួយសម្រាប់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ
ខ្ញុំនិងស៊ីម៉ិនបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនៅឆ្នាំ១៩៧០។ បន្ទាប់មកនៅឆ្នាំ១៩៧៣ យើងបានត្រូវចាត់ឲ្យធ្វើកិច្ចការត្រួតពិនិត្យប្រចាំតំបន់។ ក្នុងអំឡុងឆ្នាំទាំងនោះ ខ្ញុំបានរៀនច្រើនពីបងប្រុសៗដែលមានសមត្ថភាពច្រើន ដូចជាបងឡូរីយេ សូមួ និងបងដាវីឌ សិផ្លេនa ដែលបានបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ។ ក្រោយសន្និបាតម្ដងៗ ខ្ញុំនិងបងដាវីឌបានសុំយោបល់គ្នាទៅវិញទៅមកអំពីរបៀបបង្កើនសមត្ថភាពក្នុងការបង្រៀន។ ខ្ញុំនឹកចាំថានៅពេលមួយបងដាវីឌបានប្រាប់ខ្ញុំថា៖ «បងឡេអន់ ខ្ញុំចូលចិត្តសុន្ទរកថាចុងក្រោយរបស់បង។ សុន្ទរកថានោះល្អ តែខ្ញុំអាចធ្វើសុន្ទរកថាបីចេញពីប្រភពព័ត៌មាននោះ!»។ ខ្ញុំបានបញ្ចូលព័ត៌មានច្រើនពេកក្នុងសុន្ទរកថារបស់ខ្ញុំ។ ខ្ញុំត្រូវរៀនចេះសង្ខេបព័ត៌មាន។
ខ្ញុំបានបម្រើនៅក្រុងមួយចំនួន នាភាគខាងកើតនៃប្រទេសកាណាដា
អ្នកត្រួតពិនិត្យប្រចាំតំបន់មានភារកិច្ចលើកទឹកចិត្តអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អ្នកផ្សាយជាច្រើននៅក្រុងកេបិកស្គាល់ខ្ញុំច្បាស់។ ពួកគេច្រើនតែចង់ផ្សព្វផ្សាយជាមួយខ្ញុំ ពេលខ្ញុំធ្វើទស្សនកិច្ច។ ទោះជាខ្ញុំចូលចិត្តផ្សព្វផ្សាយជាមួយនឹងពួកគេក្ដី ខ្ញុំមិនសូវបានចំណាយពេលជាមួយនឹងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទេ។ នៅពេលមួយ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ បានរំលឹកខ្ញុំថា៖ «គឺល្អដែលបងចំណាយពេលជាមួយនឹងបងប្អូនផ្សេងៗ ប៉ុន្តែសូមកុំភ្លេចថាក្នុងសប្ដាហ៍នេះ បងមកទីនេះដើម្បីជួបខ្ញុំ។ ខ្ញុំក៏ត្រូវការការលើកទឹកចិត្តដែរ!»។ យោបល់ដ៏សប្បុរសនេះ បានជួយខ្ញុំឲ្យចេះមានតុល្យភាពជាង។
គួរឲ្យស្ដាយមែន នៅឆ្នាំ១៩៧៦មានរឿងដ៏ខ្លោចផ្សាមួយដែលមិនបានរំពឹងទុកបានកើតឡើង។ ស៊ីម៉ិនដែលជាប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានស្លាប់។ គាត់ជាប្រពន្ធដ៏ល្អម្នាក់ ដោយសារគាត់ជាមនុស្សដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ការបន្តជាប់រវល់ក្នុងកិច្ចបម្រើផ្សាយពិតជាបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងការបាត់បង់គាត់ ហើយខ្ញុំអរគុណព្រះយេហូវ៉ាសម្រាប់ការគាំទ្រដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោក ក្នុងអំឡុងគ្រាដ៏ពិបាកនោះ។ ក្រោយមក ខ្ញុំបានរៀបការជាមួយនឹងបងស្រីម្នាក់ឈ្មោះការ៉ូលីន អេលីយិត។ គាត់ជាអ្នកត្រួសត្រាយដ៏ខ្នះខ្នែងដែលនិយាយភាសាអង់គ្លេស ហើយគាត់បានមកខេត្តកេបិកដើម្បីបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ ការ៉ូលីនជាមនុស្សស្រួលទាក់ទង និងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត ជាពិសេសពួកអ្នកដែលជាមនុស្សអៀនខ្មាសឬឯកោ។ គាត់បានជួយខ្ញុំច្រើន ពេលគាត់ចូលរួមជាមួយនឹងខ្ញុំក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ។
ឆ្នាំដ៏សំខាន់មួយ
នៅខែមករា ឆ្នាំ១៩៧៨ ខ្ញុំបានត្រូវសុំឲ្យបង្រៀននៅសាលាសម្រាប់អ្នកត្រួសត្រាយ ជាលើកដំបូងនៅខេត្តកេបិក។ ខ្ញុំភ័យខ្លាំងណាស់ ដោយសារខ្ញុំមិនធ្លាប់ធ្វើជាសិស្សក្នុងសាលានោះ ហើយក៏មិនដែលឃើញសៀវភៅសម្រាប់សាលានោះទៀតផង ដូច្នេះអ្វីៗទាំងអស់គឺថ្មីសម្រាប់ខ្ញុំនិងសម្រាប់សិស្ស។ គួរឲ្យសប្បាយចិត្តណាស់ ក្នុងថ្នាក់ដំបូងដែលខ្ញុំបង្រៀន មានអ្នកត្រួសត្រាយជាច្រើនដែលមានបទពិសោធន៍។ ទោះជាខ្ញុំជាអ្នកដឹកនាំសាលាក៏ដោយ ខ្ញុំបានរៀនច្រើនពីសិស្សទាំងនោះ!
ក្រោយមក នៅឆ្នាំ១៩៧៨ មហាសន្និបាតអន្តរជាតិដែលមានប្រធានថា«ជំនឿនាំឲ្យមានជ័យជម្នះ» បានត្រូវធ្វើឡើងនៅកីឡាដ្ឋានអូឡាំពិក ក្រុងម៉ុងរ៉េអាល។ នោះគឺជាមហាសន្និបាតធំបំផុតដែលមិនធ្លាប់មាននៅក្រុងកេបិក ហើយមានអ្នកចូលរួមជាង៨០.០០០នាក់។ ខ្ញុំមានភារកិច្ចខាងផ្នែកទាក់ទងសារព័ត៌មាននៅមហាសន្និបាត។ ខ្ញុំបាននិយាយជាមួយនឹងអ្នកកាសែតជាច្រើននាក់ ហើយខ្ញុំរំភើបចិត្តណាស់ដោយឃើញថាពួកគេបានសរសេរអ្វីល្អៗជាច្រើនអំពីយើង។ ពួកគេបានសម្ភាសយើងតាមទូរទស្សន៍និងកម្មវិធីវិទ្យុដែលបានត្រូវចាក់ផ្សាយជាង២០ម៉ោង ហើយពួកគេបានបោះពុម្ពផ្សាយអត្ថបទរាប់រយអំពីយើង។ នេះជាសាក្សីបញ្ជាក់ដ៏អស្ចារ្យមែន!
ការរើទៅតំបន់ផ្សេង
នៅឆ្នាំ១៩៩៦ មានការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ខ្ញុំ។ ខ្ញុំបានបម្រើនៅខេត្តកេបិកដែលគេនិយាយភាសាបារាំងតាំងពីខ្ញុំទទួលការជ្រមុជទឹក។ ប៉ុន្តែក្រោយមកខ្ញុំបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួតពិនិត្យប្រចាំតំបន់នៅក្រុងតូរ៉ុនតូដែលគេនិយាយភាសាអង់គ្លេស។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានគុណសម្បត្ដិគ្រប់គ្រាន់ទេ ហើយខ្ញុំភ័យខ្លាចជាខ្លាំងចំពោះការថ្លែងសុន្ទរកថា ពីព្រោះខ្ញុំមិនសូវចេះនិយាយភាសាអង់គ្លេសឡើយ។ ខ្ញុំត្រូវអធិដ្ឋានកាន់តែច្រើន ហើយពឹងផ្អែកលើព្រះយេហូវ៉ាច្រើនជាង។
មុនខ្ញុំបានចាប់ផ្ដើមបម្រើនៅតំបន់នោះ ខ្ញុំភ័យណាស់ ប៉ុន្តែឥឡូវខ្ញុំពិតជាអាចនិយាយថាខ្ញុំចូលចិត្តការបម្រើនៅក្រុងតូរ៉ុនតូ អស់រយៈពេល២ឆ្នាំ។ ការ៉ូលីនបានអត់ធ្មត់ជួយខ្ញុំឲ្យមានទំនុកចិត្តច្រើនជាងក្នុងការនិយាយភាសាអង់គ្លេស ហើយបងប្អូនពិតជាគាំទ្រនិងលើកទឹកចិត្តខ្ញុំណាស់។ យើងឆាប់មានមិត្តភក្ដិថ្មីជាច្រើន។
ក្រៅពីសកម្មភាពនិងការរៀបចំផ្សេងៗសម្រាប់សន្និបាតនៅចុងសប្ដាហ៍ ខ្ញុំច្រើនតែចំណាយពេលប្រហែលជាមួយម៉ោងនៅល្ងាចថ្ងៃសុក្រ ដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ អ្នកខ្លះប្រហែលជាបានគិតថា ‹ហេតុអ្វីចេញទៅផ្សព្វផ្សាយពេលកៀកដល់ថ្ងៃសន្និបាត?›។ ប៉ុន្តែ ខ្ញុំយល់ថាការមានការសន្ទនាល្អក្នុងកិច្ចបម្រើផ្សាយគឺជាអ្វីមួយដែលលើកទឹកចិត្តខ្ញុំខ្លាំងណាស់។ សូម្បីតែនៅឥឡូវនេះក៏ខ្ញុំតែងតែសប្បាយចិត្តជាង ក្រោយពីខ្ញុំបានផ្សព្វផ្សាយ។
នៅឆ្នាំ១៩៩៨ ខ្ញុំនិងការ៉ូលីនបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសនៅក្រុងម៉ុងរ៉េអាល។ អស់ជាច្រើនឆ្នាំ ខ្ញុំមានភារកិច្ចរៀបចំកិច្ចផ្សព្វផ្សាយសាធារណៈពិសេស និងប្រាស្រ័យទាក់ទងជាមួយនឹងប្រព័ន្ធផ្សាយព័ត៌មាន ដើម្បីកែតម្រូវការយល់ច្រឡំដែលមនុស្សមានចំពោះសាក្សីព្រះយេហូវ៉ា។ ឥឡូវនេះ ខ្ញុំនិងការ៉ូលីនចូលចិត្តផ្សព្វផ្សាយដល់ជនបរទេសដែលបានរើមកប្រទេសកាណាដានៅពេលថ្មីៗនេះ ហើយដែលច្រើនតែចង់រៀនថែមទៀតអំពីគម្ពីរ។
ខ្ញុំនិងការ៉ូលីនដែលជាប្រពន្ធ
ពេលខ្ញុំគិតអំពីរយៈពេល៦៨ឆ្នាំ តាំងពីខ្ញុំបានទទួលការជ្រមុជទឹកជាអ្នកបម្រើព្រះយេហូវ៉ា ខ្ញុំមានអារម្មណ៍ថាខ្ញុំបានទទួលពរជាច្រើន។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដោយសារខ្ញុំបានរៀនឲ្យចូលចិត្តកិច្ចបម្រើផ្សាយ ហើយបានជួយមនុស្សជាច្រើនឲ្យស្គាល់សេចក្ដីពិត។ លីសដែលជាកូនស្រីខ្ញុំនិងប្ដីរបស់នាងមានកូន។ ក្រោយពីកូនរបស់ពួកគេធំឡើង ពួកគេបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល។ ពេលខ្ញុំឃើញកូនបន្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ នោះធ្វើឲ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំមានអំណរគុណជាពិសេសចំពោះបងប្អូនរួមជំនឿ ដោយសារគំរូល្អនិងយោបល់ដែលប្រកបដោយប្រាជ្ញារបស់ពួកគេ បានជួយខ្ញុំឲ្យមានចំណងមិត្តភាពរឹងមាំជាងជាមួយនឹងព្រះយេហូវ៉ា ហើយជួយខ្ញុំឲ្យបម្រើលោកតាមរបៀបផ្សេងៗ។ ខ្ញុំដឹងថាយើងអាចនៅជាប់នឹងភារកិច្ចបាន លុះត្រាតែយើងពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ (ទំនុក. ៥១:១១) ខ្ញុំបន្តអរគុណព្រះយេហូវ៉ាដែលឲ្យខ្ញុំនូវឯកសិទ្ធិដ៏មានតម្លៃក្នុងការសរសើរនាមរបស់លោក!—ទំនុក. ៥៤:៦
a បងដាវីឌ សិផ្លេនបម្រើជាសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។