ហេតុអ្វីព្រះមិនតបឆ្លើយនឹងសេចក្ដីអធិដ្ឋានទាំងអស់?
ព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ ពេញចិត្តចង់ស្ដាប់សេចក្ដីអធិដ្ឋានដ៏ស្មោះត្រង់របស់យើង។ ប៉ុន្តែមានអ្វីខ្លះដែលធ្វើឲ្យលោកមិនតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង។ តើនោះជាអ្វី ហើយតើយើងគួរចងចាំអ្វីខ្លះពេលយើងអធិដ្ឋាន? សូមមើលគោលការណ៍គម្ពីរខ្លះនៅខាងក្រោមនេះ។
«ពេលអធិដ្ឋាន កុំពោលពាក្យដដែលៗ»។—ម៉ាថាយ ៦:៧
ព្រះយេហូវ៉ាមិនចង់ឲ្យយើងអធិដ្ឋានដោយទន្ទេញចាំពាក្យដដែលៗឬអានពាក្យពីសៀវភៅណាមួយនោះឡើយ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងនិយាយចេញពីចិត្ត។ សូមស្រមៃថា អ្នកនឹងធុញទ្រាន់យ៉ាងណា បើមិត្តម្នាក់និយាយពាក្យដដែលៗទៅកាន់អ្នករាល់ដង។ មិត្តល្អនិយាយដោយឥតលាក់លៀមនិងស្មោះត្រង់ជាមួយគ្នា។ ពេលដែលយើងអធិដ្ឋានទៅបិតារបស់យើងដែលនៅស្ថានសួគ៌ ដោយប្រើពាក្យរបស់យើងផ្ទាល់ នេះបង្ហាញថាយើងចាត់ទុកលោកថាជាមិត្តរបស់យើង។
«ពេលដែលអ្នករាល់គ្នាសុំ នោះមិនបានទទួលទេ ពីព្រោះអ្នករាល់គ្នាសុំដោយមានបំណងអាក្រក់»។—យ៉ាកុប ៤:៣
យើងមិនអាចរំពឹងថាព្រះនឹងឆ្លើយតបការអធិដ្ឋានរបស់យើងនោះទេ បើយើងសុំអ្វីដែលយើងដឹងថា លោកមិនចង់ឲ្យយើងធ្វើឬមាន។ ជាឧទាហរណ៍ បើបុគ្គលម្នាក់លេងល្បែងហើយអធិដ្ឋានសុំព្រះជួយគាត់ឲ្យមានសំណាងល្អនិងឈ្នះលុយ តើព្រះយេហូវ៉ានឹងឆ្លើយតបសេចក្ដីអធិដ្ឋាននោះឬទេ? លោកបានប្រាប់យើងយ៉ាងច្បាស់ថា កុំឲ្យមានចិត្តលោភលន់និងមានជំនឿទៅលើអ្វីដែលមិនពិតដូចជាការមានលាភសំណាងទេ។ (អេសាយ ៦៥:១១; លូកា ១២:១៥) គឺមិនសមហេតុផលឡើយឲ្យយើងរំពឹងថា ព្រះយេហូវ៉ានឹងឆ្លើយតបសេចក្ដីអធិដ្ឋានដូចនេះ! ប៉ុន្តែ ដើម្បីឲ្យលោកឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង យើងត្រូវធ្វើឲ្យប្រាកដថា សំណូមពររបស់យើងគឺសមស្របទៅនឹងអ្វីដែលលោកបានប្រាប់ក្នុងគម្ពីរ។
«អ្នកដែលមិនព្រមស្ដាប់តាមច្បាប់ សូម្បីតែសេចក្ដីអធិដ្ឋានរបស់គាត់ក៏គួរឲ្យស្អប់ខ្ពើមដែរ»។—សុភាសិត ២៨:៩
នៅសម័យគម្ពីរ ព្រះមិនឆ្លើយតបនឹងអ្នកណាដែលមិនធ្វើតាមច្បាប់ដ៏សុចរិតរបស់លោកទេ។ (អេសាយ ១:១៥, ១៦) ព្រះមិនបានផ្លាស់ប្ដូរទេ។ (ម៉ាឡាគី ៣:៦) បើយើងចង់ឲ្យព្រះឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង យើងត្រូវតែខំព្យាយាមរស់នៅសមស្របតាមច្បាប់របស់លោក។ ចុះយ៉ាងណា បើយើងធ្លាប់ធ្វើអ្វីដែលខុសឆ្គងពីមុន? តើនេះមានន័យថា ព្រះយេហូវ៉ានឹងមិនស្ដាប់យើងឬ? ពិតជាមិនមែនទេ! បើយើងឈប់ធ្វើអ្វីទាំងនោះ ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះពេញចិត្ត នោះលោកនឹងអភ័យទោសឲ្យយើងដោយសេចក្ដីស្រឡាញ់។—សកម្មភាព ៣:១៩