ជីវប្រវត្ដិ
ព្រះយេហូវ៉ាបាន‹ដំរង់អស់ទាំងផ្លូវច្រករបស់ខ្ញុំ›
ប្អូនប្រុសវ័យក្មេងម្នាក់បានសួរខ្ញុំថា៖ «តើបងចូលចិត្តបទគម្ពីរណាជាងគេ?»។ ខ្ញុំឆ្លើយភ្លាមៗថា៖ «សុភាសិត ជំពូក៣ ខ៥និង៦ ដែលចែងថា៖ ‹ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង›»។ មែនហើយ ព្រះយេហូវ៉ាបានតម្រង់អស់ទាំងផ្លូវច្រករបស់ខ្ញុំ។ តើលោកបានធ្វើដូច្នេះតាមរបៀបណា?
ការណែនាំពីឪពុកម្ដាយជួយខ្ញុំឲ្យជ្រើសយកផ្លូវត្រឹមត្រូវ
ក្រោយពីឆ្នាំ១៩២០ មុនឪពុកម្ដាយរបស់ខ្ញុំរៀបការ ពួកគាត់បានរៀនអំពីព្រះយេហូវ៉ា។ ខ្ញុំបានកើតនៅដើមឆ្នាំ១៩៣៩។ ពេលខ្ញុំនៅក្មេង យើងរស់នៅប្រទេសអង់គ្លេស។ ខ្ញុំបានទៅកិច្ចប្រជុំជាមួយឪពុកម្ដាយរបស់ខ្ញុំ ហើយក្រោយមកបានចូលសាលាកិច្ចបម្រើផ្សាយ។ ខ្ញុំនៅតែនឹកចាំសុន្ទរកថាទី១របស់ខ្ញុំ។ ខ្ញុំត្រូវឈរនៅលើប្រអប់មួយដើម្បីខ្ញុំអាចខ្ពស់ជាងតុអ្នកថ្លែង។ ពេលនោះខ្ញុំមានអាយុ៦ឆ្នាំ ហើយខ្ញុំភ័យណាស់ពេលមើលទៅបងប្អូនពេញវ័យដែលកំពុងស្ដាប់។
ខ្ញុំផ្សព្វផ្សាយតាមផ្លូវជាមួយឪពុកម្ដាយខ្ញុំ
ឪពុកខ្ញុំបានប្រើម៉ាស៊ីនអង្គុលីលេខដើម្បីសរសេរពាក្យផ្សាយសាមញ្ញនៅលើកាតមួយសម្រាប់ឲ្យខ្ញុំផ្សព្វផ្សាយ។ ខ្ញុំមានអាយុ៨ឆ្នាំ ពេលខ្ញុំផ្សព្វផ្សាយម្នាក់ឯងជាលើកទី១។ ខ្ញុំរំភើបចិត្តណាស់ពេលម្ចាស់ផ្ទះអានកាតរបស់ខ្ញុំ ហើយភ្លាមៗទទួលសៀវភៅ«សូមឲ្យព្រះរាប់ជាពិត»(“Let God Be True”)។ ខ្ញុំបានរត់ទៅប្រាប់ឪពុករបស់ខ្ញុំ។ កិច្ចបម្រើផ្សាយនិងកិច្ចប្រជុំនាំឲ្យខ្ញុំមានអំណរ ហើយបានជួយខ្ញុំឲ្យកាន់តែចង់បម្រើព្រះយេហូវ៉ាពេញពេល។
សេចក្ដីពិតពីគម្ពីរចាប់ផ្ដើមមានឥទ្ធិពលយ៉ាងជ្រាលជ្រៅជាងទៅលើចិត្តខ្ញុំក្រោយពីឪពុកខ្ញុំបានជាវទស្សនាវដ្ដីប៉មយាមឲ្យខ្ញុំ។ ខ្ញុំចូលចិត្តអានទស្សនាវដ្ដីនីមួយៗភ្លាមៗពេលវាមកដល់។ នេះធ្វើឲ្យខ្ញុំកាន់តែទុកចិត្តទៅលើព្រះយេហូវ៉ា ហើយប្រគល់ខ្លួនជូនលោក។
ក្រុមគ្រួសារខ្ញុំបានចូលរួមមហាសន្និបាតដែលមានប្រធានថា ការរីកចម្រើននៃការគ្រប់គ្រងរបស់ព្រះ នៅឆ្នាំ១៩៥០ នាក្រុងញូវយ៉ក។ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា មានប្រធាន«សាសនទូត»។ នៅថ្ងៃនោះ បងប្រុសខេរី បាបឺ ដែលក្រោយមកបានបម្រើជាសមាជិកគណៈអភិបាល បានថ្លែងសុន្ទរកថាការជ្រមុជទឹក។ នៅជិតបញ្ចប់សុន្ទរកថារបស់គាត់ គាត់បានសួរអ្នកដែលនឹងទទួលការជ្រមុជទឹកសំណួរពីរ រួចមកខ្ញុំបានក្រោកឈរឡើង ហើយឆ្លើយថា៖ «បាទ!»។ ទោះជាខ្ញុំមានអាយុ១១ឆ្នាំក្ដី ខ្ញុំទទួលស្គាល់ថាខ្ញុំបានធ្វើអ្វីដ៏សំខាន់។ ប៉ុន្តែ ខ្ញុំភ័យពេលហៀបនឹងចូលទឹក ដោយសារខ្ញុំមិនទាន់ចេះហែលទឹកទេ។ ពូខ្ញុំបានជូនខ្ញុំទៅអាងទឹក ហើយលួងខ្ញុំកុំឲ្យភ័យ។ ពេលចុះទឹក ជើងខ្ញុំមិនទាន់ទាំងប៉ះដល់បាតអាងផង ដោយសារបងប្រុសម្នាក់បានហុចខ្ញុំទៅឲ្យបងប្រុសម្នាក់ទៀត។ បងប្រុសម្នាក់បានជ្រមុជទឹកឲ្យខ្ញុំ រួចមកបងប្រុសម្នាក់ទៀតបានលើកខ្ញុំចេញពីអាងទឹក។ ចាប់តាំងពីថ្ងៃដ៏សំខាន់នោះ ព្រះយេហូវ៉ាបានបន្តតម្រង់អស់ទាំងផ្លូវច្រករបស់ខ្ញុំ។
ខ្ញុំសម្រេចចិត្តទុកចិត្តព្រះយេហូវ៉ា
ពេលខ្ញុំរៀនចប់ ខ្ញុំចង់ត្រួសត្រាយ។ ប៉ុន្តែគ្រូបង្រៀនខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យទៅសកលវិទ្យាល័យ។ ខ្ញុំបានធ្វើតាមការបង្ខិតបង្ខំរបស់ពួកគេ។ ប៉ុន្តែមិនយូរក្រោយមក ខ្ញុំទទួលស្គាល់ថាខ្ញុំមិនអាចរក្សាជំនឿរឹងមាំក្នុងសេចក្ដីពិត ហើយនៅដំណាលគ្នាផ្ដោតអារម្មណ៍ទៅលើការសិក្សារបស់ខ្ញុំនៅសកលវិទ្យាល័យទេ។ ដូច្នេះខ្ញុំសម្រេចចិត្តឈប់រៀន។ ខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ ហើយបានសរសេរសំបុត្រទៅសាលាដោយពន្យល់យ៉ាងសប្បុរសថាខ្ញុំសុំឈប់។ ដូច្នេះ នៅចុងឆ្នាំទី១ ខ្ញុំបានឈប់រៀននៅសកលវិទ្យាល័យ ហើយខ្ញុំចាប់ផ្ដើមត្រួសត្រាយភ្លាមៗដោយទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។
នៅខែកក្កដា ឆ្នាំ១៩៥៧ ខ្ញុំចាប់ផ្ដើមបម្រើពេញពេលនៅក្រុងវេលីងបារ៉ាដែលជាក្រុងតូចមួយ។ ខ្ញុំបានទទួលភារកិច្ចបម្រើនៅក្រុងនោះ ដោយសារខ្ញុំបានសរសេរសំបុត្រមួយទៅបេតអែលក្រុងឡុងដ៍ ហើយសួរថាតើមានបងប្រុសត្រួសត្រាយដែលមានបទពិសោធន៍ច្រើនដែលខ្ញុំអាចបម្រើជាមួយឬទេ។ ក្រោយនោះខ្ញុំបានរៀនច្រើនណាស់ពីបងប្រុសប៊ឺត វៃស៊ី។ គាត់ជាអ្នកផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយគាត់បានជួយខ្ញុំឲ្យមានកាលវិភាគល្អសម្រាប់កិច្ចការផ្សព្វផ្សាយ។ ក្រុមជំនុំនោះមានខ្ញុំ បងវៃស៊ី និងបងស្រីវ័យចាស់៦នាក់។ ការរៀបចំនិងការចូលរួមកិច្ចប្រជុំទាំងអស់បានបើកឱកាសជាច្រើនឲ្យខ្ញុំពង្រឹងទំនុកចិត្តទៅលើព្រះយេហូវ៉ា ហើយនិយាយអំពីជំនឿរបស់ខ្ញុំ។
ក្រោយពីខ្ញុំបានជាប់គុកអស់មួយរយៈពេលខ្លីដោយសារមិនព្រមធ្វើកាតព្វកិច្ចយោធា ខ្ញុំបានជួបប្អូនស្រីបាប្រឺដែលជាអ្នកត្រួសត្រាយពិសេស។ យើងបានរៀបការនៅឆ្នាំ១៩៥៩ ហើយពេញចិត្តបម្រើនៅកន្លែងណាដែលអង្គការចាត់ឲ្យទៅ។ ដំបូង យើងបានត្រូវចាត់ឲ្យទៅបម្រើនៅតំបន់ឡានខាសឺ នៅភាគខាងជើងឆៀងខាងលិចប្រទេសអង់គ្លេស។ ក្រោយមក នៅខែមករា ឆ្នាំ១៩៦១ ខ្ញុំបានត្រូវអញ្ជើញឲ្យចូលសាលាកិច្ចបម្រើរាជាណាចក្រអស់មួយខែនៅបេតអែលក្រុងឡុងដ៍។ ខ្ញុំភ្ញាក់ផ្អើល ពេលបញ្ចប់វគ្គសិក្សាខ្ញុំបានទទួលភារកិច្ចធ្វើកិច្ចការធ្វើដំណើរត្រួតពិនិត្យ។ អស់ពីរសប្ដាហ៍ ខ្ញុំបានទទួលការបង្ហាត់បង្រៀនពីអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ដែលមានបទពិសោធន៍ នៅក្រុងបឺមីងហេម ហើយបាប្រឺបានត្រូវអនុញ្ញាតឲ្យទៅជាមួយខ្ញុំពេលខ្ញុំទទួលការបង្ហាត់បង្រៀននោះ។ បន្ទាប់មក យើងទៅតំបន់ឡានខាសឺនិងឈេស៊ីអឺ ដើម្បីធ្វើកិច្ចការធ្វើដំណើរត្រួតពិនិត្យ។
ការទុកចិត្តព្រះយេហូវ៉ាមិននាំឲ្យខកចិត្ត
នៅខែសីហា ឆ្នាំ១៩៦២ យើងបានទទួលសំបុត្រមួយពីការិយាល័យសាខាពេលយើងកំពុងដើរលេង។ នៅក្នុងសំបុត្រនោះមានក្រដាសដាក់ពាក្យសុំចូលសាលាគីលាត។ ក្រោយពីអធិដ្ឋានអំពីរឿងនេះ ខ្ញុំនិងបាប្រឺបានបំពេញឯកសារទាំងនោះ ហើយផ្ញើទៅការិយាល័យសាខាវិញភ្លាមៗ ដូចដែលពួកគេបានសុំឲ្យយើងធ្វើ។ ប្រាំខែក្រោយមកយើងធ្វើដំណើរទៅតំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក ដើម្បីចូលសាលាគីលាត ជំនាន់ទី៣៨ ហើយរៀនគម្ពីរនៅសាលានោះអស់១០ខែ។
ការបង្ហាត់បង្រៀននៅសាលាគីលាតមិនគ្រាន់តែបង្រៀនយើងអំពីបណ្ដាំរបស់ព្រះនិងអង្គការរបស់លោកប៉ុណ្ណោះទេ តែក៏បានបង្រៀនយើងអំពីបងប្អូនរបស់យើងនៅទូទាំងពិភពលោក។ ប៉ុន្តែដោយសារខ្ញុំមានអាយុតែ២៤ឆ្នាំ ហើយប្រពន្ធខ្ញុំ២៣ឆ្នាំ យើងបានរៀនច្រើនពីសិស្សរួមថ្នាក់យើងដែរ។ ខ្ញុំមានឯកសិទ្ធិធ្វើកិច្ចការបេតអែលរាល់ថ្ងៃជាមួយបងប្រុសហ្វ្រេដ រ៉ាស់ដែលជាគ្រូបង្រៀនម្នាក់របស់យើង។ មេរៀនដ៏សំខាន់មួយដែលគាត់បានលើកឡើងគឺ យើងត្រូវឲ្យឱវាទដ៏សុចរិតជានិច្ច ហើយនេះមានន័យថាយើងត្រូវធ្វើឲ្យប្រាកដថាយោបល់របស់យើងមានមូលដ្ឋានលើគម្ពីរ។ ក្នុងចំណោមបងប្រុសដែលថ្លែងសុន្ទរកថានៅសាលានោះ មានបងប្រុសដែលមានបទពិសោធន៍ច្រើនដូចជាបងណេថិន ន័រ និងបងហ្វ្រីឌីរិក ហ្វ្រេន ព្រមទាំងបងខាល ខ្លាញ។ យើងក៏បានរៀនច្រើនពីបងប្រុសអាឡិចសេនដឺ ម៉ាក់មីល្លិនស្ដីអំពីការបង្ហាញចិត្តរាបទាប ពេលគាត់បង្រៀនយើងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកក្នុងអំឡុងប៉ុន្មានឆ្នាំដ៏ពិបាកចំពោះបងប្អូនក្នុងអង្គការលោក ពីឆ្នាំ១៩១៤ដល់ដើមឆ្នាំ១៩១៩។
ការផ្លាស់ប្ដូរភារកិច្ច
ជិតបញ្ចប់វគ្គសិក្សានៃសាលានោះ បងន័របានប្រាប់ខ្ញុំនិងបាប្រឺថាយើងនឹងត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសប៊ូរុនឌី ទ្វីបអាហ្វ្រិក។ ដូច្នេះ យើងបានប្រញាប់ទៅបណ្ណាល័យបេតអែលដើម្បីមើលក្នុងសៀវភៅប្រចាំឆ្នាំ(Yearbook)ថាមានអ្នកផ្សព្វផ្សាយប៉ុន្មាននាក់នៅប្រទេសនោះ។ យើងភ្ញាក់ផ្អើលពេលរកមិនឃើញព័ត៌មានអំពីប្រទេសប៊ូរុនឌីទាល់តែសោះ! នេះមានន័យថាយើងបានត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសដែលមិនទាន់មានអ្នកផ្សព្វផ្សាយ និងនៅទ្វីបមួយដែលយើងមិនសូវស្គាល់ គឺទ្វីបអាហ្វ្រិក។ យើងភ័យណាស់! ប៉ុន្តែ ក្រោយពីយើងអធិដ្ឋានយើងធូរចិត្តជាង។
អ្វីៗទាំងអស់ក្នុងភារកិច្ចរបស់យើងខុសគ្នាឆ្ងាយពីអ្វីៗដែលយើងធ្លាប់ជួបពីមុន ដូចជាអាកាសធាតុ វប្បធម៌ និងភាសា។ យើងត្រូវរៀនភាសាបារាំង។ ម្យ៉ាងទៀត យើងក៏ត្រូវរកកន្លែងស្នាក់នៅដែរ។ ពីរថ្ងៃក្រោយពីយើងទៅដល់ទីនោះ បងប្រុសហារី អាក់ណត ដែលរៀនសាលាគីលាតជាមួយយើង បានមកលេងយើងពេលគាត់ត្រឡប់ទៅបំពេញភារកិច្ចរបស់គាត់នៅប្រទេសសំប៊ីវិញ។ គាត់បានជួយយើងឲ្យរកឃើញកន្លែងស្នាក់នៅដែលជាផ្ទះសាសនទូតដំបូងរបស់យើង។ ប៉ុន្តែមិនយូរក្រោយមក យើងចាប់ផ្ដើមទទួលការប្រឆាំងពីពួកអាជ្ញាធរដែលមិនដឹងអ្វីសោះអំពីសាក្សីព្រះយេហូវ៉ា។ កាលដែលយើងចាប់ផ្ដើមមានអារម្មណ៍សប្បាយក្នុងភារកិច្ចរបស់យើង ស្រាប់តែពួកអាជ្ញាធរប្រាប់យើងថាយើងមិនអាចរស់នៅប្រទេសនោះបានទេបើគ្មានប័ណ្ណការងារ។ គួរឲ្យស្ដាយ យើងត្រូវចាកចេញ ហើយទៅប្រទេសថ្មី។ លើកនេះគឺប្រទេសអ៊ូហ្គង់ដា។
យើងព្រួយបារម្ភអំពីការទៅប្រទេសអ៊ូហ្គង់ដាដោយគ្មានទិដ្ឋាការ ប៉ុន្តែយើងបានទុកចិត្តព្រះយេហូវ៉ា។ បងប្រុសជនជាតិកាណាដាម្នាក់ដែលបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងក្នុងប្រទេសអ៊ូហ្គង់ដា បានជួយពន្យល់អំពីស្ថានភាពរបស់យើងដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ហើយមន្ត្រីនោះឲ្យយើងស្នាក់នៅប៉ុន្មានខែ រហូតដល់យើងអាចទទួលលិខិតអនុញ្ញាតឲ្យរស់នៅប្រទេសអ៊ូហ្គង់ដា។ នេះធ្វើឲ្យយើងយល់ថាព្រះយេហូវ៉ាកំពុងជួយយើង។
ស្ថានភាពនៅកន្លែងថ្មីគឺខុសគ្នាឆ្ងាយពីស្ថានភាពនៅប្រទេសប៊ូរុនឌី។ បងប្អូនបានចាប់ផ្ដើមផ្សព្វផ្សាយនៅប្រទេសអ៊ូហ្គង់ដារួចហើយ តែមានសាក្សីតែ២៨នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសនោះ។ ក្នុងតំបន់ផ្សាយ យើងជួបមនុស្សជាច្រើនដែលនិយាយភាសាអង់គ្លេស។ ប៉ុន្តែមិនយូរក្រោយមកយើងទទួលស្គាល់ថា ដើម្បីជួយអ្នកចាប់អារម្មណ៍ឲ្យរីកចម្រើន យើងត្រូវរៀនយ៉ាងហោចណាស់ភាសាមួយក្នុងចំណោមភាសាជាច្រើនរបស់ជនជាតិដើម។ យើងបានចាប់ផ្ដើមផ្សព្វផ្សាយនៅក្រុងកំប៉ាឡា ជាកន្លែងដែលភាគច្រើនគេនិយាយភាសាលូហ្គាន់ដា។ ដូច្នេះ យើងបានសម្រេចចិត្តផ្ដោតអារម្មណ៍ទៅលើការរៀនភាសានោះ។ យើងត្រូវការពេលជាច្រើនឆ្នាំដើម្បីចេះស្ទាត់។ ប៉ុន្តែ ការចេះភាសានោះបានជួយយើងឲ្យកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចផ្សព្វផ្សាយ។ យើងចាប់ផ្ដើមយល់ច្បាស់ជាងអំពីសេចក្ដីត្រូវការរបស់សិស្សគម្ពីរខាងការគោរពប្រណិប័តន៍ព្រះ។ ជាលទ្ធផល ពួកគេបានបើកចិត្តរបស់ពួកគេនិងប្រាប់អារម្មណ៍របស់ពួកគេអំពីអ្វីដែលពួកគេរៀន។
យើងធ្វើដំណើរច្រើន
យើងធ្វើដំណើរនៅប្រទេសអ៊ូហ្គង់ដា
យើងកាន់តែមានអំណរក្នុងការរកឃើញមនុស្សរាបទាបដែលចង់រៀនសេចក្ដីពិត ពេលដែលយើងទទួលឯកសិទ្ធិមួយទៀតដែលយើងមិនបានរំពឹងទុក គឺធ្វើកិច្ចការធ្វើដំណើរត្រួតពិនិត្យនៅទូទាំងប្រទេសអ៊ូហ្គង់ដា។ ក្រោមការណែនាំពីការិយាល័យសាខាកេនយ៉ា យើងបានធ្វើដំណើរពេញប្រទេសអ៊ូហ្គង់ដា ដើម្បីស្វែងរកតំបន់ដែលមានសេចក្ដីត្រូវការច្រើនបំផុតសម្រាប់អ្នកត្រួសត្រាយពិសេស។ ជាច្រើនដង មនុស្សដែលមិនដែលស្គាល់សាក្សីព្រះយេហូវ៉ាបានទទួលយើងយ៉ាងរាក់ទាក់។ ពួកគេថែមទាំងរៀបចំអាហារឲ្យយើងទៀតផង។
ក្រោយមកខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅកន្លែងផ្សេង។ ជាឧទាហរណ៍ ខ្ញុំបានធ្វើដំណើរអស់ពីរថ្ងៃតាមរថភ្លើងពីក្រុងកំប៉ាឡាទៅកំពង់ផែមុំបាសា ប្រទេសកេនយ៉ា ហើយក្រោយមកជិះកប៉ាល់ទៅប្រជុំកោះសីស្ហែល នាមហាសមុទ្រឥណ្ឌា។ ចាប់ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧២ បាប្រឺបានទៅជាមួយខ្ញុំជារឿយៗពេលធ្វើទស្សនកិច្ចនៅកោះសីស្ហែល។ ដំបូងឡើយ នៅទីនោះមានអ្នកផ្សាយតែពីរនាក់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក មានក្រុមមួយដែលបានទៅជាក្រុមជំនុំដែលរីកចម្រើន។ ខ្ញុំក៏បានធ្វើដំណើរទៅជួបបងប្អូននៅប្រទេសអេរីត្រេ អេត្យូពី និងស៊ូដង់។
នៅប្រទេសអ៊ូហ្គង់ដា រដ្ឋាភិបាលបានត្រូវផ្លាស់ប្ដូរភ្លាមៗបន្ទាប់ពីមានរដ្ឋប្រហារយោធា។ ប៉ុន្មានឆ្នាំក្រោយពីនោះពិបាកណាស់ ហើយធ្វើឲ្យខ្ញុំរៀនថា គឺជាការល្អបំផុតឲ្យធ្វើតាមបង្គាប់ពីគម្ពីរដែលថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ»។ (ម៉ាក. ១២:១៧) ជាឧទាហរណ៍ នៅពេលមួយ គេតម្រូវឲ្យជនបរទេសទាំងអស់ចុះឈ្មោះនៅប៉ុស្តិ៍ប៉ូលិសដែលនៅជិតផ្ទះរបស់ពួកគេ។ យើងធ្វើតាមភ្លាមៗ។ ប៉ុន្មានថ្ងៃក្រោយមក ពេលយើងជិះឡាននៅក្រុងកំប៉ាឡា ប៉ូលិសសម្ងាត់បានសំដៅមកខ្ញុំនិងសាសនទូតម្នាក់ទៀត។ យើងភ័យខ្លាចណាស់! ពួកគេចោទប្រកាន់យើងថាជាអ្នកស៊ើបការណ៍សម្ងាត់ ហើយនាំយើងទៅប៉ុស្តិ៍ប៉ូលិសធំ។ នៅទីនោះ យើងបានពន្យល់ថាយើងជាសាសនទូត ហើយបានចុះឈ្មោះរួចហើយនៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែពួកគេមិនបានស្ដាប់យើងទេ។ ពួកគេបានចាប់ខ្លួនយើង ហើយនាំយើងទៅប៉ុស្តិ៍ប៉ូលិសដែលនៅជិតផ្ទះសាសនទូត។ យើងធូរចិត្តណាស់ ពេលប៉ូលិសម្នាក់ដែលចំណាំមុខយើង និងដែលដឹងថាយើងបានចុះឈ្មោះរួចហើយ បង្គាប់អ្នកយាមឲ្យដោះលែងយើង។
នៅគ្រានោះ យើងច្រើនតែខ្វល់ចិត្តពេលទៅដល់កន្លែងដែលទាហានបង្ខាំងផ្លូវ ជាពិសេសពេលទាហានដែលឃាត់យើងមើលទៅបានផឹកស្រាច្រើន។ ប៉ុន្តែរាល់ដងយើងអធិដ្ឋាន ហើយមានសេចក្ដីសុខសាន្តក្នុងចិត្តកាលដែលគេអនុញ្ញាតឲ្យយើងបន្តធ្វើដំណើរដោយសុវត្ថិភាព។ គួរឲ្យស្ដាយណាស់ នៅឆ្នាំ១៩៧៣ សាសនទូតទាំងអស់ដែលជាជនបរទេសបានត្រូវបង្គាប់ឲ្យចាកចេញពីប្រទេសអ៊ូហ្គង់ដា។
ខ្ញុំថតចម្លងឯកសារកិច្ចបម្រើព្រះ នៅក្រុងអាប៊ីចាន នាការិយាល័យសាខាកូតឌីវ័រ
ភារកិច្ចរបស់យើងបានផ្លាស់ប្ដូរម្ដងទៀត។ លើកនេះយើងបានត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសកូតឌីវ័រ នាទ្វីបអាហ្វ្រិកខាងលិច។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំសម្រាប់យើង ដោយសារយើងត្រូវរៀនវប្បធម៌ថ្មី។ ម្ដងនេះទៀត យើងត្រូវនិយាយភាសាបារាំងគ្រប់ពេលនិងត្រូវសម្របខ្លួនទៅនឹងការរស់នៅជាមួយសាសនទូតដែលមកពីប្រទេសផ្សេងៗ។ ប៉ុន្តែលើកនេះដែរ យើងបានឃើញថាព្រះយេហូវ៉ាកំពុងដឹកនាំយើង កាលដែលមនុស្សមានចិត្តស្មោះនិងរាបទាបស្ដាប់ដំណឹងល្អ ហើយទទួលយកភ្លាមៗ។ យើងបានឃើញថាពេលយើងទុកចិត្តព្រះយេហូវ៉ាលោកតម្រង់អស់ទាំងផ្លូវច្រករបស់យើង។
ក្រោយមក គេស្រាប់តែពិនិត្យឃើញថាបាប្រឺមានជំងឺមហារីក។ យើងទៅប្រទេសក្រៅអស់ជាច្រើនដងដើម្បីទទួលការព្យាបាល ប៉ុន្តែនៅឆ្នាំ១៩៨៣យើងយល់ថាយើងលែងអាចបម្រើនៅទ្វីបអាហ្វ្រិកទៀត។ យើងទាំងពីរពិតជាខកចិត្តខ្លាំងណាស់!
កាលៈទេសៈបានផ្លាស់ប្ដូរ
បាប្រឺកាន់តែឈឺធ្ងន់ទៅៗកាលដែលយើងបម្រើនៅបេតអែលក្រុងឡុងដ៍ ហើយក្រោយមកគាត់បានស្លាប់។ ក្រុមគ្រួសារបេតអែលបានជួយខ្ញុំច្រើនណាស់។ ជាពិសេសប្ដីប្រពន្ធមួយគូបានជួយខ្ញុំឲ្យសម្របខ្លួននឹងស្ថានភាពថ្មី ហើយបន្តទុកចិត្តព្រះយេហូវ៉ា។ ក្រោយមក ខ្ញុំបានជួបបងស្រីម្នាក់ឈ្មោះអានដែលជាអ្នកមកជួយនៅបេតអែល។ គាត់ធ្លាប់បម្រើជាអ្នកត្រួសត្រាយពិសេស ហើយស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ខ្ញុំនិងអានបានរៀបការនៅឆ្នាំ១៩៨៩ ហើយបានបម្រើនៅបេតអែលក្រុងឡុងដ៍តាំងពីពេលនោះមក។
ខ្ញុំនិងអាននៅខាងមុខការិយាល័យសាខាអង់គ្លេសថ្មី
ពីឆ្នាំ១៩៩៥ទៅឆ្នាំ២០១៨ ខ្ញុំមានឯកសិទ្ធិបម្រើជាតំណាងមន្ទីរចាត់ការពិភពលោក ដែលធ្លាប់ហៅថាអ្នកត្រួតពិនិត្យតាមការិយាល័យសាខា។ ក្នុងកិច្ចការនោះ ខ្ញុំបានធ្វើទស្សនកិច្ចជិត៦០ប្រទេស។ នៅគ្រប់កន្លែង ខ្ញុំបានឃើញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោក ទោះជាពួកគេស្ថិតនៅក្នុងកាលៈទេសៈណាក្ដី។
នៅឆ្នាំ២០១៧ ខ្ញុំបានត្រឡប់ទៅទ្វីបអាហ្វ្រិកវិញដើម្បីធ្វើទស្សនកិច្ច។ ខ្ញុំសប្បាយណាស់ដែលអាចណែនាំអានឲ្យស្គាល់ប្រទេសប៊ូរុនឌី ហើយយើងទាំងពីរកោតស្ងើចចំពោះការរីកចម្រើននៅប្រទេសនោះ! ឥឡូវ នៅផ្លូវមួយដែលខ្ញុំធ្លាប់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនាឆ្នាំ១៩៦៤ មានបេតអែលដ៏ស្អាតមួយ ដែលជួយអ្នកផ្សាយជាង១៥.៥០០នាក់។
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលខ្ញុំឃើញបញ្ជីឈ្មោះប្រទេសដែលខ្ញុំត្រូវធ្វើទស្សនកិច្ចនៅឆ្នាំ២០១៨។ នៅក្នុងបញ្ជីនោះគឺមានប្រទេសកូតឌីវ័រ។ ពេលយើងទៅដល់រដ្ឋធានីអាប៊ីចាន ខ្ញុំមានអារម្មណ៍ថាខ្ញុំបានទៅស្រុកកំណើតវិញ។ នៅក្នុងបន្ទប់បេតអែលដែលយើងស្នាក់នៅ ខ្ញុំបានមើលបញ្ជីលេខទូរស័ព្ទអ្នកនៅបេតអែល ហើយឃើញថាបងប្រុសដែលនៅបន្ទប់ក្បែរខ្ញុំមានឈ្មោះដែលខ្ញុំស្គាល់។ គាត់ឈ្មោះសូស៊ូ។ ខ្ញុំចាំថាគាត់ធ្លាប់បម្រើជាអ្នកត្រួតពិនិត្យក្រុងaពេលខ្ញុំនៅក្រុងអាប៊ីចាន។ ប៉ុន្តែខ្ញុំបានយល់ច្រឡំ។ បងប្រុសឈ្មោះសូស៊ូនេះ ជាកូនប្រុសរបស់គាត់។
ព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យារបស់លោក។ ទោះជាមានបញ្ហាជាច្រើនក្ដី ខ្ញុំបានរៀនថាពេលយើងទុកចិត្តព្រះយេហូវ៉ា លោកពិតជាតម្រង់អស់ទាំងផ្លូវច្រករបស់យើង។ ឥឡូវនេះ យើងទន្ទឹងរង់ចាំការបន្តដើរតាមផ្លូវដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់ និងដែលនឹងកាន់តែភ្លឺឡើងពេលចូលពិភពលោកថ្មី។—សុភ. ៤:១៨
a នៅសព្វថ្ងៃនេះលែងមានអ្នកត្រួតពិនិត្យក្រុងទៀតទេ។