អត្ថបទសិក្សា ១០
អ្នកអាច«ដោះបុគ្គលិកលក្ខណៈចាស់ចេញ»
«ចូរដោះបុគ្គលិកលក្ខណៈចាស់ចេញ រួមទាំងការប្រព្រឹត្តពីមុនរបស់អ្នកផង»។—កូឡ. ៣:៩
ចម្រៀងលេខ២៩ ការប្រព្រឹត្តស្របតាមឈ្មោះរបស់យើង
សេចក្ដីសង្ខេបa
១. តើអ្នកធ្លាប់មានជីវិតបែបណាមុនអ្នកចាប់ផ្ដើមរៀនគម្ពីរ?
តើអ្នកធ្លាប់មានជីវិតបែបណាមុនអ្នកចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា? យើងជាច្រើននាក់មិនចូលចិត្តនឹកនាដល់ពេលនោះទេ។ យើងទំនងជាធ្លាប់មានរបៀបគិតគូរ និងបុគ្គលិកលក្ខណៈដូចមនុស្សក្នុងពិភពលោកនេះស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ បើដូច្នេះ យើងបាន«រស់នៅក្នុងពិភពលោកដោយគ្មានសេចក្ដីសង្ឃឹមនិងដោយមិនស្គាល់ព្រះដែរ»។ (អេភ. ២:១២) ប៉ុន្តែ ក្រោយពីយើងបានចាប់ផ្ដើមរៀនគម្ពីរ របៀបរស់នៅរបស់យើងបានផ្លាស់ប្ដូរ។
២. តើអ្នកបានរៀនអ្វីខ្លះក្រោយពីចាប់ផ្ដើមរៀនគម្ពីរ?
២ កាលដែលអ្នករៀនគម្ពីរ អ្នកបានឃើញថាអ្នកមានបិតាម្នាក់នៅស្ថានសួគ៌ដែលស្រឡាញ់អ្នកខ្លាំងណាស់។ អ្នកបានទទួលស្គាល់ថា បើអ្នកចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយទៅជាសមាជិកក្រុមគ្រួសាររបស់លោកដែលជាអ្នកគោរពប្រណិប័តន៍លោក អ្នកត្រូវកែប្រែរបៀបរស់នៅ ចិត្តគំនិត និងរបៀបគិតគូររបស់អ្នកយ៉ាងខ្លាំង។ អ្នកក៏ត្រូវរៀនឲ្យចេះរស់នៅស្របតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោកដែរ។—អេភ. ៥:៣-៥
៣. យោងទៅតាមកូឡុស ៣:៩, ១០ តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី ហើយតើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតនិងជាបិតារបស់យើងនៅស្ថានសួគ៌ មានសិទ្ធិសម្រេចចិត្តថាសមាជិកក្រុមគ្រួសាររបស់លោកគួរប្រព្រឹត្តយ៉ាងណា។ ម្យ៉ាងទៀត មុនយើងទទួលការជ្រមុជទឹក លោកតម្រូវឲ្យយើង‹ដោះបុគ្គលិកលក្ខណៈចាស់ចេញ រួមទាំងការប្រព្រឹត្តពីមុនរបស់យើងផង›។b (សូមអាន កូឡុស ៣:៩, ១០) អត្ថបទនេះនឹងជួយពួកអ្នកដែលចង់ទទួលការជ្រមុជទឹកឲ្យឆ្លើយសំណួរបីដូចតទៅនេះ៖ (១) តើអ្វីជា«បុគ្គលិកលក្ខណៈចាស់»? (២) ហេតុអ្វីព្រះយេហូវ៉ាចង់ឲ្យយើងដោះបុគ្គលិកលក្ខណៈចាស់ចេញ? (៣) តើយើងអាចធ្វើដូច្នេះតាមរបៀបណា? បើយើងបានទទួលការជ្រមុជទឹករួចហើយ អត្ថបទសិក្សានេះនឹងជួយយើងមិនឲ្យគិត ឬប្រព្រឹត្តតាមបុគ្គលិកលក្ខណៈចាស់ដែលយើងធ្លាប់មានឡើយ។
តើអ្វីជា«បុគ្គលិកលក្ខណៈចាស់»?
៤. តើបុគ្គលដែលឲ្យ«បុគ្គលិកលក្ខណៈចាស់»កាន់កាប់លើគាត់ប្រព្រឹត្តបែបណា?
៤ តាមធម្មតា បុគ្គលដែលឲ្យ«បុគ្គលិកលក្ខណៈចាស់»កាន់កាប់គាត់ មានរបៀបគិតគូរនិងការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង។ គាត់ប្រហែលជាគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឆាប់ខឹង រមិលគុណ និងមានអំណួត។ គាត់ប្រហែលជាថែមទាំងចូលចិត្តមើលរូបអាសអាភាស និងមើលភាពយន្តដែលមានអំពើប្រាសចាកសីលធម៌ ឬអំពើឃោរឃៅ។ ប៉ុន្តែ គាត់ច្បាស់ជាមានគុណសម្បត្តិខ្លះ ហើយប្រហែលជាថែមទាំងបន្ទោសខ្លួនចំពោះអ្វីមិនល្អដែលគាត់និយាយឬធ្វើ។ ទោះជាយ៉ាងនោះក៏ដោយ បំណងចិត្តរបស់គាត់មិនខ្លាំងរហូតដល់ធ្វើឲ្យគាត់កែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់គាត់ទេ។—កាឡ. ៥:១៩-២១; ២ធី. ៣:២-៥
ពេលយើងដោះ«បុគ្គលិកលក្ខណៈចាស់»ចេញ ចិត្តគំនិតនិងការប្រព្រឹត្តដែលផុសចេញពីការខុសឆ្គងលែងកាន់កាប់យើងទៀត (សូមមើលវគ្គ៥)f
៥. តើយើងអាចដោះបុគ្គលិកលក្ខណៈចាស់ចេញទាំងស្រុងបានឬទេ? សូមពន្យល់។ (សកម្មភាព ៣:១៩)
៥ យើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះគ្មានយើងណាម្នាក់អាចជម្រុះចេញការគិតគូរនិងបំណងប្រាថ្នាអាក្រក់ទាំងអស់ឲ្យចេញពីចិត្តគំនិតរបស់យើងបានទេ។ ជួនកាល យើងនឹងប្រព្រឹត្ត ឬនិយាយអ្វីដែលនាំឲ្យយើងស្ដាយក្រោយ។ (យេ. ១៧:៩; យ៉ា. ៣:២) ប៉ុន្តែ ពេលយើងដោះបុគ្គលិកលក្ខណៈចាស់ចេញ ចិត្តគំនិតនិងការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងលែងកាន់កាប់យើងទៀត។ យ៉ាងនេះ យើងទៅជាមនុស្សផ្សេង។—អេ. ៥៥:៧; សូមអាន សកម្មភាព ៣:១៩
៦. ហេតុអ្វីព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យលះចោលរបៀបគិតគូរមិនត្រឹមត្រូវនិងទម្លាប់អាក្រក់?
៦ ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យលះចោលរបៀបគិតគូរមិនត្រឹមត្រូវនិងទម្លាប់អាក្រក់ ដោយសារលោកស្រឡាញ់យើងខ្លាំងណាស់ ហើយចង់ឲ្យយើងសប្បាយនឹងជីវិត។ (អេ. ៤៨:១៧, ១៨) ព្រះយេហូវ៉ាដឹងថាពួកអ្នកដែលមិនតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង នាំទុក្ខដល់ខ្លួនឯងនិងអ្នកឯទៀត។ ពេលឃើញដូច្នេះ លោកក៏ឈឺចិត្តដែរ។
៧. យោងទៅតាមរ៉ូម ១២:១, ២ តើយើងមានជម្រើសអ្វី?
៧ ជួនកាល មិត្តភក្តិនិងសមាជិកខ្លះក្នុងក្រុមគ្រួសាររបស់យើងសើចចំអកយើង ដោយសារយើងព្យាយាមកែប្រែបុគ្គលិកលក្ខណៈរបស់យើង។ (១ពេ. ៤:៣, ៤) ពួកគេប្រហែលជានិយាយថា យើងមានសិទ្ធិធ្វើអ្វីក៏ដោយស្រេចចិត្តយើង ហើយថាយើងមិនគួរឲ្យអ្នកឯទៀតមកប្រាប់យើងឲ្យធ្វើនេះធ្វើនោះទេ។ ប៉ុន្តែ ពួកអ្នកដែលបដិសេធខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនមែនជាមនុស្សឯករាជ្យឡើយ។ តាមពិត ពួកគេកំពុងឲ្យពិភពលោកដែលគ្រប់គ្រងដោយសាថានមានឥទ្ធិពលលើពួកគេ។ (សូមអាន រ៉ូម ១២:១, ២) យើងទាំងអស់គ្នាត្រូវជ្រើសយកមួយ គឺថាយើងបន្តមានបុគ្គលិកលក្ខណៈចាស់ដែលបានទទួលឥទ្ធិពលពីការខុសឆ្គងនិងពិភពលោករបស់សាថាន ឬមួយក៏យើងឲ្យព្រះយេហូវ៉ាកែប្រែយើងឲ្យមានបុគ្គលិកលក្ខណៈដ៏ល្អបំផុតដែលយើងអាចមាននៅសព្វថ្ងៃនេះ។—អេ. ៦៤:៨
តើអ្នកអាច«ដោះបុគ្គលិកលក្ខណៈចាស់ចេញ»តាមរបៀបណា?
៨. តើអ្វីអាចជួយយើងឲ្យលះចោលរបៀបគិតគូរមិនត្រឹមត្រូវនិងទម្លាប់អាក្រក់?
៨ ព្រះយេហូវ៉ាដឹងថា គឺត្រូវការពេលនិងការខំប្រឹង ដើម្បីលះចោលរបៀបគិតគូរមិនត្រឹមត្រូវនិងទម្លាប់អាក្រក់។ (ចសព. ១០៣:១៣, ១៤) ទោះជាយ៉ាងនេះក្ដី តាមរយៈបណ្ដាំនិងឫទ្ធានុភាពរបស់លោក ព្រមទាំងអង្គការលោក ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវប្រាជ្ញា កម្លាំង និងការគាំទ្រដែលយើងត្រូវការដើម្បីជួយយើងឲ្យធ្វើការកែប្រែ។ ព្រះយេហូវ៉ាច្បាស់ជាបានជួយអ្នករួចហើយ។ ឥឡូវ សូមយើងពិចារណាអំពីអ្វីមួយចំនួនដែលអ្នកអាចធ្វើ ដើម្បីដោះបុគ្គលិកលក្ខណៈចាស់ចេញឲ្យបានច្រើនជាង និងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។
៩. តើបណ្ដាំរបស់ព្រះអាចជួយអ្នកឲ្យធ្វើអ្វី?
៩ ចូរប្រើគម្ពីរដើម្បីពិនិត្យពិចារណាខ្លួនឯង។ បណ្ដាំរបស់ព្រះប្រៀបដូចជាកញ្ចក់ដែលអាចជួយអ្នកឲ្យពិនិត្យមើលរបៀបដែលអ្នកគិត និយាយ និងប្រព្រឹត្ត។ (យ៉ា. ១:២២-២៥) អ្នកបង្រៀនគម្ពីររបស់អ្នក និងគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំអាចផ្ដល់ការណែនាំដល់អ្នក។ ជាឧទាហរណ៍ ពួកគេអាចប្រើបទគម្ពីរដើម្បីជួយអ្នកឲ្យដឹងអំពីភាពខ្លាំងនិងភាពខ្សោយរបស់អ្នក។ ពួកគេអាចបង្រៀនអ្នកអំពីរបៀបរកឃើញយោបល់ដែលមានមូលដ្ឋានលើគម្ពីរ ស្ដីអំពីវិធីលះចោលទម្លាប់អាក្រក់។ ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រុងប្រៀបជួយអ្នកជានិច្ច។ លោកដឹងអំពីរបៀបដ៏ល្អបំផុតដើម្បីជួយអ្នក ដោយសារលោកស្គាល់ចិត្តរបស់អ្នកច្បាស់។ (សុភ. ១៤:១០; ១៥:១១) ដូច្នេះ សូមមានទម្លាប់អធិដ្ឋានទៅលោក និងសិក្សាបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃ។
១០. តើអ្នកបានរៀនអ្វីពីបទពិសោធន៍របស់បងអ៊ីលី?
១០ ចូរជឿជាក់ថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺល្អបំផុត។ អ្វីៗទាំងអស់ដែលលោកសុំយើងឲ្យធ្វើ គឺតែងតែមានប្រយោជន៍ចំពោះយើង។ ពួកអ្នកដែលរស់នៅស្របតាមខ្នាតតម្រារបស់លោកចេះឲ្យតម្លៃខ្លួនឯង មានគោលបំណងក្នុងជីវិត និងមានសុភមង្គលពិតប្រាកដ។ (ចសព. ១៩:៧-១១) ផ្ទុយទៅវិញ ពួកអ្នកដែលមិនអើពើនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ារងផលវិបាក ដែលមកពីការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង។ សូមកត់សម្គាល់អំពីអ្វីដែលបងប្រុសម្នាក់ឈ្មោះអ៊ីលីនិយាយអំពីការមិនធ្វើតាមខ្នាតតម្រារបស់ព្រះ។ គាត់បានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែ កាលដែលបងអ៊ីលីនៅវ័យជំទង់ គាត់បានសម្រេចចិត្តសេពគប់មនុស្សអាក្រក់។ ក្រោយមក គាត់បានចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀន មានរបៀបរស់នៅដែលប្រាសចាកសីលធម៌ និងធ្វើជាចោរ។ បងអ៊ីលីនិយាយថា គាត់ខឹងច្រើននិងប្រើអំពើហិង្សាកាន់តែខ្លាំងឡើង។ គាត់សារភាពថា៖ «បើនិយាយឲ្យចំទៅ ខ្ញុំបានធ្វើអ្វីៗទាំងអស់ដែលខ្ញុំបានត្រូវបង្រៀនថាមិនគួរធ្វើក្នុងនាមជាគ្រិស្តសាសនិកម្នាក់»។ ប៉ុន្តែ បងអ៊ីលីមិនបានភ្លេចអំពីអ្វីដែលគាត់បានរៀនកាលដែលគាត់នៅក្មេងទេ។ ក្រោយមក គាត់បានចាប់ផ្ដើមរៀនគម្ពីរម្ដងទៀត។ គាត់ខំប្រឹងលះចោលទម្លាប់អាក្រក់របស់គាត់ ហើយបានទទួលការជ្រមុជទឹកនៅឆ្នាំ២០០០។ តើការរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាបាននាំឲ្យបងអ៊ីលីទទួលប្រយោជន៍យ៉ាងណា? គាត់និយាយថា៖ «ឥឡូវ ខ្ញុំមានសេចក្ដីសុខក្នុងចិត្ត ហើយចិត្តខ្ញុំមិនបន្ទោសខ្ញុំទេ»។c បទពិសោធន៍របស់បងអ៊ីលីបង្ហាញយើងថា ពួកអ្នកដែលបដិសេធខ្នាតតម្រារបស់ព្រះយេហូវ៉ានាំទុក្ខដល់ខ្លួនឯង។ សូម្បីតែនៅពេលដែលពួកគេធ្វើដូច្នេះ ក៏ព្រះយេហូវ៉ាសុខចិត្តជួយពួកគេឲ្យធ្វើការកែប្រែ។
១១. តើព្រះយេហូវ៉ាស្អប់អ្វីខ្លះ?
១១ ចូររៀនឲ្យចេះស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។ (ចសព. ៩៧:១០) គម្ពីរចែងថាព្រះយេហូវ៉ាស្អប់«ភ្នែកអំណួត អណ្ដាតភូតភរ និងដៃសម្លាប់ជនស្លូតត្រង់»។ (សុភ. ៦:១៦, ១៧) លោកក៏«ស្អប់ខ្ពើមមនុស្សឃោរឃៅនិងមនុស្សបោកបញ្ឆោត»។ (ចសព. ៥:៦) ព្រះយេហូវ៉ាស្អប់ចិត្តគំនិតនិងការប្រព្រឹត្តទាំងនេះខ្លាំងដល់ម្ល៉េះ បានជាពេលផែនដីពោរពេញទៅដោយអំពើឃោរឃៅនៅសម័យណូអេ លោកបានបំផ្លាញមនុស្សទុច្ចរិតទាំងអស់ចោល។ (ដក. ៦:១៣) សូមគិតអំពីឧទាហរណ៍មួយទៀត។ តាមរយៈម៉ាឡាគីដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា លោកស្អប់ពួកអ្នកដែលរកកលល្បិចដើម្បីលែងលះប្រពន្ធដែលគ្មានកំហុស។ ព្រះមិនព្រមទទួលការគោរពប្រណិប័តន៍របស់ពួកគេទេ ហើយលោកនឹងវិនិច្ឆ័យពួកគេតាមការប្រព្រឹត្តរបស់ពួកគេ។—ម៉ាឡ. ២:១៣-១៦; ហេ. ១៣:៤
យើងគួរចាត់ទុកការធ្វើអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ថាជាអំពើអាក្រក់ ជាទីខ្ពើមរអើមដូចបរិភោគអាហារខូចរលួយ (សូមមើលវគ្គ១១-១២)
១២. តើការ«ស្អប់ខ្ពើមអ្វីៗដែលអាក្រក់»មានន័យយ៉ាងណា?
១២ ព្រះយេហូវ៉ាចង់ឲ្យយើង«ស្អប់ខ្ពើមអ្វីៗដែលអាក្រក់»។ (រ៉ូម ១២:៩) ពាក្យ«ស្អប់ខ្ពើម»មានន័យថា រអើមអ្វីមួយយ៉ាងខ្លាំង។ សូមស្រមៃគិតថាអ្នកនឹងមានអារម្មណ៍យ៉ាងណាទៅ បើគេសុំអ្នកឲ្យបរិភោគអាហារខូចរលួយមួយចាន។ គ្រាន់តែគិត នោះប្រហែលជាធ្វើឲ្យអ្នកចង់ក្អួតបាត់ទៅហើយ។ ស្រដៀងគ្នាដែរ សូម្បីតែការគិតអំពីការធ្វើអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ថាអាក្រក់ ក៏គួរធ្វើឲ្យយើងខ្ពើមរអើមដែរ។
១៣. ហេតុអ្វីយើងត្រូវការពារគំនិតរបស់យើង?
១៣ ចូរការពារគំនិតរបស់អ្នក។ គំនិតរបស់យើងមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់យើង។ ហេតុនេះហើយ លោកយេស៊ូបានបង្រៀនយើងឲ្យបដិសេធគំនិតផ្សេងៗ ដែលអាចនាំឲ្យយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ (ម៉ាថ. ៥:២១, ២២, ២៨, ២៩) យើងចង់ធ្វើឲ្យបិតារបស់យើងដែលនៅស្ថានសួគ៌ពេញចិត្ត។ ដូច្នេះ គឺសំខាន់ណាស់ដែលយើងលះចោលភ្លាមៗនូវគំនិតអាក្រក់ណាក៏ដោយដែលយើងមាន!
១៤. តើពាក្យសម្ដីបង្ហាញយ៉ាងណាអំពីយើង ហើយតើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
១៤ ចូរគ្រប់គ្រងពាក្យសម្ដីរបស់អ្នក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្វីៗដែលចេញពីមាត់ នោះចេញពីក្នុងចិត្តមក»។ (ម៉ាថ. ១៥:១៨) ពិតមែន ពាក្យសម្ដីរបស់យើងបង្ហាញយ៉ាងច្បាស់អំពីចិត្តយើង។ ដូច្នេះ សូមសួរខ្លួនអ្នកនូវសំណួរដូចតទៅនេះ៖ ‹តើខ្ញុំមិនព្រមនិយាយកុហក ទោះជាការប្រាប់ការពិតនឹងនាំឲ្យខ្ញុំមានបញ្ហាឬទេ? ជាបុគ្គលដែលបានរៀបការហើយ តើខ្ញុំប្រុងប្រយ័ត្នមិនចែចង់ពួកអ្នកដែលមានភេទផ្ទុយឬ? តើខ្ញុំជៀសវាងជាដាច់ខាតពីការនិយាយអាសអាភាសឬទេ? តើខ្ញុំតបឆ្លើយដោយចិត្តស្ងប់ពេលដែលបុគ្គលណាម្នាក់ធ្វើឲ្យខ្ញុំឈឺចិត្តឬទេ?›។ ការគិតអំពីសំណួរទាំងនេះនឹងជួយអ្នក។ ពាក្យសម្ដីរបស់អ្នកអាចប្រដូចទៅនឹងឡេវសម្លៀកបំពាក់។ បើអ្នកដោះឡេវសិន អ្នកនឹងស្រួលដោះសម្លៀកបំពាក់ចេញជាង។ ស្រដៀងគ្នាដែរ បើអ្នកព្យាយាមអស់ពីសមត្ថភាពឈប់ពោលពាក្យប្រមាថមើលងាយ កុហក និងអាសអាភាស នោះអ្នកនឹងស្រួលដោះបុគ្គលិកលក្ខណៈចាស់ចេញជាង។
១៥. តើការព្យួរបុគ្គលិកលក្ខណៈចាស់របស់យើង«នឹងបង្គោលឈើ»មានន័យយ៉ាងណា?
១៥ ចូរសុខចិត្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ សាវ័កប៉ូលបានប្រើឧទាហរណ៍ដើម្បីបង្រៀនយើងថា គឺសំខាន់ណាស់ឲ្យយើងកែប្រែរបៀបរស់នៅរបស់យើង។ គាត់បានសរសេរថា យើងត្រូវព្យួរ«បុគ្គលិកលក្ខណៈចាស់របស់យើង . . . នឹងបង្គោលឈើ»។ (រ៉ូម ៦:៦) និយាយឲ្យចំទៅ យើងចង់ធ្វើតាមគំរូរបស់គ្រិស្ត។ យើងត្រូវបំបាត់ចោលចិត្តគំនិតនិងការប្រព្រឹត្តដែលព្រះយេហូវ៉ាស្អប់។ ទាល់តែយើងធ្វើដូច្នេះ ទើបយើងនឹងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ១៧:៣; ១ពេ. ៣:២១) សូមចាំថាព្រះយេហូវ៉ានឹងមិនផ្លាស់ប្ដូរខ្នាតតម្រារបស់លោកទៅតាមចិត្តយើងទេ។ ផ្ទុយទៅវិញ យើងត្រូវកែប្រែ ហើយធ្វើតាមខ្នាតតម្រារបស់លោក។—អេ. ១:១៦-១៨; ៥៥:៩
១៦. ហេតុអ្វីអ្នកត្រូវតាំងចិត្តបន្តតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង?
១៦ ចូរបន្តតយុទ្ធនឹងបំណងប្រាថ្នាខុសឆ្គង។ ទោះជាក្រោយពីអ្នកបានទទួលការជ្រមុជទឹកហើយក្ដី អ្នកនឹងត្រូវបន្តតយុទ្ធនឹងបំណងប្រាថ្នាមិនត្រឹមត្រូវ។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះម៉ារេស្យូ។ កាលដែលគាត់នៅក្មេង គាត់បានចាប់ផ្ដើមប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយមនុស្សដែលមានភេទដូចគ្នា។ ក្រោយមក គាត់បានជួបសាក្សីព្រះយេហូវ៉ា ហើយបានចាប់ផ្ដើមរៀនគម្ពីរ។ ក្រោយពីគាត់ធ្វើការកែប្រែផ្សេងៗក្នុងជីវិត គាត់បានទទួលការជ្រមុជទឹកនៅឆ្នាំ២០០២។ ទោះជានៅឥឡូវនេះគាត់បានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំក្ដី បងម៉ារេស្យូសារភាពថា៖ «ពេលខ្លះខ្ញុំត្រូវប្រយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន»។ ប៉ុន្តែ គាត់មិនឲ្យនេះធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តទេ។ ផ្ទុយទៅវិញ គាត់និយាយថា៖ «ខ្ញុំទទួលការលើកទឹកចិត្តដោយដឹងថា ការមិនព្រមធ្វើតាមសេចក្ដីប៉ងប្រាថ្នាទាំងនោះ . . . ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»។d
១៧. តើអ្វីធ្វើឲ្យអ្នកទទួលការលើកទឹកចិត្តពីបទពិសោធន៍របស់បងណាពិហា?
១៧ ចូរអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ានិងពឹងផ្អែកលើឫទ្ធានុភាពរបស់លោក មិនមែនកម្លាំងរបស់ខ្លួនទេ។ (កាឡ. ៥:២២; ភី. ៤:៦) យើងត្រូវខំប្រឹង បើយើងចង់ដោះបុគ្គលិកលក្ខណៈចាស់ចេញ ហើយមិនពាក់វាម្ដងទៀត។ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះណាពិហា។ គាត់បានត្រូវឪពុកបោះបង់ចោលកាលដែលគាត់មានអាយុ៦ឆ្នាំ។ គាត់និយាយថា៖ «នេះធ្វើឲ្យខ្ញុំឈឺចិត្តណាស់»។ កាលដែលបងណាពិហាធំឡើង គាត់ច្រើនតែខឹងនិងឆេវឆាវ។ គាត់បានចាប់ផ្ដើមលក់គ្រឿងញៀន បានត្រូវគេចាប់ខ្លួន និងជាប់គុកអស់ជាច្រើនឆ្នាំ។ ក្រោយមក សាក្សីព្រះយេហូវ៉ាបានទៅផ្សព្វផ្សាយនៅពន្ធនាគារ ហើយបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយគាត់។ បងណាពិហាបានចាប់ផ្ដើមធ្វើការកែប្រែធំៗក្នុងជីវិត។ គាត់និយាយថា៖ «ទម្លាប់អាក្រក់ខ្លះ ខ្ញុំស្រួលលះចោល ប៉ុន្តែការផ្ដាច់បារីគឺពិបាកណាស់ចំពោះខ្ញុំ»។ បងណាពិហាបានខំប្រឹងយកឈ្នះបញ្ហានេះអស់មួយឆ្នាំជាង ហើយទីបំផុតគាត់អាចផ្ដាច់បារីបាន។ តើគាត់បានធ្វើដូច្នេះយ៉ាងដូចម្ដេច? គាត់និយាយថា៖ «ចំពោះខ្ញុំអ្វីដែលសំខាន់បំផុត គឺការអធិដ្ឋានទៅព្រះយេហូវ៉ាជានិច្ច»។ ឥឡូវ គាត់ប្រាប់អ្នកឯទៀតថា៖ «ខ្ញុំជឿជាក់ថា បើខ្ញុំអាចធ្វើការកែប្រែផ្សេងៗដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត អ្នកណាក៏អាចធ្វើបានដែរ!»។
អ្នកអាចមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក!
១៨. ដូចកូរិនថូសទី១ ៦:៩-១១ចែង តើអ្នកបម្រើព្រះជាច្រើននាក់ធ្លាប់ធ្វើអ្វី?
១៨ នៅសតវត្សរ៍ទី១ បុរសស្ត្រីខ្លះដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យគ្រប់គ្រងជាមួយគ្រិស្តធ្លាប់ប្រព្រឹត្តអំពើអាក្រក់យ៉ាងខ្លាំង។ ជាឧទាហរណ៍ ពួកគេធ្លាប់ធ្វើជាចោរ អ្នកផិតក្បត់ និងធ្លាប់រួមដំណេកជាមួយមនុស្សដែលមានភេទដូចគ្នា។ ប៉ុន្តែ ដោយមានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ពួកគេអាចកែប្រែបុគ្គលិកលក្ខណៈរបស់ពួកគេបាន។ (សូមអាន កូរិនថូសទី១ ៦:៩-១១) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះគម្ពីរបានជួយមនុស្សរាប់លាននាក់ឲ្យធ្វើការកែប្រែផ្សេងៗក្នុងជីវិត។e ពួកគេបានយកឈ្នះទម្លាប់អាក្រក់ដែលចាក់ឫសជ្រៅ។ គំរូរបស់ពួកគេបង្ហាញថា អ្នកក៏អាចកែប្រែបុគ្គលិកលក្ខណៈរបស់អ្នក និងលះចោលទម្លាប់អាក្រក់ ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យទទួលការជ្រមុជទឹកបានដែរ។
១៩. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទបន្ទាប់?
១៩ ក្រៅពីការខំប្រឹងដោះបុគ្គលិកលក្ខណៈចាស់ចេញ ពួកអ្នកដែលចង់ទទួលការជ្រមុជទឹកត្រូវខំពាក់បុគ្គលិកលក្ខណៈថ្មី។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នេះ និងរបៀបដែលអ្នកឯទៀតអាចជួយយើង។
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
a ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យទទួលការជ្រមុជទឹក យើងត្រូវសុខចិត្តកែប្រែបុគ្គលិកលក្ខណៈរបស់យើង។ អត្ថបទនេះនឹងជួយយើងឲ្យយល់ថាអ្វីគឺជាបុគ្គលិកលក្ខណៈចាស់ មូលហេតុដែលយើងត្រូវដោះបុគ្គលិកលក្ខណៈទាំងនោះចេញ និងរបៀបដែលយើងអាចធ្វើដូច្នេះ។ នៅក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបន្តពាក់បុគ្គលិកលក្ខណៈថ្មី ទោះជាក្រោយពីយើងបានទទួលការជ្រមុជទឹកហើយក្ដី។
b ការពន្យល់ពាក្យ: ការ«ដោះបុគ្គលិកលក្ខណៈចាស់ចេញ»មានន័យថា លះចោលចិត្តគំនិតនិងបំណងប្រាថ្នាដែលព្រះយេហូវ៉ាមិនពេញចិត្ត។ នេះគួរចាប់ផ្ដើមមុនទទួលការជ្រមុជទឹក។—អេភ. ៤:២២
c ដើម្បីបានព័ត៌មានថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត ‹ខ្ញុំត្រូវត្រឡប់ទៅរកព្រះយេហូវ៉ាវិញ›»ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមេសា–មិថុនា ឆ្នាំ២០១២។
d ដើម្បីបានព័ត៌មានថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត ‹ពួកគេបង្ហាញចិត្តសប្បុរសចំពោះខ្ញុំ›»ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១២។
e សូមមើលប្រអប់ដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»។
f ការពណ៌នាអំពីរូបភាព: ការលះចោលចិត្តគំនិតនិងការប្រព្រឹត្តខុសឆ្គងគឺប្រៀបដូចជាការដោះសម្លៀកបំពាក់ចាស់ចេញ។