បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w22 សីហា ទំ. ២៦-៣១
  • រាស្ត្ររបស់ព្រះយេហូវ៉ាស្រឡាញ់សេចក្ដីសុចរិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាស្ត្ររបស់ព្រះយេហូវ៉ាស្រឡាញ់សេចក្ដីសុចរិត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​សេចក្ដី​សុចរិត​គឺ​ជា​អ្វី?
  • ចូរ​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង
  • ចូរស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរបន្តស្វែងរក«សេចក្ដីសុចរិតរបស់ព្រះ»ជាមុន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរអរសប្បាយនឹងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការស្វែងរកសេចក្ដីសុចរិតនឹងការរយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
w22 សីហា ទំ. ២៦-៣១

អត្ថបទ​សិក្សា ៣៦

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ស្រឡាញ់​សេចក្ដី​សុចរិត

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ​»។—ម៉ាថ. ៥:៦

ចម្រៀង​លេខ​៩ ព្រះ​យេហូវ៉ា​ជា​ស្ដេច​របស់​យើង!

សេចក្ដី​សង្ខេបa

១. តើ​យ៉ូសែប​បាន​ជួប​ការ​ល្បង​ល​អ្វី ហើយ​តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា?

យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​យ៉ាកុប ជួប​ការ​ល្បង​ល​ដ៏​ពិបាក​មួយ។ ស្ត្រី​ម្នាក់​បាន​និយាយ​មក​កាន់​គាត់​ថា​៖ ​«​ចូរ​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ​»។ នាង​គឺ​ជា​ប្រពន្ធ​របស់​ប៉ូទីផា​ដែល​ជា​ចៅហ្វាយ​គាត់។ យ៉ូសែប​មិន​ព្រម​ធ្វើ​តាម​នាង​ទេ។ អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​ឆ្ងល់​ថា ‹ម៉េច​បាន​ជា​យ៉ូសែប​មិន​ព្រម​ធ្វើ​តាម​នាង​ទៅ?› ព្រោះ​ថា​នៅ​ពេល​នោះ ប៉ូទីផា​មិន​នៅ​ទេ។ មួយ​វិញ​ទៀត យ៉ូសែប​គឺ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ​នោះ ដូច្នេះ​ស្ត្រី​នេះ​អាច​ធ្វើ​ឲ្យ​គាត់​រស់​នៅ​មិន​បាន​សុខ ដោយ​សារ​គាត់​មិន​ធ្វើ​តាម​នាង។ ប៉ុន្តែ យ៉ូសែប​នៅ​តែ​បន្ត​បដិសេធ​មិន​រួម​ដំណេក​ជា​មួយ​នាង។ ហេតុ​អ្វី? គាត់​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?​»។—ដក. ៣៩:៧​-​១២

២. តើ​យ៉ូសែប​បាន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​អំពើ​ផិត​ក្បត់​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ?

២ តើ​យ៉ូសែប​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​របស់​គាត់​ចាត់​ទុក​អំពើ​ផិត​ក្បត់​ជា​«​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​»​? ពីរ​រយ​ឆ្នាំ​ក្រោយ​មក ទើប​ច្បាប់​ម៉ូសេ​មាន​បង្គាប់​យ៉ាង​ច្បាស់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផិត​ក្បត់​»។ (​ដច. ២០:១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យ៉ូសែប​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ល្មម​ដើម្បី​ដឹង​ថា​លោក​មិន​ពេញ​ចិត្ត​នឹង​អំពើ​ផិត​ក្បត់​ទេ។ ជា​ឧទាហរណ៍ យ៉ូសែប​ប្រាកដ​ជា​ដឹង​ថា​ព្រះ​យេហូវ៉ា​រៀបចំ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់។ ម្យ៉ាង​ទៀត គាត់​ទំនង​ជា​បាន​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ការ​ពារ​សារ៉ា​ដែល​ជា​យាយ​ទួត​របស់​គាត់​អស់​ពីរ​ដង ដើម្បី​ជួយ​នាង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ប្ដី ពេល​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​គេ​បំពាន​រាង​កាយ​នាង។ ស្រដៀង​គ្នា​ដែរ ព្រះ​បាន​ចាត់​វិធានការ​ដើម្បី​ការ​ពារ​រេបិកា​ដែល​ជា​ប្រពន្ធ​របស់​អ៊ីសាក។ (​ដក. ២:២៤; ១២:១៤​-​២០; ២០:២​-​៧; ២៦:៦​-​១១​) កាល​ដែល​យ៉ូសែប​បាន​វែក​ញែក​អំពី​អ្វី​ទាំង​នេះ គាត់​យល់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។ ដោយ​សារ​យ៉ូសែប​ស្រឡាញ់​ព្រះ​របស់​គាត់ គាត់​ក៏​ស្រឡាញ់​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​ដែរ ហើយ​គាត់​បាន​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ទាំង​នោះ។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ?

៣ តើ​អ្នក​ស្រឡាញ់​សេចក្ដី​សុចរិត​ឬ​ទេ? អ្នក​ប្រាកដ​ជា​ស្រឡាញ់។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​បើ​យើង​មិន​ប្រយ័ត្ន​ទេ ទស្សនៈ​របស់​ពិភព​លោក​ស្ដី​អំពី​ភាព​សុចរិត អាច​ងាយ​ជះ​ឥទ្ធិពល​មក​លើ​យើង។ (​អេ. ៥:២០; រ៉ូម ១២:២​) ដូច្នេះ យើង​នឹង​ពិចារណា​ថា​អ្វី​ជា​សេចក្ដី​សុចរិត និង​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ស្រឡាញ់​សេចក្ដី​សុចរិត។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។

តើ​សេចក្ដី​សុចរិត​គឺ​ជា​អ្វី?

៤. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អ្វី​ស្ដី​អំពី​សេចក្ដី​សុចរិត?

៤ អ្នក​ខ្លះ​ចាត់​ទុក​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ទោះ​ជា​ពួក​គេ​ជា​បុគ្គល​មាន​អំណួត រិះ​គន់​អ្នក​ឯ​ទៀត ឬ​គិត​ថា​ខ្លួន​គ្រាន់​បើ​ជាង​គេ​ក្ដី។ ប៉ុន្តែ ព្រះ​មិន​ចូល​ចិត្ត​លក្ខណៈ​បែប​នេះ​ទាល់​តែ​សោះ។ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ផ្ដន្ទា​ទោស​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​របស់​លោក ដោយ​សារ​ពួក​គេ​បង្កើត​ខ្នាត​តម្រា​ខ្លួន​ឯង​អំពី​សេចក្ដី​សុចរិត។ (​អទ. ៧:១៦; លូក. ១៦:១៥​) បុគ្គល​ដែល​សុចរិត​ពិត​ប្រាកដ មិន​គិត​ថា​ខ្លួន​គ្រាន់​បើ​ជាង​អ្នក​ឯ​ទៀត​ឡើយ។

៥. តាម​គម្ពីរ តើ​សេចក្ដី​សុចរិត​គឺ​ជា​អ្វី? សូម​លើក​ឧទាហរណ៍។

៥ សេចក្ដី​សុចរិត​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា ហើយ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​មាន​ន័យ​ថា​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​គម្ពីរ ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​សុចរិត​»​ អាច​សំដៅ​ទៅ​លើ​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់ ពោល​គឺ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​ជួញ​ដូរ​ថា​ពួក​គេ​គួរ​ប្រើ​‹កូន​ជញ្ជីង​ត្រឹម​ត្រូវ›។ (​បច. ២៥:១៥​) ពាក្យ​ដើម​ជា​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ត្រឹម​ត្រូវ​»​ ក៏​អាច​បក​ប្រែ​ថា​«​សុចរិត​»​ដែរ។ ដូច្នេះ គ្រិស្ត​សាសនិក​ដែល​ចង់​ឲ្យ​ព្រះ​រាប់​ជា​បុគ្គល​សុចរិត នឹង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទាំង​ស្រុង​ក្នុង​គ្រប់​មុខ​របរ​រក​ស៊ី​របស់​គាត់។ បុគ្គល​សុចរិត​ក៏​ស្រឡាញ់​យុត្តិធម៌​ដែរ។ គាត់​ស្អប់​អំពើ​អយុត្តិធម៌។ ម្យ៉ាង​ទៀត ​«​ដើម្បី​ធ្វើ​ឲ្យ​[​ព្រះ​យេហូវ៉ា​]​ពេញ​ចិត្ត​ទាំង​ស្រុង​»​ បុគ្គល​ដែល​សុចរិត​ពិត​ប្រាកដ គិត​ពិចារណា​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​របស់​គាត់។—កូឡ. ១:១០

៦. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ? (​អេសាយ ៥៥:៨, ៩​)

៦ គម្ពីរ​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។ ហេតុ​នេះ លោក​បាន​ត្រូវ​ហៅ​ថា​ជា​«​លំនៅ​ដ៏​សុចរិត​»។ (​យេ. ៥០:៧​) ក្នុង​នាម​ជា​អ្នក​បង្កើត គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​កំណត់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ព្រះ​យេហូវ៉ា​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​ទស្សនៈ​របស់​លោក​ចំពោះ​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​ខ្ពង់​ខ្ពស់​ជាង​ឆ្ងាយ​ពី​ទស្សនៈ​របស់​យើង ដែល​ច្រើន​តែ​ទទួល​ឥទ្ធិពល​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​ភាព​ខុស​ឆ្គង​របស់​យើង។ (​សុភ. ១៤:១២; សូម​អាន អេសាយ ៥៥:៨, ៩​) ប៉ុន្តែ ដោយ​សារ​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ យើង​អាច​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក​ស្ដី​អំពី​សេចក្ដី​សុចរិត។ (​ដក. ១:២៧​) ម្យ៉ាង​ទៀត យើង​ចូល​ចិត្ត​ធ្វើ​ដូច្នេះ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បិតា​យើង ជំរុញ​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​លោក​អស់​ពី​សមត្ថភាព។—អេភ. ៥:១

៧. ហេតុ​អ្វី​យើង​ត្រូវ​ការ​ខ្នាត​តម្រា​ដ៏​ច្បាស់​និង​គួរ​ឲ្យ​ទុក​ចិត្ត? សូម​លើក​ឧទាហរណ៍។

៧ យើង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ហេតុ​អ្វី? សូម​ស្រមៃ​គិត​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​គ្រប់​ធនាគារ​កំណត់​តម្លៃ​រូបិយប័ណ្ណ​រៀង​ៗ​ខ្លួន ឬ​បើ​ក្រុម​ហ៊ុន​សំណង់​កំណត់​រង្វាស់​រង្វាល់​ផ្សេង​ៗ​ពី​គ្នា? លទ្ធផល​គឺ​ច្របូក​ច្របល់។ ឬ​មួយ​ក៏​បើ​គ្រូ​ពេទ្យ​មិន​ធ្វើ​តាម​ស្តង់ដារ​នៃ​ការ​ព្យាបាល​ដូច​ៗ​គ្នា​ទេ អ្នក​ជំងឺ​ខ្លះ​អាច​បាត់​បង់​ជីវិត។ យើង​ឃើញ​ច្បាស់​ថា ស្តង់ដារ​ឬ​ខ្នាត​តម្រា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​កំណត់​ច្បាស់​លាស់ គឺ​ការ​ពារ​មនុស្ស។ ស្រដៀង​គ្នា​ដែរ ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ការ​ពារ​យើង។

៨. តើ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​នឹង​ទទួល​ពរ​អ្វី?

៨ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ពួក​អ្នក​ដែល​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ លោក​សន្យា​ថា​៖ ​«​មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត​»។ (​ចសព. ៣៧:២៩​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​មនុស្សជាតិ​នឹង​មាន​សាមគ្គីភាព សន្តិភាព និង​សប្បាយ​យ៉ាង​ណា​ពេល​ដែល​គ្រប់​គ្នា​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​សប្បាយ​នឹង​ជីវិត​បែប​នោះ។ យើង​ម្នាក់​ៗ​ច្បាស់​ជា​មាន​មូលហេតុ​ល្អ​ឲ្យ​ស្រឡាញ់​សេចក្ដី​សុចរិត។ តើ​យើង​អាច​ស្រឡាញ់​គុណ​សម្បត្តិ​នេះ​កាន់​តែ​ខ្លាំង​ឡើង​តាម​របៀប​ណា? សូម​យើង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​យើង​អាច​ធ្វើ។

ចូរ​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង

៩. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​សេចក្ដី​សុចរិត?

៩ ទី​១: ចូរ​ស្រឡាញ់​បុគ្គល​ដែល​ជា​អ្នក​កំណត់​ខ្នាត​តម្រា។ ដើម្បី​ស្រឡាញ់​សេចក្ដី​សុចរិត យើង​ត្រូវ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ឲ្យ​កាន់​តែ​ខ្លាំង ចំពោះ​បុគ្គល​ដែល​កំណត់​ខ្នាត​តម្រា​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ពេល​យើង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​កាន់​តែ​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ ជា​ឧទាហរណ៍ បើ​អាដាម​និង​អេវ៉ា​ស្រឡាញ់​ព្រះ​យេហូវ៉ា ពួក​គេ​មុខ​ជា​នឹង​មិន​បំពាន​ច្បាប់​របស់​លោក​នោះ​ទេ។—ដក. ៣:១​-​៦, ១៦​-​១៩

១០. តើ​អាប្រាហាំ​បាន​ធ្វើ​អ្វី​ដើម្បី​យល់​ច្បាស់​ជាង​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា?

១០ យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​ខុស​ដូច​អាដាម​និង​អេវ៉ា​ទេ។ យើង​អាច​ជៀស​វាង​ពី​លទ្ធផល​បែប​នោះ បើ​យើង​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា ឲ្យ​តម្លៃ​គុណ​សម្បត្តិ​របស់​លោក និង​ព្យាយាម​យល់​អំពី​របៀប​គិត​គូរ​របស់​លោក។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ សូម​គិត​អំពី​អាប្រាហាំ។ គាត់​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សូម្បី​តែ​នៅ​ពេល​គាត់​ពិបាក​យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា ក៏​គាត់​មិន​បះ​បោរ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​ព្យាយាម​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង។ ជា​ឧទាហរណ៍ ពេល​អាប្រាហាំ​ឮ​ថា​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា នៅ​ដើម​ដំបូង​គាត់​បារម្ភ​ថា​«​ចៅ​ក្រម​នៃ​ផែនដី​»​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​មនុស្ស​ទុច្ចរិត។ អាប្រាហាំ​យល់​ថា​លោក​មិន​អាច​ធ្វើ​ដូច្នេះ​ឡើយ។ ហេតុ​នេះ​ដោយ​បង្ហាញ​ការ​គោរព គាត់​បាន​សួរ​ព្រះ​យេហូវ៉ា​នូវ​សំណួរ​ខ្លះ​ៗ។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​គាត់​ដោយ​ចិត្ត​អត់​ធ្មត់។ ក្រោយ​មក អាប្រាហាំ​បាន​យល់​ថា ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​របស់​មនុស្ស​គ្រប់​រូប ហើយ​ថា​លោក​មិន​ដាក់​ទោស​បុគ្គល​ដែល​គ្មាន​កំហុស​ជា​មួយ​នឹង​បុគ្គល​ដែល​ធ្វើ​ខុស​ឡើយ។—ដក. ១៨:២០​-​៣២

១១. តើ​អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ទុក​ចិត្ត​លោក​យ៉ាង​ដូច​ម្ដេច?

១១ ក្រោយ​ពី​អាប្រាហាំ​បាន​សន្ទនា​ជា​មួយ​ព្រះ​យេហូវ៉ា​អំពី​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា គាត់​បាន​រៀន​ច្រើន។ គាត់​ច្បាស់​ជា​ស្រឡាញ់​និង​គោរព​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ប៉ុន្តែ ច្រើន​ឆ្នាំ​ក្រោយ​មក អាប្រាហាំ​ជួប​ស្ថានភាព​មួយ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ពិបាក​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ លោក​បាន​សុំ​គាត់​ឲ្យ​យក​អ៊ីសាក​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​មក​ធ្វើ​ជា​គ្រឿង​បូជា។ ប៉ុន្តែ ពេល​នោះ​អាប្រាហាំ​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង ដូច្នេះ​លើក​នេះ​គាត់​មិន​សួរ​លោក​ទេ។ អាប្រាហាំ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សុំ។ សូម​ស្រមៃ​គិត​ថា​អាប្រាហាំ​ឈឺ​ចិត្ត​យ៉ាង​ណា​ពេល​គាត់​រៀបចំ​ដើម្បី​បំពេញ​ភារកិច្ច​នោះ! អាប្រាហាំ​ទំនង​ជា​បាន​គិត​យ៉ាង​ស៊ី​ជម្រៅ​ចំពោះ​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា។ គាត់​ដឹង​ថា​លោក​នឹង​មិន​ធ្វើ​អ្វី​ដែល​មិន​សុចរិត​ឬ​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា អាប្រាហាំ​វែក​ញែក​ថា​ព្រះ​យេហូវ៉ា​អាច​ប្រោស​កូន​ប្រុស​សំណព្វ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​ហេ. ១១:១៧​-​១៩​) គាត់​ប្រហែល​ជា​គិត​ដូច្នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​អ៊ីសាក​នឹង​ធ្វើ​ជា​ឪពុក​នៃ​ប្រជា​ជាតិ​មួយ តែ​នៅ​ពេល​នោះ​អ៊ីសាក​មិន​ទាន់​មាន​កូន​ទេ។ អាប្រាហាំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​ទុក​ចិត្ត​ថា​លោក​នឹង​ប្រព្រឹត្ត​ដោយ​សុចរិត​ជានិច្ច។ ទោះ​ជា​ពិបាក​ក្ដី ជំនឿ​របស់​គាត់​ជំរុញ​ចិត្ត​គាត់​ឲ្យ​ស្ដាប់​បង្គាប់។—ដក. ២២:១​-​១២

១២. តើ​យើង​អាច​យក​តម្រាប់​អាប្រាហាំ​តាម​របៀប​ណា? (​ចម្រៀង​សរសើរ​ព្រះ ៧៣:២៨​)

១២ តើ​យើង​អាច​យក​តម្រាប់​អាប្រាហាំ​យ៉ាង​ដូច​ម្ដេច? ដូច​គាត់ យើង​ត្រូវ​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​លោក ហើយ​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៧៣:២៨​) សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​នឹង​ទទួល​ការ​បង្វឹក​បង្ហាត់​ដើម្បី​មាន​របៀប​គិត​គូរ​ដូច​ព្រះ។ (​ហេ. ៥:១៤​) យ៉ាង​នេះ ពេល​បុគ្គល​ណា​ម្នាក់​ព្យាយាម​ល្បួង​យើង​ឲ្យ​ធ្វើ​អ្វី​មិន​ត្រឹម​ត្រូវ យើង​នឹង​បដិសេធ។ យើង​នឹង​មិន​ថែម​ទាំង​គិត​អំពី​ការ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​បិតា​យើង​ឈឺ​ចិត្ត ហើយ​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ឡើយ។ ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​សេចក្ដី​សុចរិត​តាម​របៀប​ណា​ទៀត?

១៣. តើ​យើង​អាច​ព្យាយាម​ឲ្យ​មាន​សេចក្ដី​សុចរិត​តាម​របៀប​ណា? (​សុភាសិត ១៥:៩​)

១៣ ទី​២: ចូរ​ព្យាយាម​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​សុចរិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជា​ឧទាហរណ៍ បើ​យើង​ចង់​ឲ្យ​សាច់​ដុំ​មាំ​មួន យើង​ត្រូវ​ខំ​ប្រឹង​ហាត់​ប្រាណ​រាល់​ថ្ងៃ។ ដូច​គ្នា​ដែរ គឺ​ត្រូវ​ការ​ការ​ខំ​ប្រឹង​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​សុចរិត​របស់​ព្រះ។ នេះ​ជា​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​សម​ផល ហើយ​លោក​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​លើស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ (​ចសព. ១០៣:១៤​) លោក​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ​«​លោក​ស្រឡាញ់​អ្នក​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​សុចរិត​»។ (​សូម​អាន សុភាសិត ១៥:៩​) តាម​ធម្មតា បើ​យើង​មាន​គោល​ដៅ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​បន្ត​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​នោះ។ គឺ​ដូច​គ្នា​ពេល​ដែល​យើង​ព្យាយាម​ប្រព្រឹត្ត​អំពើ​សុចរិត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​រហូត​បន្តិច​ម្ដង​ៗ។—ចសព. ៨៤:៥, ៧

១៤. តើ​«​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​»​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ពាក់​វា?

១៤ ព្រះ​យេហូវ៉ា​រំលឹក​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថា សេចក្ដី​សុចរិត​មិន​មែន​ជា​បន្ទុក​ទេ។ (​១យ៉ូន. ៥:៣​) ផ្ទុយ​ទៅ​វិញ វា​ការ​ពារ​យើង ហើយ​យើង​ត្រូវ​ការ​នោះ​រាល់​ថ្ងៃ។ សូម​នឹក​ចាំ​អំពី​គ្រឿង​ចម្បាំង​ដែល​សាវ័ក​ប៉ូល​បាន​រៀប​រាប់។ (​អេភ. ៦:១៤​-​១៨​) តើ​ផ្នែក​មួយ​ណា​ការ​ពារ​បេះ​ដូង​របស់​ទាហាន? គឺ​«​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​»​ ដែល​ជា​តំណាង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ដូច​អាវ​ការ​ពារ​ដើម​ទ្រូង​បាន​ការ​ពារ​បេះ​ដូង ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​អាច​ការ​ពារ​ចិត្ត​របស់​យើង។ នេះ​គឺ​ជា​មូលហេតុ​សំខាន់​ដែល​គ្រឿង​ចម្បាំង​របស់​យើង​គួរ​រួម​បញ្ចូល​អាវ​ការ​ពារ​ដើម​ទ្រូង។—សុភ. ៤:២៣

១៥. តើ​អ្នក​អាច​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​យ៉ាង​ដូច​ម្ដេច?

១៥ តើ​អ្នក​អាច​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គិត​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ​ពេល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​រាល់​ថ្ងៃ។ ពេល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ចម្រៀង ការ​កម្សាន្ត សៀវភៅ ឬ​អ្វី​ដែល​អ្នក​នឹង​និយាយ សូម​សួរ​ខ្លួន​អ្នក​ជា​មុន​សិន​ថា ‹តើ​នោះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ចិត្ត​ខ្ញុំ? តើ​អ្វី​នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ​ទេ? ឬ​តើ​នោះ​លើក​ស្ទួយ​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​ហិង្សា ការ​លោភ​លន់ ឬ​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​មិន​សុចរិត​ឬ?›។ (​ភី. ៤:៨​) បើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា អ្នក​កំពុង​ឲ្យ​សេចក្ដី​សុចរិត​របស់​លោក​ការ​ពារ​ចិត្ត​អ្នក។

បងស្រីម្នាក់កំពុងមើលរលកបោកបក់ កាលដែលគាត់ដើរតាមឆ្នេរសមុទ្រនៅពេលថ្ងៃលិច។

សេចក្ដី​សុចរិត​របស់​អ្នក អាច​«​ដូច​ជា​រលក​សមុទ្រ​»​ (​សូម​មើល​វគ្គ​១៦​-​១៧​)

១៦​-​១៧. តើ​តាម​របៀប​ណា​អេសាយ ៤៨:១៨ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​យើង​អាច​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត?

១៦ តើ​អ្នក​ធ្លាប់​បារម្ភ​ថា​អ្នក​មិន​អាច​បន្ត​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឬ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឬ​ទេ? សូម​គិត​អំពី​ឧទាហរណ៍​មួយ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​នៅ​ក្នុង​អេសាយ ៤៨:១៨។ (​សូម​អាន​) ព្រះ​យេហូវ៉ា​សន្យា​ថា សេចក្ដី​សុចរិត​របស់​យើង​អាច​ប្រៀប​«​ដូច​ជា​រលក​សមុទ្រ​»។ សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ឈរ​នៅ​លើ​ច្រាំង​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​សម្លឹង​មើល​ទៅ​រលក​ដែល​បក់​បោក​ឥត​ឈប់ មួយ​ហើយ​មួយ​ទៀត។ នៅ​ក្នុង​បរិយាកាស​ដ៏​ស្ងប់​នោះ តើ​នៅ​សុខ​ៗ​អ្នក​នឹង​បារម្ភ​ថា​នៅ​ថ្ងៃ​ណា​មួយ​រលក​ទាំង​នោះ​នឹង​ឈប់​បក់​មក​ឬ​ទេ? អ្នក​ប្រាកដ​ជា​នឹង​មិន​គិត​ដូច្នេះ​ទេ! អ្នក​ដឹង​ថា​រលក​បាន​បក់​បោក​មក​លើ​ច្រាំង​នោះ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ហើយ​វា​នឹង​បន្ត​បក់​បោក​មក​រហូត។

១៧ សេចក្ដី​សុចរិត​របស់​អ្នក​អាច​ប្រៀប​ដូច​ជា​រលក​សមុទ្រ! តើ​តាម​របៀប​ណា? ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ សូម​ពិចារណា​ជា​មុន​សិន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ។ បន្ទាប់​មក សូម​ធ្វើ​នោះ។ មិន​ថា​ការ​សម្រេច​ចិត្ត​ពិបាក​យ៉ាង​ណា​ក្ដី បិតា​ដែល​ស្រឡាញ់​អ្នក​នឹង​តែង​តែ​ផ្ដល់​កម្លាំង​ឲ្យ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ។—អេ. ៤០:២៩​-​៣១

១៨. ហេតុ​អ្វី​យើង​ត្រូវ​ជៀស​វាង​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​តាម​ខ្នាត​តម្រា​របស់​ខ្លួន?

១៨ ទី​៣: ចូរ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​វិនិច្ឆ័យ។ កាល​ដែល​យើង​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ជៀស​វាង​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ហើយ​ជៀស​វាង​ពី​ការ​ជឿ​ជាក់​ថា​ខ្លួន​ជា​មនុស្ស​សុចរិត។ ជា​ជាង​មើល​ងាយ​អ្នក​ឯ​ទៀត ហាក់​ដូច​ជា​យើង​មាន​សិទ្ធិ​វិនិច្ឆ័យ​ពួក​គេ​ស្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ខ្លួន យើង​គួរ​ចាំ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​«​ចៅ​ក្រម​នៃ​ផែនដី​»។ (​ដក. ១៨:២៥​) ព្រះ​យេហូវ៉ា​មិន​បាន​ប្រគល់​ភារកិច្ច​ឲ្យ​យើង​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ឡើយ។ តាម​ពិត លោក​យេស៊ូ​បង្គាប់​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ​»។—ម៉ាថ. ៧:១b

១៩. តើ​យ៉ូសែប​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ទុក​ចិត្ត​លើ​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា?

១៩ សូម​គិត​ម្ដង​ទៀត​អំពី​គំរូ​របស់​យ៉ូសែប​ដែល​ជា​បុរស​ដ៏​សុចរិត។ គាត់​បាន​ជៀស​វាង​ពី​ការ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត សូម្បី​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​មក​លើ​គាត់ ក៏​គាត់​មិន​វិនិច្ឆ័យ​ដែរ។ បង​ប្រុស​ៗ​របស់​គាត់​បាន​ធ្វើ​បាប​គាត់ លក់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ និង​បន្លំ​ឪពុក​ពួក​គេ​ឲ្យ​ជឿ​ថា​យ៉ូសែប​បាន​ស្លាប់។ ច្រើន​ឆ្នាំ​ក្រោយ​មក យ៉ូសែប​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​គាត់​វិញ។ ពេល​នោះ យ៉ូសែប​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច ដូច្នេះ​គាត់​អាច​វិនិច្ឆ័យ​បង​ប្រុស​ៗ​របស់​គាត់​ដោយ​ឥត​មេត្តា​និង​រក​វិធី​សង​សឹក​ពួក​គេ​បាន។ បង​ប្រុស​ៗ​របស់​យ៉ូសែប​ខ្លាច​ថា​គាត់​នឹង​ធ្វើ​ដូច្នេះ ទោះ​ជា​ពួក​គេ​ពិត​ជា​បាន​ស្ដាយ​ក្រោយ​យ៉ាង​ស្មោះ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្ដី។ ប៉ុន្តែ យ៉ូសែប​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​មិន​មែន​ជា​ព្រះ​ទេ ខ្ញុំ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​បង​ៗ​ឡើយ​»។ (​ដក. ៣៧:១៨​-​២០, ២៧, ២៨, ៣១​-​៣៥; ៥០:១៥​-​២១​) ដោយ​ចិត្ត​រាប​ទាប យ៉ូសែប​បាន​ទុក​រឿង​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ។

២០​-​២១. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជឿ​ជាក់​ថា​ខ្លួន​សុចរិត​យ៉ាង​ដូច​ម្ដេច?

២០ ដូច​យ៉ូសែប យើង​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​វិនិច្ឆ័យ។ ជា​ឧទាហរណ៍ យើង​មិន​ដឹង​អំពី​បំណង​ចិត្ត​របស់​បង​ប្អូន​យើង​ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ​នោះ​ទេ។ យើង​មិន​អាច​មើល​ឃើញ​ចិត្ត​របស់​អ្នក​ឯ​ទៀត​ឡើយ គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​«​ពិនិត្យ​មើល​បំណង​ចិត្ត​»។ (​សុភ. ១៦:២​) លោក​ស្រឡាញ់​មនុស្ស​គ្រប់​ប្រភេទ មិន​ថា​មក​ពី​មជ្ឈដ្ឋាន​និង​វប្បធម៌​ណា​ក៏​ដោយ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»។ (​២កូ. ៦:១៣​) យើង​ព្យាយាម​ស្រឡាញ់​បង​ប្អូន​របស់​យើង​ទាំង​អស់ មិន​មែន​វិនិច្ឆ័យ​ពួក​គេ​ទេ។

២១ នេះ​ក៏​មាន​ន័យ​ថា​យើង​មិន​វិនិច្ឆ័យ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​ដែរ។ (​១ធី. ២:៣, ៤​) តើ​អ្នក​នឹង​វិនិច្ឆ័យ​សាច់​ញាតិ​ណា​ម្នាក់​ដែល​មិន​មែន​ជា​សាក្សី​ឬ​ទេ ដោយ​និយាយ​ថា ​«​គាត់​ម្នាក់​ហ្នឹង​មុខ​ជា​គ្មាន​ថ្ងៃ​ចូល​សេចក្ដី​ពិត​ទេ​»​? មិន​មែន​ទេ។ ការ​ធ្វើ​ដូច្នេះ​គឺ​ហួស​ពី​សិទ្ធិ​របស់​ខ្លួន ហើយ​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ថា​ខ្លួន​សុចរិត។ ព្រះ​យេហូវ៉ា​នៅ​តែ​ផ្ដល់​ឱកាស​ដល់​«​មនុស្សជាតិ​នៅ​គ្រប់​ទី​កន្លែង​»​ឲ្យ​ប្រែ​ចិត្ត។ (​សកម្ម. ១៧:​៣០​) សូម​ចាំ​ជា​និច្ច​ថា​ការ​ជឿ​ជាក់​ថា​ខ្លួន​សុចរិត​គឺ​ជា​អ្វី​មួយ​ដែល​មិន​សុចរិត​ទេ។

២២. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​ស្រឡាញ់​សេចក្ដី​សុចរិត?

២២ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​អរ​សប្បាយ ហើយ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ឯ​ទៀត ដើម្បី​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ចូល​កាន់​តែ​ជិត​យើង​និង​ព្រះ​របស់​យើង។ សូម​យើង​កុំ​ឈប់​«​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត​»​ឡើយ។ (​ម៉ាថ. ៥:៦​) សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​ការ​ខំ​ព្យាយាម​របស់​អ្នក ហើយ​ថា​លោក​ពេញ​ចិត្ត​អ្នក​កាល​ដែល​អ្នក​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ កាល​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​កាន់​តែ​មិន​សុចរិត យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ចាំ​ជា​និច្ច​ថា ​«​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​សុចរិត​»។—ចសព. ១៤៦:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្វី​ជា​សេចក្ដី​សុចរិត?

  • តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​សេចក្ដី​សុចរិត?

  • តើ​តាម​របៀប​ណា​យើង​អាច​កាន់​តែ​ស្រឡាញ់​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​សេចក្ដី​សុចរិត?

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

a ក្នុង​ពិភព​លោក​នេះ មិន​ងាយ​រក​ឃើញ​មនុស្ស​សុចរិត​ទេ។ ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​កំពុង​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត​មួយ។ អ្នក​ច្បាស់​ជា​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ អ្នក​ព្យាយាម​រស់​នៅ​ស្រប​តាម​មាគ៌ា​នោះ​ដោយ​សារ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​សេចក្ដី​សុចរិត។ តើ​យើង​អាច​ស្រឡាញ់​សេចក្ដី​សុចរិត​កាន់​តែ​ខ្លាំង​ឡើង​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ថា តើ​សេចក្ដី​សុចរិត​ជា​អ្វី និង​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ស្រឡាញ់​សេចក្ដី​សុចរិត។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​កាន់​តែ​ស្រឡាញ់​គុណ​សម្បត្តិ​នេះ។

b ជួន​កាល ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​វិនិច្ឆ័យ​រឿង​ផ្សេង​ៗ ដែល​រួម​មាន​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​និង​ការ​ប្រែ​ចិត្ត។ (​១កូ. ៥:១១; ៦:៥; យ៉ា. ៥:១៤, ១៥​) ប៉ុន្តែ ពួក​គេ​នឹក​ចាំ​ដោយ​ចិត្ត​រាប​ទាប​ថា ពួក​គេ​មិន​អាច​មើល​ចិត្ត​មនុស្ស​ធ្លុះ ហើយ​ថា​ពួក​គេ​កំពុង​វិនិច្ឆ័យ​តាង​នាម​ព្រះ​យេហូវ៉ា។ (​សូម​ពិនិត្យ​បន្ថែម ប្រវត្តិហេតុ​ទី២ ១៩:៦​) ពួក​គេ​ធ្វើ​តាម​ខ្នាត​តម្រា​យុត្តិធម៌​របស់​ព្រះ ដែល​សម​ហេតុ​សម​ផល​និង​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក