អត្ថបទសិក្សា ៤៥
របៀបព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង
«ពួកគេនឹងដឹងច្បាស់ថាមានអ្នកប្រកាសទំនាយម្នាក់ក្នុងចំណោមពួកគេ»។—អេគ. ២:៥
ចម្រៀងលេខ៦៧ «ចូរប្រកាសបណ្ដាំរបស់ព្រះ»
សេចក្ដីសង្ខេបa
១. តើយើងអាចរំពឹងអ្វី ហើយតើយើងអាចជឿជាក់យ៉ាងណា?
យើងអាចរំពឹងថាយើងនឹងទទួលការប្រឆាំងពេលយើងផ្សព្វផ្សាយ។ ការប្រឆាំងនោះទំនងជានឹងមានកាន់តែច្រើនឡើងនៅថ្ងៃអនាគត។ (ដាន. ១១:៤៤; ២ធី. ៣:១២; បប. ១៦:២១) ប៉ុន្តែ យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់ជំនួយដែលយើងត្រូវការ។ ហេតុអ្វី? ពីព្រោះលោកតែងតែបានជួយអ្នកបម្រើលោកឲ្យសម្រេចភារកិច្ចរបស់ពួកគេ មិនថាភារកិច្ចនោះពិបាកយ៉ាងណាក៏ដោយ។ ជាឧទាហរណ៍ សូមយើងពិចារណាអំពីព្រឹត្តិការណ៍ខ្លះដែលបានកើតឡើងក្នុងជីវិតរបស់អ្នកប្រកាសទំនាយអេសេគាល ដែលជាអ្នកផ្សព្វផ្សាយដល់និរទេសជនជនជាតិយូដានៅស្រុកបាប៊ីឡូន។
២. តើព្រះយេហូវ៉ាមានប្រសាសន៍យ៉ាងណាអំពីមនុស្សនៅតំបន់ផ្សាយរបស់អេសេគាល ហើយតើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ? (អេសេគាល ២:៣-៦)
២ តើអេសេគាលត្រូវផ្សព្វផ្សាយដល់មនុស្សបែបណាខ្លះ? ព្រះយេហូវ៉ាបានមានប្រសាសន៍ថា ពួកគេជាអ្នកដែល«មានចិត្តមានះ» «ក្បាលរឹង» និង«បះបោរប្រឆាំង»។ ពួកគេប្រៀបដូចជាបន្លានិងខ្យាដំរីដែលនាំឲ្យមានគ្រោះថ្នាក់។ ហេតុនេះ ព្រះយេហូវ៉ាបានប្រាប់អេសេគាលម្ដងហើយម្ដងទៀតថា៖ ‹ចូរកុំខ្លាចឡើយ›! (សូមអាន អេសេគាល ២:៣-៦) អេសេគាលអាចបំពេញភារកិច្ចផ្សព្វផ្សាយរបស់គាត់ដោយសារ (១)ព្រះយេហូវ៉ាចាត់គាត់ (២)ឫទ្ធានុភាពរបស់ព្រះផ្ដល់កម្លាំងដែលគាត់ត្រូវការ និង(៣)បណ្ដាំព្រះពង្រឹងជំនឿរបស់គាត់។ តើអ្វីទាំងបីនេះបានជួយអេសេគាលយ៉ាងដូចម្ដេច ហើយតើអ្វីទាំងនេះក៏អាចជួយយើងនៅសព្វថ្ងៃនេះតាមរបៀបណា? យើងនឹងពិចារណាព័ត៌មានទាំងនេះនៅក្នុងអត្ថបទនេះ។
ព្រះយេហូវ៉ាបានចាត់អេសេគាល
៣. តើពាក្យអ្វីខ្លះច្បាស់ជាបានពង្រឹងកម្លាំងអេសេគាល ហើយតើព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តគាត់ទៅលើការគាំទ្ររបស់លោកយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ខ្ញុំចាត់អ្នក»។ (អេគ. ២:៣, ៤) ពាក្យទាំងនេះច្បាស់ជាបានពង្រឹងកម្លាំងអេសេគាល។ ហេតុអ្វី? ពីព្រោះគាត់ទំនងជាចាំថាព្រះយេហូវ៉ាធ្លាប់ប្រើពាក្យស្រដៀងនឹងនេះពេលលោកបានតែងតាំងម៉ូសេនិងអេសាយឲ្យធ្វើជាអ្នកប្រកាសទំនាយរបស់លោក។ (ដច. ៣:១០; អេ. ៦:៨) អេសេគាលក៏ដឹងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកប្រកាសទំនាយទាំងពីរនាក់នេះឲ្យយកឈ្នះការពិបាកផ្សេងៗ។ ដូច្នេះ ពេលព្រះយេហូវ៉ាបានប្រាប់អេសេគាលពីរដងថា៖ «ខ្ញុំចាត់អ្នក» នេះធ្វើឲ្យគាត់កាន់តែមានមូលហេតុទុកចិត្តលើការគាំទ្រពីលោក។ ម្យ៉ាងទៀត ក្នុងសៀវភៅអេសេគាល យើងឃើញពាក្យថា៖ «ព្រះយេហូវ៉ាក៏មានប្រសាសន៍មកកាន់ខ្ញុំ»អស់ជាច្រើនដង។ (អេគ. ៣:១៦) មួយវិញទៀត ពាក្យ«ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀត»ក៏មានច្រើនដងក្នុងសៀវភៅអេសេគាល។ (អេគ. ៦:១) អេសេគាលច្បាស់ជាជឿជាក់ថាព្រះយេហូវ៉ាបានចាត់គាត់។ បន្ថែមទៅទៀត ដោយសារឪពុកគាត់ជាសង្ឃម្នាក់ គាត់ទំនងជាបានទទួលការបង្ហាត់បង្រៀនពីឪពុកថា ព្រះយេហូវ៉ាតែងតែប្រាប់អ្នកប្រកាសទំនាយរបស់លោកថាលោកនឹងជួយពួកគេ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានប្រាប់អ៊ីសាក យ៉ាកុប និងយេរេមាថា៖ «ខ្ញុំនៅជាមួយអ្នក»។—ដក. ២៦:២៤; ២៨:១៥; យេ. ១:៨
៤. តើអេសេគាលប្រាកដជាទទួលកម្លាំងចិត្តពីពាក្យសម្រាលទុក្ខអ្វី?
៤ តើជនជាតិអ៊ីស្រាអែលភាគច្រើនមានប្រតិកម្មយ៉ាងណាចំពោះកិច្ចផ្សព្វផ្សាយរបស់អេសេគាល? ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ពូជពង្សអ៊ីស្រាអែល . . . នឹងមិនព្រមស្ដាប់អ្នកទេ ព្រោះពួកគេមិនចង់ស្ដាប់ខ្ញុំឡើយ»។ (អេគ. ៣:៧) ដោយបដិសេធអេសេគាល បណ្ដាជនកំពុងបដិសេធព្រះយេហូវ៉ា។ ប្រសាសន៍នោះរបស់ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអេសេគាលថា ការបដិសេធរបស់បណ្ដាជនមិនមែនមានន័យថាគាត់ជាអ្នកប្រកាសទំនាយមិនល្អឡើយ។ ព្រះយេហូវ៉ាក៏បានពង្រឹងទំនុកចិត្តអេសេគាលថា ពេលការវិនិច្ឆ័យដែលគាត់បានប្រកាសក្លាយជាការពិត បណ្ដាជននឹងដឹងថា«មានអ្នកប្រកាសទំនាយម្នាក់ក្នុងចំណោមពួកគេ»។ (អេគ. ២:៥; ៣៣:៣៣) ពាក្យសម្រាលទុក្ខទាំងនោះ ច្បាស់ជាបានផ្ដល់កម្លាំងដែលអេសេគាលត្រូវការដើម្បីបំពេញកិច្ចផ្សព្វផ្សាយរបស់គាត់។
នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាចាត់យើង
ដូចអេសេគាល យើងប្រហែលជាជួបអ្នកមិនចាប់អារម្មណ៍ ហើយមានការប្រឆាំង ប៉ុន្តែយើងដឹងថាព្រះយេហូវ៉ានៅជាមួយយើង (សូមមើលវគ្គ៥-៦)
៥. យោងទៅតាមអេសាយ ៤៤:៨ តើយើងទទួលកម្លាំងពីអ្វី?
៥ ដូចអេសេគាល យើងមានចិត្តក្លាហានដោយសារយើងដឹងថាព្រះយេហូវ៉ាបានចាត់យើងឲ្យផ្សព្វផ្សាយ។ លោកលើកកិត្តិយសយើងដោយហៅយើងថា«សាក្សី»របស់លោក។ (អេ. ៤៣:១០) នេះជាឯកសិទ្ធិដ៏អស្ចារ្យមែន! ដូចព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ ‹ចូរកុំខ្លាចឡើយ› លោកក៏ប្រាប់យើងថា៖ «ចូរកុំភ័យខ្លាចឡើយ»។ ហេតុអ្វីយើងមិនគួរខ្លាចពួកអ្នកប្រឆាំង? ពីព្រោះព្រះយេហូវ៉ាចាត់យើង ហើយលោកគាំទ្រយើង ដូចលោកបានគាំទ្រអេសេគាលដែរ។—សូមអាន អេសាយ ៤៤:៨
៦. (ក) តើព្រះយេហូវ៉ាសន្យាថាលោកនឹងជួយយើងយ៉ាងណា? (ខ) តើយើងទទួលការសម្រាលទុក្ខនិងកម្លាំងពីអ្វី?
៦ ព្រះយេហូវ៉ាសន្យាថាលោកនឹងជួយយើង។ ជាឧទាហរណ៍ មុនព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ» លោកបានមានប្រសាសន៍ថា៖ «ពេលអ្នកឆ្លងកាត់ទឹក ខ្ញុំនឹងនៅជាមួយអ្នក ពេលអ្នកឆ្លងកាត់ទន្លេ ទឹកក៏មិនជន់លិចអ្នកដែរ។ ពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាកទេ ហើយអណ្ដាតភ្លើងមិនឆាបឆេះអ្នកឡើយ»។ (អេ. ៤៣:២) ជួនកាល ពេលដែលយើងបំពេញកិច្ចបម្រើផ្សាយរបស់យើង យើងជួបឧបសគ្គដែលប្រៀបដូចជាទឹកជំនន់ និងជួបទុក្ខលំបាកដែលប្រៀបដូចជាភ្លើង។ ទោះជាយ៉ាងនេះក្ដី ដោយមានជំនួយពីព្រះយេហូវ៉ា យើងបន្ដផ្សព្វផ្សាយ។ (អេ. ៤១:១៣) ដូចនៅសម័យអេសេគាល មនុស្សភាគច្រើននៅសព្វថ្ងៃនេះបដិសេធដំណឹងដែលយើងផ្សាយ។ យើងចាំថាការបដិសេធរបស់ពួកគេមិនមានន័យថាយើងជាសាក្សីមិនល្អនោះទេ។ យើងទទួលការសម្រាលទុក្ខនិងកម្លាំងដោយដឹងថាព្រះយេហូវ៉ាពេញចិត្តពេលដែលយើងបន្ដប្រកាសដំណឹងរបស់លោកយ៉ាងស្មោះត្រង់។ សាវ័កប៉ូលបាននិយាយថា៖ ‹បុគ្គលម្នាក់ៗនឹងទទួលរង្វាន់តាមការខំប្រឹងរបស់ពួកគេរៀងៗខ្លួន›។ (១កូ. ៣:៨; ៤:១, ២) បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយអស់រយៈពេលជាយូរនិយាយថា៖ «ខ្ញុំសប្បាយដឹងថាព្រះយេហូវ៉ាឲ្យរង្វាន់ចំពោះការខំប្រឹងរបស់យើង»។
ឫទ្ធានុភាពរបស់ព្រះបានផ្ដល់កម្លាំង ដែលអេសេគាលត្រូវការ
អេសេគាលឃើញក្នុងគំនិតនូវរទេះរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌។ នេះពង្រឹងការជឿជាក់របស់គាត់ថាព្រះយេហូវ៉ានឹងជួយគាត់ឲ្យបំពេញកិច្ចបម្រើផ្សាយរបស់គាត់ (សូមមើលវគ្គ៧)
៧. តើអេសេគាលច្បាស់ជាមានអារម្មណ៍យ៉ាងណាពេលគាត់គិតអំពីអ្វីដែលគាត់បានឃើញក្នុងគំនិត? (សូមមើលរូបភាពនៅក្រប)
៧ អេសេគាលបានឃើញថាឫទ្ធានុភាពរបស់ព្រះគឺខ្លាំងក្លាយ៉ាងណា។ អ្វីដែលអេសេគាលបានឃើញក្នុងគំនិតបានជួយគាត់ឲ្យដឹងថាឫទ្ធានុភាពបរិសុទ្ធកំពុងជួយបណ្ដាទេវតាដ៏ខ្លាំងក្លា ហើយជំរុញកង់ធំៗនៃរទេះនៅស្ថានសួគ៌។ (អេគ. ១:២០, ២១) តើអេសេគាលមានប្រតិកម្មយ៉ាងណា? គាត់បានកត់ទុកអ្វីដែលបានកើតឡើងថា៖ «ពេលឃើញភ្លាម ខ្ញុំក៏ក្រាបមុខចុះ»។ អេសេគាលបានកោតស្ងើចជាខ្លាំងបានជាគាត់ក្រាបមុខដល់ដី។ (អេគ. ១:២៨) ក្រោយមក ពេលដែលអេសេគាលគិតអំពីអ្វីដ៏អស្ចារ្យដែលគាត់បានឃើញក្នុងគំនិតនេះ នោះច្បាស់ជាបានពង្រឹងការជឿជាក់របស់គាត់ថា ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះ គាត់អាចបំពេញកិច្ចបម្រើផ្សាយរបស់គាត់បាន។
៨-៩. (ក) តើបង្គាប់របស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាលើអេសេគាល? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាបានពង្រឹងកម្លាំងថែមទៀតដល់អេសេគាលដើម្បីផ្សព្វផ្សាយនៅតំបន់ផ្សាយដ៏ពិបាក?
៨ ព្រះយេហូវ៉ាបានបង្គាប់អេសេគាលថា៖ «កូនមនុស្សអើយ! ចូរក្រោកឈរឡើង ខ្ញុំចង់និយាយជាមួយអ្នក»។ បង្គាប់នោះនិងឫទ្ធានុភាពរបស់ព្រះបានឲ្យកម្លាំងដែលអេសេគាលត្រូវការដើម្បីក្រោកឈរឡើង។ អេសេគាលបានសរសេរថា៖ «ឫទ្ធានុភាពលោកក៏មកសណ្ឋិតលើខ្ញុំ ហើយធ្វើឲ្យខ្ញុំក្រោកឈរឡើង»។ (អេគ. ២:១, ២) បន្ទាប់ពីនោះនិងនៅក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់គាត់ អេសេគាលបានទទួលការណែនាំពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ (អេគ. ៣:២២; ៨:១; ៣៣:២២; ៣៧:១; ៤០:១) ឫទ្ធានុភាពរបស់ព្រះពង្រឹងកម្លាំងអេសេគាលដើម្បីគាត់អាចបំពេញភារកិច្ចដែលគាត់បានទទួល ពោលគឺផ្សព្វផ្សាយដល់មនុស្សក្នុងតំបន់ផ្សាយរបស់គាត់ដែលមាន«ចិត្តរឹងចចេសនិងក្បាលរឹងណាស់»។ (អេគ. ៣:៧) ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ខ្ញុំបានធ្វើឲ្យមុខអ្នករឹងដូចជាមុខពួកគេ ហើយធ្វើឲ្យថ្ងាសអ្នករឹងដូចជាថ្ងាសពួកគេដែរ។ ខ្ញុំបានធ្វើឲ្យថ្ងាសអ្នករឹងដូចជាគ្រាប់ពេជ្រ គឺរឹងជាងថ្មទៅទៀត។ កុំខ្លាចពួកគេឡើយ ហើយក៏កុំភ័យតក់ស្លុតនឹងទឹកមុខពួកគេដែរ»។ (អេគ. ៣:៨, ៩) គឺហាក់ដូចជាព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ ‹កុំឲ្យការរឹងចចេសរបស់មនុស្សធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តឡើយ។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក›។
៩ ក្រោយពីនោះ ឫទ្ធានុភាពរបស់ព្រះបានលើកអេសេគាលយកទៅតំបន់ផ្សាយរបស់គាត់។ អេសេគាលបានសរសេរថា៖ «ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ»។ គឺត្រូវការពេលមួយសប្តាហ៍ឲ្យអ្នកប្រកាសទំនាយនេះរៀននិងយល់ទាំងស្រុងអំពីដំណឹងដែលគាត់ត្រូវប្រកាសផ្សាយ ដើម្បីគាត់អាចផ្សាយដោយមានការជឿជាក់។ (អេគ. ៣:១៤, ១៥) ក្រោយមក ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យទៅជ្រលងភ្នំមួយ ហើយនៅទីនោះ‹ឫទ្ធានុភាពរបស់លោកមកសណ្ឋិតលើគាត់›។ (អេគ. ៣:២៣, ២៤) ឥឡូវអេសេគាលប្រុងប្រៀបចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់គាត់។
ឫទ្ធានុភាពរបស់ព្រះផ្ដល់កម្លាំង ដែលយើងត្រូវការនៅសព្វថ្ងៃនេះ
ដូចអេសេគាល តើអ្វីជួយយើងនៅ សព្វថ្ងៃនេះឲ្យបំពេញកិច្ចបម្រើផ្សាយ? (សូមមើលវគ្គ១០)
១០. តើយើងត្រូវការជំនួយអ្វីដើម្បីបំពេញកិច្ចផ្សព្វផ្សាយរបស់យើង ហើយហេតុអ្វី?
១០ តើយើងត្រូវការជំនួយអ្វីដើម្បីបំពេញកិច្ចផ្សព្វផ្សាយរបស់យើង? ដើម្បីដឹងចម្លើយ សូមគិតអំពីអ្វីដែលកើតឡើងចំពោះអេសេគាល។ មុនគាត់ចាប់ផ្ដើមផ្សព្វផ្សាយ ឫទ្ធានុភាពរបស់ព្រះបានផ្ដល់កម្លាំងដែលគាត់ត្រូវការ។ ដូចក្នុងករណីរបស់អេសេគាល នៅសព្វថ្ងៃនេះយើងអាចបំពេញកិច្ចផ្សព្វផ្សាយ ដោយសារតែមានជំនួយពីឫទ្ធានុភាពរបស់ព្រះ។ ហេតុអ្វី? ពីព្រោះសាថានច្បាំងនឹងយើងដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយរបស់យើង។ (បប. ១២:១៧) មនុស្សជាច្រើនគិតថាសាថានគឺខ្លាំងក្លាដល់ម្ល៉េះ រហូតដល់យើងមិនអាចច្បាំងឈ្នះវាបាន។ ប៉ុន្តែ តាមរយៈកិច្ចការផ្សព្វផ្សាយរបស់យើង យើងយកឈ្នះវាបាន! (បប. ១២:៩-១១) តើតាមរបៀបណា? ពេលយើងរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ យើងបង្ហាញថាយើងមិនភ័យខ្លាចចំពោះការគំរាមកំហែងរបស់វាឡើយ។ រាល់ដងដែលយើងផ្សព្វផ្សាយ សាថានបរាជ័យ។ ដូច្នេះ តើយើងអាចសន្និដ្ឋានយ៉ាងណាពេលយើងឃើញថាយើងអាចបន្ដផ្សព្វផ្សាយ ទោះជាមានការប្រឆាំងក្ដី? យើងអាចឃើញច្បាស់ថាឫទ្ធានុភាពរបស់ព្រះផ្ដល់កម្លាំងឲ្យយើង ហើយថាយើងទទួលការពេញចិត្តពីព្រះយេហូវ៉ា។—ម៉ាថ. ៥:១០-១២; ១ពេ. ៤:១៤
១១. តើឫទ្ធានុភាពរបស់ព្រះនឹងធ្វើអ្វីចំពោះយើង ហើយតើយើងអាចបន្ដទទួលឫទ្ធានុភាពនោះតាមរបៀបណា?
១១ តើយើងរៀនអ្វីទៀត ពេលយើងគិតអំពីរបៀបដែលព្រះយេហូវ៉ាផ្ដល់កម្លាំងដែលអេសេគាលត្រូវការដើម្បីផ្សព្វផ្សាយ? ឫទ្ធានុភាពរបស់ព្រះអាចផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះការពិបាកណាក៏ដោយដែលយើងជួបប្រទះក្នុងកិច្ចបម្រើផ្សាយ។ (២កូ. ៤:៧-៩) ដូច្នេះ តើយើងអាចធ្វើអ្វី ដើម្បីធ្វើឲ្យប្រាកដថាយើងបន្ដទទួលឫទ្ធានុភាពរបស់ព្រះ? គឺយើងត្រូវអធិដ្ឋានសុំឫទ្ធានុភាពរបស់លោកឥតឈប់ ដោយមានទំនុកចិត្តថាព្រះយេហូវ៉ានឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកថា៖ «ចូរសុំឥតឈប់ . . . ចូររកឥតឈប់ . . . ចូរគោះទ្វារឥតឈប់»។ យ៉ាងនេះ ព្រះយេហូវ៉ានឹង«ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។—លូក. ១១:៩, ១៣; សកម្ម. ១:១៤; ២:៤
ប្រសាសន៍របស់ព្រះពង្រឹងជំនឿអេសេគាល
១២. យោងទៅតាមអេសេគាល ២:៩–៣:៣ តើរមូរមកពីណា ហើយតើមានដំណឹងអ្វីក្នុងរមូរនោះ?
១២ អេសេគាលបានទទួលកម្លាំងដែលគាត់ត្រូវការដើម្បីផ្សព្វផ្សាយ ពីឫទ្ធានុភាពរបស់ព្រះ។ តែគាត់មិនគ្រាន់តែទទួលជំនួយនេះប៉ុណ្ណោះទេ។ ជំនឿរបស់គាត់ក៏បានត្រូវពង្រឹងដោយបណ្ដាំរបស់ព្រះផងដែរ។ ក្នុងគំនិត អេសេគាលបានឃើញដៃមួយកាន់រមូរ។ (សូមអាន អេសេគាល ២:៩–៣:៣) តើរមូរនោះមកពីណា? តើមានដំណឹងអ្វីក្នុងរមូរនោះ? តើវាពង្រឹងជំនឿអេសេគាលយ៉ាងដូចម្ដេច? សូមយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។ រមូរនោះមកពីបល្ល័ង្ករបស់ព្រះ។ ព្រះយេហូវ៉ាទំនងជាបានប្រើទេវតាមួយរូបក្នុងចំណោមទេវតាបួនរូបដែលអេសេគាលធ្លាប់ឃើញពីមុន ដើម្បីហុចរមូរនោះមកឲ្យគាត់។ (អេគ. ១:៨; ១០:៧, ២០) រមូរនោះមានពាក្យរបស់ព្រះ ពោលគឺដំណឹងដ៏វែងអំពីការវិនិច្ឆ័យដែលអេសេគាលត្រូវប្រកាសដល់និរទេសជនដែលបះបោរប្រឆាំង។ (អេគ. ២:៧) ដំណឹងនោះបានត្រូវសរសេរទាំងខាងមុខទាំងខាងក្រោយលើរមូរ។
១៣. តើព្រះយេហូវ៉ាបានប្រាប់អេសេគាលឲ្យធ្វើអ្វីចំពោះរមូរ ហើយហេតុអ្វីរមូរនោះមានរសជាតិផ្អែម?
១៣ ព្រះយេហូវ៉ាបានប្រាប់អ្នកប្រកាសទំនាយរបស់លោកឲ្យបរិភោគរមូរនោះ ហើយ«លេបចូលទៅក្នុងពោះ»។ អេសេគាលបានស្ដាប់បង្គាប់ ហើយបានបរិភោគរមូរនោះអស់។ តើអ្វីដែលអេសេគាលបានឃើញក្នុងគំនិតមួយផ្នែកនេះមានន័យយ៉ាងណា? អេសេគាលត្រូវយល់ច្បាស់អំពីដំណឹងដែលគាត់ត្រូវប្រកាសផ្សាយ។ គាត់ត្រូវជឿដំណឹងនោះ ដើម្បីនោះអាចជំរុញចិត្តគាត់ឲ្យផ្សព្វផ្សាយ។ ក្រោយមក មានអ្វីដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង។ អេសេគាលបានឃើញថារមូរនោះ«មានរសជាតិផ្អែមដូចទឹកឃ្មុំ»។ (អេគ. ៣:៣) ហេតុអ្វី? ព្រោះចំពោះអេសេគាល ឯកសិទ្ធិធ្វើជាតំណាងព្រះយេហូវ៉ាគឺជាបទពិសោធន៍ផ្អែមឬជាទីពេញចិត្ត។ (ចសព. ១៩:៨-១១) គាត់សប្បាយចិត្តដែលព្រះយេហូវ៉ាពេញចិត្តឲ្យគាត់បម្រើជាអ្នកប្រកាសទំនាយរបស់លោក។
១៤. តើអ្វីបានជួយអេសេគាលឲ្យប្រុងប្រៀបចាប់ផ្ដើមបំពេញភារកិច្ចរបស់គាត់?
១៤ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ចូរយកចិត្តទុកដាក់ស្ដាប់ពាក្យទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នក ហើយចាំទុកក្នុងចិត្តចុះ»។ (អេគ. ៣:១០) តាមរយៈការណែនាំនោះ ព្រះយេហូវ៉ាបានប្រាប់អេសេគាលឲ្យព្យាយាមចាំអំពីអ្វីដែលបានត្រូវសរសេរក្នុងរមូរនោះ ហើយគិតយ៉ាងយកចិត្តទុកដាក់អំពីអ្វីនោះ។ ដោយធ្វើដូច្នេះ ជំនឿរបស់អេសេគាលកាន់តែមាំមួនឡើង ហើយនោះក៏ផ្ដល់ឲ្យគាត់នូវដំណឹងដែលអាចមានឥទ្ធិពលទៅលើចិត្តបណ្ដាជនដើម្បីប្រកាសផ្សាយដល់ពួកគេ។ (អេគ. ៣:១១) ដោយមានបណ្ដាំព្រះនៅក្នុងចិត្តនិងនៅលើបបូរមាត់របស់គាត់ អេសេគាលបានប្រុងប្រៀបចាប់ផ្ដើមបំពេញភារកិច្ចរបស់គាត់ ហើយបន្ដបំពេញភារកិច្ចនោះរហូតដល់ហើយរួចរាល់។—សូមពិនិត្យបន្ថែម ចម្រៀងសរសើរព្រះ ១៩:១៤
ប្រសាសន៍របស់ព្រះពង្រឹងជំនឿរបស់យើង នៅសព្វថ្ងៃនេះ
១៥. ដើម្បីស៊ូទ្រាំ តើយើងត្រូវ«ចាំទុកក្នុងចិត្ត»នូវអ្វី?
១៥ ដើម្បីស៊ូទ្រាំក្នុងកិច្ចបម្រើផ្សាយ យើងក៏ត្រូវបន្ដឲ្យប្រសាសន៍របស់ព្រះពង្រឹងជំនឿរបស់យើង។ យើងត្រូវ«ចាំទុកក្នុងចិត្ត»នូវពាក្យសម្ដីទាំងអស់ដែលព្រះយេហូវ៉ានិយាយមកកាន់យើង។ សព្វថ្ងៃនេះ ព្រះយេហូវ៉ានិយាយមកកាន់យើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរ។ តើតាមរបៀបណាយើងអាចប្រាកដថាបណ្ដាំព្រះបន្ដមានឥទ្ធិពលលើគំនិត អារម្មណ៍ និងបំណងចិត្តរបស់យើង?
១៦. តើយើងត្រូវធ្វើអ្វីនឹងបណ្ដាំរបស់ព្រះ ហើយតើយើងអាចឲ្យបណ្ដាំនោះជ្រាបចូលក្នុងចិត្តយើងតាមរបៀបណា?
១៦ ពេលយើងបរិភោគអាហារ ហើយអាហារនោះរំលាយទៅ រូបកាយរបស់យើងកាន់តែមាំមួន។ ស្រដៀងគ្នាដែរ ពេលយើងសិក្សាបណ្ដាំព្រះនិងរំពឹងគិតអំពីអ្វីដែលយើងអាន ជំនឿយើងកាន់តែមាំមួនឡើង។ យើងចងចាំមេរៀនអំពីរមូរនោះ។ ព្រះយេហូវ៉ាចង់ឲ្យយើង«លេប[បណ្ដាំលោក]ចូលទៅក្នុងពោះ»យើង ពោលគឺយល់ច្បាស់អំពីបណ្ដាំនោះ។ យើងអាចធ្វើដូច្នេះតាមរយៈការអធិដ្ឋាន ការអាន និងការរំពឹងគិត។ ដំបូង យើងអធិដ្ឋានដើម្បីត្រៀមចិត្តទទួលយកគំនិតរបស់ព្រះ។ បន្ទាប់មក យើងអានគម្ពីរ។ បន្ទាប់មកទៀត យើងផ្អាកដើម្បីរំពឹងគិត ពោលគឺគិតឲ្យបានជ្រាលជ្រៅអំពីអ្វីដែលយើងបានអាន។ តើនោះនឹងមានលទ្ធផលអ្វី? កាលដែលយើងកាន់តែរំពឹងគិត យើងនឹងកាន់តែយល់ច្បាស់អំពីបណ្ដាំព្រះ ហើយនោះនឹងពង្រឹងជំនឿរបស់យើង។
១៧. ហេតុអ្វីគឺសំខាន់ចាំបាច់ឲ្យយើងរំពឹងគិតអំពីអ្វីដែលយើងអានក្នុងគម្ពីរ?
១៧ ហេតុអ្វីគឺសំខាន់ចាំបាច់ឲ្យអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន? ពីព្រោះការធ្វើដូច្នេះផ្ដល់កម្លាំងចិត្តដែលយើងត្រូវការដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រនៅឥឡូវនេះ និងដើម្បីប្រកាសអំពីដំណឹងវិនិច្ឆ័យចំៗដែលយើងប្រហែលជាផ្សាយនៅពេលអនាគតឆាប់ៗនេះ។ ម្យ៉ាងទៀត ពេលយើងរំពឹងគិតអំពីគុណសម្បត្តិដ៏គួរឲ្យទាក់ទាញរបស់ព្រះយេហូវ៉ា ចំណងមិត្តភាពរបស់យើងជាមួយលោកនឹងកាន់តែរឹងមាំ។ ជាលទ្ធផល យើងនឹងមានអ្វីដែលផ្អែមឬជាទីពេញចិត្តណាស់ ពោលគឺសេចក្ដីសុខសាន្តក្នុងចិត្ត និងការស្កប់ចិត្ត។—ចសព. ១១៩:១០៣
ការជំរុញចិត្តឲ្យស៊ូទ្រាំ
១៨. តើមនុស្សក្នុងតំបន់ផ្សាយនឹងត្រូវទទួលស្គាល់អ្វី ហើយហេតុអ្វី?
១៨ ខុសពីអេសេគាល យើងមិនបានត្រូវដឹកនាំឲ្យធ្វើជាអ្នកប្រកាសទំនាយដល់មនុស្សទេ។ ប៉ុន្តែ យើងតាំងចិត្តបន្ដប្រកាសផ្សាយដំណឹងរបស់ព្រះយេហូវ៉ាដែលមានក្នុងបណ្ដាំលោកជាលាយលក្ខណ៍អក្សរ រហូតដល់កិច្ចការផ្សព្វផ្សាយបានត្រូវបង្ហើយតាមការស្កប់ចិត្តរបស់លោក។ ពេលដែលគ្រាវិនិច្ឆ័យមកដល់ មនុស្សក្នុងតំបន់ផ្សាយរបស់យើងនឹងគ្មានហេតុនិយាយថា ពួកគេមិនបានទទួលការព្រមាន ឬថាព្រះមិនអើពើនឹងពួកគេឡើយ។ (អេគ. ៣:១៩; ១៨:២៣) ផ្ទុយទៅវិញ ពួកគេនឹងត្រូវទទួលស្គាល់ថាដំណឹងដែលយើងផ្សាយគឺមកពីព្រះ។
១៩. តើអ្វីនឹងផ្ដល់កម្លាំងឲ្យយើងដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើង?
១៩ តើអ្វីនឹងផ្ដល់កម្លាំងឲ្យយើងដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើង? គឺអ្វីបីយ៉ាងដូចដែលបានពង្រឹងកម្លាំងអេសេគាល។ យើងបន្ដផ្សព្វផ្សាយដោយសារយើងដឹងថាព្រះយេហូវ៉ាបានចាត់យើង យើងទទួលកម្លាំងដែលយើងត្រូវការពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ហើយបណ្ដាំព្រះពង្រឹងជំនឿរបស់យើង។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងចង់បំពេញកិច្ចបម្រើផ្សាយ ហើយស៊ូទ្រាំ«រហូតដល់ទីបញ្ចប់»។—ម៉ាថ. ២៤:១៣
ចម្រៀងលេខ៦៥ ឈានទៅមុខ!
a ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីបីយ៉ាងដែលបានជួយអ្នកប្រកាសទំនាយអេសេគាលឲ្យបំពេញកិច្ចផ្សព្វផ្សាយរបស់គាត់។ កាលដែលយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកប្រកាសទំនាយនោះ យើងនឹងកាន់តែជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង។