បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៧ ទំ. ៧-ទំ. ១០ វ. ៨
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីមួយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម»
  • (អេសេគាល ១:១​–​១៩:១៤)
  • «អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់ត្រឡិន ត្រឡប់ត្រឡិន​ទៅ»
  • (អេសេគាល ២០:១​–​២៤:២៧)
  • សារ​ដែល​រស់ ហើយ​ពូកែ​ផង
  • «អ្នកមកដល់ទីបញ្ចប់ហើយ!»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • របៀបព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៧ ទំ. ៧-ទំ. ១០ វ. ៨

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​អេសេគាល ផ្នែក​ទី​មួយ

នៅ​ឆ្នាំ​៦១៣ មុន​គ.ស. យេរេមា​ជា​អ្នក​ថ្លែង​ទំនាយ​នៅ​ស្រុក​យូដា។ គាត់​បាន​ប្រកាស​យ៉ាង​អង់អាច​អំពី​ការ​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​និង​ការ​បោះបង់​ស្រុក​យូដា​ចោល។ គ្រា​នោះ​ស្តេច​នេប៊ូក្នេសា​នៃ​ពួក​សាសន៍​បាប៊ីឡូន​បាន​ចាប់​យក​ប្រជាជន​យូដា​ច្រើន​នាក់​ទៅ​ជា​ឈ្លើយ​សឹក​រួច​ទៅ​ហើយ។ ក្នុង​ចំណោម​ឈ្លើយ​សឹក​ទាំង​នោះ មាន​ដានីយ៉ែល​និង​គូកន​បី​នាក់​របស់​គាត់​ដែល​នៅ​ក្មេង​នៅ​ឡើយ។ ពួក​គេ​បាន​បម្រើ​ការ​ក្នុង​រាជ​វាំង​របស់​ពួក​ខាល់ដេ​ឬ​ពួក​បាប៊ីឡូន។ រីឯ​បណ្ដាជន​យូដា​ភាគ​ច្រើន​ដែល​ទៅ​ស្រុក​នោះ​ជា​ឈ្លើយ​សឹក ពួក​គេ​មាន​ទី​តាំង​នៅ​ក្បែរ​ទន្លេ​កេបារ«នៅ​ស្រុក​ខាល់ដេ»។ (អេសេគាល ១:១​-​៣) យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​គេ តាម​រយៈ​អ្នក​នាំ​សារ​ម្នាក់។ ពេល​អេសេគាល​មាន​អាយុ​៣០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ជ្រើស​តាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ថ្លែង​ទំនាយ​របស់​ទ្រង់។

អេសេគាល​បាន​សរសេរ​ចប់​សៀវភៅ​របស់​គាត់ នៅ​ឆ្នាំ​៥៩១ មុន​គ.ស. ហើយ​សៀវភៅ​នោះ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​២២​ឆ្នាំ។ អេសេគាល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សរសេរ​ព័ត៌មាន​យ៉ាង​ល្អិតល្អន់​ក្នុង​សៀវភៅ​នោះ។ គាត់​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ថ្ងៃ ខែ​និង​ឆ្នាំ​ដែល​គាត់​សរសេរ​ទំនាយ​នីមួយៗ។ សារ​ដំបូង​ក្នុង​សៀវភៅ​អេសេគាល​ច្រើន​តែ​សំដៅ​ទៅ​លើ​ការ​រលំ​និង​ការ​បំផ្លាញ​ចោល​នៃ​ទី​ក្រុង​យេរូសាឡិម។ បន្ទាប់​មក សារ​របស់​អេសេគាល​ក៏​កាត់​ទោស​សាសន៍​ទាំង​ឡាយ​នៅ​ជុំវិញ​ស្រុក​យូដា។ ចុង​បង្អស់ គាត់​សំដៅ​ទៅ​លើ​គ្រា​ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​ស្ថាបនា​ឲ្យ​មាន​ទី​កន្លែង​ថ្វាយ​បង្គំ​ទ្រង់​ម្ដង​ទៀត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​គោល​សំខាន់ៗ​ពី​សៀវភៅ​អេសេគាល ១:១​–​​២៤:២៧ ដែល​ទាក់ទង​នឹង​សុបិន ទំនាយ​និង​ការ​ប្រព្រឹត្ត​ផ្សេងៗ​របស់​អេសេគាល ដែល​បង្ហាញ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ទី​ក្រុង​យេរូសាឡិម។

«អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម»

(អេសេគាល ១:១​–​១៩:១៤)

អេសេគាល​បាន​យល់សប្ដិ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង គឺ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា។ រួច​មក ព្រះ​យេហូវ៉ា​ប្រទាន​កិច្ចការ​ឲ្យ​អេសេគាល​ដោយ​បង្គាប់​ថា៖ «អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល ដូច្នេះ ត្រូវ​ឲ្យ​ឯង​ស្ដាប់​ពាក្យ​ពី​មាត់​អញ​រួច​ទៅ​ប្រាម​ប្រាប់​គេ​ឲ្យ​អញ​ផង»។ (អេសេគាល ៣:១៧) ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អេសេគាល​ថ្លែង​ទំនាយ​អំពី​គ្រា​ដែល​ពល​ទ័ព​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម ហើយ​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​ដើរ​តួ​ក្នុង​ឈុត​សម្ដែង​ពីរ។ តាម​រយៈ​អេសេគាល ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​ស្រុក​យូដា​ថា៖ «មើល​អញ! គឺ​អញ​នេះ​ហើយ​នឹង​នាំ​ដាវ​មក​លើ​ឯង​រាល់​គ្នា ហើយ​អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង​បង់»។ (អេសេគាល ៦:៣) ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​នោះ​ថា៖ ‹កំណត់​ឯង​[ឬ«ពេល​ដែល​ពួក​គេ​ត្រូវ​វិនាស»]​បាន​មក​ដល់​ហើយ!›។—អេសេគាល ៧:​៧; ខ.ស.

នៅ​ឆ្នាំ​៦១២ មុន​គ.ស. អេសេគាល​មាន​សុបិន​មួយ​ហាក់​ដូច​ជា​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​យេរូសាឡិម។ ក្នុង​សុបិន​នោះ គាត់​ឃើញ​បណ្ដាជន​អ៊ីស្រាអែល​ធ្វើ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា! ពេល​ព្រះ​យេហូវ៉ា​ចាត់​ពល​ទេវតា​ពិឃាត (ដែល​តំណាង​ដោយ«មនុស្ស​៦​នាក់») ឲ្យ​កាត់​ក្ដី​លើ​ពួក​អ្នក​ក្បត់​ជំនឿ​ទាំង​នោះ មាន​តែ​បណ្ដាជន​ដែល​បាន​ទទួល«ទី​សំ​គាល់​នៅ​ថ្ងាស» ដែល​អាច​រួច​រស់​ជីវិត​បាន។ (អេសេគាល ៩:២​-​៦) ប៉ុន្តែ មុន​ពេល​ដែល​ពួក​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន សារ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ផ្សាយ​ជា​ទូទៅ។ សារ​របស់​ទ្រង់​ប្រៀប​ដូច​ជា«រងើក​ភ្លើង» ពីព្រោះ​សារ​នោះ​បញ្ជាក់​ពី​សេចក្ដី​ហិន​វិនាស។ ដូច្នេះ ការ​ផ្សព្វផ្សាយ​សារ​នោះ​ប្រៀប​ដូច​ជា​ការ​បាច​រងើក​ភ្លើង​ទៅ​លើ​ទី​ក្រុង​យេរូសាឡិម។ (អេសេគាល ១០:២) ទោះ​បើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង‹ទំលាក់​អំពើ​របស់​មនុស្ស​អាក្រក់​ទៅ​លើ​ក្បាល​គេ​វិញ›ក៏​ដោយ ទ្រង់​ក៏​សន្យា​ថា​ទ្រង់​នឹង​ប្រមូល​អស់​ទាំង​បណ្ដាជន​ដែល​ខ្ចាត់ខ្ចាយ​ទៅ ឲ្យ​មូល​គ្នា​វិញ។—អេសេគាល ១១:១៧​-​២១

បន្ទាប់​មក គឺ​ហាក់​ដូច​ជា​អេសេគាល​វិល​ត្រឡប់​មក​ស្រុក​ខាល់ដេ​វិញ តាម​រយៈ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា។ គាត់​ធ្វើ​ការ​សម្ដែង​មួយ​ដែល​សំដៅ​ទៅ​លើ​ពេល​ដែល​ស្តេច​សេដេគា​និង​បណ្ដាជន​អ៊ីស្រាអែល​នឹង​រត់​ចោល​ទី​ក្រុង​យេរូសាឡិម។ គាត់​ក៏​កាត់​ទោស​ពួក​ហោរា​ឬ​បុរស​និង​ស្ត្រី​ដែល​បាន​ថ្លែង​ទំនាយ​ដែល​មិន​មក​ពី​ព្រះ​យេហូវ៉ា។ គាត់​ប្រាប់​សារ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បដិសេធ​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ។ ទ្រង់​ក៏​ប្រៀបប្រដូច​ស្រុក​យូដា​ទៅ​នឹង​ដើម​ទំពាំង​បាយ​ជូរ​ដែល​គ្មាន​តម្លៃ​សោះ។ មាន​ប្រស្នា​មួយ​អំពី​សត្វ​ឥន្ទ្រី​និង​ដើម​ទំពាំង​បាយ​ជូរ ដែល​បញ្ជាក់​ពី​ផលវិបាក​របស់​ពួក​អ្នក​ដែល​នៅ​ទី​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ទទួល ដោយ​ព្រោះ​បាន​បែរ​ទៅ​រក​ជំនួយ​ពី​សាសន៍​អេស៊ីប។ សេចក្ដី​បញ្ចប់​នៃ​ប្រស្នា​នោះ​រួម​បញ្ចូល​សេចក្ដី​សន្យា​ថា ‹ព្រះ​យេហូវ៉ា​នឹង​កាច់​យក​លំពង់​១​យ៉ាង​ទន់ ទៅ​ដាំ​នៅ​លើ​ភ្នំ​ខ្ពស់​មួយ›។ (អេសេគាល ១៧:២២) យ៉ាង​ណា​ក្ដី គេ​នឹង​លែង​មាន«ដំបង​រាជ្យ​[សម្រាប់]​អ្នក​គ្រប់គ្រង»នៅ​ស្រុក​យូដា​ទៀត​ទេ។—អេសេគាល ១៩:១៤

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៤​-​២៨—តើ​រទេះ​នៅ​ស្ថាន​សួគ៌​តំណាង​អ្វី? រទេះ​នេះ​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌ ដែល​រួម​បញ្ចូល​ទេវតា​ស្មោះ​ត្រង់​ទាំង​ឡាយ។ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​រទេះ​នោះ​មាន​ដំណើរ​ការណ៍។ អ្នក​ជិះ​រទេះ​នោះ ដែល​តំណាង​ព្រះ​យេហូវ៉ា មាន​ភាព​រុងរឿង​យ៉ាង​អស្ចារ្យ​ដែល​រក​ថ្លែង​ពុំ​បាន។ ឥន្ទធនូ​តំណាង​ចិត្ត​ស្ងប់​របស់​ព្រះ​យេហូវ៉ា។

១:៥​-​១១—តើ​តួ​មាន​ជីវិត​បួន​រូប​ជា​អ្នក​ណា? ពេល​អេសេគាល​យល់សប្ដិ​ឃើញ​រទេះ​នោះ​ជា​លើក​ទីពីរ គាត់​សម្គាល់​តួ​មាន​ជីវិត​បួន​រូប​ជា​ពួក​ចេរូប៊ីន។ (អេសេគាល ១០:១​-​១១; ១១:២២) ពេល​នោះ គាត់​ក៏​រៀប​រាប់​អំពី​តួ​មាន​ជីវិត​ដែល​មាន​មុខ​ជា​គោ ថា​មាន«មុខ​ដូច​ជា​ចេរូប៊ីន»។ (អេសេគាល ១០:១៤) នេះ​គឺ​សម​ហេតុ​សម​ផល​ណាស់! ពីព្រោះ​សត្វ​គោ​តំណាង​អំណាច​និង​កម្លាំង ហើយ​ពួក​ចេរូប៊ីន​ជា​បុគ្គល​នៅ​ឯ​ស្ថានសួគ៌​ដែល​មាន​អំណាច​ខ្លាំង​ក្លា​ដែរ។

២:៦—ម្ដង​ហើយ​ម្ដង​ទៀត​អេសេគាល​បាន​ហៅ​ថា​ជា«កូន​មនុស្ស»។ ហេតុ​អ្វី? ព្រះ​យេហូវ៉ា​ហៅ​អេសេគាល​យ៉ាង​នេះ​ដើម្បី​រំលឹក​គាត់​ថា គាត់​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ។ នេះ​ដៅ​បញ្ជាក់​ពី​លក្ខណៈ​របស់​គាត់​ជា​អ្នក​នាំ​សារ ថា​មាន​លក្ខណៈ​ទីទៃ​ពី​ព្រះ​ដែល​ចេញ​វាចា​នោះ។ ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន ប្រមាណ​៨០​ដង​ព្រះ​យេស៊ូ​គ្រិស្ត​ក៏​បាន​ហៅ​ថា ជា​កូន​មនុស្ស​ដែរ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា បុត្រ​ព្រះ​បាន​ចាប់​កំណើត​ជា​មនុស្ស​ពិត មិន​មែន​ក្លែង​ខ្លួន​ជា​មនុស្ស​ទេ។

២:៩​–​៣:៣—ពេល​អេសេគាល​ធ្វើ​ហាក់​ដូច​ជា​បរិភោគ​ក្រាំង​ដែល​មាន​សុទ្ធតែ​ពាក្យ​ទំនួញ​និង​ពាក្យ​សោកសៅ​កត់​នៅ​ក្នុង ហេតុ​អ្វី​បាន​ជា​ក្រាំង​នោះ​មាន​រស​ផ្អែម​វិញ? ក្រាំង​នោះ​មាន​រស​ផ្អែម​ពីព្រោះ​អេសេគាល​មាន​ទស្សនៈ​ល្អ​ចំពោះ​កិច្ចការ​ដែល​គាត់​ត្រូវ​ធ្វើ។ អេសេគាល​មាន​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​កិច្ច​បម្រើ​ជា​អ្នក​ថ្លែង​ទំនាយ។

៤:១​-​១៧—តើ​អេសេគាល​ពិត​ជា​ធ្វើ​អ្វីៗ​ទាំង​នេះ​ដើម្បី​សម្ដែង​ពី​គ្រា​ដែល​ពល​ទ័ព​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម​ទេ? ដោយសារ​អេសេគាល​សូម​ដុត​របស់​ផ្សេង​ក្នុង​ការ​ចម្អិន​អាហារ ហើយ​ព្រះ​យេហូវ៉ា​យល់​ព្រម​នោះ នេះ​បង្ហាញ​ថា​គាត់​ពិត​ជា​បាន​ធ្វើ​ការ​សម្ដែង​ទាំង​នោះ​មែន។ ការ​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង នោះ​គឺ​សម្រាប់​អំពើ​ទុច្ចរិត​នៃ​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០​បាន​ធ្វើ​អស់​រយៈ​ពេល​៣៩០​ឆ្នាំ ចាប់​តាំង​ពី​កំណើត​រាជាណាចក្រ​នោះ​នៅ​ឆ្នាំ​៩៩៧ មុន​គ.ស. រហូត​ដល់​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​បាន​វិនាស​ទៅ​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ ការ​ដេក​ផ្អៀង​ទៅ​ខាង​ស្ដាំ នោះ​គឺ​សម្រាប់​អំពើ​បាប​ដែល​រាជាណាចក្រ​យូដា​បាន​ធ្វើ​អស់​រយៈ​ពេល​៤០​ឆ្នាំ ចាប់​ពី​ពេល​ដែល​យេរេមា​ទទួល​ភារកិច្ច​ជា​អ្នក​ថ្លែង​ទំនាយ​នៅ​ឆ្នាំ​៦៤៧ មុន​គ.ស. រហូត​ដល់​ឆ្នាំ​៦០៧ មុន​គ.ស.។ អស់​រយៈ​ពេល​៤៣០​ថ្ងៃ អេសេគាល​បាន​បរិភោគ​អាហារ​និង​ទឹក​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ ដែល​ទុក​ជា​ទំនាយ​ថា បណ្ដាជន​ក្នុង​ទី​ក្រុង​យេរូសាឡិម​នឹង​អត់​អាហារ​ពេល​មាន​ពល​ទ័ព​ឡោមព័ទ្ធ​ក្រុង​របស់​ពួក​គេ។

៥:១​-​៣—ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អេសេគាល​យក​សរសៃ​សក់​ខ្លះ​ពី​សក់​មួយ​ភាគ​ដែល​គាត់​ត្រូវ​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ ហើយ​ចង​សរសៃ​សក់​ទាំង​នោះ​ឲ្យ​ជាប់​នឹង​ជាយ​អាវ។ តើ​នេះ​តំណាង​អ្វី? គាត់​ធ្វើ​ដូច្នេះ​ដើម្បី​បង្ហាញ​ថា បណ្ដាជន​យូដា​នឹង​ទុក​ចោល​ស្រុក​របស់​ពួក​គេ​អស់​រយៈ​ពេល​៧០​ឆ្នាំ ប៉ុន្តែ​ក្រោយ​មក បណ្ដាជន​មួយ​ចំនួន​តិច​នឹង​ត្រឡប់​មក​ស្រុក​វិញ ហើយ​នឹង​ចាប់​ផ្ដើម​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ​ម្ដង​ទៀត។—អេសេគាល ១១:១៧​-​២០

១៧:១​-​២៤—តើ​សត្វ​ឥន្ទ្រី​យ៉ាង​ធំ​ទាំង​ពីរ​នោះ​តំណាង​អ្វី? តើ​លំពង់​នៅ​ចុង​បំផុត​នៃ​ដើម​តាត្រៅ​បាន​កាច់​យក​ក្នុង​ន័យ​អ្វី? តើ«លំពង់​១​យ៉ាង​ទន់»ដែល​ព្រះ​យេហូវ៉ា​កាច់​យក​ទៅ​ដាំ​នៅ​លើ​ភ្នំ​មួយ​សំដៅ​ទៅ​លើ​អ្វី? សត្វ​ឥន្ទ្រី​ទាំង​ពីរ​តំណាង​អ្នក​គ្រប់គ្រង​ចក្រភព​បាប៊ីឡូន​និង​អ្នក​គ្រប់គ្រង​ស្រុក​អេស៊ីប។ ចុង​បំផុត​នៃ​ដើម​តាត្រៅ​តំណាង​ពូជ​ដាវីឌ​ដែល​បាន​កាន់​អំណាច​ក្នុង​រាជ​រដ្ឋាភិបាល​នា​សម័យ​នោះ។ សត្វ​ឥន្ទ្រី​ទី​មួយ​បាន​ទៅ​កាច់​យក​លំពង់​នៅ​ចុង​បំផុត​នៃ​ដើម​នោះ ក្នុង​ន័យ​ថា​ដក​យក​អំណាច​គ្រប់គ្រង​ចេញ​ពី​ស្តេច​យ៉ូយ៉ាគីន​របស់​រាជាណាចក្រ​យូដា ហើយ​តែងតាំង​ស្តេច​សេដេគា​ជំនួស។ ទោះ​ជា​ស្តេច​សេដេគា​ស្បថ​ថា ទ្រង់​នឹង​ចុះ​ចូល​ដោយ​ស្មោះ​ត្រង់​ចំពោះ​ចក្រភព​បាប៊ីឡូន​ក្ដី ទ្រង់​បាន​ទៅ​រក​ជំនួយ​ពី​ឥន្ទ្រី​មួយ​ទៀត ដែល​តំណាង​ឲ្យ​ស្តេច​របស់​សាសន៍​អេស៊ីប តែ​ស្តេច​នោះ​មិន​ព្រម​ជួយ​ទេ។ ជា​លទ្ធផល គេ​ចាប់​ស្តេច​សេដេគា​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​ទ្រង់​ស្លាប់​នៅ​ទី​នោះ។ ព្រះ​យេហូវ៉ា​ក៏​កាច់​យក«លំពង់​១​យ៉ាង​ទន់»ដែរ ដែល​សំដៅ​ទៅ​លើ​ព្រះ​មេស្ស៊ី​ដែល​ជា​ស្តេច។ ព្រះ​យេហូវ៉ា​លើក​ទ្រង់​ឡើង ប្រៀប​ដូច​ជា​យក​ទៅ​ដាំ​នៅ​លើ«ភ្នំ​យ៉ាង​ខ្ពស់​ស្រឡេត» ដែល​សំដៅ​ទៅ​លើ​ភ្នំ​ស៊ី​យ៉ូន​ដែល​តំណាង​ស្ថានសួគ៌។ នៅ​ឯ​ស្ថានសួគ៌​នោះ ព្រះ​មេស្ស៊ី​ប្រៀប​ដូច​ជា«ដើម​តាត្រៅ​យ៉ាង​ល្អ» ហើយ​ទ្រង់​នឹង​នាំ​ឲ្យ​មាន​ពរ​ជា​បរិបូរ​មក​លើ​ផែនដី។—វិវរណៈ ១៤:១

មេ​រៀន​សម្រាប់​យើង:

២:៦​-​៨; ៣:៨, ៩, ១៨​-​២១: យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​មនុស្ស​អាក្រក់​បន្លាច​យើង ហើយ​ក៏​មិន​គួរ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រកាស​ប្រាប់​សារ​របស់​ព្រះ​យេហូវ៉ា ដែល​រួម​បញ្ចូល​ការ​ព្រមាន​ដល់​ពួក​គេ​ដែរ។ បើ​មនុស្ស​មិន​អើពើ​នឹង​សារ​ដែល​យើង​ផ្សាយ ឬ​បៀតបៀន​យើង​វិញ យើង​ត្រូវ​តែ​មាន​ភាព​រឹង​មាំ​ដូច​ត្បូង​ពេជ្រ។ ប៉ុន្តែ ដំណាល​គ្នា​នោះ យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ក្បាល​រឹង កាច​និង​ឥត​ចេះ​ត្រាប្រណី។ ពេល​ព្រះ​យេស៊ូ​ផ្សព្វផ្សាយ ទ្រង់​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​មនុស្ស ហើយ​យើង​ក៏​ត្រូវ​អាណិត​មេត្ដា​ចំពោះ​មនុស្ស​ពេល​យើង​ផ្សព្វផ្សាយ​ដែរ។—ម៉ាថាយ ៩:៣៦

៣:១៥: ក្រោយ​អេសេគាល​បាន​ទទួល​ភារកិច្ច​នាំ​សារ​របស់​ព្រះ គាត់​បាន​ទៅ​ស្នាក់​នៅ​កន្លែង​ដែល​ហៅ​ថា ថេលអាប៊ីប។ នៅ​ទី​នោះ អេសេគាល​មាន​អារម្មណ៍‹ស្រឡាំងកាំង​អស់​៧​ថ្ងៃ› ពេល​គាត់​កំពុង​គិត​ពី​សារ​ដែល​គាត់​ត្រូវ​ប្រកាស​ប្រាប់។ គួរ​គប្បី​ឲ្យ​យើង​ចំណាយ​ពេល​ក្នុង​ការ​សិក្សា​យ៉ាង​ហ្មត់ចត់​ដែរ ព្រម​ទាំង​រំពឹង​គិត​ដើម្បី​យល់​នូវ​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ មែន​ទេ?

៤:១​–​៥:៤: អេសេគាល​ត្រូវ​ការ​ចិត្ត​ក្លាហាន​និង​ចិត្ត​រាប​ទាប​ផង ដើម្បី​ធ្វើ​ការ​សម្ដែង​ពីរ​ដែល​ជា​ទំនាយ។ យើង​ក៏​គួរ​មាន​ចិត្ត​រាប​ទាប​ហើយ​មាន​ចិត្ត​ក្លាហាន​ពេល​យើង​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​យើង​ធ្វើ។

៧:៤, ៩; ៨:១៨; ៩:៥, ១០: មិន​ចាំបាច់​ឲ្យ​យើង​ប្រណី​ឬ​អាណិត​មេត្ដា​ដល់​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​កាត់​ទោស​នោះ​ឡើយ។

៧:១៩: ពេល​ព្រះ​យេហូវ៉ា​កាត់​ទោស​មនុស្ស​នា​សម័យ​នេះ លុយ​នឹង​លែង​មាន​តម្លៃ​ទៀត។

៨:៥​-​១៨: ពេល​មនុស្ស​ក្បត់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា គេ​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់​ទៀត។ ហើយ«មនុស្ស​ទមិឡ​ល្មើស​[«ដែល​ជា​អ្នក​ក្បត់​ជំនឿ»] តែង​បំផ្លាញ​អ្នក​ជិត​ខាង​ដោយសារ​មាត់​ខ្លួន»។ (សុភាសិត ១១:៩; ព.ថ.) ដូច្នេះ យក​ល្អ​កុំ​ឲ្យ​យើង​ស្ដាប់​អ្វី​ដែល​ពួក​អ្នក​ក្បត់​ជំនឿ​ឃោសនា​ឲ្យ​សោះ។

៩:៣​-​៦: យើង​ត្រូវ​ការ​សញ្ញា​សម្គាល់​ដើម្បី​រួច​រស់​ជីវិត​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង»។ (ម៉ាថាយ ២៤:២១) យើង​ទទួល​សញ្ញា​សម្គាល់​នោះ ពេល​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មាន​លក្ខណៈ​ជា​គ្រិស្ត​សាសនិក​ពិត​ក្នុង​កិច្ច​បម្រើ​ព្រះ ព្រម​ទាំង​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ។ ម្នាក់​ដែល​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ តំណាង​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​ពួក​គាត់​កំពុង​នាំ​មុខ​ក្នុង​កិច្ចការ​សម្គាល់​មនុស្ស ដោយ​ផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ បើ​យើង​ចង់​រក្សា​ឲ្យ​មាន​សញ្ញា​សម្គាល់​ជាប់​នឹង​ខ្លួន យើង​ត្រូវ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ជួយ​ពួក​គាត់​ឲ្យ​ធ្វើ​កិច្ចការ​នេះ។

១២:២៦​-​២៨: អេសេគាល​ត្រូវ​តែ​ប្រកាស​ប្រាប់​ថា៖ «នឹង​គ្មាន​ពាក្យ​របស់​[ព្រះ​យេហូវ៉ា]​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ» សូម្បី​តែ​ចំពោះ​មនុស្ស​ដែល​មើលងាយ​សារ​របស់​គាត់។ យើង​ក៏​ត្រូវ​តែ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដែរ ក្នុង​ការ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា មុន​ទ្រង់​បំផ្លាញ​សម័យ​នេះ​ចោល។

១៤:១២​-​២៣: យើង​ត្រូវ​តែ​ព្យាយាម​ដោយ​ខ្លួន​ឯង​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ គ្មាន​នរណា​អាច​រក​សេចក្ដី​សង្គ្រោះ​ឲ្យ​យើង​បាន​ទេ។—រ៉ូម ១៤:១២

១៨:១​-​២៩: យើង​ទទួល​លទ្ធផល​ស្រប​ទៅ​តាម​ទង្វើ​របស់​យើង។

«អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់ត្រឡិន ត្រឡប់ត្រឡិន​ទៅ»

(អេសេគាល ២០:១​–​២៤:២៧)

ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​បណ្ដាជន​អ៊ីស្រាអែល​បាន​បញ្ជូន​ទៅ​ប្រទេស​ក្រៅ គឺ​នៅ​ឆ្នាំ​៦១១ មុន​គ.ស. ពួក​ចាស់​ទុំ​បាន​ទៅ​ជួប​អេសេគាល​ដើម្បី«សួរ​ដល់​ព្រះ​យេហូវ៉ា»។ អេសេគាល​រៀប​រាប់​ពី​ការ​បះបោរ​យូរ​ឆ្នាំ​របស់​ពួក​អ៊ីស្រាអែល ហើយ​រំលឹក​ពួក​ចាស់​ទុំ​ពី​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា​ដែល​ថា ‹ទ្រង់​នឹង​ហូត​ដាវ​ទ្រង់›ដើម្បី​កាត់​ទោស​ពួក​គេ។ (អេសេគាល ២០:​១; ២១:៣) ចំពោះ​ចៅហ្វាយ​របស់​សាសន៍​អ៊ីស្រាអែល (ពោល​គឺ ស្តេច​សេដេគា) ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ។ នេះ​មិន​ដូច​ធម្មតា​ទេ។ ចូរ​លើក​អ្វី​ដែល​ទាបថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់​ខ្ពស់​ចុះ! អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់ត្រឡិន ត្រឡប់ត្រឡិន​ទៅ។ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង​ដែល​មាន​ច្បាប់​ទទួល​[គឺ​ព្រះ​យេស៊ូ​គ្រិស្ត] រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ»។—អេសេគាល ២១:២៦, ២៧

ព្រះ​យេហូវ៉ា​ថ្កោល​ទោស​ពួក​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម។ ទ្រង់​ក៏​បក​អាក្រាត​នូវ​កំហុស​នៃ​អូហូឡា (រាជាណាចក្រ​អ៊ីស្រាអែល) និង​អូហូលីបា (រាជាណាចក្រ​យូដា)។ ព្រះ​យេហូវ៉ា«បាន​ប្រគល់​[អូហូឡា]​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សហាយ​វា»រួច​ទៅ​ហើយ គឺ​ទៅ​ក្នុង«កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អាសស៊ើរ»។ (អេសេគាល ២៣:៩) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អូហូលីបា​ក៏​ត្រូវ​វិនាស​ទៅ​ដែរ។ នៅ​ឆ្នាំ​៦០៩ មុន​គ.ស. ពល​ទ័ព​បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម។ ១៨​ខែ​ក្រោយ​មក ពេល​ពួក​ទ័ព​សម្រុក​ចូល​ទី​ក្រុង​នោះ ពួក​យូដា​មាន​អារម្មណ៍​ស្រឡាំងកាំង​ដល់​ម្ល៉េះ​បាន​ជា​មិន​មាន​ឱកាស​សោយ​សោក​ទេ។ អេសេគាល​មិន​ត្រូវ​ប្រាប់​សារ​របស់​ព្រះ​ដល់​ពួក​អ្នក​ដែល​បំបរបង់​ចេញ​ទៅ​ប្រទេស​ក្រៅ ទាល់តែ​គាត់​ទទួល​ដំណឹង​ពី«អ្នក​ណា​ដែល​រត់​រួច​បាន» ថា​ទី​ក្រុង​យេរូសាឡិម​បាន​វិនាស​ទៅ​ហើយ។—អេសេគាល ២៤:២៦, ២៧

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២១:៣—តើ«ដាវ»ដែល​ព្រះ​យេហូវ៉ា​យក​ចេញ​ពី​ស្រោម​ទ្រង់ ជា​អ្វី​ទៅ? ស្តេច​នេប៊ូក្នេសា​និង​ពល​ទ័ព​ជនជាតិ​បាប៊ីឡូន​របស់​ទ្រង់ ជា«ដាវ»ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​កាត់​ទោស​ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ «ដាវ»នោះ​ក៏​អាច​សំដៅ​ទៅ​លើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​ស្ថានសួគ៌​ដែរ ដែល​មាន​សុទ្ធតែ​ពួក​ទេវតា​ខ្លាំង​ក្លា។

២៤:៦​-​១៤—តើ​ក្អែល​ក្នុង​ថ្លាង​តំណាង​អ្វី? ពេល​ពល​ទ័ព​បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម ទី​ក្រុង​នោះ​ប្រៀប​ដូច​ជា​ថ្លាង​មួយ។ ក្អែល​តំណាង​អំពើ​ប្រាស​ចាក​សីលធម៌​ដែល​បណ្ដាជន​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង​នោះ រួម​ទាំង​អំពើ​ស្មោកគ្រោក ការ​ប្រព្រឹត្ត​អាសអាភាស និង​ការ​កម្ចាយ​ឈាម​ជា​ដើម។ ពួក​អ្នក​ទី​ក្រុង​មាន​ភាព​ស្មោកគ្រោក​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​លទ្ធភាព​លាង​ពួក​គេ​ឲ្យ​បាន​ស្អាត​ទេ គឺ​ប្រហាក់​ប្រហែល​នឹង​កាល​ដែល​គេ​លាង​ក្អែល​ចេញ​មិន​បាន សូម្បី​តែ​ពេល​យក​ថ្លាង​ទទេ​ទៅ​ដាក់​នៅ​លើ​រងើក​ភ្លើង​ឲ្យ​ឡើង​ក្ដៅ​ផង។

មេ​រៀន​សម្រាប់​យើង:

២០:១, ៤៩: សម្ដី​របស់​ពួក​ចាស់​ទុំ​ជនជាតិ​អ៊ីស្រាអែល​ស្តី​អំពី​សារ​ដែល​អេសេគាល​ប្រាប់​ពួក​គាត់ បង្ហាញ​ថា​ពួក​គាត់​ពិបាក​ជឿ​ទៅ​លើ​សារ​នោះ​ណាស់។ កុំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​សង្ស័យ​ទៅ​លើ​ការ​ព្រមាន​ដែល​មក​ពី​ព្រះ។

២១:១៨​-​២២: ទោះ​ជា​ស្តេច​នេប៊ូក្នេសា​ប្រើ​របៀន​ក្ដី ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ឲ្យ​អ្នក​គ្រប់គ្រង​ដែល​មិន​ជឿ​ទៅ​លើ​ទ្រង់ មាន​គំនិត​ចង់​ដណ្ដើម​យក​ទី​ក្រុង​យេរូសាឡិម។ នេះ​បង្ហាញ​ថា ពេល​ព្រះ​យេហូវ៉ា​ចាត់​មនុស្ស​ឲ្យ​ទៅ​កាត់​ក្ដី​ជំនួស​ទ្រង់ សូម្បី​តែ​ទេវតា​អាក្រក់​ក៏​មិន​អាច​បង្វែរ​ចិត្ត​អ្នក​ទាំង​នោះ​ចេញ​ពី​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់​បាន​ឡើយ។

២២:៦​-​១៦: ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​និយាយ​បង្កាច់​គេ ប្រព្រឹត្ត​ការ​អាស្រូវបារាយណ៍ ស៊ីសំណូក​និង​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ធ្វើ​បាប​អ្នក​ដទៃ។ យើង​ត្រូវ​តាំង​ចិត្ត​ឲ្យ​រឹង​មាំ ហើយ​មិន​ព្រម​ប្រព្រឹត្ត​បែប​នោះ​ទាល់តែ​សោះ។

២៣:៥​-​៤៩: ដោយសារ​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​បាន​ចង​សម្ព័ន្ធ​នយោបាយ​ជា​មួយ​ជនជាតិ​ឯ​ទៀត នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​មិន​ពិត​ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត​ទាំង​នោះ។ ចូរ​យើង​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​អាច​បង្ខូច​ជំនឿ​របស់​យើង​បាន។—យ៉ាកុប ៤:៤

សារ​ដែល​រស់ ហើយ​ពូកែ​ផង

យើង​បាន​ទាញ​យក​មេ​រៀន​ល្អៗ​ពី​ជំពូក​១​ដល់​២៤​ក្នុង​សៀវភៅ​អេសេគាល។ គោលការណ៍​ក្នុង​ជំពូក​ទាំង​នេះ បង្ហាញ​ពី​ទង្វើ​ដែល​មិន​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។ ព័ត៌មាន​ក្នុង​ជំពូក​ទាំង​នោះ​ក៏​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ទ្រង់​អាណិត​មេត្ដា​ដល់​យើង ព្រម​ទាំង​មូល​ហេតុ​ដែល​យើង​គួរ​ព្រមាន​មនុស្ស​អាក្រក់​ផង​ដែរ។ បទ​ទំនាយ​អំពី​ការ​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល‹ប្រាប់​រាស្ត្រ​ទ្រង់​ពី​ការ​ថ្មី មុន​ការ​ទាំង​នោះ​កើត​មក›។—អេសាយ ៤២:៩

បទ​ទំនាយ​ដូច​ជា​អ្វី​ដែល​កត់​ទុក​ក្នុង​សៀវភៅ​អេសេគាល ១៧:២២​-​២៤ និង​២១:២៦, ២៧ សំដៅ​ទៅ​លើ​ការ​ស្ថាបនា​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​នៅ​ស្ថានសួគ៌។ មិន​យូរ​ប៉ុន្មាន​ទៀត ការ​គ្រប់គ្រង​របស់​ទ្រង់​នឹង​សម្រេច​ការ​នៅ​ផែនដី​ស្រប​ទៅ​តាម​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ៦:៩, ១០) យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​និង​ជំនឿ​រឹង​មាំ​ពេល​យើង​ទន្ទឹង​ចាំ​ប្រយោជន៍​ដែល​យើង​អាច​ទទួល ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។ ពិត​មែន​ហើយ «ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ​ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

[រូបភាព​នៅ​ទំព័រ​៨]

តើ​រទេះ​នៅ​ឯ​ស្ថានសួគ៌​តំណាង​អ្វី?

[រូបភាព​នៅ​ទំព័រ​១០]

យើង​អាច​រក្សា​ឲ្យ​មាន«ទីសំគាល់»ជាប់​នឹង​ខ្លួន​បាន ដោយ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក