ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
នៅខែធ្នូ ឆ្នាំ៦០៩ មុនគ.ស. ស្តេចរបស់ចក្រភពបាប៊ីឡូននាំទ័ពឲ្យឡោមព័ទ្ធទីក្រុងយេរូសាឡិមជាលើកចុងក្រោយ។ ទំរាំដល់ពេលនោះ សារដែលលោកអេសេគាលប្រកាសដល់បណ្ដាជនអ៊ីស្រាអែលនៅស្រុកបាប៊ីឡូន មានមូលបទសំដៅទៅលើគ្រាដែលក្រុងយេរូសាឡិមដែលទីស្រឡាញ់របស់ពួកគេនឹងរលំនិងវិនាសទៅ។ តទៅទៀត ទំនាយរបស់អេសេគាលសំដៅទៅលើជនជាតិឯទៀតដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ ដោយសារពួកគេរីករាយនឹងសេចក្ដីហិនវិនាសដែលមកលើរាស្ត្ររបស់ព្រះយេហូវ៉ា នោះពួកគេនឹងរងទុក្ខវេទនាដែរ។ ១៨ខែក្រោយមក ពេលពលទ័ពសម្រុកចូលទីក្រុងយេរូសាឡិម សាររបស់អេសេគាលមានមូលបទថ្មីទៀត ដែលសំដៅទៅលើគ្រាស្ដារការថ្វាយបង្គំពិតឡើងវិញយ៉ាងអស្ចារ្យ។
អេសេគាល ២៥:១–៤៨:៣៥ មានទំនាយអំពីសាសន៍នានានៅជុំវិញស្រុកអ៊ីស្រាអែល និងការប្រោសរាស្ត្ររបស់ព្រះឲ្យរួច។a កំណត់ហេតុនោះបានសរសេរតាមលំដាប់លំដោយ ហើយស្របទៅតាមសាច់រឿង លើកលែងតែអេសេគាល ២៩:១៧-២០។ យ៉ាងណាក៏ដោយ ខទាំងបួននោះនៅតែទាក់ទងនឹងសាច់រឿងទាំងមូលនៅឡើយ។ ដោយសារអេសេគាលជាសៀវភៅមួយក្នុងគម្ពីរដែលព្រះយេហូវ៉ាបណ្ដាលឲ្យមនុស្សសរសេរ ព័ត៌មានក្នុងសៀវភៅអេសេគាលក៏«រស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
‹ស្រុកនេះបានត្រឡប់ដូចជាសួនច្បារអេដែនវិញ›
ព្រះយេហូវ៉ាយល់ទុកជាមុនអំពីអារម្មណ៍របស់ជនជាតិអាំម៉ូន ម៉ូអាប់ អេដំម ភីលីស្ទីននិងស៊ីដូន ចំពោះការហិនហោចនៃទីក្រុងយេរូសាឡិម។ ដូច្នេះ ទ្រង់ឲ្យអេសេគាលសរសេរទំនាយអំពីទុក្ខដែលពួកគេត្រូវទទួលជាលទ្ធផល។ ស្រុកអេស៊ីបត្រូវគេសម្រុកចូលដើម្បីយករបឹបចេញ។ ‹ផារ៉ោនដែលជាស្តេចស្រុកអេស៊ីព្ទ នឹងពួកកកកុញរបស់វា›ធៀបដូចជាដើមតាត្រៅដែលត្រូវកាប់ចោលដោយ«ដាវរបស់ស្តេចបាប៊ីឡូន»។—អេសេគាល ៣១:២, ៣, ១២; ៣២:១១, ១២
ប្រមាណ៦ខែក្រោយទីក្រុងយេរូសាឡិមបានបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស. អ្នករួចខ្លួនម្នាក់បានទៅរាយការណ៍ប្រាប់អេសេគាលថា៖ «គេចាប់ទីក្រុងបានហើយ!»។ អេសេគាល«មិននៅគទៀតទេ» ចំពោះបណ្ដាជនអ៊ីស្រាអែលដែលនៅស្រុកក្រៅ។ (អេសេគាល ៣៣:២១, ២២) គាត់ថ្លែងទំនាយអំពីគ្រាដែលត្រូវស្ដារពួកគេឡើងវិញ។ ព្រះយេហូវ៉ា‹នឹងតាំងអ្នកគង្វាល១ឲ្យថែមើលពួកគេ គឺដាវីឌជាអ្នកបំរើរបស់ទ្រង់›។ (អេសេគាល ៣៤:២៣) ស្រុកអេដំមត្រូវចោលស្ងាត់ តែស្រុកនេះ ឬស្រុកយូដា នឹងមានលក្ខណៈដូច«សួនច្បារអេដែនវិញ»។ (អេសេគាល ៣៦:៣៥) ព្រះយេហូវ៉ាសន្យាថា ពេល«កុក»ពាធារាស្ត្រដែលទ្រង់ស្ដារឡើងវិញ នោះទ្រង់នឹងការពារពួកគេ។—អេសេគាល ៣៨:២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២៩:៨-១២—តើស្រុកអេស៊ីបបានក្លាយទៅជាទីចោលស្ងាត់អស់៤០ឆ្នាំនៅពេលណា? ក្រោយទីក្រុងយេរូសាឡិមបានបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស. បណ្ដាជនយូដាមួយចំនួនតិចបានរត់ទៅស្រុកអេស៊ីប ទោះជាយេរេមាដែលជាអ្នកថ្លែងទំនាយបានព្រមានថាកុំឲ្យធ្វើដូច្នេះក៏ដោយ។ (យេរេមា ២៤:១, ៨-១០; ៤២:៧-២២) អ្នកទាំងនោះមិនបានរួចខ្លួន ពីព្រោះស្តេចនេប៊ូក្នេសាបានដណ្ដើមយកស្រុកអេស៊ីបផងដែរ។ ប្រហែលជាស្រុកអេស៊ីបបានទៅជាទីចោលស្ងាត់អស់រយៈពេល៤០ឆ្នាំក្រោយចាញ់ពួកបាប៊ីឡូន។ សៀវភៅប្រវត្ដិសាស្ត្រមិនរៀបរាប់អំពីគ្រាដែលស្រុកអេស៊ីបបានចោលស្ងាត់នោះទេ ប៉ុន្តែយើងទុកចិត្តថាមានគ្រានោះមែន ពីព្រោះព្រះយេហូវ៉ាតែងតែបំពេញទំនាយរបស់ទ្រង់។—អេសាយ ៥៥:១១
២៩:១៨—តើ«គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក»ដោយដូចម្ដេច? ពួកទ័ពរបស់នេប៊ូក្នេសាត្រូវធ្វើការនឿយហត់ក្នុងការឡោមព័ទ្ធទីក្រុងទីរ៉ុសដែលស្ថិតនៅឯដីគោក។ ពួកគេត្រូវលីសែងសម្ភារៈសំណង់ដើម្បីធ្វើប៉មនិងទំនប់ជុំវិញទីក្រុងនោះ ហើយនេះធ្វើឲ្យរបកស្បែកស្មា និងដោយសារពួកគេពាក់មួកសឹកពេលធ្វើការនោះ នេះនាំឲ្យតម្ពែកក្បាលផង។—អេសេគាល ២៦:៧-១២
មេរៀនសម្រាប់យើង:
២៩:១៩, ២០: ដោយសារពួកទីរ៉ុសបានគេចទៅនៅទីក្រុងដែលស្ថិតលើដីកោះ ហើយបានយកទ្រព្យសម្បត្ដិភាគច្រើនទៅជាមួយដែរ នោះស្តេចនេប៊ូក្នេសាមិនបានទទួលរបឹបច្រើនប៉ុន្មានពីទីក្រុងដែលស្ថិតនៅលើដីគោក។ ទោះជានេប៊ូក្នេសាជាអ្នកគ្រប់គ្រងដែលមានអំណួត គិតតែពីខ្លួនឯង ហើយថ្វាយបង្គំព្រះឯទៀតក្ដី ព្រះយេហូវ៉ាសងគុណគាត់ដោយប្រគល់ស្រុកអេស៊ីបឲ្យពួកបាប៊ីឡូន ទុកជា«បំណាច់ដល់ពួកកងទ័ពរបស់ខ្លួន» ពីព្រោះនេប៊ូក្នេសាបានសម្រេចការរបស់ព្រះយេហូវ៉ា។ យើងគួរយកតម្រាប់តាមព្រះយេហូវ៉ាដែលជាព្រះពិត ដោយបង់ពន្ធដារដល់រដ្ឋាភិបាលដែលរៀបចំសេវាកម្មផ្សេងៗឲ្យយើងដែរ មែនទេ? មិនថាពួករាជការប្រព្រឹត្តយ៉ាងណាក៏ដោយ ឬប្រើពន្ធនោះដោយរបៀបណាក្ដី យើងនៅតែមានកាតព្វកិច្ចចំពោះពួកគាត់នៅឡើយ។—រ៉ូម ១៣:៤-៧
៣៣:៧-៩: បងប្អូនដែលមិនទាន់ឡើងទៅស្ថានសួគ៌ជាក្រុមអ្នកចាំយាមនៅសម័យនេះ។ ពួកគាត់និងគូកនទាំងឡាយមិនគួរស្ទាក់ស្ទើរសោះ ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ និងការព្រមានមនុស្សអំពី«សេចក្ដីវេទនាជាខ្លាំង»ដែលជិតមកដល់។—ម៉ាថាយ ២៤:២១
៣៣:១០-២០: យើងអាចទទួលសេចក្ដីសង្គ្រោះបាន ឲ្យតែយើងបែរចេញពីការប្រព្រឹត្តអាក្រក់ ហើយធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា។ ផ្លូវរបស់ព្រះយេហូវ៉ាពិតជា«ស្មើ»មែន!
៣៦:២០, ២១: បណ្ដាជនអ៊ីស្រាអែលបានបង្អាប់ឈ្មោះរបស់ព្រះយេហូវ៉ានៅមុខជនជាតិឯទៀត ពីព្រោះមិនធ្វើតាមកេរ្ដិ៍ឈ្មោះរបស់ខ្លួនជា«ពួករបស់ព្រះយេហូវ៉ា»ទេ។ កុំឲ្យយើងក្លាយជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាតែសម្បកក្រៅប៉ុណ្ណោះឡើយ។
៣៦:២៥, ៣៧, ៣៨: ស្ថានភាពដែលអ្នកថ្វាយបង្គំពិតមានជាមួយគ្នានៅសព្វថ្ងៃនេះ ប្រៀបដូចជាសួនមនោរម ហើយពួកគេប្រៀបដូចជា«ហ្វូងចៀមដែលញែកជាបរិសុទ្ធ»ផងដែរ។ ហេតុនេះហើយបានជាយើងត្រូវតែខិតខំរក្សាឲ្យមានភាពស្អាតស្អំ។
៣៨:១-២៣: យើងគួរសប្បាយចិត្តថា ព្រះយេហូវ៉ានឹងប្រោសរាស្ត្រទ្រង់ឲ្យរួច ពេលកុកនៃស្រុកម៉ាកុកពាធាពួកគេ! «ចៅហ្វាយរបស់លោកីយនេះ» គឺសាតាំងដែលជាមេកំណាច បានទទួលឈ្មោះកុកនោះ ក្រោយវាបានបោះទម្លាក់ចេញពីស្ថានសួគ៌។ ស្រុកម៉ាកុកសំដៅទៅលើទីក្បែរៗផែនដី ដែលសាតាំងនិងទេវតាអាក្រក់របស់វាបានឃុំនៅសព្វថ្ងៃនេះ។—យ៉ូហាន ១២:៣១; វិវរណៈ ១២:៧-១២
«[ចូរ]យកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង»
ពេលអេសេគាលមានអាយុជិត៥០ឆ្នាំ ទីក្រុងយេរូសាឡិមបានបំផ្លាញចោលអស់១៤ឆ្នាំរួចទៅហើយ។ (អេសេគាល ៤០:១) បណ្ដាជនអ៊ីស្រាអែលត្រូវនៅស្រុកក្រៅ៥៦ឆ្នាំទៀត។ (យេរេមា ២៩:១០) តាមរយៈសុបិនមួយ គឺហាក់ដូចជាអេសេគាលបានទៅស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «កូនមនុស្សអើយ! ចូរពិនិត្យដោយភ្នែក ហើយស្ដាប់ដោយត្រចៀកចុះ! រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ដែលអញបង្ហាញដល់ឯង»។ (អេសេគាល ៤០:២-៤) ពេលអេសេគាលឃើញវិហារថ្មីក្នុងសុបិននោះ គាត់ច្បាស់ជាមានចិត្តរំភើបរីករាយណាស់!
វិហារដ៏ស្អាតរុងរឿងដែលអេសេគាលឃើញនោះ មានទ្វារកំពែង៦ បន្ទប់៣០ជាកន្លែងបរិភោគអាហារ ទីបរិសុទ្ធមួយ ទីបរិសុទ្ធបំផុត អាសនៈមួយធ្វើពីឈើ និងអាសនៈមួយសម្រាប់ថ្វាយតង្វាយដុត។ មានអ្វីដូចជាព្រែក«ចេញពី»វិហារ ដែលក្លាយទៅជាទន្លេវិញ។ (អេសេគាល ៤៧:១) ក្នុងសុបិនមួយទៀត អេសេគាលឃើញចំណែកដីដែលបានកំណត់ទុកសម្រាប់កុលសម្ព័ន្ធនីមួយៗ។ ដីនោះមានបណ្ដោយពីទិសខាងកើតទៅទិសខាងលិច។ នៅពាក់កណ្ដាលដីដែលកំណត់ឲ្យកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន មានដីសម្រាប់អ្នកចាត់ចែង។ «ទីបរិសុទ្ធរបស់ព្រះយេហូវ៉ា»និង«ទីក្រុង»ដែលមានឈ្មោះថា ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ ក៏ស្ថិតនៅទីនោះដែរ។—អេសេគាល ៤៨:៩, ១០, ១៥, ៣៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៤០:៣–៤៧:១២—តើវិហារដែលអេសេគាលយល់សប្ដិឃើញតំណាងអ្វី? វិហារធំមហិមាដែលអេសេគាលឃើញក្នុងសុបិននោះ មិនបានសង់ឡើងជាពិតទេ។ វិហារនោះតំណាងការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការថ្វាយបង្គំបរិសុទ្ធនាសម័យនេះ។ (អេសេគាល ៤០:២; មីកា ៤:១; ហេព្រើរ ៨:២; ៩:២៣, ២៤) សុបិនអំពីវិហារនោះនឹងមានការសម្រេច«ជាន់ក្រោយបង្អស់» កាលណាពួកសង្ឃត្រូវសំរងជាស្រេច។ គឺពេលនោះឯង ដែលមនុស្សសុចរិតអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការរៀបចំរបស់ព្រះយេហូវ៉ា។ (ធីម៉ូថេទី២ ៣:១; អេសេគាល ៤៤:១០-១៦; ម៉ាឡាគី ៣:១-៣) យ៉ាងណាក៏ដោយ នឹងមានការសម្រេចយ៉ាងពេញលេញនៅក្នុងសួនមនោរម។ វិហារដែលអេសេគាលយល់សប្ដិឃើញនោះ ធានាឲ្យបណ្ដាជនអ៊ីស្រាអែលដែលនៅស្រុកក្រៅថា ព្រះយេហូវ៉ានឹងស្ដារការថ្វាយបង្គំពិតឡើងវិញ ហើយក្រុមគ្រួសាររបស់ជនជាតិយូដានីមួយៗនឹងមានដីមួយចំណែកជាមត៌កផងដែរ។
៤០:៣–៤៣:១៧—តើការវាស់វិហារតំណាងអ្វី? ការវាស់វិហារសម្គាល់ថា គោលបំណងរបស់ព្រះយេហូវ៉ាចំពោះការថ្វាយបង្គំពិត នឹងសម្រេចជាមិនខាន។
៤៣:២-៤, ៧, ៩—តើ«សាកសពនៃស្តេចគេ»ដែលត្រូវដកចេញពីវិហារសំដៅទៅលើអ្វី? តាមមើលទៅ សាកសពទាំងនោះសំដៅទៅលើរូបព្រះ។ ស្តេចដែលគ្រប់គ្រងនៅទីក្រុងយេរូសាឡិម និងរាស្ត្រនៅទីនោះបានដាក់រូបព្រះក្នុងវិហាររបស់ព្រះយេហូវ៉ា ដែលនាំឲ្យមានភាពស្មោកគ្រោកទៅវិញ។ នេះគឺហាក់ដូចជាពួកគេបានគោរពរូបព្រះទាំងនោះជាស្តេចផង។
៤៣:១៣-២០—តើអាសនៈដែលអេសេគាលយល់សប្ដិឃើញតំណាងអ្វី? អាសនៈនោះតំណាងបំណងចិត្តរបស់ព្រះយេហូវ៉ាដែលទាក់ទងនឹងការបូជាលោះរបស់ព្រះយេស៊ូគ្រិស្ត។ ដោយផ្អែកលើការបូជាលោះនោះ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានរាប់ជាសុចរិត ហើយព្រះយេហូវ៉ាចាត់ទុក«មនុស្ស១ហ្វូងយ៉ាងធំ»ជាមនុស្សស្អាតស្អំនិងបរិសុទ្ធ។ (វិវរណៈ ៧:៩-១៤; រ៉ូម ៥:១, ២) ប្រហែលនេះជាមូលហេតុដែលវិហារក្នុងសុបិននោះ មិនមានអាងទឹកធំមួយដូចជា«សមុទ្រមានរាងមូល» ដូចមានក្នុងវិហារដែលសាឡូម៉ូនសាងសង់នៅសម័យដើម។ ពួកសង្ឃបានប្រើអាងទឹកនោះសម្រាប់ការលាងសម្អាត។—ពង្សាវតារក្សត្រទី១ ៧:២៣-២៦
៤៤:១០-១៦—តើក្រុមពួកសង្ឃតំណាងអ្នកណា? ក្រុមពួកសង្ឃតំណាងគ្រិស្តសាសនិកនាសម័យនេះ ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ នៅឆ្នាំ១៩១៨ ព្រះយេហូវ៉ាបានកែតម្រង់ពួកគាត់ឲ្យមានភាពស្អាតស្អំក្នុងការថ្វាយបង្គំទ្រង់ ហាក់ដូចជាទ្រង់ធ្វើការ«ដូចជាជាងសំរង»ក្នុងវិហារទ្រង់។ (ម៉ាឡាគី ៣:១-៥) បងប្អូនដែលប្រែចិត្តនិងមានភាពស្អាតស្អំ មានឯកសិទ្ធិធ្វើកិច្ចបម្រើព្រះតទៅទៀត។ បន្ទាប់មក ពួកគាត់ត្រូវតែព្យាយាមថែរក្សាខ្លួន«មិនឲ្យប្រឡាក់ដោយលោកីយនេះ» ហើយដូច្នេះពួកគាត់អាចតាំងគំរូល្អសម្រាប់«មនុស្ស១ហ្វូងយ៉ាងធំ» ដែលតំណាងដោយកុលសម្ព័ន្ធនានាដែលមិនមែនជាសង្ឃ។—យ៉ាកុប ១:២៧; វិវរណៈ ៧:៩, ១០
៤៥:១; ៤៧:១៣–៤៨:២៩—តើ«ស្រុក»នោះតំណាងអ្វី? តើការចែកដីក្នុងស្រុកនោះតំណាងអ្វី? ស្រុកនោះតំណាងកន្លែងដែលរាស្ត្ររបស់ព្រះយេហូវ៉ាធ្វើកិច្ចបម្រើទ្រង់ ទោះជានៅទីណាក៏ដោយ។ មិនថាអ្នកថ្វាយបង្គំព្រះយេហូវ៉ារស់នៅទីណាក្ដី ពួកគេស្ថិតក្នុងស្រុកដែលបានស្ដារឡើងវិញ ឲ្យតែកាន់ជំហរខាងការថ្វាយបង្គំពិតរហូត។ ការចែកដីក្នុងស្រុកនោះនឹងមានការសម្រេចចុងក្រោយបំផុតក្នុងពិភពលោកថ្មី ពេលដែលមនុស្សស្មោះត្រង់ម្នាក់ៗទទួលដីជាមត៌ក។—អេសាយ ៦៥:១៧, ២១
៤៥:៧, ១៦—តើការថ្វាយតង្វាយមួយចំណែកចំពោះពួកសង្ឃនិងចៅហ្វាយតំណាងអ្វី? បើគិតពីវិហារដែលតំណាងការថ្វាយបង្គំពិត តង្វាយទាំងនេះច្រើនតែសំដៅទៅលើចិត្តគំនិតដែលចង់ជួយសហការគ្នា។
៤៧:១-៥—តើទឹកទន្លេដែលអេសេគាលយល់សប្ដិឃើញតំណាងអ្វី? ទឹកនោះតំណាងអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានរៀបចំដើម្បីបណ្ដាលឲ្យយើងមានជីវិត។ នេះក៏រួមបញ្ចូលការបូជាលោះរបស់ព្រះយេស៊ូគ្រិស្ត និងចំណេះអំពីព្រះយេហូវ៉ាដែលយើងរកឃើញក្នុងគម្ពីរ។ (យេរេមា ២:១៣; យ៉ូហាន ៤:៧-២៦; អេភេសូរ ៥:២៥-២៧) ទន្លេនោះមានជម្រៅកាន់តែជ្រៅឡើងៗក្នុងន័យថា ការថ្វាយបង្គំពិតចេះតែរីកកើនឡើងដោយព្រោះមានមនុស្សថ្មីចូលរួមជានិច្ច។ (អេសាយ ៦០:២២) ក្នុងន័យធៀប ទឹកក្នុងទន្លេនោះនឹងមានឥទ្ធិពលខ្លាំងបំផុតក្នុងអំឡុង១.០០០ឆ្នាំដែលព្រះយេស៊ូគ្រប់គ្រង។ នៅគ្រានោះ ទឹកតំណាងការយល់ដឹងច្រើនថែមទៀតដែលមនុស្សអាចទទួលពី«បញ្ជី»ដែលនឹងបើកឡើង។—វិវរណៈ ២០:១២; ២២:១, ២
៤៧:១២—តើដើមឈើដែលមានផលផ្លែតំណាងអ្វី? ដើមឈើទាំងនោះតំណាងអ្វីៗដែលព្រះយេហូវ៉ារៀបចំ ដើម្បីប្រោសមនុស្សឲ្យមានភាពល្អឥតខ្ចោះឡើងវិញ។
៤៨:១៥-១៩, ៣០-៣៥—តើទីក្រុងក្នុងសុបិនរបស់អេសេគាលតំណាងអ្វី? ទីក្រុងដែលមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ» ស្ថិតនៅនាដី«ទំនេរ[ឬ«សាមញ្ញធម្មតា», ខ.ស.]»។ នេះបង្ហើបឲ្យដឹងថា ទីក្រុងនោះសំដៅទៅលើអ្វីដែលនៅផែនដី។ តាមមើលទៅ ទីក្រុងនោះតំណាងពួកអ្នកនៅផែនដីដែលចាត់ចែងការដើម្បីផ្ដល់ប្រយោជន៍ឲ្យពួកអ្នកដែលនឹងរួមគ្នាជា«ផែនដីថ្មី»។ (ពេត្រុសទី២ ៣:១៣) ទ្វារនៅទិសទាំងបួនបង្ហាញថា ទីក្រុងនោះស្រួលចេញចូល។ ដូច្នេះ ពួកអ្នកដែលត្រួតត្រាលើរាស្ត្ររបស់ព្រះយេហូវ៉ា ត្រូវតែមានលក្ខណៈស្រួលទាក់ទង។
មេរៀនសម្រាប់យើង:
៤០:១៤, ១៦, ២២, ២៦: ក្បាច់ដើមលម៉ើនៅឯច្រកចូលវិហារបង្ហាញថា មានតែមនុស្សដែលប្រព្រឹត្តតាមខ្នាតតម្រាសីលធម៌ដែលអាចចូលបាន។ (ទំនុកដំកើង ៩២:១២) នេះបង្រៀនថា ព្រះយេហូវ៉ាព្រមទទួលការថ្វាយបង្គំពីយើង ឲ្យតែយើងជាមនុស្សទៀងត្រង់។
៤៤:២៣: ដោយសារបងប្អូនមួយក្រុមនៅសព្វថ្ងៃនេះធ្វើកិច្ចការប្រហាក់ប្រហែលនឹងពួកសង្ឃពីបុរាណ យើងគួរដឹងគុណចំពោះព្រះយេហូវ៉ាណាស់! ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›តែងតែនាំមុខក្នុងការផ្ដល់ចំណេះដឹងដែលប្រៀបដូចជាអាហារ ដែលជួយយើងឲ្យយល់ទស្សនៈរបស់ព្រះយេហូវ៉ា ស្តីអំពីអ្វីដែលស្អាតស្អំហើយអ្វីដែលមិនស្អាតស្អំផង។—ម៉ាថាយ ២៤:៤៥
៤៧:៩, ១១: ចំណេះជាផ្នែកសំខាន់មួយនៃអ្វីដែលតំណាងដោយទឹកនោះ។ នៅសម័យយើង ចំណេះនេះបានជួយឲ្យមនុស្សទៅជាល្អដែរ។ មិនថាមនុស្សនៅឯណាក៏ដោយ ទទួលចំណេះដែលតំណាងដោយទឹកនោះ ពួកគេរស់ឡើងវិញក្នុងន័យថា មានចំណងមិត្តភាពជាមួយនឹងព្រះម្ដងទៀត។ (យ៉ូហាន ១៧:៣) ផ្ទុយទៅវិញ មនុស្សដែលមិនព្រមទទួលចំណេះដែលប្រៀបដូចជាទឹកដែលអាចនាំឲ្យបានជីវិត នោះនឹង«ទុកសំរាប់ធ្វើអំបិលវិញ» ដែលមានន័យថា ត្រូវវិនាសទៅជារៀងរហូត។ ដូច្នេះ ជាការសំខាន់ណាស់ ឲ្យយើង‹ខំប្រឹងកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ›។—ធីម៉ូថេទី២ ២:១៥
«អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ . . . ចេញជាបរិសុទ្ធ»
ក្រោយព្រះយេហូវ៉ាបានដកអំណាចចេញពីស្តេចចុងក្រោយនៃពូជដាវីឌ ទ្រង់បានអនុញ្ញាតឲ្យមានពេលវេលាយ៉ាងយូរកន្លងផុតទៅ មុនអ្នក«ដែលមានច្បាប់ទទួល»អំណាចគ្រប់គ្រងបានមកដល់។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនបានលះចោលកិច្ចសន្យាដែលទ្រង់មានជាមួយដាវីឌ។ (អេសេគាល ២១:២៧; សាំយូអែលទី២ ៧:១១-១៦) បទទំនាយរបស់អេសេគាលសំដៅទៅលើ«ដាវីឌ ជាអ្នកបំរើរបស់[ព្រះ]» ដែលនឹងក្លាយទៅជា«អ្នកគង្វាល»និង«ស្តេច»ផង។ (អេសេគាល ៣៤:២៣, ២៤; ៣៧:២២, ២៤, ២៥) ព្រះយេស៊ូគ្រិស្តជាអ្នកគង្វាលនិងស្តេចនោះ ពេលដែលទ្រង់មានអំណាចក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា។ (វិវរណៈ ១១:១៥) ព្រះយេហូវ៉ានឹង«ញែកឈ្មោះដ៏ជាធំរបស់[ទ្រង់]ចេញជាបរិសុទ្ធ» តាមរយៈរាជាណាចក្រនោះក្រោមអំណាចនៃព្រះមេស្ស៊ី។—អេសេគាល ៣៦:២៣
មិនយូរប៉ុន្មានទៀត ពួកអ្នកដែលបង្អាប់ឈ្មោះរបស់ព្រះយេហូវ៉ានឹងវិនាសទៅទាំងអស់គ្នា។ ប៉ុន្តែ អស់អ្នកដែលលើកតម្កើងឈ្មោះរបស់ព្រះយេហូវ៉ាជាអ្វីដែលបរិសុទ្ធ ដោយថ្វាយបង្គំទ្រង់តាមបំណងចិត្តទ្រង់ ពួកគេនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ បើដូច្នេះ ចូរឲ្យយើងក្រេបយកចំណេះពិតដែលមានច្រើនហូរហៀរ តំណាងដោយទឹកដែលនាំឲ្យបានជីវិត ហើយទុកការថ្វាយបង្គំជាអ្វីដែលមានអាទិភាពក្នុងជីវិតយើង។
[កំណត់សម្គាល់]
a បើចង់មើលអត្ថបទដែលបកស្រាយអំពីសៀវភៅអេសេគាល ១:១–២៤:២៧ សូមមើល«គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីមួយ» ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៧។