បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៦ ទំ. ១៣-១៨
  • «ព្រះវិហារ»និង«ចៅហ្វាយ»សព្វថ្ងៃនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះវិហារ»និង«ចៅហ្វាយ»សព្វថ្ងៃនេះ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​វិហារ​និង​អ្នក
  • គណៈ​ពួក​សង្ឃ​ដ៏​ស្មោះ​ត្រង់
  • ចៅហ្វាយ—តើ​គាត់​ជា​អ្នក​ណា​គេ?
  • ស្រុក​នៃ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «នេះហើយជាច្បាប់វិហារ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៦ ទំ. ១៣-១៨

«ព្រះ​វិហារ»និង«ចៅហ្វាយ»សព្វ​ថ្ងៃ​នេះ

«ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា​ដែរ»។—អេសេគាល ៤៦:១០

១, ២. តើ​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី ដែល​ជួយ​យើង​ឲ្យ​បក​ស្រាយ​បាន​ច្រើន​នូវ​អត្ថន័យ​នៃ​ចក្ខុនិមិត្ត អំពី​ព្រះ​វិហារ​របស់​អេសេគាល?

ពួក​រ៉ាប៊ី​ខ្លះ​ៗ​ពី​បុរាណ គឺ​មិន​បាន​ពេញ​ចិត្ត​ទាំង​ស្រុង​នឹង​សៀវភៅ​អេសេគាល​នោះ​ទេ។ យោង​ទៅ​តាម​គម្ពីរ​ថែលមូដ ពួក​គេ​ខ្លះ​ព្រម​ទាំង​បាន​គិត​ចង់​កំចាត់​សៀវភៅ​នេះ​ចេញ​ពី​ព្រះ​គម្ពីរ​បរិសុទ្ធ​ផង។ ពួក​គេ​មាន​ការ​ពិបាក​បក​ស្រាយ​នឹង​ចក្ខុនិមិត្ត​ស្តី​ពី​ព្រះ​វិហារ ហើយ​បាន​ចាត់​ទុក​ថា នេះ​គឺ​ហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស។ ពួក​វិជ្ជាករ​ឯ​ទៀត​ខាង​ព្រះ​គម្ពីរ​បាន​ត្រូវ​ឡប់​គំនិត​ដោយ​ចក្ខុនិមិត្ត​របស់​អេសេគាល​ស្តី​អំពី​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ តើ​យើង​វិញ​យ៉ាង​ណា​ដែរ?

២ តាំង​ពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពរ​ដល់​រាស្ត្រ​ទ្រង់ ឲ្យ​មាន​ការ​យោគ​យល់​ខាង​វិញ្ញាណ​ជា​ច្រើន។ នេះ​រួម​បញ្ចូល​ការ​យោគ​យល់​អំពី​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​ជា​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា សំរាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ ដែល​មាន​សណ្ឋាន​ដូច​ព្រះ​វិហារ។a សេចក្ដី​ពិត​ដ៏​សំខាន់​នេះ​អំពី​ព្រះ​វិហារ​ខាង​វិញ្ញាណ ក៏​ជួយ​ឲ្យ​យើង​បក​ស្រាយ​នូវ​អត្ថន័យ​ជា​ច្រើន នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ទៀត​នូវ​លក្ខណៈ​បួន​ផ្នែក​នៃ​ចក្ខុនិមិត្ត​នេះ ដែល​ជា​ព្រះ​វិហារ គណៈ​ពួក​សង្ឃ ចៅហ្វាយ និង​ដី​ស្រុក។ តើ​របស់​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

ព្រះ​វិហារ​និង​អ្នក

៣. តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ពិតាន​ដ៏​ខ្ពស់ និង​ក្បាច់​ចម្លាក់​នៅ​លើ​ជញ្ជាំង​តាម​ច្រក​ចូល​ទៅ​ព្រះ​វិហារ​នោះ?

៣ ចូរ​នឹក​គិត​ថា យើង​ដើរ​មើល​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​នេះ។ យើង​ចូល​ទៅ​ជិត ហើយ​ឡើង​ជណ្ដើរ​ប្រាំ​ពីរ​កាំ​ដែល​នាំ​ទៅ​ដល់​ខ្លោង​ទ្វារ​ដ៏​ធំ​មួយ។ នៅ​ខាង​ក្នុង​ផ្លូវ​ចូល​នេះ យើង​សម្លឹង​មើល​ដោយ​ចិត្ត​ស្ញប់​ស្ញែង។ ពិដាន​របស់​ព្រះ​វិហារ​នេះ​គឺ​មាន​កំពស់​ជាង​៣០​ម៉ែត្រ! ដូច្នេះ យើង​បាន​ត្រូវ​រំឭក​ថា ខ្នាត​តម្រា​ដើម្បី​ឲ្យ​ចូល​រួម​នឹង​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ការ​ថ្វាយ​បង្គំ គឺ​ខ្ពង់​ខ្ពស់​មែន។ កាំ​ពន្លឺ​ពី​បង្អួច​ធ្វើ​ឲ្យ​ភ្លឺ​ដល់​ជញ្ជាំង​ដែល​បាន​ឆ្លាក់​ពី​ដើម​លម៉ើ ដែល​បាន​ត្រូវ​ប្រើ​នៅ​ក្នុង​បទ​គម្ពីរ ដើម្បី​តំណាង​សេចក្ដី​ទៀង​ត្រង់។ (ទំនុកដំកើង ៩២:១២; អេសេគាល ៤០:១៤, ១៦, ២២) ទី​កន្លែង​ពិសិដ្ឋ​នេះ គឺ​សំរាប់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ។ ដោយ​ស្រប​នឹង​រឿង​នេះ នោះ​យើង​ចង់​រក្សា​ឲ្យ​មាន​ចិត្ត​ទៀង​ត្រង់ ដើម្បី​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​យើង គឺ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១១:៧

៤. តើ​អ្នក​ណា​ដែល​មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ព្រះ​វិហារ ហើយ​តើ​នេះ​បង្រៀន​យើង​អំពី​អ្វី?

៤ តាម​ច្រក​ដើរ​ទៅ​មក​ទាំង​សង​ខាង នោះ​មាន​បន្ទប់​យាម​បី។ តើ​អ្នក​យាម​នឹង​ឲ្យ​យើង​ចូល​ព្រះ​វិហារ​ឬ​ទេ? ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អេសេគាល​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ដែល«មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត»ចូល​បាន​ឡើយ។ (អេសេគាល ៤០:១០; ៤៤:៩) តើ​នេះ​មាន​សេចក្ដី​យ៉ាង​ដូចម្ដេច? ព្រះ​ទ្រង់​ទទួល​ស្គាល់​ជា​ពួក​អ្នក​ថ្វាយ​បង្គំ គឺ​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់ ហើយ​រស់​នៅ​សម​ស្រប​តាម​ក្រិត្យ​វិន័យ​ទាំង​នោះ។ (យេរេមា ៤:៤; រ៉ូម ២:២៩) ទ្រង់​ទទួល​ស្វាគមន៍​បុគ្គល​បែប​នេះ​ឲ្យ​ចូល​ត្រសាល​ខាង​វិញ្ញាណ​របស់​ទ្រង់ គឺ​ដំណាក់​របស់​ទ្រង់​ខាង​ការ​ថ្វាយ​បង្គំ។ (ទំនុកដំកើង ១៥:១​-​៥) តាំង​ពី​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៩១៩ នោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​បាន​តម្កើង ហើយ​បន្ដិច​ម្ដង​ៗ បាន​ពន្យល់​យ៉ាង​ច្បាស់​លាស់​អំពី​ក្រិត្យ​វិន័យ​ខាង​សីលធម៌​របស់​ទ្រង់។ អស់​អ្នក​ដែល​បដិសេធ​ដោយ​ចេតនា និង​មិន​គោរព​តាម នោះ​នឹង​លែង​មាន​ការ​ស្វាគមន៍​ចូល​រួម​ជា​មួយ​រាស្ត្រ​ទ្រង់​ទៀត​ឡើយ។ សព្វ​ថ្ងៃ​នេះ ការ​ប្រព្រឹត្ត​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ អំពី​ការ​បណ្ដាច់​មិត្តភាព​ជា​មួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ឥត​ប្រែ​ចិត្ត នោះ​បាន​ប្រើ​ដើម្បី​រក្សា​ការ​ថ្វាយ​បង្គំ​របស់​យើង ឲ្យ​បាន​ស្អាត​ស្អំ​និង​បរិសុទ្ធ។—កូរិនថូស​ទី​១ ៥:១៣

៥. (ក) តើ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ណា រវាង​ចក្ខុនិមិត្ត​របស់​អេសេគាល​និង​ចក្ខុនិមិត្ត​របស់​យ៉ូហាន​ដែល​បាន​កត់​ទុក​នៅ​ក្នុង​វិវរណៈ ៧:៩​-​១៥​នោះ? (ខ) នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​តើ​អ្នក​ណា​ដែល​បាន​ត្រូវ​តំណាង​ដោយ​កុលសម្ព័ន្ធ​១២ ដែល​កំពុង​ថ្វាយ​បង្គំ​នៅ​ទី​លាន​ខាង​ក្រៅ​នោះ?

៥ ច្រក​ដើរ​ទៅ​មក​គឺ​បើក​ចេញ​ចូល​ទៅ​ទី​ធ្លា​ខាង​ក្រៅ ជា​ទី​កន្លែង​ដែល​បណ្ដា​ជន​ថ្វាយ​បង្គំ​និង​សរសើរ​ព្រះ​យេហូវ៉ា។ នេះ​រំឭក​យើង​ពី​ចក្ខុនិមិត្ត​របស់​សាវ័ក​យ៉ូហាន​អំពី«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា«នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»។ ដើម​លម៉ើ​បាន​ត្រូវ​ពណ៌នា​នៅ​ក្នុង​ចក្ខុនិមិត្ត​ទាំង​ពីរ។ នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​ក៏​មាន​ជា​ក្បាច់​ក្បូរ​លើ​ជញ្ជាំង​ច្រក​ចូល។ នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​យ៉ូហាន​នោះ​ពួក​អ្នក​ថ្វាយ​បង្គំ​មាន​ធាង​ចាក​នៅ​នឹង​ដៃ​របស់​គេ ដែល​តំណាង​អំណរ​របស់​គេ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា និង​ការ​ទទួល​ស្វាគមន៍​ព្រះ​យេស៊ូ ជា​ស្តេច​របស់​គេ។ (វិវរណៈ ៧:៩​-​១៥) នៅ​ក្នុង​បរិបទ​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​នោះ​កុលសម្ព័ន្ធ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ គឺ​តំណាង«ចៀម​ឯ​ទៀត»។ (យ៉ូហាន ១០:១៦; ប្រៀប​មើល លូកា ២២:២៨​-​៣០) តើ​អ្នក​ជា​បុគ្គល​ម្នាក់ ដែល​មាន​អំណរ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា ដោយ​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ដែរ​ឬ​ទេ?

៦. តើ​ការ​មាន​បន្ទប់​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​មាន​គោល​បំណង​យ៉ាង​ណា ហើយ​តើ​នេះ​អាច​រំឭក​អស់​អ្នក​ដែល​ជា​ចៀម​ឯ​ទៀត​នោះ​ពី​ឯកសិទ្ធិ​អ្វី?

៦ កាល​ដែល​យើង​ដើរ​មើល​ទី​លាន​ខាង​ក្រៅ នោះ​យើង​ឃើញ​៣០​បន្ទប់​សំរាប់​ទទួល​ទាន​អាហារ ជា​កន្លែង​ដែល​បណ្ដា​ជន​ទាំង​ឡាយ​ទទួល​ទាន​តង្វាយ​ដ៏​ស្ម័គ្រ​ចិត្ត​របស់​គេ។ (អេសេគាល ៤០:១៧) សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​ជា​ចៀម​ឯ​ទៀត មិន​ថ្វាយ​តង្វាយ​សត្វ​ទេ ប៉ុន្តែ ពួក​គេ​មិន​មក​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដោយ​ដៃ​ទទេ​ឡើយ។ (ប្រៀប​មើល និក្ខមនំ ២៣:១៥) សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ​សារ​ទ្រង់[ព្រះ​យេស៊ូ] ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ»។ (ហេព្រើរ ១៣:១៥, ១៦; ហូសេ ១៤:២) គឺ​ជា​ឯកសិទ្ធិ​ប្រសើរ​លើស​លុប​មែន ក្នុង​ការ​ថ្វាយ​តង្វាយ​បែប​នេះ​ឲ្យ​ព្រះ​យេហូវ៉ា​នោះ។—សុភាសិត ៣:៩, ២៧

៧. តើ​ការ​វាស់​ព្រះ​វិហារ​ធានា​រ៉ាប់​រង​យើង​អំពី​អ្វី?

៧ អេសេគាល​មើល​ឃើញ​ទេវតា​មួយ​អង្គ​វាស់​ព្រះ​វិហារ​នៅ​ក្នុង​ចក្ខុនិមិត្ត​នេះ។ (អេសេគាល ៤០:៣) ស្រដៀង​គ្នា​ដែរ សាវ័ក​យ៉ូហាន​បាន​ត្រូវ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះ​វិហារ​នៃ​ព្រះ នឹង​អាស​នា ហើយ​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​ព្រះ​វិហារ​ផង»។ (វិវរណៈ ១១:១) តើ​ការ​វាស់​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ​ច្បាស់​ជា​បាន​ទុក​ជា​ការ​ធានា​រ៉ាប់​រង ជា​សញ្ញា​មួយ​ដែល​ថា គ្មាន​អ្វី​មួយ​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​ពី​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់ ដែល​ស្តី​អំពី​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នោះ​ឡើយ។ យ៉ាង​ដូច្នេះ​ដែរ សព្វ​ថ្ងៃ​នេះ​យើង​បាន​ត្រូវ​ធានា​រ៉ាប់​រង​ថា គ្មាន​អ្វី​មួយ សូម្បី​តែ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ដែល​មាន​អំណាច​ក៏​ដោយ ក៏​មិន​អាច​បញ្ឈប់​ការ​ស្ដារ​ឡើង​វិញ​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើយ។

៨. តើ​អ្នក​ណា​ដែល​ចូល​ខ្លោង​ទ្វារ​ទៅ​ទី​លាន​ខាង​ក្នុង ហើយ​តើ​ខ្លោង​ទ្វារ​ទាំង​នេះ​រំឭក​យើង​អំពី​អ្វី?

៨ កាល​ដែល​យើង​ដើរ​កាត់​ទី​លាន​ខាង​ក្រៅ នោះ​យើង​ឃើញ​ថា មាន​ខ្លោង​ទ្វារ​បី​ដែល​នាំ​ទៅ​ឯ​ទី​លាន​ខាង​ក្នុង។ ខ្លោង​ទ្វារ​ខាង​ក្នុង​មាន​ជួរ​និង​មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ខាង​ក្រៅ​ដែរ។ (អេសេគាល ៤០:៦, ២០, ២៣, ២៤, ២៧) មាន​តែ​ពួក​សង្ឃ​ទេ​ដែល​អាច​ចូល​ទៅ​ទី​លាន​ខាង​ក្នុង​នោះ​បាន។ ខ្លោង​ទ្វារ​ខាង​ក្នុង​រំឭក​យើង​ថា កាល​ដែល​ពួក​ចាក់​ប្រេង​តាំង​ត្រូវ​តែ អនុលោម​តាម​ខ្នាត​តម្រា​និង​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​ខ្នាត​តម្រា​និង​ក្រិត្យ​វិន័យ​ដូច​គ្នា ក៏​ណែនាំ​ពួក​គ្រីស្ទាន​ពិត​ទាំង​អស់​ដែរ។ ប៉ុន្តែ​តើ​ពួក​សង្ឃ​មាន​មុខ​ងារ​យ៉ាង​ណា ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

គណៈ​ពួក​សង្ឃ​ដ៏​ស្មោះ​ត្រង់

៩, ១០. តើ«ពួក​សង្ឃ​ហ្លួង»បាន​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ ដូច​បាន​តំណាង​ដោយ​ក្រុម​ពួក​សង្ឃ​នៅ​ក្នុង​ចក្ខុនិមិត្ត​អេសេគាល​ដែរ​ឬ​ទេ›?

៩ មុន​សម័យ​គ្រីស្ទាន ពួក​សង្ឃ​មាន​កិច្ច​ការ​ដ៏​ពិបាក​នៅ​ឯ​ព្រះ​វិហារ។ ការ​សម្លាប់​សត្វ​សំរាប់​ជា​តង្វាយ ការ​ថ្វាយ​សត្វ​នោះ​នៅ​លើ​អាសនៈ ហើយ​ការ​បំរើ​ពួក​សង្ឃ​ឯ​ទៀត ព្រម​ទាំង​បណ្ដា​ជន​ទាំង​ឡាយ គឺ​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ​មែន។ ប៉ុន្តែ ពួកគេ​មាន​កិច្ច​ការ​ដ៏​សំខាន់​ឯ​ទៀត​ដែរ។ ស្តី​អំពី​ពួក​សង្ឃ នោះ​ព្រះ​យេហូវ៉ា​បាន​បញ្ជា​ថា៖ «គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ នឹង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត នឹង​របស់​ដែល​មិន​ស្អាត»។—អេសេគាល ៤៤:២៣; ម៉ាឡាគី ២:៧

១០ តើ​អ្នក​មាន​ចិត្ត​អបអរ​ចំពោះ​ការ​ខំ​ប្រឹង​និង​កិច្ច​បំរើ​ដ៏​រាប​ទាប ដែល​ពួក​ចាក់​ប្រេង​តាំង​ជា​គណៈ​និង​ជា«ពួក​សង្ឃ​ហ្លួង» បាន​ធ្វើ​ប្រយោជន៍​ឲ្យ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឬ​ទេ? (ពេត្រុស​ទី​១ ២:៩) ដូច​ពួក​សង្ឃ​លេវី​នៅ​ពី​ដើម នោះ​គេ​បាន​នាំ​មុខ​ក្នុង​ការ​បង្រៀន​ខាង​វិញ្ញាណ ដោយ​ជួយ​មនុស្ស​ឲ្យ​យល់​នូវ​អ្វី​ដែល​ស្អាត​និង​ដែល​គាប់​ព្រះ​ទ័យ​របស់​ព្រះ ហើយ​អំពី​អ្វី​ដែល​ឥត​ស្អាត​នោះ។ (ម៉ាថាយ ២៤:៤៥) ការ​បង្ហាត់​បង្រៀន​បែប​នេះ ពី​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ និង​ពី​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​មហា​សន្និបាត បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ។—កូរិនថូស​ទី​២ ៥:២០

១១. (ក) តើ​តាម​របៀប​ណា​ដែល​ចក្ខុនិមិត្ត​របស់​អេសេគាល​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​ស្អាត​ស្អំ​ចំពោះ​ពួក​សង្ឃ​នោះ? (ខ) នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ តើ​ពួក​ចាក់​ប្រេង​តាំង​បាន​ត្រូវ​សំអាត​ក្នុង​ន័យ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១១ ក៏​ប៉ុន្តែ ពួក​សង្ឃ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្រើន​ទៀត មិន​គ្រាន់​តែ​បង្រៀន​មនុស្ស​ឲ្យ​បាន​ស្អាត​ស្អំ​នោះ​ទេ នោះ​ពួក​គេ​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ដែរ។ ដូច្នេះ អេសេគាល​បាន​ឃើញ​ទុក​ជា​មុន​នូវ​ដំណើរ​សំរង សំរាប់​គណៈ​ពួក​សង្ឃ​នៃ​សាសន៍​អ៊ីស្រាអែល។ (អេសេគាល ៤៤:១០​-​១៦) ស្រដៀង​គ្នា​ដែរ ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​១៩១៨ ព្រះ​យេហូវ៉ា​បាន​គង់​ធ្វើ​ជា«ជាង​សំរង»នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់ ដោយ​ពិនិត្យ​មើល​ក្រុម​ពួក​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង។ (ម៉ាឡាគី ៣:១​-​៥) អស់​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​វិញ្ញាណ ឬ​ដែល​បាន​ប្រែ​ចិត្ត​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​កាល​មុន នោះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​មាន​ឯកសិទ្ធិ​ក្នុង​កិច្ច​បំរើ​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ។ ក៏​ប៉ុន្តែ ដូច​មនុស្ស​គ្រប់​គ្នា​ដែរ ពួក​ចាក់​ប្រេង​តាំង​ម្នាក់​ៗ​ក៏​អាច​ទៅ​ជា​ឥត​ស្អាត​ស្អំ ខាង​វិញ្ញាណ​និង​ខាង​សីលធម៌​ដែរ។ (អេសេគាល ៤៤:២២, ២៥​-​២៧) ពួក​គេ​ត្រូវ​តែ​ខំ​ប្រឹង ដើម្បី​រក្សា​ខ្លួន«មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។—យ៉ាកុប ១:២៧; ប្រៀប​មើល ម៉ាកុស ៧:២០​-​២៣

១២. ហេតុ​អ្វី​ក៏​យើង​ត្រូវ​មាន​ចិត្ត​អបអរ​ចំពោះ​កិច្ច​ការ​នៃ​ពួក​ចាក់​ប្រេង​តាំង?

១២ យើង​ម្នាក់​ៗ​ប្រហែល​សួរ​ថា៖ ‹តើ​ខ្ញុំ​មាន​ចិត្ត​អបអរ​នឹង​គំរូ​ដែល​ពួក​ចាក់​ប្រេង​តាំង​បាន​ទុក ក្នុង​កិច្ច​បំរើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​ឆ្នាំ​របស់​គេ​ឬ​ទេ? តើ​ខ្ញុំ​យក​តម្រាប់​តាម​ជំនឿ​របស់​គេ​ឬ​ទេ›? គឺ​ជា​ការ​ល្អ​ចំពោះ​អស់​អ្នក​ដែល​រួម​ចំណែក​ពួក​ហ្វូង​ធំ​ឲ្យ​ចាំ​ថា ពួក​ចាក់​ប្រេង​តាំង​នឹង​មិន​នៅ​ជា​មួយ​គេ​នៅ​លើ​ផែនដី​ជា​និច្ច​នោះ​ទេ។ ស្តី​អំពី​ពួក​សង្ឃ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​នោះ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ្ដិ៍​អាករ[ចំណែក​ដី] នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ ដ្បិត​អញ​ជា​កេរ្ដិ៍​អាករ​របស់​គេ​ហើយ»។ (អេសេគាល ៤៤:២៨) ស្រដៀង​គ្នា​ដែរ ពួក​អ្នក​ចាក់​ប្រេង​តាំង​ឥត​មាន​កន្លែង​នៅ​លើ​ផែនដី​នេះ​ជា​រៀង​រហូត​នោះ​ទេ។ ពួក​គេ​មាន​មរតក​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​អស់​អ្នក​នៃ​ពួក​ហ្វូង​ធំ​ចាត់​ទុក​ថា នេះ​ជា​ឯកសិទ្ធិ​មែន​ក្នុង​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពួក​គេ កាល​ដែល​ពួក​គេ​នៅ​លើ​ផែនដី​នៅ​ឡើយ។—ម៉ាថាយ ២៥:៣៤​-​៤០; ពេត្រុស​ទី​១ ១:៣, ៤

ចៅហ្វាយ—តើ​គាត់​ជា​អ្នក​ណា​គេ?

១៣, ១៤. (ក) ហេតុ​អ្វី​ក៏​ចៅហ្វាយ​ត្រូវ​តែ​រួម​ចំណែក​ចៀម​ឯ​ទៀត? (ខ) តើ​ចៅហ្វាយ​តំណាង​អ្នក​ណា​គេ?

១៣ ឥឡូវ​នេះ​គឺ​មាន​សំនួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ ដូច្នេះ តើចៅហ្វាយ​តំណាង​អ្នក​ណា​គេ? ដោយ​ព្រោះ​គាត់​បាន​ត្រូវ​ហៅ​ជា​បុគ្គល​ម្នាក់ និង​ជា​ក្រុម​មួយ​ផង​នោះ យើង​ប្រហែល​ជា​ស​ន្ម​ត់​ថា គាត់​តំណាង​ពួក​បុរស​មួយ​ក្រុម​ហើយ។ (អេសេគាល ៤៤:៣; ៤៥:៨, ៩) ប៉ុន្តែ​តើ​អ្នក​ណា​ទៅ? ប្រាកដ​ជា​មិន​មែន​តំណាង​ពួក​ចាក់​ប្រេង​តាំង​នោះ​ទេ។ នៅ​ក្នុង​ចក្ខុនិមិត្ត គាត់​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​ពួក​សង្ឃ ប៉ុន្តែ​គាត់​មិន​មែន​ជា​សង្ឃ​ម្នាក់​នោះ​ទេ។ មិន​ដូច​ក្រុម​ពួក​សង្ឃ គាត់​បាន​ត្រូវ​ទទួល​មរតក​នៅ​ក្នុង​ស្រុក ដូច្នេះ​ហើយ​គឺ​មាន​អនាគត​នៅ​លើ​ផែនដី មិន​មែន​នៅ​លើ​ស្ថាន​សួគ៌​ទេ។ (អេសេគាល ៤៨:២១) ម្យ៉ាង​វិញ​ទៀត អេសេគាល ៤៦:១០ ចែង​ថា៖ «ហើយ​កាល​ណា​គេ[កុលសម្ព័ន្ធ​ដែល​មិន​ខាង​សង្ឃ]ចូល​ទៅ [ទី​លាន​ខាង​ក្រៅ​នៃ​ព្រះ​វិហារ] នោះ​ចៅហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា​ដែរ»។ គាត់​មិន​ចូល​ទី​លាន​ខាង​ក្នុង​ទេ ប៉ុន្តែ​គាត់​ក៏​ថ្វាយ​បង្គំ​នៅ​ឯ​ទី​លាន​ខាង​ក្រៅ ដោយ​ចូល​ហើយ​ចេញ​ពី​ព្រះ​វិហារ​ជា​មួយ​បណ្ដា​ជន​ទាំង​ឡាយ។ កត្ដា​ទាំង​នេះ​ក៏​បាន​ទុក​យ៉ាង​ច្បាស់​ថា ចៅហ្វាយ​គឺ​នៅ​ក្នុង​ចំណោម​ពួក​ហ្វូង​ធំ​នៃ​ចៀម​ឯ​ទៀត។

១៤ យ៉ាង​ច្បាស់​ណាស់ ចៅហ្វាយ​គឺ​មាន​ភារកិច្ច​ខ្លះ​ៗ​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ នៅ​ក្នុង​ទី​លាន​ខាង​ក្រៅ នោះ​គាត់​អង្គុយ​នៅ​ឯ​កន្លែង​ទី​នាំង​ជាប់​នឹង​ខ្លោង​ទ្វារ​នៃ​ទិស​ខាង​កើត។ (អេសេគាល ៤៤:២, ៣) នេះ​នឹង​បង្ហាញ​អំពី​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ ដែល​ដូច​នឹង​ឋានៈ​នៃ​ពួក​ចាស់​ទុំ​នៅ​ក្នុង​អ៊ីស្រាអែល ដែល​បាន​អង្គុយ​នៅ​ឯ​ទ្វារ​ក្រុង ហើយ​ធ្វើ​ការ​ជំនុំ​ជំរះ​នោះ។ (នាង​រស់ ៤:១​-​១២; សុភាសិត ២២:២២) តើ​អ្នក​ណា​គេ​នៅ​ក្នុង​ចំណោម​ចៀម​ឯ​ទៀត ដែល​មាន​មុខ​ងារ​មើល​ខុស​ត្រូវ​សព្វ​ថ្ងៃ​នេះ? គឺ​ពួក​អ្នក​ចាស់​ទុំ ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី​នេះ។ (កិច្ច​ការ ២០:២៨) ដូច្នេះ គណៈ​ពួក​ចៅហ្វាយ ឥឡូវ​គឺ​កំពុង​ហ្វឹកហ្វឺន​ដោយ​ទន្ទឹង​ចាំ ដើម្បី​បំរើ​ជា​ទី​ចាត់​ការ​នៅ​ក្នុង​ពិភព​លោក​ថ្មី។

១៥. (ក) តើ​តាម​របៀប​ណា​ដែល​ចក្ខុនិមិត្ត​របស់​អេសេគាល​បាន​បញ្ចាំង​ពន្លឺ​លើ​ទំនាក់​ទំនង​រវាង​ពួក​អ្នក​ចាស់​ទុំ និង​ក្រុម​ពួក​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង? (ខ) តើ​ពួក​ចាស់​ទុំ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង បាន​នាំ​មុខ​យ៉ាង​ណា ក្នុង​អង្គការ​របស់​ព្រះ​ដែល​នៅ​លើ​ផែនដី​នេះ?

១៥ ចុះ​យ៉ាង​ណា​វិញ ចំពោះ​ទំនាក់​ទំនង​សព្វ​ថ្ងៃ​នេះ រវាង​ក្រុម​ពួក​សង្ឃ​ដែល​ចាក់​ប្រេង​តាំង និង​ពួក​អ្នក​ចាស់​ទុំ​ពី​ពួក​ហ្វូង​ធំ ដែល​កំពុង​បំរើ​មើល​ខុស​ត្រូវ​នោះ? ចក្ខុនិមិត្ត​របស់​អេសេគាល​ឲ្យ​យោបល់​ថា ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​សមាជិក​នៃ​ពួក​ហ្វូង​ធំ គឺ​មាន​មុខ​នាទី​ខាង​ការ​គាំទ្រ​និង​ការ​ចុះ​ចូល កាល​ដែល​ពួក​ចាក់​ប្រេង​តាំង​នាំ​មុខ​ខាង​វិញ្ញាណ​នោះ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ? នៅ​ចាំ​ទេ ពួក​សង្ឃ​នៅ​ក្នុង​ចក្ខុនិមិត្ត បាន​ត្រូវ​ប្រគល់​ឲ្យ​ភារកិច្ច ដើម្បី​បង្ហាត់​បង្រៀន​បណ្ដា​ជន​អំពី​រឿង​ខាង​វិញ្ញាណ។ ពួក​គេ​ក៏​បាន​ត្រូវ​ប្រាប់​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ក្នុង​ក្ដី​តុលាការ​ដែរ។ បន្ថែម​ទៀត​នោះ ពួក​លេវី​បាន​ត្រូវ​ចាត់​ឲ្យ«មាន​អំណាច​ត្រួត​ត្រា»នៅ​ឯ​ខ្លោង​ទ្វារ​នៃ​ព្រះ​វិហារ។ (អេសេគាល ៤៤:១១, ២៣, ២៤) យ៉ាង​ច្បាស់​ណាស់ ចៅហ្វាយ​គឺ​ត្រូវ​ចុះ​ចូល​ចំពោះ​ពួក​សង្ឃ តាម​ផ្នែក​កិច្ច​បំរើ​ខាង​វិញ្ញាណ និង​តាម​ការ​ដឹក​នាំ។ អ៊ីចឹង​ហើយ គឺ​សម​ហេតុ​ផល ដែល​នៅ​សម័យ​ថ្មី​នេះ ដែល​ពួក​ចាក់​ប្រេង​តាំង​បាន​នាំ​មុខ​ក្នុង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ជា​ឧទាហរណ៍ សមាជិក​នៃ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​បាន​ត្រូវ​រើស​ពី​ចំណោម​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ ពួក​អ្នក​ចាស់​ទុំ​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់​បែប​នេះ បាន​បង្ហាត់​ជា​ច្រើន​ទសវត្ស​មក​ហើយ នូវ​គណៈ​ពួក​ចៅហ្វាយ​ដែល​កំពុង​លូត​លាស់​ឡើង ដោយ​រៀបចំ​អ្នក​ខ្លះ​ដែល​ប្រហែល​ជា​នឹង​ធ្វើ​ជា​សមាជិក​ក្នុង​គណៈ​នេះ​សំរាប់​ថ្ងៃ​ណា ដែល​អំណាច​នឹង​ត្រូវ​ផ្ទេរ​ពេញ​លេញ​ឲ្យ​គេ នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។

១៦. យោង​ទៅ​តាម​អេសាយ ៣២:១, ២ តើ​អ្នក​ចាស់​ទុំ​ទាំង​អស់​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច?

១៦ តើ​អ្នក​ខ្លះ​ដែល​ប្រហែល​ជា​នឹង​ធ្វើ​ជា​សមាជិក ដែល​នឹង​មាន​ភារកិច្ច​កើន​ឡើង​ជា​គណៈ​ពួក​ចៅហ្វាយ ជា​អ្នក​មើល​ខុស​ត្រូវ​បែប​ណា? បទ​ទំនាយ​នៅ​អេសាយ ៣២:១, ២ ចែង​ថា៖ «មើល នឹង​មាន​ស្តេច​១​អង្គ​សោយ​រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់​គ្រង​ដោយ​យុត្ដិធម៌ ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ»។ ទំនាយ​នេះ​កំពុង​តែ​សម្រេច​សព្វ​ថ្ងៃ​នេះ កាល​ដែល​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន ខាង​ពួក​ចាក់​ប្រេង​តាំង​និង​ខាង​ចៀម​ឯ​ទៀត ក៏​ធ្វើ​ការ​ដើម្បី​ការ​ពារ​ហ្វូង​ចៀម​ពី«ព្យុះ​សង្ឃរា» ដូច​ជា​ការ​បៀត​បៀន​ហើយ​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ដើម។

១៧. តើ​ពួក​អ្នក​គង្វាល​គ្រីស្ទាន​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ពួក​ហ្វូង​ចៀម​ត្រូវ​ចាត់​ទុក​គេ​យ៉ាង​ដូច​ម្ដេច​ដែរ?

១៧ ពាក្យ«ចៅហ្វាយ»ជា​ភាសា​ហេព្រើរ​គឺ​មិន​បាន​ត្រូវ​ប្រើ​ជា​ឋានន្តរ ដើម្បី​តម្កើង​មនុស្ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​នេះ​ពណ៌នា​នូវ​ភារកិច្ច​ដែល​បុរស​ទាំង​នេះ​មាន ក្នុង​ការ​មើល​ថែ​រក្សា​ចៀម​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ឱ​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ល្មម​ហើយ! ចូរ​លះ​បង់​សេចក្ដី​ច្រឡោត នឹង​ការ​រឹប​ជាន់​ចេញ ហើយ​សំរេច​តាម​សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត​ចុះ»។ (អេសេគាល ៤៥:៩) ជា​ការ​ល្អ​សំរាប់​ពួក​អ្នក​ចាស់​ទុំ​ទាំង​អស់​សព្វ​ថ្ងៃ​នេះ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ឱវាទ​នេះ។ (ពេត្រុស​ទី​១ ៥:២, ៣) ជា​បន្ទាប់ ហ្វូង​ចៀម​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​គង្វាល ដូច«អំណោយ​ទាន​ដល់​មនុស្ស»។ (អេភេសូរ ៤:៨) គុណវុឌ្ឍិ​របស់​គេ បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​បន្ទូល​របស់​ព្រះ ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង​មក។ (ធីម៉ូថេ​ទី​១ ៣:១​-​៧; ទីតុស ១:៥​-​៩) ដូច្នេះ​ហើយ ពួក​គ្រីស្ទាន​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​ពួក​អ្នក​ចាស់​ទុំ។—ហេព្រើរ ១៣:៧

១៨. តើ​គណៈ​ចៅហ្វាយ​មាន​ភារកិច្ច​អ្វី​ខ្លះ​ឥឡូវ​នេះ ហើយ​តើ​ភារកិច្ច​របស់​គេ​នៅ​អនាគត​នឹង​មាន​យ៉ាង​ណា?

១៨ នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ ចៅហ្វាយ​ខ្លះ​មាន​អំណាច​ជា​ច្រើន ចៅហ្វាយ​ឯ​ទៀត​គឺ​មាន​អំណាច​តិច។ សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ខាង​ពួក​ហ្វូង​ធំ គឺ​មាន​ភារកិច្ច​ផ្សេង​ៗ​គ្នា​ទូទៅ។ អ្នក​ចាស់​ទុំ​ខ្លះ​បំរើ​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ។ អ្នក​ចាស់​ទុំ​ឯ​ទៀត​ក៏​បំរើ​ក្រុម​ជំនុំ​ជា​ច្រើន​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ អ្នក​ចាស់​ទុំ​ឯ​ទៀត​ក៏​បំរើ​ប្រទេស​មួយ​ទាំង​មូល​ជា​គណៈ​កម្មាធិការ​សាខា។ ពួក​អ្នក​ចាស់​ទុំ​ខ្លះ​ទៀត​ជួយ​គណៈ​ផ្សេង​ៗ​ក្នុង​គណៈ​អភិបាល។ នៅ​ក្នុង​ពិភព​លោក​ថ្មី នោះ​ព្រះ​យេស៊ូ​នឹង​តែង​តាំង«ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី» ឲ្យ​នាំ​មុខ​ក្នុង​ចំណោម​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​នេះ។ (ទំនុកដំកើង ៤៥:១៦) ប្រាកដ​ហើយ ទ្រង់​នឹង​រើស​ពួក​ទាំង​នេះ​ភាគ​ច្រើន​ពី​ចំណោម​ពួក​អ្នក​ចាស់​ទុំ​ស្មោះ​ត្រង់​សព្វ​ថ្ងៃ​នេះ។ ដោយ​ព្រោះ​ពួក​បុរស​ទាំង​នេះ​កំពុង​បង្ហាញ​សកម្មភាព​របស់​ខ្លួន​គេ​ឥឡូវ នោះ​ទ្រង់​នឹង​សម្រេច​ព្រះ​ទ័យ ប្រគល់​ឲ្យ​ឯកសិទ្ធិ​ធំ​ជាង​នៅ​អនាគត ពេល​ដែល​ទ្រង់​លាត​ត្រដាង​នូវ​មុខ​នាទី​របស់​គណៈ​ពួក​ចៅហ្វាយ​នៅ​ក្នុង​ពិភព​លោក​ថ្មី។

ស្រុក​នៃ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ

១៩. តើ​ស្រុក​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​តំណាង​អ្វី?

១៩ ចក្ខុនិមិត្ត​របស់​អេសេគាល​ក៏​ពណ៌នា​អំពី​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​ដែរ។ តើ​លក្ខណៈ​នេះ​នៅ​ក្នុង​ចក្ខុនិមិត្ត​តំណាង​អ្វី? ទំនាយ​ឯ​ទៀត​អំពី​ការ​ស្ដារ​ឡើង​វិញ បាន​ទាយ​ប្រាប់​ថា​ស្រុក​នេះ គឺ​អ៊ីស្រាអែល នឹង​ទៅ​ជា​សួន​មនោរម្យ​ដូច​សួន​អេដែន។ (អេសេគាល ៣៦:៣៤, ៣៥) សព្វ​ថ្ងៃ​នេះ យើង​មាន«ស្រុក»ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ហើយ​ស្រុក​នេះ​ក្នុង​ន័យ​ម្យ៉ាង គឺ​មាន​សភាព​ដូច​សួន​អេដែន​អ៊ីចឹង។ ស្រដៀង​គ្នា​ដែរ យើង​តែង​និយាយ​អំពី​សួន​មនោរម្យ​ខាង​វិញ្ញាណ​របស់​យើង។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បក​ស្រាយ«ស្រុក»របស់​យើង ជា«វិស័យ​នៃ​សកម្មភាព»របស់​រាស្ត្រ​ព្រះ​ដែល​បាន​រើស​តាំង។b ទោះ​ជា​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ក៏​ដោយ នោះ​គាត់​នៅ​ក្នុង​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះ ឲ្យ​តែ​គាត់​ខំ​ប្រឹង​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត ដោយ​ដើរ​តាម​លំអាន​ដាន​នៃ​ព្រះ​គ្រីស្ទ។—ពេត្រុស​ទី​១ ២:២១

២០. តើ​គោល​ការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី«ដង្វាយ​បរិសុទ្ធ»នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​អនុវត្ត​គោល​ការណ៍​នេះ?

២០ ចុះ​យ៉ាង​ណា​វិញ​ខាង​ឯ​ចំណែក​ដី​ដែល​បាន​ហៅ​ថា«ដង្វាយ​បរិសុទ្ធ»? នេះ​ជា​តង្វាយ​របស់​ពួក​បណ្ដា​ជន សំរាប់​ការ​គាំទ្រ​គណៈ​ពួក​សង្ឃ​និង​ទី​ក្រុង។ ស្រដៀង​គ្នា​ដែរ «បណ្ដា​ជន​ទាំង​ឡាយ​នៅ​ក្នុង​ស្រុក» បាន​ត្រូវ​ផ្ដល់​ឲ្យ​ដី​មួយ​ចំណែក​ជា​តង្វាយ​សំរាប់​ចៅហ្វាយ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? ប្រាកដ​ហើយ នេះ​មិន​មាន​សេចក្ដី​ថា រាស្ត្រ​របស់​ព្រះ​នឹង​ជាប់​បន្ទុក​បង់​ប្រាក់​ខែ​សំរាប់​ពួក​ឋានៈ​បព្វជិត​នោះ​ទេ។ (ថែស្សាឡូនីច​ទី​២ ៣:៨) ផ្ទុយ​ទៅ​វិញ ការ​គាំទ្រ​ដែល​ផ្ដល់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ គឺ​ភាគ​ច្រើន​ទាក់​ទង​ខាង​វិញ្ញាណ​ប៉ុណ្ណោះ។ នេះ​គឺ​រួម​បញ្ចូល​ការ​ជួយ​ក្នុង​កិច្ចការ​ដែល​កំពុង​តែ​ប្រតិបត្ដិ ហើយ​បង្ហាញ​នូវ​គតិ​រួម​គ្នា និង​ការ​ចុះ​ចូល​ផង។ ក៏​ប៉ុន្តែ ដូច​នៅ​ក្នុង​សម័យ​របស់​អេសេគាល​តង្វាយ​នេះ​គឺ​បាន​ថ្វាយ«ដល់​ព្រះ​យេហូវ៉ា» មិន​មែន​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ។—អេសេគាល ៤៥:១, ៧, ១៦

២១. តើ​យើង​ប្រហែល​ជា​រៀន​អ្វី ពី​ការ​បែង​ចែក​ដី​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល?

២១ មិន​មែន​មាន​តែ​ចៅហ្វាយ​និង​គណៈ​ពួក​សង្ឃ​ទេ ដែល​បាន​ត្រូវ​កំណត់​ឲ្យ​កន្លែង​នៅ​ក្នុង​ស្រុក ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នេះ។ ការ​បែង​ចែង​ស្រុក​ក៏​បង្ហាញ​ថា បុគ្គល​ម្នាក់​ៗ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​១២ នឹង​មាន​មរតក​ជា​ប្រាកដ។ (អេសេគាល ៤៧:១៣, ២២, ២៣) ដូច្នេះ អស់​អ្នក​ដែល​នៅ​ខាង​ពួក​ហ្វូង​ធំ មិន​គ្រាន់​តែ​មាន​កន្លែង​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ ក៏​ប៉ុន្តែ​នឹង​ទទួល​ដី​មួយ​ចំណែក​ក្នុង​ស្រុក ពេល​ដែល​ទទួល​កន្លែង​ជា​មរតក នៅ​ក្នុង​វិស័យ​ខាង​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

២២. (ក) ទី​ក្រុង​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​តំណាង​អ្វី? (ខ) តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​ហេតុ​ការណ៍​ដែល​ថា ទី​ក្រុង​នេះ​មាន​ខ្លោង​ទ្វារ​នៅ​គ្រប់​ខាង?

២២ នៅ​ក្រោយ​បង្អស់ តើ​ទី​ក្រុង​ក្នុង​ចក្ខុនិមិត្ត​នេះ​តំណាង​អ្វី? នេះ​មិន​មែន​ជា​ទី​ក្រុង​នៅ​ស្ថាន​សួគ៌​នោះ​ទេ ពី​ព្រោះ​ទី​ក្រុង​នេះ​នៅ​កណ្ដាល​ដី«សាមញ្ញ​ធម្មតា» (ដី​ឥត​ពិសិដ្ឋ)។ (អេសេគាល ៤៨:១៥​-​១៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដូច្នេះ នេះ​ច្បាស់​ជា​អ្វីមួយ​នៅ​លើ​ផែនដី​ហើយ។ បើ​អ៊ីចឹង តើ​ទី​ក្រុង​មួយ​ជា​អ្វី? តើ​នេះ​មិន​បង្ហាញ​គំនិត​នៃ​មនុស្ស​មក​រួម​គ្នា​ជា​ក្រុម​មួយ ហើយ​ស្ថាបនា​អ្វី​មួយ​ឲ្យ​មាន​រចនា​សម្ព័ន្ធ​និង​ធ្វើ​ឲ្យ​មាន​របៀប​រៀបចំ​ទេ​ឬ? ត្រូវ​ហើយ។ ហេតុ​ដូច្នេះ​ហើយ ទី​ក្រុង​មើល​ទៅ​ដូច​ជា​តំណាង​ការ​ចាត់​ចែង​នៅ​លើ​ផែនដី ដែល​នាំ​ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ធ្វើ​ជា​សង្គម​ដ៏​សុចរិត​លើ​ផែនដី​នេះ។ ទី​ក្រុង​នេះ​នឹង​ប្រតិបត្ដិ​ការ​ពេញ​លេញ​នៅ​ក្នុង«ផែនដី​ថ្មី» ដែល​មាន​នៅ​ខាង​មុខ​នេះ។ (ពេត្រុស​ទី​២ ៣:១៣) ខ្លោង​ទ្វារ​ទី​ក្រុង​នៅ​គ្រប់​ខាង ដែល​មាន​មួយ​សំរាប់​កុលសម្ព័ន្ធ​មួយ គឺ​បង្ហាញ​យ៉ាង​ល្អ​នូវ​ភាព​ឥត​លាក់​លៀម។ សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ មិន​មែន​នៅ​ក្រោម​ការ​កាន់​កាប់​ដ៏​សម្ងាត់ ហើយ​ដ៏​លួច​លាក់​នោះ​ទេ។ បង​ប្អូន​ដែល​មើល​ខុស​ត្រូវ គួរ​ធ្វើ​ជា​អ្នក​ដែល​គេ​អាច​មក​ទាក់​ទង​បាន​យ៉ាង​ស្រួល។ គោល​ការណ៍​ដែល​ដឹក​នាំ​ពួក​គេ គឺ​ដឹង​ទូទៅ​ដោយ​មនុស្ស​ទាំង​អស់។ ហេតុ​ការណ៍​ដែល​ថា​មនុស្ស​ពី​គ្រប់​កុលសម្ព័ន្ធ​នឹង​ភ្ជួរ​រាស់​ដី ដែល​គាំទ្រ​ទី​ក្រុង​នេះ គឺ​រំឭក​យើង​ថា ពួក​ចៀម​ឯ​ទៀត​គឺ​គាំទ្រ សូម្បី​តាម​វត្ថុ​ផង ដល់​របៀប​រៀបចំ​ខាង​ការ​ចាត់​ការ ដែល​បាន​ធ្វើ​ឡើង​សំរាប់​រាស្ត្រ​របស់​ព្រះ​ទូទាំង​ពិភព​លោក។—អេសេគាល ៤៨:១៩, ៣០​-​៣៤

២៣. តើ​អ្វី​ដែល​យើង​នឹង​ពិនិត្យ​មើល​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២៣ ចុះ​យ៉ាង​ណា​វិញ ចំពោះ​ទន្លេ​ដែល​ហូរ​ចេញ​ពី​ព្រះ​វិហារ​នោះ? អ្វី​ដែល​ទន្លេ​នោះ​តំណាង​សព្វ​ថ្ងៃ​នេះ​និង​ត​ទៅ​អនាគត គឺ​ជា​ប្រធាន​នៃ​អត្ថបទ​ទី​បី ជា​អត្ថបទ​បញ្ចប់​នៃ​ការ​ពិគ្រោះ​រឿង​នេះ។

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ Revelation—Its Grand Climax At Hand!, ទំព័រ ៦៤ វគ្គ ២២ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

b សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ១ តុលា ១៩៩៥ ទំព័រ ១៧

ចំណុច​សំរាប់​ពិនិត្យ​មើល​សា​ឡើង​វិញ

◻ តើ​ព្រះ​វិហារ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​តំណាង​អ្វី?

◻ តើ​ពួក​សង្ឃ​ដែល​បំរើ​នៅ​ក្នុង​ព្រះ​វិហារ​តំណាង​អ្នក​ណា​គេ?

◻ តើ​គណៈ​ពួក​ចៅហ្វាយ​ជា​អ្វី និង​តើ​មាន​ភារកិច្ច​អ្វី​ខ្លះ?

◻ តើ​ស្រុក​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​ជា​អ្វី ហើយ​តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​បាន​ត្រូវ​បែង​ចែក​ឲ្យ​កុលសម្ព័ន្ធ​១២​នោះ?

◻ តើ​ទី​ក្រុង​នេះ​តំណាង​អ្វី?

[រូប/ផែនទី​នៅ​ទំព័រ​១៥]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ការ​បែង​ចែក​ដី​ក្នុង​ស្រុក ដូច​បាន​ពណ៌នា​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល

កុលសម្ព័ន្ធ​១២

សមុទ្រ​ធំ

សមុទ្រ​កាលីឡេ

ទន្លេ​យ័រដាន់

សមុទ្រ​អំបិល

ដាន់

អេស៊ើរ

ណែបថាលី

ម៉ាន៉ាសេ

អេប្រាអិម

រូបេន

យូដា

ចៅហ្វាយ

បេនយ៉ាមីន

ស៊ីម្មាន

អ៊ីសាខារ

សាប់យូល៉ូន

កាឌ់

[រូប]

ការ​ពង្រីក​នូវ​តង្វាយ​បរិសុទ្ធ

ក. ព្រះ​យេហូវ៉ា​គង់​នៅ​ទី​នេះ (ព្រះ​យេហូវ៉ា​សាំម៉ា); ខ. ដី​ដែល​ឲ្យ​ផល​របស់​ទី​ក្រុង

ចំណែក​របស់​ពួក​លេវី

ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា

ចំណែក​របស់​ពួក​សង្ឃ

ខ ក ខ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក