បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៦ ទំ. ៨-១៣
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​វិហារ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ
  • គណៈ​ពួក​សង្ឃ​និង​ចៅហ្វាយ
  • ដី​ស្រុក​នេះ
  • តើ​នៅ​ពេល​ណា​ដែល​ចក្ខុនិមិត្ត​នេះ​នឹង​ត្រូវ​សម្រេច?
  • ចក្ខុនិមិត្ត​នេះ​សំដៅ​មក​លើ​សម័យ​យើង​នេះ
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • «ព្រះវិហារ»និង«ចៅហ្វាយ»សព្វថ្ងៃនេះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «នេះហើយជាច្បាប់វិហារ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៦ ទំ. ៨-១៣

«យក​ចិត្ត​ទុក​ដាក់​នឹង»ព្រះ​វិហារ​របស់​ព្រះ!

«កូន​មនុស្ស​អើយ . . . យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់ ដែល​អញ​បង្ហាញ​ដល់​ឯង . . . ចូរ​ប្រាប់​ទាំង​អស់​ដែល​ឯង​ឃើញ ដល់​ពួក​វង្ស​អ៊ីស្រាអែល​ផង»។—អេសេគាល ៤០:៤

១. តើ​បណ្ដា​រាស្ត្រ​ដ៏​រើស​តាំង​របស់​ព្រះ​បាន​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា នៅ​ក្នុង​ឆ្នាំ​៥៩៣ ម.​ស.យ?

នៅ​ឆ្នាំ​៥៩៣ ម.​ស.យ.គឺ​ជា​ឆ្នាំ​ទី​១៤ នៃ​ការ​រស់​នៅ​ជា​និរទេស​របស់​ពួក​អ៊ីស្រាអែល។ ចំពោះ​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន នោះ​ប្រទេស​កំណើត​ដែល​ជា​ទី​ស្រឡាញ់​របស់​គេ គឺ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​មែន។ កាល​ដែល​ពួក​គេ​ភាគ​ច្រើន​បាន​ឃើញ​ក្រុង​យេរូសាឡិម​ពេល​ចុង​ក្រោយ​នោះ ទី​ក្រុង​កំពុង​ភ្លើង​ឆេះ កំផែង​ដ៏​មាំ​មួន​របស់​វា​ក៏​បាន​បាក់​បែក និង​អាគារ​ដែល​គួរ​សរសើរ​នេះ​គឺ​ខូច​ខ្ទេច​ខ្ទី​អស់​រលីង។ ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ដែល​នៅ​ពេល​មួយ​ជា​សិរី​រុង​រឿង​របស់​ទី​ក្រុង​នេះ ដែល​ជា​មជ្ឈមណ្ឌល​សំរាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នៅ​ទូទាំង​ផែនដី បាន​ត្រូវ​ត្រឡប់​ជា​គំនរ​ទៅ​វិញ។ ឥឡូវ​នេះ ភាគ​ច្រើន​នៃ​ពេល​និរទេស​របស់​ពួក​អ៊ីស្រាអែល គឺ​នៅ​មាន​ទៅ​មុខ​ទៀត​នៅ​ឡើយ។ គឺ​នឹង​មាន​៥៦​ឆ្នាំ​ឯ​ណោះ មុន​នឹង​សេចក្ដី​សង្គ្រោះ​ដែល​បាន​សន្យា​នឹង​សម្រេច​នោះ។—យេរេមា ២៩:១០

២. ហេតុ​អ្វី​ក៏​ការ​នឹក​រឭក​ពី​ព្រះ​វិហារ​នៅ​ក្នុង​ក្រុង​យេរូសាឡិម បាន​ធ្វើ​ឲ្យ​អេសេគាល ព្រួយ​ចិត្ត​នោះ?

២ គឺ​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្យាការី​អេសេគាល​ដ៏​ស្មោះ​នេះ ពិបាក​ចិត្ត​ហើយ ដោយ​គិត​ពី​ព្រះ​វិហារ​របស់​ព្រះ ដែល​កំពុង​នៅ​បាក់​បែក​នៅ​ទី​ឆ្ងាយ​ប៉ុន្មាន​រយ​គីឡូ​ម៉ែត្រ​ពី​គេ ហើយ​ជា​ទី​លំនៅ​នៃ​សត្វ​ព្រៃ។ (យេរេមា ៩:១១) ឪពុក​របស់​គាត់​ឈ្មោះ​ប៊ូស៊ី បាន​ធ្លាប់​បំរើ​នៅ​ទី​នោះ​ជា​សង្ឃ​ម្នាក់​ដែរ។ (អេសេគាល ១:៣) អេសេគាល​ច្បាស់​ជា​នឹង​ទទួល​នូវ​ឯកសិទ្ធិ​ដូច​នេះ​ដែរ ប៉ុន្តែ​គាត់​បាន​ត្រូវ​គេ​យក​ទៅ​រស់​នៅ​ជា​អ្នក​និរទេស រួម​ជា​មួយ​វណ្ណៈ​អភិជន​នៃ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦១៧ ម.​ស.យ. តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ឥឡូវ​នេះ ដែល​មាន​អាយុ​ប្រហែល​ជា​៥០​ឆ្នាំ​ហើយ អេសេគាល​ប្រហែល​ជា​ដឹង​ថា គាត់​នឹង​មិន​អាច​ឃើញ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ទេ ឬ​មាន​ចំណែក​ណា​មួយ​ក្នុង​ការ​សាង​សង់​ឡើង​វិញ​នូវ​ព្រះ​វិហារ​នៅ​ទី​នោះ​ឡើយ។ បើ​ដូច្នេះ ចូរ​គិត​ទៅ​មើល គឺ​ច្បាស់​ជា​សំខាន់​យ៉ាង​ណា​ទៅ​ហ្ន៎​ចំពោះ​អេសេគាល ដោយ​បាន​ទទួល​ចក្ខុនិមិត្ត​មួយ​អំពី​ព្រះ​វិហារ​ដ៏​រុង​រឿង​នេះ!

៣. (ក) តើ​អ្វី​ជា​គោល​បំណង​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ​នោះ? (ខ) តើ​អ្វី​ជា​លក្ខណៈ​បួន​ផ្នែក​នៃ​ចក្ខុនិមិត្ត​នេះ?

៣ ចក្ខុនិមិត្ត​ដ៏​សន្ធឹក​សន្ធាប់​នេះ ដែល​មាន​ពេញ​ប្រាំ​បួន​ជំពូក​នៃ​សៀវភៅ​អេសេគាល បាន​ផ្ដល់​ឲ្យ​ពួក​យូដា​ដែល​បាន​ធ្វើ​និរទេស​នេះ នូវ​សេចក្ដី​សន្យា​មួយ​ដ៏​ពង្រឹង​ជំនឿ។ ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នឹង​ត្រូវ​ស្ដារ​ឡើង​វិញ! ក្នុង​កំឡុង​ច្រើន​សតវត្ស​តាំង​ពី​នោះ​មក សូម្បី​មក​ដល់​សម័យ​យើង​នេះ ចក្ខុនិមិត្ត​នេះ​គឺ​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា​ទៅ? សូម​ឲ្យ​យើង​ពិចារណា​មើល​ថា តើ​ចក្ខុនិមិត្ត​ដ៏​ជា​ទំនាយ​នេះ​របស់​អេសេគាល បាន​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​អ៊ីស្រាអែល​ដែល​រស់​នៅ​ជា​និរទេស​ជន​នោះ។ ចក្ខុនិមិត្ត​នេះ​មាន​លក្ខណៈ​បួន​ផ្នែក៖ ព្រះ​វិហារ គណៈ​ពួក​សង្ឃ ចៅហ្វាយ និង​ដី​ស្រុក​នេះ។

ព្រះ​វិហារ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ

៤. នៅ​ដើម​ដំបូង​នៃ​ចក្ខុនិមិត្ត តើ​អេសេគាល​បាន​ត្រូវ​យក​ទៅ​ឯ​ណា តើ​គាត់​បាន​ឃើញ​អ្វី​នៅ​ទី​នោះ ហើយ​តើ​អ្នក​ណា​ដែល​នាំ​គាត់​ដើរ​មើល​នោះ?

៤ នៅ​ដើម​ដំបូង អេសេគាល​បាន​ត្រូវ​នាំ​មក​ឯ«ភ្នំ​យ៉ាង​ខ្ពស់»។ នៅ​លើ​ភ្នំ​នេះ នៅ​ប៉ែក​ខាង​ត្បូង គឺ​មាន​ព្រះ​វិហារ​ដ៏​ធំ​មួយ សណ្ឋាន​ដូច​ជា​ទី​ក្រុង​មួយ ដែល​មាន​កំផែង​ព័ទ្ធ​ជុំ​វិញ។ ទេវតា​មួយ​អង្គ​ដែល«មាន​ភាព​ដូច​ជា​លង្ហិន» ក៏​នាំ​ព្យាការី​នេះ​ដើរ​មើល​ទី​ក្នុង​បរិវេណ។ (អេសេគាល ៤០:២, ៣) កាល​ដែល​ចក្ខុនិមិត្ត​មាន​ទៅ​មុខ នោះ​អេសេគាល​បាន​ឃើញ​ទេវតា​នេះ កំពុង​វាស់​យ៉ាង​ប្រយ័ត្ន​ប្រយែង​នូវ​ខ្លោង​ទ្វារ​នៃ​ព្រះ​វិហារ ដែល​មាន​បី​គូ​ដូច​ៗ​គ្នា ព្រម​ទាំង​វាស់​បន្ទប់​យាម​ទ្វារ​ទាំង​ប៉ុន្មាន ទី​លាន​ខាង​ក្រៅ ទី​លាន​ខាង​ក្នុង បន្ទប់​ទទួល​ទាន​អាហារ អាសនៈ និង​វិហារ​ទាំង​មូល ដែល​រួម​បញ្ចូល​បន្ទប់​បរិសុទ្ធ ព្រម​ទាំង​បន្ទប់​បរិសុទ្ធ​បំផុត​ផង។

៥. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ការ​ធានា​រ៉ាប់​រង​អ្វី​ដល់​អេសេគាល? (ខ) តើ«សាក​សព​នៃ​ស្តេច»ដែល​ត្រូវ​ដក​យក​ចេញ​ពី​ព្រះ​វិហារ នោះ​ជា​អ្វី​ទៅ ហើយ​ហេតុ​អ្វី​ក៏​នេះ​ជា​ការ​សំខាន់​ម្ល៉េះ?

៥ រួច​មក ព្រះ​យេហូវ៉ា​ក៏​បាន​លេច​ឡើង​នៅ​ក្នុង​ចក្ខុនិមិត្ត​នេះ​ដែរ។ ទ្រង់​ចូល​ព្រះ​វិហារ ហើយ​ធានា​រ៉ាប់​រង​ដល់​អេសេគាល​ថា ទ្រង់​នឹង​គង់​នៅ​ទី​នោះ។ ប៉ុន្តែ ទ្រង់​បញ្ជា​ឲ្យ​មាន​ការ​បោស​សំអាត​ព្រះ​វិហារ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ ត្រូវ​ឲ្យ​គេ​លះ​ចោល​ការ​កំផិត នឹង​សាក​សព​នៃ​ស្តេច​គេ​ចេញ​ឆ្ងាយ​ពី​អញ​ទៅ នោះ​អញ​នឹង​នៅ​កណ្ដាល​ពួក​គេ​ជា​ដរាប​រៀង​ត​ទៅ»។ (អេសេគាល ៤៣:២​-​៤, ៧, ៩) «សាក​សព​នៃ​ស្តេច​គេ»ទាំង​នេះ តាម​មើល​ទៅ​គឺ​បាន​សំដៅ​ទៅ​រូប​ព្រះ។ ពួក​អ្នក​គ្រប់​គ្រង​និង​រាស្ត្រ​ដ៏​បះ​បោរ​របស់​ក្រុង​យេរូសាឡិម បាន​ក្រខ្វក់​ព្រះ​វិហារ​ដោយ​សារ​រូប​ព្រះ ដែល​ដោយ​ធ្វើ​ដូច្នេះ ក៏​ហាក់​ដូច​ជា​ធ្វើ​រូប​សំណាក​នេះ​ជា​ស្តេច​សំរាប់​ខ្លួន​គេ។ (ប្រៀប​មើល អេម៉ុស ៥:២៦) រូប​ព្រះ​ទាំង​នេះ គឺ​មិន​មែន​ជា​ព្រះ​ឬ​ស្តេច​ដែល​មាន​ព្រះ​ជន្ម​រស់​នៅ​នោះ​ទេ ប៉ុន្តែ​ជា​របស់​ដែល​គ្មាន​ជីវិត ជា​របស់​ដ៏​កខ្វក់​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា។ របស់​ទាំង​នេះ​គឺ​ត្រូវ​តែ​ដក​យក​ចេញ។—លេវីវិន័យ ២៦:៣០; យេរេមា ១៦:១៨

៦. តើ​ការ​វាស់​ព្រះ​វិហារ​តំណាង​អ្វី?

៦ តើ​ចំណែក​នេះ​នៅ​ក្នុង​ចក្ខុនិមិត្ត បាន​បញ្ជាក់​យ៉ាង​ណា? នេះ​គឺ​បាន​ធានា​រ៉ាប់​រង​ពួក​និរទេស អំពី​ការ​ស្ដារ​ឡើង​វិញ​ទាំង​ស្រុង​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នៅ​ឯ​ព្រះ​វិហារ។ ថែម​ទៀត​នោះ ការ​វាស់​ព្រះ​វិហារ​បាន​ផ្ដល់​នូវ​ការ​ធានា​របស់​ព្រះ ថា​ចក្ខុនិមិត្ត​នេះ នឹង​បាន​ត្រូវ​សម្រេច​ជា​ពុំ​ខាន។ (ប្រៀប​មើល យេរេមា ៣១:៣៩, ៤០; សាការី ២:២​-​៨) សរណវត្ថុបូជា​ទាំង​អស់​នឹង​ត្រូវ​ឲ្យ​បោស​ចេញ​អស់​រលីង។ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ម្ដង​ទៀត។

គណៈ​ពួក​សង្ឃ​និង​ចៅហ្វាយ

៧. តើ​ពត៌មាន​អ្វី​ដែល​បាន​ត្រូវ​ឲ្យ​ស្តី​អំពី​ពួក​លេវី​និង​ពួក​សង្ឃ​នោះ?

៧ គណៈ​ពួក​សង្ឃ​ក៏​នឹង​ត្រូវ​ទទួល​ការ​បោស​សំអាត ឬ​ក៏​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ដែរ។ ពួក​លេវី​នឹង​ត្រូវ​ទទួល​ការ​ស្តី​បន្ទោស ដោយ​បង្អោន​ទៅ​តាម​សរណវត្ថុបូជា កាល​ដែល​ពួក​កូន​សា​ដុក​ដែល​ជា​សង្ឃ នឹង​ត្រូវ​ទទួល​ការ​សរសើរ​ហើយ​រង្វាន់​ដែរ ដោយ​បាន​រក្សា​ខ្លួន​យ៉ាង​ស្អាត​ស្អំ។a ប៉ុន្តែ ក្រុម​ទាំង​ពីរ​នេះ​នឹង​មាន​ចំណែក​បំរើ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ហើយ​នេះ​ប្រាកដ​ជា​ពឹង​លើ​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ ជា​បុគ្គល​ម្នាក់​ៗ។ ព្រះ​យេហូវ៉ា​បាន​ដាក់​បញ្ជា​ថែម​ទៀត​ថា៖ «គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ នឹង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត នឹង​របស់​ដែល​មិន​ស្អាត»។ (អេសេគាល ៤៤:១០​-​១៦, ២៣) ដូច្នេះ ពួក​សង្ឃ​នឹង​ត្រូវ​ស្ដារ​ឡើង​វិញ ហើយ​ដោយ​ព្រោះ​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ នោះ​ពួក​សង្ឃ​នឹង​បាន​រង្វាន់។

៨. (ក) តើ​ចៅហ្វាយ​នៅ​ស្រុក​អ៊ីស្រាអែល​ពី​បុរាណ​ជា​អ្នក​ណា? (ខ) តើ​តាម​របៀប​ណា ដែល​ចៅហ្វាយ​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល មាន​សកម្មភាព​ក្នុង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ?

៨ ចក្ខុនិមិត្ត​នេះ​ក៏​សំដៅ​ទៅ​បុគ្គល ដែល​បាន​ត្រូវ​ហៅ​ជា​ចៅហ្វាយ​ដែរ។ តាំង​ពី​សម័យ​របស់​ម៉ូសេ សាសន៍​នេះ​គឺ​ធ្លាប់មាន​ពួក​ចៅហ្វាយ។ ពាក្យ​ភាសា​ហេព្រើរ ណាសែ (na·si’ʹ) សំរាប់​ចៅហ្វាយ ក៏​អាច​សំដៅ​ទៅ​មេ​គ្រួសារ​នៃ​ផ្ទះ​ខាង​ឪពុក មេ​ក្រុម​កុលសម្ព័ន្ធ​មួយ ឬ​ក៏​ជា​អ្នក​ដឹក​នាំ​សាសន៍​មួយ​ដែរ។ នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល នោះ​ពួក​អ្នក​គ្រប់​គ្រង​ប្រទេស​អ៊ីស្រាអែល ជា​ក្រុម​មួយ បាន​ត្រូវ​ស្តី​បន្ទោស​ដោយ​ជិះ​ជាន់​បណ្ដា​រាស្ត្រ និង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ធ្វើ​ការ​ដោយ​ឥត​រើស​មុខ ហើយ​ដោយ​យុត្ដិធម៌។ ទោះ​ជា​មិន​មក​ពី​វណ្ណៈ​ជា​សង្ឃ​ក៏​ដោយ តែ​ចៅហ្វាយ​គឺ​ប្រកប​ដោយ​សកម្ម​ក្នុង​របៀប​ដ៏​ធំ​ដុំ​ក្នុង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ គាត់​ចូល​និង​ចេញ​តាម​ទី​លាន​ខាង​ក្រៅ​ជា​មួយ​នឹង​កុលសម្ព័ន្ធ ដែល​មិន​មែន​ខាង​សង្ឃ អង្គុយ​នៅ​ឯ​ខ្លោង​ទ្វារ​ខាង​កើត និង​ផ្ដល់​ឲ្យ​យញ្ញ​បូជា​ខ្លះ​ៗ​សំរាប់​ឲ្យ​បណ្ដា​រាស្ត្រ​ថ្វាយ​ជា​តង្វាយ។ (អេសេគាល ៤៤:២, ៣; ៤៥:៨​-​១២, ១៧) ដូច្នេះ​ចក្ខុនិមិត្ត​នេះ​បាន​ធានា​ដល់​បណ្ដា​រាស្ត្រ ថា​សាសន៍​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ នឹង​បាន​ព្រះ​ពរ​ដោយ​មាន​អ្នក​ដឹក​នាំ​គួរ​យក​ជា​គំរូ គឺ​ជា​ពួក​បុរស​ដែល​នឹង​គាំទ្រ​ពួក​សង្ឃ ក្នុង​ការ​ចាត់​ចែង​រាស្ត្រ​របស់​ព្រះ ហើយ​ជា​គំរូ​ដ៏​ប្រសើរ​ខាង​វិញ្ញាណ។

ដី​ស្រុក​នេះ

៩. (ក) តើ​ស្រុក​នេះ​បាន​ត្រូវ​ចែក​រំលែក​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ តើ​អ្នក​ណា​ដែល​នឹង​មិន​ត្រូវ​ទទួល​មរតក​នោះ? (ខ) តើ​តង្វាយ​បរិសុទ្ធ​ជា​អ្វី ហើយ​តើ​មាន​អ្វី​នៅ​ក្នុង​នោះ?

៩ នៅ​ទី​បំផុត ចក្ខុនិមិត្ត​របស់​អេសេគាល បាន​រួម​បញ្ចូល​ការ​សរុប​សេចក្ដី​ខាង​ឯ​ដី​ស្រុក​អ៊ីស្រាអែល។ ដី​នេះ​បាន​ត្រូវ​បែង​ចែក ឲ្យ​កុលសម្ព័ន្ធ​និមួយ​ៗ​មាន​ចំណែក​មួយ។ ចៅហ្វាយ​ក៏​ត្រូវ​ទទួល​ចំណែក​ជា​មរតក​ដែរ។ ប៉ុន្តែ ពួក​សង្ឃ​នឹង​ឥត​ទទួល​បាន​ទេ ដ្បិត​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា «គឺ​អញ​ជា​មរដក​របស់​គេ»។ (អេសេគាល ៤៤:១០, ២៨; ជន​គណនា ១៨:២០) ចក្ខុនិមិត្ត​នេះ​បាន​បង្ហាញ​ថា ចំណែក​ទឹក​ដី​របស់​ពួក​ចៅហ្វាយ នឹង​ត្រូវ​មាន​នៅ​ទាំង​សង​ខាង​នៃ​កន្លែង​ដ៏​ពិសេស ដែល​បាន​ត្រូវ​ហៅ​ថា តង្វាយ​បរិសុទ្ធ។ នេះ​ជា​ដី​បួន​ជ្រុង​ស្មើ​គ្នា​ដែល​បាន​ត្រូវ​បែង​ចែក​ជា​បី​ភាគ នៅ​ខាង​លើ​គឺ​ទុក​សំរាប់​ពួក​លេវី ដែល​ប្រែ​ចិត្ត ទី​កណ្ដាល​គឺ​ទុក​សំរាប់​ពួក​សង្ឃ និង​ដី​ខាង​ក្រោម គឺ​ទុក​សំរាប់​ទី​ក្រុង​និង​ស្រុក​ដែល​មាន​ផល​នៅ​សង​ខាង​នោះ។ ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​នៅ​ជាប់​ដី​របស់​ពួក​សង្ឃ នៅ​កណ្ដាល​ដី​ដ៏​ជា​តង្វាយ​នោះ។—អេសេគាល ៤៥:១​-​៧

១០. តើ​ទំនាយ​អំពី​ការ​បែង​ចែក​ដី មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​យូដា​ដ៏​ស្មោះ​ត្រង់ ដែល​រស់​នៅ​ជា​និរទេស​ជន​នោះ?

១០ របស់​ទាំង​នេះ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​ពួក​និរទេស​ជន​យ៉ាង​ណា​ទៅ​ហ្ន៎! គ្រួសារ​និមួយ​ៗ​បាន​ត្រូវ​រ៉ាប់​រង​ថា នឹង​ទទួល​បាន​ចំណែក​មរតក​ក្នុង​ស្រុក​នោះ។ (ប្រៀប​មើល មីកា ៤:៤) ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នឹង​បាន​ត្រូវ​តម្លើង​នៅ​កន្លែង​កណ្ដាល​គេ។ ហើយ​ចូរ​សម្គាល់​ថា នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល នោះ​ចៅហ្វាយ ដូច​ពួក​សង្ឃ នឹង​រស់​នៅ​លើ​ដី​ដែល​បាន​ថ្វាយ​ជា​តង្វាយ​ដោយ​បណ្ដា​រាស្ត្រ។ (អេសេគាល ៤៥:១៦) ដូច្នេះ​នៅ​ក្នុង​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ជួយ​ឲ្យ​បាន​សម្រេច​ការ នៃ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឲ្យ​នាំ​មុខ ហើយ​គាំទ្រ​គេ ដោយ​រួម​ដៃ​ជា​មួយ​នឹង​សេចក្ដី​បង្គាប់​របស់​គេ។ សរុប​ទៅ ស្រុក​នេះ​គឺ​ជា​ទី​ដែល​មាន​របៀប​រៀប​រយ ដែល​គេ​រួម​ដៃ​គ្នា និង​ប្រកប​ដោយ​សុវត្ថិភាព។

១១, ១២. (ក) តើ​តាម​របៀប​ណា ដែល​ព្រះ​យេហូវ៉ា​ធានា​រ៉ាប់​រង​រាស្ត្រ​ទ្រង់​ក្នុង​ទំនាយ ថា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ប្រទេស​កំណើត​ដែល​បាន​ស្ដារ​ឡើង​វិញ​នោះ? (ខ) តើ​ដើម​ឈើ​ដែល​មាន​នៅ​តាម​មាត់​ទន្លេ បាន​ត្រូវ​តំណាង​អ្វី?

១១ តើ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ឲ្យ​ស្រុក​គេ​ឬ? ទំនាយ​នេះ​ឆ្លើយ​សំនួរ​ហ្នឹង​ដោយ​សេចក្ដី​ពណ៌នា​យ៉ាង​កក់​ក្ដៅ។ មាន​ព្រែក​ហូរ​ចេញ​ពី​ព្រះ​វិហារ ហើយ​បាន​ហូរ​ខ្លាំង​ឡើង​ៗ ក្លាយ​ទៅ​ជា​ទន្លេ រួច​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ស្លាប់។ ទឹក​នេះ​ធ្វើ​ឲ្យ​ទឹក​ដ៏​ឥត​ជីវិត​នៅ​ទី​នោះ ទៅ​ជា​មាន​ជីវិត​ឡើង​វិញ ហើយ​ការ​នេសាទ​ត្រី​ក៏​រីក​ចំរើន​តាម​ឆ្នេរ​សមុទ្រ​នោះ។ តាម​មាត់​ច្រាំង​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដុះ​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ផ្លែ​ពេញ​មួយ​ឆ្នាំ ដែល​ផ្ដល់​ឲ្យ​អាហារ​និង​កែ​រោគ​ឲ្យ​ជា​ដែរ។—អេសេគាល ៤៧:១​-​១២

១២ ចំពោះ​ពួក​និរទេស​ជន សេចក្ដី​សន្យា​នេះ​បាន​បញ្ចេញ​សារ​ជា​ថ្មី​និង​បាន​បញ្ជាក់ អំពី​ទំនាយ​មុន​ៗ​នៃ​ការ​ស្ដារ​ឡើង​វិញ ដែល​គេ​ចូល​ចិត្ត​ជា​ទី​បំផុត។ ជា​ច្រើន​ដង ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា បាន​ពណ៌នា​អំពី​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ស្ដារ​ឡើង​វិញ ដែល​មាន​មនុស្ស​រស់​នៅ ដោយ​ប្រើ​ពាក្យ​ដូច​ជា​សំដៅ​ទៅ​លើ​សួន​មនោរម្យ។ ទី​ហួត​ហែង​ដែល​មាន​ជីវិត​ឡើង​វិញ បាន​ជា​ផ្ទៃ​រឿង​នៃ​ទំនាយ​ដែល​មាន​ជា​រឿយ​ៗ។ (អេសាយ ៣៥:១, ៦, ៧; ៥១:៣; អេសេគាល ៣៦:៣៥; ៣៧:១​-​១៤) ដូច្នេះ បណ្ដា​ជន​អាច​ទន្ទឹង​ចាំ​ថា ពរ​របស់​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​ឲ្យ​ជីវិត នឹង​ហូរ​ចេញ​ដូច​ជា​ទន្លេ​មួយ​ពី​ព្រះ​វិហារ​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នោះ។ ហេតុ​ដូច្នេះ​ហើយ សាសន៍​មួយ​ដែល​ស្លាប់​ខាង​វិញ្ញាណ នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ។ បណ្ដា​ជន​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នេះ នឹង​បាន​ពរ​ដោយ​មាន​ពួក​បុរស​ដែល​មាន​គតិ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ជា​បុរស​ដែល​សុចរិត​និង​មាំ​មួន​ដូច​ដើម​ឈើ​នៅ​តាម​មាត់​ទន្លេ​ក្នុង​ចក្ខុនិមិត្ត​ទាំង​នោះ។ គឺ​ជា​ពួក​បុរស​ដែល​នាំ​មុខ​ក្នុង​ការ​ស្ដារ​ឡើង​វិញ នូវ​ស្រុក​ដែល​បាន​ត្រូវ​ហិនហោច​នេះ។ អេសាយ​ក៏​បាន​សរសេរ​អំពី«ដើម​ឈើ​នៃ​សេចក្ដី​សុចរិត» ដែល​នឹង«សង់​អស់​ទាំង​ទី​ដែល​ខូច​បង់​ពី​ដើម​ឡើង​វិញ»។—អេសាយ ៦១:៣, ៤

តើ​នៅ​ពេល​ណា​ដែល​ចក្ខុនិមិត្ត​នេះ​នឹង​ត្រូវ​សម្រេច?

១៣. (ក) តើ​នៅ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​រាស្ត្រ​របស់​ទ្រង់ ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នោះ ដោយ​ប្រទាន​ឲ្យ«ដើម​ឈើ​នៃ​សេចក្ដី​សុចរិត»? (ខ) តើ​ទំនាយ​អំពី​សមុទ្រ​ស្លាប់​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៣ តើ​ពួក​និរទេស​ដែល​ត្រឡប់​មក​វិញ​នេះ បាន​ត្រូវ​តូច​ចិត្ត​ឬ? គឺ​ប្រាកដ​ជា​អត់​ទេ! ពួក​អ្នក​សំណល់​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​ជា​ទី​ស្រឡាញ់​របស់​គេ នៅ​ក្នុង​ឆ្នាំ​៥៣៧ ម.​ស.យ.។ ក្រោយ​មក នៅ​ក្រោម​ការ​ដឹក​នាំ​នៃ«ដើម​ឈើ​នៃ​សេចក្ដី​សុចរិត»ទាំង​នេះ ដូច​ជា​ស្មៀន​អែសរ៉ា និង​ព្យាការី ហាកាយ​និង​សាការី និង​សម្ដេច​សង្ឃ​យ៉ូស្វេ នោះ​ទី​កន្លែង​ដ៏​ហិនហោច​នេះ​បាន​ត្រូវ​ស្ដារ​ឡើង​វិញ។ ពួក​ចៅហ្វាយ​ដូច​ជា នេហេមា​និង​សូរ៉ូបាបិល បាន​គ្រប់​គ្រង​យ៉ាង​ត្រឹម​ត្រូវ​ហើយ​ដោយ​យុត្ដិធម៌​នៅ​ក្នុង​ស្រុក​នោះ។ ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស្ដារ​ឡើង​វិញ និង​សំ​វិធានការ​របស់​ទ្រង់​ខាង​ឯ​ជីវិត ឬ​ការ​ទទួល​ពរ​ដោយ​ព្រោះ​គេ​បាន​រស់​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់ ក៏​បាន​ត្រូវ​ហូរ​ចេញ​ម្ដង​នេះ​ទៀត។ (ចោទិយកថា ៣០:១៩; អេសាយ ៤៨:១៧​-​២០) ពរ​មួយ នោះ​គឺ​ចំណេះ។ គណៈ​ពួក​សង្ឃ​បាន​ធ្វើ​ឲ្យ​មាន​ភារកិច្ច​វិញ និង​ពួក​សង្ឃ​បាន​បង្រៀន​បណ្ដា​ជន​ខាង​ឯ​ក្រិត្យ​វិន័យ។ (ម៉ាឡាគី ២:៧) ជា​លទ្ធផល នោះ​បណ្ដា​ជន​បាន​ត្រូវ​មាន​ជីវិត​វិញ​ខាង​វិញ្ញាណ ហើយ​ម្ដង​នេះ​ទៀត បាន​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ដ៏​មាន​ផល​ផ្លែ​របស់​ព្រះ​យេហូវ៉ា ដូច​ជា​បាន​តំណាង​ដោយ​សមុទ្រ​ស្លាប់ ដែល​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ និង​ផ្ដល់​ឲ្យ​មាន​ការ​នេសាទ​ត្រី​យ៉ាង​សន្ធឹក។

១៤. ហេតុ​អ្វី​ក៏​ត្រូវ​មាន​ការ​សម្រេច​មួយ​នៃ​ទំនាយ​របស់​អេសេគាល ដែល​មាន​លើស​លប់​ជាង​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​ពួក​យូដា​ត្រឡប់​ពី​បាប៊ីឡូន​នោះ?

១៤ តើ​ព្រឹត្ដិការណ៍​ទាំង​នេះ ជា​ការ​សម្រេច​តែ​ប៉ុណ្ណោះ នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​ឬ? អត់​ទេ គឺ​មាន​អ្វី​ធំ​ជាង​ដែល​បាន​ត្រូវ​បញ្ជាក់​មក។ ចូរ​ពិចារណា​មើល៖ ព្រះ​វិហារ​ដែល​អេសេគាល​បាន​ឃើញ គឺ​មិន​អាច​សង់​ដូច​បាន​ពណ៌នា​នោះ​ទេ។ ពិត​ហើយ ពួក​យូដា​បាន​ចាត់​ទុក​ចក្ខុនិមិត្ត​នេះ​យ៉ាង​ប្រាកដ​ប្រជា ហើយ​ព្រម​ទាំង​បាន​អនុវត្ត​តាម​សេចក្ដី​ពណ៌នា​ខ្លះ​ៗ​យ៉ាង​មែន​ទែន​ផង។b ប៉ុន្តែ ព្រះ​វិហារ​ទាំង​មូល​ក្នុង​ចក្ខុនិមិត្ត គឺ​ធំ​លើស​លុប ក៏​មិន​អាច​សង់​លើ​ភ្នំ​ម៉ូរីយ៉ា​បាន​ផង ដែល​ជា​កន្លែង​នៃ​ព្រះ​វិហារ​ដំបូង។ បន្ថែម​ទៀត​នោះ ព្រះ​វិហារ​របស់​អេសេគាល មិន​មែន​នៅ​ក្នុង​ទី​ក្រុង​នេះ​ទេ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​ហ្នឹង​ជាប់​វាល​ដី​ផ្សេង​វិញ។ រីឯ​ព្រះ​វិហារ​ទី​ពីរ នោះ​បាន​ត្រូវ​សាង​សង់​នៅ​កន្លែង ដែល​ព្រះ​វិហារ​ដំបូង​បាន​នៅ គឺ​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ (អែសរ៉ា ១:១, ២) ថែម​ទៀត ឥត​ដែល​មាន​ទន្លេ​មែន​ទែន​បាន​ហូរ​ចេញ​ពី​ព្រះ​វិហារ​នៃ​ក្រុង​យេរូសាឡិម​ទេ។ ដូច្នេះ ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បាន​ឃើញ​ការ​សម្រេច​នៃ​ទំនាយ​របស់​អេសេគាល តែ​តូច​មួយ​ប៉ុណ្ណោះ។ នេះ​បញ្ជាក់​ថា គឺ​ត្រូវ​តែ​មាន​ការ​សម្រេច​ខាង​វិញ្ញាណ​នៃ​ចក្ខុនិមិត្ត​នេះ​ដ៏​ធំ​ជាង​មួយ។

១៥. (ក) តើ​នៅ​ពេល​ណា ដែល​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ចាប់​ប្រតិបត្ដិ​នោះ? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ចក្ខុនិមិត្ត​របស់​អេសេគាល​មិន​បាន​សម្រេច​ក្នុង​កំឡុង​ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ កាល​ដែល​នៅ​លើ​ផែនដី?

១៥ យ៉ាង​ច្បាស់​ណាស់ យើង​ត្រូវ​តែ​ពិនិត្យ​មើល​នូវ​ការ​សម្រេច​ធំ​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល ដែល​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ដែល​សាវ័ក​ប៉ុល​ពិគ្រោះ​យ៉ាង​ល្អិត​ល្អន់​នៅ​ក្នុង​សៀវភៅ​ហេព្រើរ។ ព្រះ​វិហារ​នោះ​បាន​ចាប់​ប្រតិបត្ដិ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ បាន​ត្រូវ​ចាក់​ប្រេង​តាំង​ជា​សម្ដេច​សង្ឃ​ខាង​នោះ​នៅ​ក្នុង​ឆ្នាំ​២៩ ស.យ.។ ប៉ុន្តែ តើ​ចក្ខុនិមិត្ត​របស់​អេសេគាល បាន​សម្រេច​នៅ​ក្នុង​សម័យ​របស់​ព្រះ​យេស៊ូ​ឬ? យ៉ាង​ជាក់​ស្តែង គឺ​អត់​ទេ។ ព្រះ​យេស៊ូ ជា​សម្ដេច​សង្ឃ បាន​សម្រេច​នូវ​សារៈ​សំខាន់​ខាង​ទំនាយ​នៃ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប តាម​រយៈ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់ ការ​សោយ​ទិវង្គត​ជា​យញ្ញ​បូជា និង​ការ​ចូល​ទី​បរិសុទ្ធ​បំផុត គឺ​នៅ​ក្នុង​ស្ថាន​សួគ៌​នោះ។ (ហេព្រើរ ៩:២៤) តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ចក្ខុនិមិត្ត​របស់​អេសេគាល ឥត​ដែល​ពណ៌នា​អំពី​សម្ដេច​សង្ឃ​ឬ​ក៏​អំពី​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ឡើយ។ ដូច្នេះ គឺ​ហាក់​ដូច​មិន​ទំនង​ទេ ដែល​ចក្ខុនិមិត្ត​នេះ​បាន​ចង្អុល​ទៅ​សតវត្ស​ទី​មួយ ស.យ.។ បើ​អ៊ីចឹង តើ​ចក្ខុនិមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ណា?

១៦. កន្លែង​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល រំឭក​យើង​អំពី​ទំនាយ​ណា​ទៀត ហើយ​តើ​នេះ​ជួយ​យើង​ឲ្យ​យោគ​យល់​យ៉ាង​ណា អំពី​គ្រា​នៃ​ការ​សម្រេច​ដ៏​ធំ​ជាង​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​នោះ?

១៦ ចំពោះ​ចម្លើយ ចូរ​ឲ្យ​យើង​ត្រឡប់​មក​មើល​ចក្ខុនិមិត្ត​នេះ​វិញ។ អេសេគាល​បាន​សរសេរ​ថា៖ «ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដោយ​ការ​ជាក់​ស្តែង​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​១ យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង»។ (អេសេគាល ៤០:២) កន្លែង​សំរាប់​ចក្ខុនិមិត្ត​នេះ គឺ«ភ្នំ​១​យ៉ាង​ខ្ពស់» ដែល​រំឭក​យើង​អំពី​មីកា ៤:១ ដែល​ថា៖ «តែ​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​ហូរហែ»។ តើ​នៅ​ពេល​ណាដែល​ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​នោះ? មីកា ៤:៥ បង្ហាញ​ថា​នេះ​ចាប់​ផ្ដើម កាល​ដែល​សាសន៍​ទាំង​ឡាយ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​នៅ​ឡើយ។ តាម​ការ​ពិត គឺ​នៅ​សម័យ​យើង​នេះ​ហើយ គឺ«នៅ​ជាន់​ក្រោយ» ដែល​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​បាន​ត្រូវ​តម្កើង​ឡើង បាន​ត្រូវ​ស្ដារ​ឡើង​ឲ្យ​មាន​ទី​តាំង​ត្រឹម​ត្រូវ នៅ​ក្នុង​ជីវិត​នៃ​រាស្ត្រ​របស់​ព្រះ។

១៧. តើ​តាម​របៀប​ណា​ដែល​ទំនាយ​នៅ​ម៉ាឡាគី ៣:១​-​៥ ជួយ​យើង​ដឹង​ថា​នៅ​ពេល​ណា​ដែល​ព្រះ​វិហារ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល បាន​ត្រូវ​បោស​សំអាត​នោះ?

១៧ តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នេះ? នៅ​ចាំ​ទេ នៅ​ក្នុង​ព្រឹត្ដិការណ៍​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល ព្រះ​យេហូវ៉ា​បាន​ចូល​ក្នុង​ព្រះ​វិហារ ហើយ​បញ្ជាក់​ច្បាស់​ថា ពី​ដំណាក់​របស់​ទ្រង់​នោះ​ត្រូវ​បោស​រូប​ព្រះ​ចេញ។ តើ​នៅ​ពេល​ណា​ដែល​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ បាន​ត្រូវ​បោស​សំអាត​នោះ? នៅ​ក្នុង​ម៉ាឡាគី ៣:១​-​៥ ព្រះ​យេហូវ៉ា​ទាយ​ប្រាប់​អំពី​គ្រា ដែល​ទ្រង់​នឹង«មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់» ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា«ទូត​ដែល​នាំ​សេចក្ដី​សញ្ញា» នឹង​ត្រូវ​មក​ជា​មួយ​ទ្រង់។ តើ​មាន​គោល​បំណង​យ៉ាង​ណា​ទៅ? «ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក»។ ការ​សំរង​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​កំឡុង​គ្រា​នៃ​សង្គ្រាម​លោក​លើក​ទី​មួយ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ព្រះ​យេហូវ៉ា​បាន​គង់​នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ហើយ​បាន​ប្រទាន​ពរ​លើ​ស្រុក​ខាង​វិញ្ញាណ​របស់​រាស្ត្រ​ទ្រង់ តាំង​ពី​ឆ្នាំ​១៩១៩​ត​រៀង​មក។ (អេសាយ ៦៦:៨) ដូច្នេះ យើង​អាច​សន្និដ្ឋាន​ថា ទំនាយ​របស់​អេសេគាល​អំពី​ព្រះ​វិហារ ឃើញ​មាន​ការ​សម្រេច​ដ៏​សំខាន់​មួយ ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។

១៨. តើ​នៅ​ពេល​ណា​ដែល​ចក្ខុនិមិត្ត​អំពី​ព្រះ​វិហារ នឹង​មាន​ការ​សម្រេច​ចុង​ក្រោយ​បំផុត?

១៨ ដូច​ទំនាយ​ឯ​ទៀត​អំពី​ការ​ស្ដារ​ឡើង​វិញ នោះ​ចក្ខុនិមិត្ត​របស់​អេសេគាល ក៏​មាន​ការ​សម្រេច​ថែម​ទៀត គឺ​ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​សួន​មនោរម្យ។ មាន​តែ​នៅ​ពេល​នោះ​ទេ ដែល​មនុស្ស​ចិត្ត​ស្មោះ​នឹង​ទទួល​ផល​ប្រយោជន៍​ពេញ​លេញ ពី​របៀប​រៀបចំ​ជា​ព្រះ​វិហារ​របស់​ព្រះ។ នៅ​ពេល​នោះ ព្រះ​គ្រីស្ទ​ជា​មួយ​នឹង​គណៈ​ពួក​សង្ឃ​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ ដែល​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​ប្រើ​តម្លៃ​នៃ​យញ្ញ​បូជា​លោះ​របស់​ទ្រង់។ មនុស្ស​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​ទ្រង់ ជា​អនុ​រាស្ត្រ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ នឹង​បាន​ត្រូវ​តម្កើង​ឲ្យ​មាន​ភាព​ល្អ​គ្រប់ល័ក្ខណ៍។ (វិវរណៈ ២០:៥, ៦) ប៉ុន្តែ កាល​ដែល​នៅ​ក្នុង​សួន​មនោរម្យ នោះ​មិន​អាច​ជា​គ្រា​សំខាន់​បំផុត នៃ​ការ​សម្រេច​ចក្ខុនិមិត្ត​របស់​អេសេគាល​នោះ​ទេ។ ហេតុ​អ្វី?

ចក្ខុនិមិត្ត​នេះ​សំដៅ​មក​លើ​សម័យ​យើង​នេះ

១៩, ២០. ហេតុ​អ្វី​ក៏​សេចក្ដី​សម្រេច​ដ៏​ធំ​ធេង​នៃ​ចក្ខុនិមិត្ត​នេះ​កើត​ឡើង​សព្វ​ថ្ងៃ​នេះ មិន​មែន​នៅ​ក្នុង​សួន​មនោរម្យ​នោះ?

១៩ អេសេគាល​បាន​ឃើញ​ព្រះ​វិហារ​មួយ ដែល​ត្រូវ​ការ​ឲ្យ​បាន​បោស​សំអាត​ពី​រូប​ព្រះ និង​អំពើ​សហាយស្មន់​ខាង​វិញ្ញាណ។ (អេសេគាល ៤៣:៧​-​៩) នេះ​ប្រាកដ​ជា​មិន​មែន​សំដៅ​ទៅ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា នៅ​ក្នុង​សួន​មនោរម្យ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពួក​សង្ឃ​ក្នុង​ចក្ខុនិមិត្ត តំណាង​គណៈ​ពួក​សង្ឃ​ដែល​បាន​ចាក់​ប្រេង​តាំង កាល​ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ មិន​មែន​ក្រោយ​ពី​សេចក្ដី​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ឬ​ក៏​នៅ​ក្នុង​កំឡុង​សហស្សវត្ស​នោះ​ទេ។ ហេតុ​អ្វី? ចូរ​កត់​សម្គាល់​ថា​ពួក​សង្ឃ បាន​ត្រូវ​បង្ហាញ​ថា​កំពុង​បំរើ​នៅ​ក្នុង​ទី​លាន​ខាង​ក្នុង។ អត្ថបទ​ទាំង​ឡាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​មុន​ៗ បាន​បង្ហាញ​ថា​ទី​លាន​នេះ តំណាង​នូវ​ឋានៈ​ដ៏​ល្អ​ឯក​ខាង​វិញ្ញាណ​នៃ​អនុ​សង្ឃ​របស់​ព្រះ​គ្រីស្ទ កាល​ដែល​គេ​នៅ​លើ​ផែនដី​នៅ​ឡើយ។c ចូរ​សង្កេត​ដែរ​ថា​ចក្ខុនិមិត្ត​នេះ បញ្ជាក់​នូវ​ភាព​ឥត​គ្រប់ល័ក្ខណ៍​នៃ​ពួក​សង្ឃ។ ពួក​គេ​បាន​ត្រូវ​ប្រាប់​ឲ្យ​ថ្វាយ​យញ្ញ​បូជា​សំរាប់​បាប​របស់​ខ្លួន​ដែរ។ ពួក​គេ​បាន​ត្រូវ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​បើ​ឥត​ស្អាត​ស្អំ ខាង​វិញ្ញាណ​និង​ខាង​សីលធម៌។ ដូច្នេះ ពួក​គេ​មិន​មែន​តំណាង​ពួក​អ្នក​ចាក់​ប្រេង​តាំង ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​នោះ​ទេ ដែល​អំពី​ពួក​គេ នោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ»។ (កូរិនថូស​ទី​១ ១៥:៥២; អេសេគាល ៤៤:២១, ២២, ២៥, ២៧) ពួក​សង្ឃ​នៅ​ក្នុង​ចក្ខុនិមិត្ត​នេះ និយាយ​ទាក់​ទង និង​បំរើ​មនុស្ស​ដោយ​ផ្ទាល់។ គេ​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ​នៅ​ក្នុង​សួន​មនោរម្យ នៅ​ពេល​ដែល​គណៈ​ពួក​សង្ឃ​នឹង​នៅ​ឯ​ស្ថាន​សួគ៌​នោះ។ ដូច្នេះ ចក្ខុនិមិត្ត​នេះ​ផ្ដល់​រូប​ភាព​ដ៏​ប្រសើរ ពី​របៀប​ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ‹ពួក​ហ្វូង​ធំ› នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។—វិវរណៈ ៧:៩; អេសេគាល ៤២:១៤

២០ ដូច្នេះ​ហើយ ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ ឲ្យ​ប្រផ្នូល​នូវ​ឥទ្ធិពល​ដ៏​ល្អ​នៃ​ការ​បោស​សំអាត​ខាង​វិញ្ញាណ ដែល​កំពុង​សម្រេច​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក? នេះ​មិន​មែន​ជា​រឿង​ស្រ​ពិច​ស្រពិល​ខាង​សាសន​វិទ្យា ដែល​ត្រូវ​រក​ដោះ​ស្រាយ​នោះ​ទេ។ ចក្ខុនិមិត្ត​នេះ​មាន​ការ​ទាក់​ទង​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ​របស់​អ្នក ចំពោះ​ព្រះ​ពិត​តែ​មួយ គឺ​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់ នោះ​យើង​នឹង​ឃើញ​នូវ​របៀប​ណា​ដែល​ទាក់​ទង​នោះ។

[កំណត់​សម្គាល់]

a នេះ​ប្រហែល​ជា​បាន​ទាក់​ទង​នឹង​អេសេគាល​ផ្ទាល់​ខ្លួន ដ្បិត​មាន​គេ​និយាយ​ថា គាត់​ជា​អ្នក​ដែល​មក​ពី​គ្រួសារ​សា​ដុក​ដ៏​ជា​សង្ឃ។

b ជា​ឧទាហរណ៍ គម្ពីរ​មី​ស្នា​ពី​បុរាណ បង្ហាញ​ថា​នៅ​ក្នុង​ព្រះ​វិហារ​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​នេះ នោះ​អាសនៈ ទ្វារ​ពីរ​នៃ​ព្រះ​វិហារ និង​កន្លែង​ចំអិន​អាហារ បាន​ត្រូវ​សង់​តាម​ចក្ខុនិមិត្ត​របស់​អេសេគាល។

c សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ១ តុលា ១៩៩៦ ទំព័រ ១៤; ១ ធ្នូ ១៩៧២ ទំព័រ ៧១៨ (ភាសា​អង់គ្លេស)។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

◻ តើ​ចក្ខុនិមិត្ត​របស់​អេសេគាល អំពី​ព្រះ​វិហារ​និង​គណៈ​ពួក​សង្ឃ មាន​ការ​សម្រេច​អ្វី​ជា​ដំបូង​នោះ?

◻ តើ​តាម​របៀប​ណា​ដែល​ចក្ខុនិមិត្ត​របស់​អេសេគាល អំពី​ការ​បែង​ចែក​ដី​មាន​ការ​សម្រេច​ដំបូង​នោះ?

◻ នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​អ៊ីស្រាអែល​ពី​បុរាណ តើ​អ្នក​ណា​ដែល​បាន​ដើរ​តួ​ជា​ពួក​ចៅហ្វាយ​ស្មោះ​ត្រង់ ហើយ​អ្នក​ដែល​បាន​ដើរ​តួ​ជា«ដើម​ឈើ​នៃ​សេចក្ដី​សុចរិត»?

◻ ហេតុ​អ្វី​ក៏​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ​នោះ នឹង​មាន​សេចក្ដី​សម្រេច​ដ៏​ធំ​ធេង​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បំផុត?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក